លូកា 3

3
ការ​ប្រកាស​របស់​លោក​យ៉ូហាន-បាទីស្ទ
(ម៉ាថាយ ៣.១-១២ ម៉ាកុស ១.១-៨ យ៉ូហាន ១.១៩-២៨)
1នៅ​ឆ្នាំ​ទី​ដប់​ប្រាំ ក្នុង​រាជ្យ​សេសារ-ទីប៊ើរ កាល​លោក​ប៉ុន‌ទាស-ពីឡាត់ ធ្វើ​ជា​ទេសា‌ភិបាល​នៅ​ស្រុក​យូដា ហេរ៉ូឌ ជា​ស្តេច​អនុ‌រាជ​នៅ​ស្រុក​កាលីឡេ ភីលីព អនុជ​ទ្រង់ ជា​ស្តេច​អនុ‌រាជ​នៅ​តំបន់​អ៊ីទូ‌រេ និង​ត្រាខូនីត ហើយ​លីសានាស ជា​ស្តេច​អនុ‌រាជ​នៅ​ស្រុក​អាប៊ីលេន 2ក្នុង​កាល​ដែល​លោក​អាណ និង​លោក​កៃផា​ធ្វើ​ជា​សម្តេច​សង្ឃ នោះ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​យ៉ូហាន ជា​កូន​សាការី នៅ​ទី​រហោ‌ស្ថាន។ 3គាត់​បាន​ធ្វើ​ដំណើរ​ទៅ​ពាស​ពេញ​ក្នុង​តំបន់​ជុំ‌វិញ​ទន្លេ​យ័រដាន់ ហើយ​ប្រកាស​ប្រាប់​ពី​ពិធី​ជ្រមុជ​ទឹក​ខាង​ឯ​ការ​ប្រែ​ចិត្ត សម្រាប់​ការ​អត់​ទោស​ឲ្យ​រួច​ពី​បាប។ 4ដូច​ជា​មាន​សេចក្តី​ចែង​ទុក​មក​ក្នុង​គម្ពីរ ដែល​កត់​ពាក្យ​ទំនាយ​របស់​ហោរា​អេសាយ​ថា៖
«មាន​សំឡេង​មនុស្ស​ម្នាក់​ស្រែក​ឡើង​នៅ​ទី​រហោ‌ស្ថាន​ថា
"ចូរ​រៀបចំ​ផ្លូវ​របស់​ព្រះ‌អម្ចាស់
ចូរ​តម្រង់​ផ្លូវ​តូច​ថ្វាយ​ព្រះ‌អង្គ ។
5គ្រប់​ទាំង​ច្រក​ភ្នំ​ត្រូវ​លុប​បំពេញ
គ្រប់​ទាំង​ភ្នំ​ធំ​តូច​ត្រូវ​ពង្រាប​ឲ្យ​រាប
ផ្លូវ​វៀច​ត្រូវ​តម្រង់​ឲ្យ​ត្រង់
ហើយ​ផ្លូវ​រដិប‌រដុប​ធ្វើ​ឲ្យ​ស្មើ
6នោះ​គ្រប់​ទាំង​មនុស្ស​នឹង​ឃើញ
ការ​សង្គ្រោះ​របស់​ព្រះ"»។
7គាត់​ពោល​ទៅ​កាន់​មហា‌ជន​ដែល​មក​ទទួល​ពិធី​ជ្រមុជ​ពី​គាត់​ថា៖ «ឱ​ពូជ​ពស់​វែក​អើយ! តើ​អ្នក​ណា​បាន​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​រត់​ពី​សេចក្តី​ក្រោធ​ដែល​ត្រូវ​មក​ដូច្នេះ? 8ចូរ​បង្កើត​ផល​ឲ្យ​សម​នឹង​ការ​ប្រែ​ចិត្ត​ចុះ។ មិន​ត្រូវ​ចាប់​ផ្ដើម​នឹក​ក្នុង​ចិត្ត​ថា "យើង​មាន​លោក​អ័ប្រា‌ហាំ ជា​បុព្វ‌បុរស​របស់​យើង" នោះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ​អាច​នឹង​បង្កើត​កូន​ឲ្យ​លោក​អ័ប្រា‌ហាំ​ពី​ថ្ម​ទាំង​នេះ​ក៏​បាន។ 9សូម្បី​តែ​ឥឡូវ​នេះ ពូថៅ​បាន​ដាក់​នៅ​ឫស​ដើម​ឈើ​ជា​ស្រេច​ហើយ ដូច្នេះ អស់​ទាំង​ដើម​ណា​ដែល​មិន​មាន​ផ្លែ​ល្អ នោះ​ត្រូវ​កាប់​រំលំ ហើយ​បោះ​ទៅ​ក្នុង​ភ្លើង»។
10មហា‌ជន​សួរ​លោក​ថា៖ «ដូច្នេះ តើ​យើង​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច​ទៅ​វិញ?» 11លោក​ឆ្លើយ​ទៅ​គេ​ថា៖ «អ្នក​ណា​ដែល​មាន​អាវ​ពីរ ត្រូវ​ចែក​ដល់​អ្នក​ដែល​គ្មាន ហើយ​អ្នក​ណា​ដែល​មាន​ចំណី​អាហារ ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ដែរ»។ 12ពួក​អ្នក​ទារ​ពន្ធ​ក៏​បាន​មក​ទទួល​ពិធី​ជ្រមុជ​ទឹក​ដែរ ហើយ​គេ​សួរ​លោក​ថា៖ «លោក​គ្រូ តើ​យើង​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច​ទៅ?» 13លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «កុំ​ទារ​ពន្ធ​ហួស​កម្រិត​ដែល​បាន​កំណត់​មក​ឡើយ»។ 14ពួក​ទាហាន​ក៏​សួរ​លោក​ដែរ​ថា៖ «ចុះ​យើង​ខ្ញុំ​វិញ តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច?» លោក​ឆ្លើយ​ទៅ​គេ​ថា៖ «កុំ​គំរាម​កំហែង ឬ​មួល​បង្កាច់​អ្នក​ណា​ម្នាក់​ដើម្បី​ប្រាក់​ឡើយ ចូរ​ស្កប់​ចិត្ត​តែ​នឹង​ប្រាក់​ខែ​របស់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ​ចុះ»។
15កាល​ប្រ‌ជាជន​នៅ​តែ​ចាំ​មើល ហើយ​មនុស្ស​ទាំង​អស់​ក៏​ឆ្ងល់​ក្នុង​ចិត្ត​ពី​យ៉ូហាន​ថា គាត់​ប្រហែល​ជា​ព្រះ‌គ្រីស្ទ​ទេ​ដឹង 16នោះ​យ៉ូហាន​ប្រាប់​គេ​គ្រប់​គ្នា​ថា៖ «ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​ទឹក ប៉ុន្តែ មាន​ព្រះ​មួយ​អង្គ​ដែល​មាន​អំណាច​ខ្លាំង​ជាង​ខ្ញុំ ជិត​មក​ដល់​ហើយ ខ្ញុំ​មិន​ស័ក្ដិ‌សម​នឹង​ស្រាយ​ខ្សែ​សុព័ណ៌‌បាទ​ព្រះ‌អង្គ​ផង។ ព្រះ‌អង្គ​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ និង​ដោយ​ភ្លើង​វិញ។ 17ព្រះ‌អង្គ​កាន់​ចង្អេរ​នៅ​ព្រះ‌ហស្ត ដើម្បី​បោស​រំលីង​ទី‌លាន​របស់​ព្រះ‌អង្គ ហើយ​ប្រមូល​ស្រូវ​មក​ដាក់​ក្នុង​ជង្រុក តែ​អង្កាម​ព្រះ‌អង្គ​នឹង​ដុត​ក្នុង​ភ្លើង​ដែល​មិន​អាច​ពន្លត់​បាន​ឡើយ»។
18ដូច្នេះ លោក​ក៏​បាន​ប្រកាស​ដំណឹង​ល្អ​ដល់​ប្រ‌ជាជន ដោយ​ពាក្យ​ដាស់​តឿន​ជា​ច្រើន។ 19ប៉ុន្តែ កាល​លោក​បាន​បន្ទោស​ហេរ៉ូឌ ជា​ស្តេច​អនុ‌រាជ ពី​រឿង​ហេរ៉ូឌាស ជា​ភរិយា​របស់​អនុជ​របស់​ព្រះ‌អង្គ និង​ពី​គ្រប់​ទាំង​ការ​អាក្រក់​ដែល​ព្រះបាទ​ហេរ៉ូឌ​បាន​ធ្វើ 20នោះ​ទ្រង់​បាន​បន្ថែម​ការ​នេះ​មួយ​ទៀត ដោយ​ចាប់​យ៉ូហាន​ដាក់​គុក។
ព្រះ‌យេស៊ូវ​ទទួល​ពិធី​ជ្រមុជ​ទឹក
(ម៉ាថាយ ៣.១៣-១៧ ម៉ាកុស ១.៩-១១ យ៉ូហាន ១.៣២-៣៤)
21កាល​ប្រ‌ជាជន​ទាំង​អស់​បាន​ទទួល​ពិធី​ជ្រមុជ​រួច ព្រះ‌យេស៊ូវ​ក៏​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​រួច​ហើយ​ដែរ ហើយ​ពេល​កំពុង​អធិស្ឋាន មេឃ​ក៏​បើក​ចំហ 22 នោះ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ក៏​យាង​ចុះ​មក​សណ្ឋិត​លើ​ព្រះ‌អង្គ មាន​រូប​រាង​ដូច​សត្វ​ព្រាប។ មាន​សំឡេង​មួយ​ចេញ​ពី​លើ​មេឃ​មក​ថា៖ «អ្នក​ជា​កូន​ស្ងួន‌ភ្ងា​របស់​យើង ជា​ទី​ពេញ​ចិត្ត​យើង​ណាស់» ។
បញ្ជី​រាយ​នាម​បុព្វបុរស​របស់​ព្រះ‌យេស៊ូវ
(ម៉ាថាយ ១.១-១៧)
23កាល​ព្រះ‌យេស៊ូវ​ចាប់​ផ្តើម​ព្រះ‌រាជ​កិច្ច ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​ប្រហែល​ជា​សាម‌សិប​ព្រះ‌វស្សា។ តាម​គេ​គិត​ស្មាន ព្រះ‌អង្គ​ជា​កូន​របស់​យ៉ូសែប ដែល​ជា​កូន​ហេលី 24ហេលី​ជា​កូន​ម៉ាត់ថាត់ ម៉ាត់ថាត់​ជា​កូន​លេវី លេវី​ជា​កូន​ម៉ិលគី ម៉ិលគី​ជា​កូន​យ៉ាណាយ យ៉ាណាយ​ជា​កូន​យ៉ូសែប 25យ៉ូសែប​ជា​កូន​ម៉ាតាធាស ម៉ាតាធាស​ជា​កូន​ហាម៉ូស ហាម៉ូស​ជា​កូន​ណាអ៊ូម ណាអ៊ូម​ជា​កូន​អែសលី អែសលី​ជា​កូន​ណាកៃ 26ណាកៃ​ជា​កូន​ម៉ាអាត ម៉ាអាត​ជា​កូន​ម៉ាតាធាស ម៉ាតាធាស​ជា​កូន​សេម៉ី សេម៉ី​ជា​កូន​យ៉ូសែប យ៉ូសែប​ជា​កូន​យូដា 27យូដា​ជា​កូន​យ៉ូអា‌ណាន់ យ៉ូអា‌ណាន់​ជា​កូន​រេសា រេសា​ជា​កូន​សូរ៉ូ‌បាបិល សូរ៉ូ‌បាបិល​ជា​កូន​សាលធាល សាលធាល​ជា​កូន​នេរី 28នេរី​ជា​កូន​ម៉ិលគី ម៉ិលគី​ជា​កូន​អ័តឌី អ័តឌី​ជា​កូន​កូសាម កូសាម​ជា​កូន​អែល‌ម៉ូដាម អែល‌ម៉ូដាម​ជា​កូន​អ៊ើរ 29អ៊ើរ​ជា​កូន​យ៉ូសេ យ៉ូសេ​ជា​កូន​អេលា‌ស៊ើរ អេលា‌ស៊ើរ​ជា​កូន​យ៉ូរិម យ៉ូរិម​ជា​កូន​ម៉ាត់‌ថាត់ ម៉ាត់‌ថាត់​ជា​កូន​លេវី 30លេវី​ជា​កូន​ស៊ីម្មាន ស៊ីម្មាន​ជា​កូន​យូដា យូដា​ជា​កូន​យ៉ូសែប យ៉ូសែប​ជា​កូន​យ៉ូណាន យ៉ូណាន​ជា​កូន​អេលាគីម 31អេលាគីម​ជា​កូន​មេលាស មេលាស​ជា​កូន​ម៉ៃណាន ម៉ៃណាន​ជា​កូន​ម៉ាតាថា ម៉ាតាថា​ជា​កូន​ណាថាន់ ណាថាន់​ជា​កូន​ដាវីឌ 32ដាវីឌ​ជា​កូន​អ៊ីសាយ អ៊ីសាយ​ជា​កូន​អូបិឌ អូបិឌ​ជា​កូន​បូអូស បូអូស​ជា​កូន​សាលម៉ូន សាលម៉ូន​ជា​កូន​ណាសូន 33ណាសូន​ជា​កូន​អេមី‌ណាដាប់ អេមី‌ណាដាប់​ជា​កូន​អើរ៉ាម អើរ៉ាម​ជា​កូន​អែសរ៉ូម អែសរ៉ូម​ជា​កូន​ពេរេស ពេរេស​ជា​កូន​យូដា 34យូដា​ជា​កូន​យ៉ាកុប យ៉ាកុប​ជា​កូន​អ៊ីសាក អ៊ីសាក​ជា​កូន​អ័ប្រា‌ហាំ អ័ប្រា‌ហាំ​ជា​កូន​ថេរ៉ា ថេរ៉ា​ជា​កូន​ណាឃរ 35ណាឃរ​ជា​កូន​សេរូក សេរូក​ជា​កូន​រេហ៊ូវ រេហ៊ូវ​ជា​កូន​ផាលេក ផាលេក​ជា​កូន​ហេប៊ើរ ហេប៊ើរ​ជា​កូន​សេឡា 36សេឡា​ជា​កូន​កៃណាន កៃណាន​ជា​កូន​អើប៉ាក់‌សាឌ អើប៉ាក់‌សាឌ​ជា​កូន​សិម សិម​ជា​កូន​ណូអេ ណូអេ​ជា​កូន​ឡាមេក 37ឡាមេក​ជា​កូន​មធូសាឡា មធូសាឡា​ជា​កូន​ហេណុក ហេណុក​ជា​កូន​យ៉ារេឌ យ៉ារេឌ​ជា​កូន​ម៉ាលេលាល ម៉ាលេលាល​ជា​កូន​កៃណាន 38កៃណាន​ជា​កូន​អេណុស អេណុស​ជា​កូន​សេត សេត​ជា​កូន​អ័ដាម អ័ដាម​ជា​កូន​ព្រះ។

ទើបបានជ្រើសរើសហើយ៖

លូកា 3: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល