លូកា 5

5
ព្រះ‌យេស៊ូវ​ត្រាស់​ហៅ​ពួក​សិស្ស​លើក​ដំបូង
(ម៉ាថាយ ៤.១៨-២២ ម៉ាកុស ១.១៦-២០)
1កាល​ព្រះ‌អង្គ​កំពុង​ឈរ​នៅ​មាត់​បឹង​គេនេ‌សារ៉ែត ប្រ‌ជាជន​ប្រជ្រៀត​គ្នា​ចូល​មក​រក​ព្រះ‌អង្គ ដើម្បី​ស្តាប់​ព្រះ‌បន្ទូល។ 2ព្រះ‌អង្គ​ទត​ឃើញ​ទូក​ពីរ​ចត​នៅ​មាត់​បឹង តែ​ពួក​អ្នក​នេសាទ​បាន​ចេញ​ពី​ទូក​ទៅ​លាង​អួន​របស់​គេ​អស់​ហើយ។ 3ព្រះ‌អង្គ​យាង​ចុះ​ទៅ​ក្នុង​ទូក​មួយ​នោះ ជា​ទូក​របស់​ស៊ីម៉ូន ក៏​សុំ​ឲ្យ​គាត់​ចេញ​ទូក​ទៅ​ឆ្ងាយ​ពី​ច្រាំង​បន្តិច។ ព្រះ‌អង្គ​ក៏​គង់​ចុះ ហើយ​បង្រៀន​បណ្ដា‌ជន​ពី​ក្នុង​ទូក​នោះ។ 4លុះ​បង្រៀន​គេ​ចប់​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ស៊ីម៉ូន​ថា៖ «ចូរ​ចេញ​ទូក​ទៅ​ទឹក​ជ្រៅ ហើយ​ទម្លាក់​អួន​ចាប់​ត្រី​ចុះ»។ 5ស៊ីម៉ូន​ទូល​តប​ថា៖ «លោក​គ្រូ យើង​ខ្ញុំ​ខំ​អូស​អួន​ពេញ​មួយ​យប់ ចាប់​មិន​បាន​ត្រី​សោះ តែ​ខ្ញុំ​នឹង​ទម្លាក់​អួន​តាម​ពាក្យ​របស់​លោក​គ្រូ»។ 6កាល​គេ​បាន​ធ្វើ​ដូច្នេះ គេ​ក៏​ចាប់​បាន​ត្រី​យ៉ាង​ច្រើន​សន្ធឹក រហូត​ដល់​អួន​របស់​គេ​ស្ទើរ​តែ​នឹង​ធ្លាយ។ 7ដូច្នេះ គេ​បក់​ដៃ​ហៅ​គូកន​ដែល​នៅ​ក្នុង​ទូក​មួយ​ទៀត​ឲ្យ​មក​ជួយ។ គេ​ក៏​មក ហើយ​ចាប់​ដាក់​បាន​ពេញ​ទូក​ទាំង​ពីរ រហូត​ស្ទើរ​តែ​នឹង​លិច។ 8ប៉ុន្ដែ កាល​ស៊ីម៉ូន-ពេត្រុស​បាន​ឃើញ​ដូច្នោះ គាត់​ក៏​ក្រាប​ទៀប​ព្រះ‌ជង្ឃ​ព្រះ‌យេស៊ូវ ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​យាង​ឲ្យ​ឆ្ងាយ​ពី​ទូល‌បង្គំ​ទៅ ដ្បិត​ទូល‌បង្គំ​ជា​មនុស្ស​មាន​បាប!»។ 9ដ្បិត​គាត់ និង​អស់​អ្នក​នៅ​ជា​មួយ មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត​នឹង​ត្រី​ដែល​គេ​ចាប់​បាន 10ហើយ​យ៉ាកុប និង​យ៉ូហាន ជា​កូន​សេបេដេ ដែល​ជា​ដៃ​គូ​ជាមួយ​ស៊ីម៉ូន ក៏​មាន​ចិត្ត​ដូច្នោះ​ដែរ តែ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ស៊ីម៉ូន​ថា៖ «កុំ​ខ្លាច​អី ពី​ពេល​នេះ​ទៅ​មុខ អ្នក​នឹង​នេសាទ​មនុស្ស​វិញ»។ 11កាល​គេ​បាន​អូស​ទូក​មក​ដល់​មាត់​ច្រាំង គេ​ក៏​ទុក​ចោល​អ្វីៗ​ទាំង​អស់ ហើយ​ដើរ​តាម​ព្រះ‌អង្គ​ទៅ។
ព្រះ‌យេស៊ូវ​ប្រោស​មនុស្ស​ឃ្លង់​ម្នាក់​ឲ្យ​ជា
(ម៉ាថាយ ៨.១-៤ ម៉ាកុស ១.៤០-៤៥)
12ពេល​មួយ កាល​ព្រះ‌យេស៊ូវ​គង់​នៅ​ក្នុង​ក្រុង​មួយ មាន​មនុស្ស​ម្នាក់​កើត​ឃ្លង់​ពេញ​ខ្លួន​បាន​ចូល​មក។ ពេល​គាត់​ឃើញ​ព្រះ‌អង្គ គាត់​ក្រាប​ចុះ​មុខ​ដល់​ដី ទូល​អង្វរ​ថា៖ «ព្រះ‌អម្ចាស់​អើយ ប្រ‌សិនបើ​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ ទ្រង់​អាច​នឹង​ប្រោស​ឲ្យ​ទូល‌បង្គំ​ជា​ស្អាត​បាន»។ 13ព្រះ‌យេស៊ូវ​ក៏​លូក​ព្រះ‌ហស្ត​ទៅ​ពាល់​គាត់ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​ចង់ ចូរ​ឲ្យ​បាន​ជា​ស្អាត​ចុះ»។ រំពេច​នោះ ឃ្លង់​ចេញ​ពី​គាត់​ភ្លាម។ 14ព្រះ‌អង្គ​ហាម​គាត់​មិន​ឲ្យ​ប្រាប់​អ្នក​ណា​ឡើយ តែ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទៅ​បង្ហាញ​ខ្លួន​ដល់​សង្ឃ​វិញ ហើយ​ថ្វាយ​តង្វាយ​ដោយ​ព្រោះ​អ្នក​បាន​ជា​ស្អាត ដូច​លោក​ម៉ូសេ​បាន​បង្គាប់​មក ទុក​ជា​ទី​បន្ទាល់​ដល់​ពួក​លោក»។ 15ប៉ុន្តែ ដំណឹង​អំពី​ព្រះ‌អង្គ​ឮ​សុសសាយ​កាន់​តែ​ខ្លាំង​ឡើង ហើយ​មហា‌ជន​ជា​ច្រើន​មក​ប្រជុំ​គ្នា​ស្តាប់​ព្រះ‌អង្គ និង​ដើម្បី​ឲ្យ​បាន​ជា​ពី​ជំងឺ​ផ្សេងៗ​របស់​គេ។ 16ប៉ុន្តែ ព្រះ‌អង្គ​បាន​យាង​ចេញ​ទៅ​កន្លែង​ស្ងាត់ ហើយ​អធិស្ឋាន​វិញ។
ព្រះ‌យេស៊ូវ​ប្រោស​មនុស្ស​ខ្វិន​ម្នាក់​ឲ្យ​ជា
(ម៉ាថាយ ៩.១-៨ ម៉ាកុស ២.១-១២)
17ថ្ងៃ​មួយ កាល​ព្រះ‌អង្គ​កំពុង​តែ​បង្រៀន មាន​ពួក​ផារិស៊ី និង​ពួក​គ្រូ​វិន័យ​អង្គុយ​នៅ​ទីនោះ។ អ្នក​ទាំង​នោះ​មក​ពី​គ្រប់​ភូមិ​នៅ​ស្រុក​កាលីឡេ ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម ហើយ​ព្រះ‌ចេស្តា​របស់​ព្រះ‌អម្ចាស់​នៅ​ជា​មួយ​ព្រះ‌អង្គ ដើម្បី​ប្រោស​ឲ្យ​ជា 18ហើយ​មើល៍ មាន​គេ​សែង​បុរស​ស្លាប់​ដៃ​ស្លាប់​ជើង​ម្នាក់​ដេក​លើ​គ្រែ​មក។ គេ​ព្យាយាម​នាំ​គាត់​ចូល​មក​ដាក់​នៅ​មុខ​ព្រះ‌យេស៊ូវ 19តែ​គេ​រក​ផ្លូវ​នាំ​គាត់​ចូល​ពុំ​បាន​សោះ ដោយ​ព្រោះ​មហាជន។ គេ​ក៏​ឡើង​ទៅ​លើ រើ​ដំបូល​ផ្ទះ ហើយ​សម្រូត​គាត់​ចុះ​ទាំង​គ្រែ​ស្នែង ចំ​កណ្តាល​ចំណោម​មនុស្ស នៅ​ពី​មុខ​ព្រះ‌យេស៊ូវ។ 20ពេល​ព្រះ‌អង្គ​ឃើញ​ជំនឿ​របស់​គេ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​អើយ បាប​អ្នក​បាន​ទទួល​ការ​អត់​ទោស​ហើយ»។ 21ពេលនោះ ពួក​អាចារ្យ និង​ពួក​ផារិស៊ី​ចាប់​ផ្ដើម​រិះ‌គិត​គ្នា​ថា៖ «តើ​អ្នក​ណា​នេះ ដែល​ពោល​ពាក្យ​ប្រមាថ​ព្រះ​ដូច្នេះ? ក្រៅ​ពី​ព្រះ​មួយ​អង្គ តើ​អ្នក​ណា​អាច​អត់​ទោស​បាប​បាន?» 22កាល​ព្រះ‌យេស៊ូវ​ជ្រាប​គំនិត​របស់​គេ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រិះ‌គិត​ក្នុង​ចិត្ត​ដូច្នេះ? 23ដ្បិត​ដែល​ថា៖ "បាប​អ្នក​បាន​ទទួល​ការ​អត់​ទោស​ហើយ" ឬ​ថា "ចូរ​ក្រោក​ឡើង ហើយ​ដើរ​ទៅ" តើ​ពាក្យ​ណា​មួយ​ស្រួល​និយាយ​ជាង?» 24ប៉ុន្តែ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា កូន​មនុស្ស​មាន​អំណាច​នឹង​អត់​ទោស​បាប​នៅ​ផែនដី​បាន (ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង) ខ្ញុំ​ប្រាប់​អ្នក​ថា៖ «ចូរ​ក្រោក​ឡើង ហើយ​យក​គ្រែ​របស់​អ្នក​ដើរ​ទៅ​ផ្ទះ​ទៅ»។ 25រំពេច​នោះ គាត់​ក៏​ក្រោក​ឈរ​ឡើង​នៅ​មុខ​គេ លើក​គ្រែ​ដែល​គាត់​បាន​ដេក ហើយ​ដើរ​ទៅ​ផ្ទះ ទាំង​សរសើរ​តម្កើង​ព្រះ។ 26គេ​ទាំង​អស់​គ្នា​កើត​មាន​សេចក្តី​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​គេ​សរសើរ​តម្កើង​ព្រះ ទាំង​ចិត្ត​ស្ញប់​ស្ញែង​ជា​ខ្លាំង​ថា៖ «យើង​បាន​ឃើញ​ហេតុ‌ការណ៍​ចម្លែក​ណាស់​នៅ​ថ្ងៃ​នេះ»។
ព្រះ‌យេស៊ូវ​ត្រាស់​ហៅ​លោក​លេវី
(ម៉ាថាយ ៩.៩-១៣ ម៉ាកុស ២.១៣-១៧)
27ក្រោយ​ហេតុ‌ការណ៍​ទាំង​នេះ ព្រះ‌អង្គ​ក៏​យាង​ចេញ​ទៅ ហើយ​ឃើញ​អ្នក​ទារ​ពន្ធ​ម្នាក់ ឈ្មោះ​លេវី កំពុង​អង្គុយ​នៅ​កន្លែង​យក​ពន្ធ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​មក​តាម​ខ្ញុំ»។ 28គាត់​ក៏​ក្រោក​ឡើង ទុក​អ្វីៗ​ទាំង​អស់​ចោល ហើយ​ដើរ​តាម​ព្រះ‌អង្គ​ទៅ។ 29បន្ទាប់​មក លេវី​បាន​រៀប​ជប់លៀង​យ៉ាង​ធំ​ថ្វាយ​ព្រះ‌អង្គ​នៅ​ផ្ទះ​របស់​គាត់ ហើយ​មាន​អ្នក​ទារពន្ធ​ច្រើន​កុះករ ព្រម​ទាំង​មនុស្ស​ឯ​ទៀត​អង្គុយ​រួម​តុ​ជា​មួយ​ពួកគេ។ 30ពួក​អាចារ្យ និង​ពួក​ផារិស៊ី​រអ៊ូរទាំ​ប្រាប់​សិស្ស​ព្រះ‌អង្គ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​បរិ‌ភោគ​ជា​មួយ​ពួក​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប​ដូច្នេះ?» 31ព្រះ‌យេស៊ូវ​តប​ទៅ​គេ​ថា៖ «អស់​អ្នក​ដែល​មាន​សុខភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ‌ពេទ្យ​ទេ មាន​តែ​អ្នក​ដែល​ឈឺ​ប៉ុណ្ណោះ​ដែល​ត្រូវ​ការ។ 32ខ្ញុំ​មិន​បាន​មក​ដើម្បី​ហៅ​មនុស្ស​សុចរិត​ទេ គឺ​មក​ហៅ​មនុស្ស​បាប​ឲ្យ​ប្រែ​ចិត្ត​វិញ»។
សំណួរ​អំពី​ការ​តម​អាហារ
(ម៉ាថាយ ៩.១៤-១៧ ម៉ាកុស ២.១៨-២២)
33បន្ទាប់​មក គេ​ទូល​ព្រះ‌អង្គ​ថា៖ «ពួក​សិស្ស​របស់​លោក​យ៉ូហាន​តម​អាហារ ហើយ​អធិស្ឋាន​ជា​ញឹក‌ញាប់ ដូច​ជា​សិស្ស​របស់​ពួក​ផារិស៊ី​ដែរ តែ​សិស្ស​របស់​លោក បែរ​ជា​ស៊ី​ផឹក​ទៅ​វិញ»។ 34ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ពេល​កូន​កំលោះ​កំពុង​នៅ​ជា​មួយ តើ​អាច​ឲ្យ​ពួក​ភ្ញៀវ​តម​អាហារ​បាន​ដែរ​ឬ? 35ប៉ុន្តែ នឹង​មាន​ថ្ងៃ​មក​ដល់ ដែល​កូន​កំលោះ នឹង​ត្រូវ​ដក​យក​ចេញ​ពី​គេ​ទៅ ហើយ​ពេល​នោះ គេ​នឹង​តម​អាហារ​វិញ»។ 36ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ជា​រឿង​ប្រៀប​ធៀប​ថា៖ «គ្មាន​អ្នក​ណា​ហែក​យក​ក្រណាត់​ថ្មី មក​ប៉ះ​អាវ​ចាស់​ទេ ធ្វើ​ដូច្នេះ​ក្រណាត់​ថ្មី​នឹង​ត្រូវ​រហែក ហើយ​បំណាស់​ដែល​យក​ពី​ក្រណាត់​ថ្មី ក៏​មិន​សម​នឹង​អាវ​ចាស់​ដែរ។ 37គ្មាន​អ្នក​ណា​ដាក់​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ឡើយ បើ​ធ្វើ​ដូច្នេះ ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​នឹង​ធ្វើ​ឲ្យ​ថង់​ស្បែក​ផ្ទុះ រួច​ធ្លាយ​ស្រា​ចេញ​មក ហើយ​ថង់​ស្បែក​នឹង​ត្រូវ​ខូច​ខាត​មិន​ខាន។ 38ប៉ុន្ដែ ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​ត្រូវ​ដាក់​ទៅ​ក្នុង​ថង់​ស្បែក​ថ្មី​វិញ។ 39កាល​បាន​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​ចាស់​ហើយ គ្មាន​អ្នក​ណា​ចង់​ផឹក​ស្រា​ថ្មី​ទេ ដ្បិត​គេ​ពោល​ថា "ស្រា​ចាស់​ឆ្ងាញ់​ជាង"» ។

ទើបបានជ្រើសរើសហើយ៖

លូកា 5: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល