លូកា 6
6
សំណួរអំពីថ្ងៃសប្ប័ទ
(ម៉ាថាយ ១២.១-៨ ម៉ាកុស ២.២៣-២៨)
1មានថ្ងៃមួយ ជាថ្ងៃសប្ប័ទ ព្រះយេស៊ូវយាងកាត់ស្រែ ហើយពួកសិស្សបានបូតគួរស្រូវបរិភោគ ដោយញីនឹងដៃ។ 2ប៉ុន្ដែ មានពួកផារិស៊ីខ្លះនិយាយថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើការដែលច្បាប់ហាមមិនឲ្យធ្វើ នៅថ្ងៃសប្ប័ទដូច្នេះ?» 3ព្រះយេស៊ូវឆ្លើយទៅគេថា៖ «តើអ្នករាល់គ្នាមិនបានអានពីការដែលព្រះបាទដាវីឌ និងពួកអ្នកនៅជាមួយបានធ្វើ នៅពេលឃ្លានទេឬ? 4ស្ដេចបានយាងចូលទៅក្នុងដំណាក់របស់ព្រះ យកនំបុ័ងតាំងថ្វាយព្រះទៅសោយ ទាំងចែកឲ្យពួកអ្នកនៅជាមួយទៀតផង ដែលច្បាប់ហាមមិនឲ្យអ្នកណាបរិភាគសោះ គឺសម្រាប់តែពួកសង្ឃប៉ុណ្ណោះ»។ 5ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «កូនមនុស្សជាម្ចាស់នៃថ្ងៃសប្ប័ទ»។
ព្រះយេស៊ូវប្រោសមនុស្សស្វិតដៃម្នាក់ឲ្យជា
(ម៉ាថាយ ១២.៩-១៤ ម៉ាកុស ៣.១-៦)
6នៅថ្ងៃសប្ប័ទមួយទៀត ព្រះអង្គបានយាងចូលទៅបង្រៀនក្នុងសាលាប្រជុំ ហើយនៅទីនោះមានបុរសម្នាក់ដែលស្វិតដៃខាងស្តាំ។ 7ពួកអាចារ្យ និងពួកផារិស៊ីតាមមើលព្រះអង្គ ក្រែងព្រះអង្គប្រោសឲ្យគាត់ជានៅថ្ងៃសប្ប័ទ គឺដើម្បីឲ្យគេបានហេតុនឹងចោទប្រកាន់ព្រះអង្គ។ 8ប៉ុន្តែ ព្រះអង្គជ្រាបគំនិតរបស់គេ ហើយព្រះអង្គមានព្រះបន្ទូលទៅបុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើង ហើយមកឈរទីនេះ!»។ គាត់ក៏ក្រោកឈរឡើង។ 9ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសួរអ្នករាល់គ្នាថា នៅថ្ងៃសប្ប័ទ តើមានច្បាប់នឹងធ្វើការល្អ ឬធ្វើការអាក្រក់? តើឲ្យសង្គ្រោះជីវិត ឬឲ្យបំផ្លាញ?» 10ក្រោយពីទតមើលមនុស្សទាំងអស់ដែលនៅជុំវិញហើយ ព្រះអង្គមានព្រះបន្ទូលទៅបុរសនោះថា៖ «ចូរលាតដៃរបស់អ្នកទៅ!»។ គាត់ក៏លាតដៃ ហើយដៃរបស់គាត់បានជាឡើងវិញ។ 11ប៉ុន្តែ គេមានចិត្តក្ដៅក្រហាយជាខ្លាំង ហើយពិគ្រោះគ្នាពីការដែលគេអាចធ្វើយ៉ាងណាចំពោះព្រះយេស៊ូវ។
ព្រះយេស៊ូវជ្រើសរើសសាវកទាំងដប់ពីរ
(ម៉ាថាយ ១០.១-៤ ម៉ាកុស ៣.១៣-១៩)
12នៅគ្រានោះ ព្រះអង្គយាងចេញទៅភ្នំ ដើម្បីអធិស្ឋាន។ ព្រះអង្គអធិស្ឋានដល់ព្រះពេញមួយយប់។ 13លុះភ្លឺឡើង ព្រះអង្គត្រាស់ហៅពួកសិស្សមក ហើយជ្រើសយកដប់ពីរនាក់ ពីចំណោមពួកគេ ព្រះអង្គហៅអ្នកទាំងនោះថា សាវក 14គឺមានស៊ីម៉ូន ដែលហៅថាពេត្រុស អនទ្រេជាប្អូនរបស់គាត់ យ៉ាកុប យ៉ូហាន ភីលីព បារថូល៉ូមេ 15ម៉ាថាយ ថូម៉ាស យ៉ាកុបជាកូនរបស់អាល់ផាយ ស៊ីម៉ូន ដែលហៅថាអ្នកជាតិនិយម 16យូដាស ជាកូនរបស់យ៉ាកុប និងយូដាស-អ៊ីស្ការីយ៉ុត ដែលត្រឡប់ជាអ្នកក្បត់។
ព្រះយេស៊ូវបង្រៀន និងប្រោសជំងឺ
17ព្រះអង្គបានយាងចុះមកវិញជាមួយពួកគេ ហើយឈរនៅកន្លែងមួយរាបស្មើ។ នៅទីនោះ មានសិស្សរបស់ព្រះអង្គជាច្រើន និងមហាជនជាច្រើនមកពីគ្រប់កន្លែងនៅស្រុកយូដា ពីក្រុងយេរូសាឡិម ពីស្រុកទីរ៉ុស និងស្រុកស៊ីដូន។ 18គេនាំគ្នាស្តាប់ព្រះអង្គ ហើយដើម្បីឲ្យបានជាពីជំងឺផ្សេងៗរបស់គេ ឯអស់អ្នកដែលមានវិញ្ញាណអាក្រក់ធ្វើទុក្ខក៏បានជាដែរ។ 19មនុស្សទាំងអស់ប្រជ្រៀតគ្នាចង់ពាល់ព្រះអង្គ ដ្បិតមានព្រះចេស្តាចេញពីព្រះអង្គ មកប្រោសគេឲ្យជាទាំងអស់គ្នា។
ព្រះពរ និងសេចក្តីវេទនា
(ម៉ាថាយ ៥.១-១២)
20ព្រះអង្គងើបព្រះនេត្រឡើង ទតទៅពួកសិស្ស ហើយមានព្រះបន្ទូលថា៖
«មានពរហើយ អ្នករាល់គ្នាដែលក្រក្សត់
ដ្បិតព្រះរាជ្យរបស់ព្រះជារបស់អ្នករាល់គ្នា។
21មានពរហើយ អ្នករាល់គ្នាដែលឃ្លាននៅពេលនេះ
ដ្បិតអ្នករាល់គ្នានឹងបានឆ្អែត។
មានពរហើយ អ្នករាល់គ្នាដែលយំនៅពេលនេះ
ដ្បិតអ្នករាល់គ្នានឹងបានសើច។
22អ្នករាល់គ្នាមានពរ ពេលមនុស្សស្អប់អ្នករាល់គ្នា ពេលគេកាត់កាល់ ត្មះតិះដៀល ហើយមើលងាយអ្នករាល់គ្នា ដោយព្រោះកូនមនុស្ស។ 23ចូរអរសប្បាយនៅថ្ងៃនោះ ហើយលោតដោយអំណរចុះ ដ្បិតមើល៍ អ្នករាល់គ្នាមានរង្វាន់យ៉ាងធំនៅស្ថានសួគ៌ ព្រោះបុព្វបុរសរបស់គេ ក៏បានប្រព្រឹត្តចំពោះពួកហោរាពីដើមយ៉ាងដូច្នោះដែរ។
24ប៉ុន្ដែ វេទនាដល់អ្នករាល់គ្នាដែលជាអ្នកមាន
ដ្បិតអ្នករាល់គ្នាបានទទួល
ការកម្សាន្តចិត្តរួចស្រេចហើយ។
25វេទនាដល់អ្នករាល់គ្នាដែលឆ្អែតនៅពេលនេះ
ដ្បិតអ្នករាល់គ្នានឹងត្រូវឃ្លានវិញ។
វេទនាដល់អ្នករាល់គ្នាដែលកំពុងសើចនៅពេលនេះ
ដ្បិតអ្នករាល់គ្នានឹងកាន់ទុក្ខ ហើយយំសោកវិញ។
26វេទនាដល់អ្នករាល់គ្នា
កាលណាមនុស្សទាំងអស់និយាយល្អពីអ្នករាល់គ្នា
ដ្បិតពីដើម បុព្វបុរសរបស់គេក៏បានប្រព្រឹត្ត
ចំពោះពួកហោរាក្លែងក្លាយយ៉ាងដូច្នោះដែរ»។
ចូរស្រឡាញ់ខ្មាំងសត្រូវ
(ម៉ាថាយ ៥.៣៨-៤៨ និង ៧.១២)
27«ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាដែលកំពុងស្តាប់ថា ចូរអ្នករាល់គ្នាស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន ចូរធ្វើល្អចំពោះអស់អ្នកដែលស្អប់អ្នករាល់គ្នា 28ចូរឲ្យពរអស់អ្នកដែលប្រទេចផ្តាសាអ្នករាល់គ្នា ហើយអធិស្ឋានឲ្យអស់អ្នកដែលធ្វើទុក្ខអ្នករាល់គ្នា។ 29ប្រសិនបើមានអ្នកណាទះកំផ្លៀងអ្នកម្ខាង ចូរបែរម្ខាងឲ្យគេទៀតចុះ ហើយប្រសិនបើអ្នកណាយកអាវវែងរបស់អ្នក ក៏កុំឃាត់មិនឲ្យគេយកអាវតូចរបស់អ្នកឡើយ។ 30ចូរឲ្យដល់អ្នកណាដែលសុំពីអ្នក ហើយបើអ្នកណាយករបស់អ្វីពីអ្នក កុំឲ្យទារពីគេវិញឡើយ។ 31អ្នករាល់គ្នាចង់ឲ្យគេប្រព្រឹត្តចំពោះខ្លួនយ៉ាងណា ត្រូវប្រព្រឹត្តចំពោះគេយ៉ាងនោះដែរ»។
32ប្រសិនបើអ្នករាល់គ្នាស្រឡាញ់តែអស់អ្នកដែលស្រឡាញ់អ្នករាល់គ្នា នោះតើមានគុណបំណាច់អ្វីចំពោះអ្នក? ដ្បិតសូម្បីតែមនុស្សបាបក៏ចេះស្រឡាញ់អស់អ្នកដែលស្រឡាញ់គេដែរ។ 33ប្រសិនបើអ្នករាល់គ្នាធ្វើល្អចំពោះតែអស់អ្នកដែលធ្វើល្អចំពោះអ្នករាល់គ្នា នោះតើមានគុណបំណាច់អ្វីចំពោះអ្នក? ដ្បិតសូម្បីតែមនុស្សបាបក៏ចេះធ្វើដូច្នេះដែរ។ 34ប្រសិនបើអ្នករាល់គ្នាឲ្យគេខ្ចី ដោយសង្ឃឹមថានឹងបានវិញ នោះតើមានគុណបំណាច់អ្វីចំពោះអ្នក? ដ្បិតសូម្បីតែមនុស្សបាបក៏ចេះឲ្យមនុស្សបាបខ្ចីដែរ ដើម្បីឲ្យបានទទួលដូចដើមវិញ។ 35ប៉ុន្ដែ ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នករាល់គ្នា ចូរធ្វើល្អ ហើយឲ្យគេខ្ចី ដោយកុំសង្ឃឹមចង់បានអ្វីមកវិញឡើយ។ អ្នករាល់គ្នានឹងបានរង្វាន់យ៉ាងធំ ហើយអ្នករាល់គ្នានឹងធ្វើជាកូនរបស់ព្រះដ៏ខ្ពស់បំផុត ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរសចំពោះមនុស្សអកត្តញ្ញូ និងមនុស្សអាក្រក់ដែរ។ 36ចូរមានចិត្តមេត្តាករុណា ដូចព្រះវរបិតារបស់អ្នករាល់គ្នា ទ្រង់មានព្រះហឫទ័យមេត្តាករុណាដែរ។
កុំថ្កោលទោសអ្នកដទៃ
(ម៉ាថាយ ៧.១-៥)
37«កុំថ្កោលទោសគេឲ្យសោះ ដើម្បីកុំឲ្យមានគេថ្កោលទោសអ្នកវិញ កុំនិន្ទាគេឡើយ ដើម្បីកុំឲ្យមានគេនិន្ទាអ្នកវិញដែរ ចូរលើកលែងឲ្យគេ នោះគេនឹងលើកលែងឲ្យអ្នកវិញ។ 38ចូរឲ្យទៅគេ នោះគេនឹងឲ្យមកអ្នកដែរ គេនឹងវាល់ឲ្យអ្នកយ៉ាងល្អ ទាំងញាត់ ទាំងរលាក់ ហើយដាក់ឲ្យហៀរ និងយកមកដាក់បំពេញចិត្តអ្នកផង ដ្បិតគេនឹងវាល់ឲ្យអ្នក តាមរង្វាល់ណាដែលអ្នកវាល់ឲ្យគេ»។
39ព្រះអង្គក៏មានព្រះបន្ទូលជារឿងប្រៀបធៀបទៅគេទៀតថា៖ «តើមនុស្សខ្វាក់អាចនាំផ្លូវមនុស្សខ្វាក់បានឬ? តើមិនធ្លាក់ទៅក្នុងរណ្តៅទាំងពីរនាក់ទេឬ? 40សិស្សមិនលើសជាងគ្រូទេ តែគ្រប់គ្នាដែលបានទទួលការហ្វឹកហាត់ពេញលេញ នោះនឹងបានដូចគ្រូដែរ។ 41ហេតុអ្វីបានជាមើលឃើញកម្ទេច ដែលនៅក្នុងភ្នែកបងប្អូនរបស់អ្នក តែមើលមិនឃើញធ្នឹមនៅក្នុងភ្នែករបស់ខ្លួនដូច្នេះ? 42ធ្វើដូចម្តេចឲ្យអ្នក ដែលមើលធ្នឹមក្នុងភ្នែករបស់ខ្លួនមិនឃើញ អាចនិយាយទៅបងប្អូនរបស់ខ្លួនបានថា "ប្អូនអើយ ទុកឲ្យខ្ញុំយកកម្ទេចពីភ្នែកអ្នកចេញ" បាន? មនុស្សមានពុតអើយ! ចូរយកធ្នឹមពីភ្នែកអ្នកចេញជាមុនសិន នោះទើបអ្នកមើលឃើញច្បាស់ អាចនឹងយកកម្ទេចចេញពីភ្នែកបងប្អូនរបស់អ្នកបាន»។
ដើមឈើ និងផលផ្លែរបស់វា
(ម៉ាថាយ ៧.១៦-២០ និង ១២.៣៣-៣៥)
43«ដើមឈើល្អមិនដែលមានផ្លែអាក្រក់ឡើយ ឯដើមឈើអាក្រក់ក៏មិនដែលមានផ្លែល្អដែរ 44ដ្បិតគេស្គាល់ដើមឈើនីមួយៗ ដោយសារផ្លែរបស់វា។ គេមិនដែលបេះផ្លែល្វាពីគុម្ពបន្លាឡើយ ក៏មិនដែលបេះផ្លែទំពាំងបាយជូរពីអញ្ចាញនោះដែរ។ 45មនុស្សល្អ បង្កើតជាសេចក្តីល្អ ចេញពីកំណប់ល្អដែលនៅក្នុងចិត្តរបស់គេ រីឯមនុស្សអាក្រក់វិញ បង្កើតជាសេចក្តីអាក្រក់ ចេញពីកំណប់អាក្រក់របស់ខ្លួន ដ្បិតមាត់របស់គេស្រដីចេញពីសេចក្តីបរិបូរ ដែលនៅក្នុងចិត្តរបស់ខ្លួន»។
គ្រឹះពីរផ្សេងគ្នា
(ម៉ាថាយ ៧.២៤-២៧)
46«ហេតុអ្វីបានជាអ្នករាល់គ្នាហៅខ្ញុំថា "ព្រះអម្ចាស់! ព្រះអម្ចាស់!" តែមិនធ្វើតាមពាក្យខ្ញុំដូច្នេះ? 47គ្រប់គ្នាដែលចូលមករកខ្ញុំ ហើយស្តាប់ពាក្យខ្ញុំ រួចប្រព្រឹត្តតាម នោះខ្ញុំនឹងបង្ហាញឲ្យអ្នករាល់គ្នាដឹងថា អ្នកនោះជាមនុស្សបែបណា 48អ្នកនោះប្រៀបដូចជាមនុស្សម្នាក់ដែលសង់ផ្ទះ គាត់បានជីកយ៉ាងជ្រៅ ហើយចាក់គ្រឹះនៅលើថ្មដា ពេលទឹកជន់ឡើង ហូរគំហុកប៉ះនឹងផ្ទះនោះ តែផ្ទះនោះមិនរង្គើរឡើយ ព្រោះបានសង់យ៉ាងរឹងមាំ។ 49ចំណែកអ្នកដែលឮ ហើយមិនប្រព្រឹត្តតាម នោះប្រៀបដូចជាមនុស្សម្នាក់ដែលសង់ផ្ទះនៅលើដី ដោយគ្មានគ្រឹះ។ លុះទឹកហូរគំហុកមកប៉ះនឹងផ្ទះនោះ ផ្ទះនោះក៏រលំភ្លាម ហើយត្រូវខូចខាតយ៉ាងធ្ងន់»។
ទើបបានជ្រើសរើសហើយ៖
លូកា 6: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies