លេវីវិន័យ 4
4
តង្វាយលោះបាប
1ព្រះយេហូវ៉ាបង្គាប់លោកម៉ូសេ 2ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា៖ «បើអ្នកណាធ្វើបាបឥតដឹង ដោយបំពានលើបទណាមួយ ដែលព្រះយេហូវ៉ាបានហាមមិនឲ្យធ្វើឡើយ ហើយប្រព្រឹត្តខុសត្រង់បទនោះឯង។
3ប្រសិនបើសង្ឃដែលគេចាក់ប្រេងតាំងហើយ ធ្វើបាបជាហេតុនាំឲ្យប្រជាជនមានទោស ត្រូវយកគោឈ្មោលស្ទាវមួយល្អឥតខ្ចោះមកថ្វាយដល់ព្រះយេហូវ៉ា ទុកជាតង្វាយលោះបាប ឲ្យធួននឹងបាបដែលបានធ្វើនោះ។ 4ត្រូវយកគោនោះទៅឯមាត់ទ្វារត្រសាលជំនុំ នៅចំពោះព្រះយេហូវ៉ា រួចដាក់ដៃលើក្បាល ហើយសម្លាប់នៅចំពោះព្រះយេហូវ៉ា។ 5សង្ឃត្រូវយកឈាមនាំចូលទៅក្នុងត្រសាលជំនុំ 6រួចជ្រលក់ម្រាមដៃចុះក្នុងឈាម រលាស់ប្រាំពីរដងនៅចំពោះព្រះយេហូវ៉ា ត្រង់ខាងមុខវាំងននទីបរិសុទ្ធ។ 7សង្ឃត្រូវយកឈាមទៅប្រឡាក់នៅស្នែងអាសនាគ្រឿងក្រអូប ដែលនៅក្នុងត្រសាលជំនុំនៅចំពោះព្រះយេហូវ៉ា រួចត្រូវចាក់ឈាមគោនោះទាំងអស់ នាជើងអាសនាតង្វាយដុត ដែលនៅមាត់ទ្វារត្រសាលជំនុំ។ 8ឯខ្លាញ់គោដែលសម្រាប់ជាតង្វាយលោះបាប នោះត្រូវយកចេញទាំងអស់ គឺជាខ្លាញ់ដែលរុំអាការៈខាងក្នុង និងខ្លាញ់ទាំងអស់ដែលនៅជាប់ខាងក្នុង 9ព្រមទាំងអង្គញ់ទាំងពីរ និងខ្លាញ់ដែលនៅជាប់នឹងអង្គញ់នោះខាងចង្កេះ ហើយស្រទាប់នៅលើថ្លើម ដែលត្រូវយកចេញជាមួយអង្គញ់ផង 10ដូចជាបានយកចេញពីគោដែលថ្វាយជាតង្វាយមេត្រីដែរ រួចសង្ឃត្រូវដុតរបស់ទាំងនោះ នៅលើអាសនាតង្វាយដុត។ 11ប៉ុន្តែ ស្បែកគោនោះ និងសាច់ទាំងអស់ ព្រមទាំងក្បាល និងជើង អាការៈខាងក្នុង និងលាមក 12គឺតួគោនោះទាំងមូល ត្រូវយកចេញទៅក្រៅទីដំឡើងត្រសាលនៅត្រង់កន្លែងស្អាតដែលចាក់ផេះ ហើយដុតនៅលើឧសត្រង់កន្លែងដែលចាក់ផេះនោះ។
13ប្រសិនបើក្រុមជំនុំអ៊ីស្រាអែលទាំងអស់គ្នា ដែលប្រព្រឹត្តការកំហុសអ្វីដោយឥតដឹង ហើយការនោះបានកំបាំងនឹងភ្នែកក្រុមជំនុំ ដែលរំលងចំពោះបញ្ញត្តិណាមួយ ដែលព្រះយេហូវ៉ាហាមប្រាមមិនឲ្យធ្វើ ហើយមានទោសដូច្នោះ 14កាលណាគេដឹងពីអំពើបាបដែលបានប្រព្រឹត្តរំលងហើយ នោះត្រូវឲ្យក្រុមជំនុំថ្វាយគោឈ្មោលស្ទាវមួយទុកជាតង្វាយលោះបាប ត្រូវនាំទៅឯមុខត្រសាលជំនុំ។ 15ពួកចាស់ទុំក្នុងក្រុមជំនុំត្រូវដាក់ដៃលើក្បាលគោនោះនៅចំពោះព្រះយេហូវ៉ា រួចសម្លាប់នៅចំពោះព្រះយេហូវ៉ាទៅ។ 16នោះត្រូវឲ្យសង្ឃ ដែលគេចាក់ប្រេងតាំងឲ្យស្រេចហើយ យកឈាមគោនោះទៅក្នុងត្រសាលជំនុំ 17ហើយជ្រលក់ម្រាមដៃចុះក្នុងឈាមរលាស់ប្រាំពីរដង នៅចំពោះព្រះយេហូវ៉ាត្រង់មុខវាំងនន។ 18រួចយកឈាមទៅប្រឡាក់នៅស្នែងអាសនា ដែលនៅចំពោះព្រះយេហូវ៉ាខាងក្នុងត្រសាលជំនុំ ហើយត្រូវចាក់ឈាមទាំងអស់ នាជើងអាសនាតង្វាយដុត ដែលនៅមាត់ទ្វារត្រសាលជំនុំ។ 19ឯខ្លាញ់គោនោះទាំងប៉ុន្មាន នោះត្រូវយកចេញទៅដុតនៅលើអាសនា។ 20ត្រូវឲ្យធ្វើនឹងគោនេះដូចជាបានធ្វើចំពោះគោដែលសម្រាប់ជាតង្វាយលោះបាបដែរ គឺត្រូវធ្វើដូចគ្នាទាំងពីរ ហើយសង្ឃត្រូវថ្វាយឲ្យធួននឹងបាបទាំងអស់គ្នា នោះនឹងរួចពីទោសហើយ។ 21បន្ទាប់មក សង្ឃត្រូវយកគោនោះទៅដុតនៅខាងក្រៅទីដំឡើងត្រសាល ដូចជាបានដុតគោមុនដែរ នេះគឺជាតង្វាយលោះបាបសម្រាប់ក្រុមជំនុំ។
22បើនាម៉ឺនណាមួយធ្វើបាបឥតបានដឹង ដោយរំលងបទណាដែលព្រះយេហូវ៉ាជាព្រះនៃខ្លួនបានហាមប្រាមមិនឲ្យធ្វើ ហើយមានទោសដូច្នោះ 23ប្រសិនបើអ្នកណាប្រាប់ឲ្យលោកជ្រាបពីបាបដែលបានប្រព្រឹត្តហើយ នោះលោកត្រូវនាំយកពពែឈ្មោលមួយ ដែលឥតខ្ចោះ មកសម្រាប់ជាតង្វាយរបស់ខ្លួន 24រួចដាក់ដៃលើក្បាលពពែនោះ ហើយសម្លាប់នៅកន្លែងដែលគេតែងសម្លាប់សត្វ សម្រាប់ជាតង្វាយដុតនៅចំពោះព្រះយេហូវ៉ាទៅ នេះហើយជាតង្វាយលោះបាប។ 25សង្ឃត្រូវយកឈាមនៃតង្វាយលោះបាបនោះដោយម្រាមដៃ ទៅប្រឡាក់នៅស្នែងអាសនាតង្វាយដុត ហើយចាក់ឈាមទាំងអស់នៅត្រង់ជើងអាសនាតង្វាយដុតនោះ។ 26ខ្លាញ់ទាំងប៉ុន្មាន ត្រូវដុតនៅលើអាសនា ដូចជាខ្លាញ់របស់យញ្ញបូជាដែលសម្រាប់ជាតង្វាយមេត្រីដែរ ហើយសង្ឃត្រូវថ្វាយឲ្យធួនចំពោះបាបដែលលោកបានធ្វើ នោះលោកនឹងបានរួចពីទោសហើយ។
27បើអ្នកស្រុកណាមួយធ្វើបាបឥតបានដឹង ដោយរំលងបទណាដែលព្រះយេហូវ៉ាបានហាមប្រាមមិនឲ្យធ្វើ ហើយមានទោសដូច្នោះ 28ប្រសិនបើអ្នកណាប្រាប់ឲ្យគេដឹងពីបាបដែលបានប្រព្រឹត្តហើយ នោះត្រូវនាំពពែញីមួយដែលឥតខ្ចោះមក សម្រាប់ជាតង្វាយ ដោយព្រោះបាបដែលខ្លួនបានធ្វើ 29រួចដាក់ដៃលើក្បាលនៃតង្វាយលោះបាបនោះ ហើយសម្លាប់ត្រង់កន្លែងតង្វាយដុត។ 30សង្ឃត្រូវយកឈាមដោយម្រាមដៃទៅប្រឡាក់នៅស្នែងអាសនាតង្វាយដុត ហើយចាក់ឈាមទាំងអស់ត្រង់ជើងអាសនា។ 31ខ្លាញ់ទាំងប៉ុន្មានត្រូវយកចេញ ដូចជាយកចេញពីយញ្ញបូជា ដែលសម្រាប់ជាតង្វាយមេត្រីដែរ រួចសង្ឃត្រូវដុតនៅលើអាសនា ទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា សង្ឃត្រូវថ្វាយឲ្យធួននឹងអ្នកនោះ ដូច្នេះ អ្នកនោះនឹងរួចចាកទោសហើយ ។
32ប្រសិនបើអ្នកនោះយកចៀមមកថ្វាយ សម្រាប់ជាតង្វាយលោះបាបខ្លួនវិញ នោះត្រូវយកញីមួយដែលល្អឥតខ្ចោះ 33ហើយដាក់ដៃលើក្បាលនៃតង្វាយនោះ រួចសម្លាប់ទុកជាតង្វាយលោះបាប ត្រង់កន្លែងដែលគេតែងសម្លាប់សត្វសម្រាប់ជាតង្វាយដុត។ 34សង្ឃត្រូវឲ្យម្នាក់យកឈាមនៃតង្វាយលោះបាបនោះដោយម្រាមដៃ ទៅប្រឡាក់នៅស្នែងអាសនាតង្វាយដុត ហើយចាក់ឈាមទាំងអស់ត្រង់ជើងអាសនា។ 35ខ្លាញ់ទាំងប៉ុន្មាន នោះត្រូវយកចេញ ដូចជាយកខ្លាញ់ចេញពីកូនចៀមនៃយញ្ញបូជា ដែលសម្រាប់ជាតង្វាយមេត្រីដែរ ហើយសង្ឃត្រូវដុតនៅលើអាសនា តាមរបៀបតង្វាយទាំងប៉ុន្មានដែលដុតថ្វាយព្រះយេហូវ៉ា ក៏ត្រូវឲ្យធួននឹងបាបដែលអ្នកនោះបានប្រព្រឹត្ត ដូច្នេះ អ្នកនោះនឹងរួចពីទោសហើយ»។
ទើបបានជ្រើសរើសហើយ៖
លេវីវិន័យ 4: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies