លូកា 8
8
ស្ត្រីខ្លះតាមបម្រើព្រះយេស៊ូវ
1ក្រោយមកភ្លាម ព្រះអង្គយាងទៅតាមក្រុង និងតាមភូមិនានា ទាំងប្រកាសប្រាប់ដំណឹងល្អអំពីព្រះរាជ្យរបស់ព្រះ។ អ្នកទាំងដប់ពីរនៅជាមួយព្រះអង្គ 2ហើយស្ត្រីខ្លះដែលបានជាពីវិញ្ញាណអាក្រក់ និងពីជំងឺផ្សេងៗក៏នៅជាមួយដែរ គឺមាននាងម៉ារា ហៅថាអ្នកស្រុកម៉ាក់ដាឡា ដែលមានអារក្សប្រាំពីរចេញពីនាង 3នាងយ៉ូអាន់ ប្រពន្ធរបស់ឃូសា ជាមហាតលិករបស់ព្រះបាទហេរ៉ូឌ នាងស៊ូសាន និងស្ត្រីឯទៀតៗជាច្រើន ដែលផ្គត់ផ្គង់ព្រះអង្គ និងពួកសិស្សដោយធនធានរបស់ខ្លួន។
រឿងប្រៀបធៀបអំពីអ្នកព្រោះពូជ
(ម៉ាថាយ ១៣.១-៩ ម៉ាកុស ៤.១-៩)
4កាលមហាជនច្រើនកុះករ និងមនុស្សមកពីក្រុងផ្សេងៗ បាននាំគ្នាមកជួបព្រះអង្គហើយ ព្រះអង្គក៏មានព្រះបន្ទូលជារឿងប្រៀបធៀបថា៖ 5«មានអ្នកព្រោះពូជម្នាក់ចេញទៅព្រោះពូជរបស់ខ្លួន។ ពេលគាត់ព្រោះ ពូជខ្លះធ្លាក់លើផ្លូវ ត្រូវគេដើរជាន់ ហើយសត្វហើរលើអាកាសក៏មកចឹកស៊ី។ 6មានពូជខ្លះទៀតធ្លាក់ទៅលើថ្ម កាលពន្លកដុះឡើង នោះក៏ក្រៀមស្វិតទៅ ព្រោះគ្មានសំណើម។ 7មានពូជខ្លះទៀតធ្លាក់ទៅក្នុងគុម្ពបន្លា ហើយបន្លាក៏ដុះឡើងជាមួយពូជនោះ ខ្ទប់ពូជនោះជិត។ 8មានពូជខ្លះទៀតធ្លាក់ទៅលើដីល្អ ហើយពេលពូជនោះដុះឡើង បង្កើតផលផ្លែបានមួយជាមួយរយ»។ កាលព្រះអង្គមានព្រះបន្ទូលសេចក្តីទាំងនោះហើយ ព្រះអង្គបន្លឺព្រះសូរសៀងថា៖ «អ្នកណាមានត្រចៀក ចូរស្តាប់ចុះ!»។
គោលបំណងនៃរឿងប្រៀបធៀប
9កាលពួកសិស្សទូលសួរព្រះអង្គអំពីរឿងប្រៀបធៀបនេះមានន័យដូចម្តេច 10ព្រះអង្គមានព្រះបន្ទូលថា៖ «សម្រាប់អ្នករាល់គ្នា ព្រះបានប្រទានឲ្យស្គាល់អាថ៌កំបាំងនៃព្រះរាជ្យរបស់ព្រះអង្គ តែចំពោះអ្នកដទៃ គឺជារឿងប្រៀបធៀបវិញ ដើម្បី "កាលណាគេមើល តែមិនឃើញ ហើយកាលណាគេស្ដាប់ តែមិនយល់" »។
ព្រះយេស៊ូវពន្យល់រឿងប្រៀបធៀបអំពីអ្នកព្រោះពូជ
(ម៉ាថាយ ១៣.១០-២៣ ម៉ាកុស ៤.១៣-២០)
11«រីឯរឿងប្រៀបធៀបនេះ គឺស្រាយយ៉ាងនេះថា ពូជជាព្រះបន្ទូលរបស់ព្រះ។ 12ពូជដែលធ្លាក់តាមផ្លូវ គឺអស់អ្នកដែលបានឮ រួចអារក្សក៏មកឆក់យកព្រះបន្ទូលចេញពីចិត្តគេទៅ ដើម្បីកុំឲ្យគេជឿ ហើយបានសង្គ្រោះ។ 13ពូជដែលធ្លាក់លើថ្ម គឺអស់អ្នកដែលនៅពេលឮព្រះបន្ទូល នោះក៏ទទួលដោយអំណរ តែមិនចាក់ឫសសោះ គេជឿតែមួយភ្លែត ហើយនៅពេលមានការល្បងល គេក៏រសាយចិត្តទៅវិញ។ 14រីឯពូជដែលធ្លាក់ទៅក្នុងបន្លា គឺអស់អ្នកដែលបានឮ តែពេលគេចេញទៅ នោះសេចក្តីខ្វល់ខ្វាយនឹងទ្រព្យសម្បត្តិ និងចិត្តស្រើបស្រាលនៃជីវិតនេះ ក៏ចូលមកខ្ទប់ជិត មិនឲ្យបង្កើតផលផ្លែពេញលេញបានឡើយ។ 15រីឯពូជនៅក្នុងដីល្អ គេជាពួកអ្នកដែលបានឮព្រះបន្ទូលហើយ ក៏រក្សាទុកជាប់ដោយចិត្តល្អទៀងត្រង់ ហើយបង្កើតផលដោយអត់ធ្មត់»។
ចង្កៀងនៅក្រោមផើង
(ម៉ាកុស ៤.២១-២៥)
16«គ្មានអ្នកណាអុជចង្កៀង រួចយកផើងមកគ្រប ឬយកទៅដាក់នៅក្រោមគ្រែឡើយ គេតែងដាក់លើជើងចង្កៀងវិញ ដើម្បីឲ្យអស់អ្នកដែលចូលមកបានឃើញពន្លឺនោះ។ 17ដ្បិតគ្មានអ្វីលាក់កំបាំង ដែលមិនត្រូវបើកសម្ដែងឲ្យឃើញ ឬអ្វីសម្ងាត់ដែលមិនត្រូវឲ្យដឹង ហើយយកទៅដាក់នៅទីភ្លឺនោះឡើយ។ 18ដូច្នេះ ចូរឲ្យប្រយ័ត្នអំពីរបៀបដែលអ្នករាល់គ្នាស្ដាប់ ដ្បិតអ្នកដែលមាន នឹងត្រូវបន្ថែមឲ្យ តែអ្នកដែលគ្មាន នោះនឹងត្រូវយកចេញ សូម្បីតែអ្វីដែលអ្នកនោះគិតថាខ្លួនមាននោះទៀតផង»។
បងប្អូនពិតប្រាកដរបស់ព្រះយេស៊ូវ
(ម៉ាថាយ ១២.៤៦-៥០ ម៉ាកុស ៣.៣១-៣៥)
19ពេលនោះ មាតា និងបងប្អូនរបស់ព្រះអង្គ មករកព្រះអង្គ តែគេមិនអាចចូលទៅជិតព្រះអង្គបាន ព្រោះមានមនុស្សច្រើនពេក។ 20មានគេទូលព្រះអង្គថា៖ «ម្តាយលោក និងបងប្អូនលោកកំពុងឈរនៅខាងក្រៅ ចង់ជួបលោក»។ 21ប៉ុន្ដែ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ម្តាយរបស់ខ្ញុំ និងបងប្អូនរបស់ខ្ញុំ គឺអស់អ្នកដែលឮព្រះបន្ទូលរបស់ព្រះ ហើយប្រព្រឹត្តតាម»។
ព្រះយេស៊ូវធ្វើឲ្យព្យុះស្ងប់
(ម៉ាថាយ ៨.២៣-២៧ ម៉ាកុស ៤.៣៥-៤១)
22ថ្ងៃមួយ ព្រះអង្គយាងចុះទូកជាមួយសិស្សព្រះអង្គ ហើយព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរយើងឆ្លងបឹងទៅត្រើយម្ខាង»។ ពួកគេក៏ចេញទូកទៅ 23ពេលគេកំពុងចេញទូកទៅ ព្រះអង្គក៏ផ្ទំលក់។ ពេលនោះ មានខ្យល់ព្យុះបក់មកលើបឹង ទឹកក៏ចូលពេញទូក ហើយគេស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។ 24គេចូលទៅដាស់ព្រះអង្គ ទូលថា៖ «លោកគ្រូ! លោកគ្រូ! យើងខ្ញុំស្លាប់ឥឡូវហើយ»។ ព្រះអង្គតើនឡើង ហើយបន្ទោសខ្យល់ និងរលកដែលកំពុងបោកបក់ជាខ្លាំងនោះ រួចវាក៏ឈប់ ហើយស្ងប់ទៅ។ 25ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «តើជំនឿរបស់អ្នករាល់គ្នានៅឯណា?» ពួកគេភ័យខ្លាច ហើយមានសេចក្តីអស្ចារ្យក្នុងចិត្ត ទាំងនិយាយគ្នាទៅវិញទៅមកថា៖ «ចុះតើលោកនេះជានរណា បានជាលោកបញ្ជា សូម្បីតែខ្យល់ និងទឹក ហើយវាក៏ស្តាប់បង្គាប់លោកដូច្នេះ?»។
ព្រះយេស៊ូវប្រោសបុរសម្នាក់ដែលមានអារក្សចូល នៅស្រុកគេរ៉ាស៊ីន
(ម៉ាថាយ ៨.២៨-៣៤ ម៉ាកុស ៥.១-២០)
26បន្ទាប់មក ព្រះយេស៊ូវ និងពួកសិស្សបានមកដល់ស្រុកគេរ៉ាស៊ីន ដែលទល់មុខស្រុកកាលីឡេ។ 27ពេលព្រះអង្គយាងឡើងលើគោក មានបុរសម្នាក់ចេញពីក្រុងនោះមកជួបព្រះអង្គ គាត់មានអារក្សចូលជាយូរមកហើយ គ្មានស្លៀកពាក់អ្វីឡើយ គាត់មិននៅក្នុងផ្ទះទេ គឺនៅតែតាមផ្នូរខ្មោច។ 28ពេលគាត់ឃើញព្រះយេស៊ូវ គាត់ក៏ក្រាបចុះនៅចំពោះព្រះអង្គ ហើយស្រែកយ៉ាងខ្លាំងថា៖ «ព្រះយេស៊ូវ ជាព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុតអើយ! តើព្រះអង្គត្រូវធ្វើដូចម្ដេចជាមួយទូលបង្គំ? ទូលបង្គំសូមអង្វរព្រះអង្គ សូមកុំធ្វើទុក្ខទូលបង្គំឡើយ»។ 29ដ្បិតព្រះអង្គបានបង្គាប់វិញ្ញាណអាក្រក់ឲ្យចេញពីបុរសនោះ (ព្រោះវាបានជាន់គាត់ជាយូរមកហើយ។ គេបានយកច្រវាក់ យកខ្នោះដាក់ ទាំងថែរក្សាគាត់ដែរ តែគាត់ចេះតែផ្តាច់ចំណងទាំងនោះចេញ ហើយអារក្សបាននាំគាត់ទៅទីរហោស្ថាន)។ 30ព្រះយេស៊ូវមានព្រះបន្ទូលសួរគាត់ថា៖ «តើឯងឈ្មោះអី?» គាត់ទូលថា៖ «កងទ័ព» ព្រោះមានអារក្សជាច្រើនចូលគាត់។ 31អារក្សទាំងនោះអង្វរព្រះអង្គ សូមកុំឲ្យព្រះអង្គបង្គាប់វាចុះទៅក្នុងជង្ហុកធំឡើយ។
32នៅទីនោះ មានជ្រូកមួយហ្វូងធំកំពុងរកស៊ីនៅលើភ្នំ ហើយអារក្សទាំងនោះបានអង្វរព្រះអង្គ សុំអនុញ្ញាតឲ្យវាចូលទៅក្នុងជ្រូកទាំងនោះ។ ដូច្នេះ ព្រះអង្គក៏អនុញ្ញាតឲ្យវា។ 33អារក្សក៏ចេញពីបុរសនោះ ចូលទៅក្នុងជ្រូក ហើយហ្វូងជ្រូកក៏បោលចុះតាមចំណោតច្រាំង ធ្លាក់ទៅក្នុងបឹង លង់ទឹកងាប់អស់ទៅ។
34កាលពួកអ្នកថែរក្សាជ្រូកឃើញដូច្នោះ គេនាំគ្នារត់គេច ហើយយករឿងនេះទៅប្រាប់អ្នកនៅក្នុងក្រុង ហើយនៅស្រុកស្រែ។ 35ពេលនោះ មនុស្សម្នានាំគ្នាចេញមកមើលហេតុការណ៍ដែលបានកើតឡើង។ គេចូលមករកព្រះយេស៊ូវ ឃើញមនុស្សដែលអារក្សបានចេញទៅនោះ កំពុងអង្គុយទៀបព្រះបាទព្រះយេស៊ូវ ទាំងស្លៀកពាក់ ដឹងខ្លួនដូចធម្មតា ហើយគេក៏ភ័យខ្លាច។ 36អស់អ្នកដែលបានឃើញ ក៏ប្រាប់គេពីរបៀបដែលមនុស្សអារក្សចូលនោះបានជា។ 37ពេលនោះ មនុស្សទាំងអស់ដែលនៅជុំវិញស្រុកគេរ៉ាស៊ីន បានសូមឲ្យព្រះអង្គយាងចេញពីពួកគេ ដ្បិតគេភ័យខ្លាចជាខ្លាំង។ ដូច្នេះ ព្រះអង្គក៏យាងចុះទូក ត្រឡប់ទៅវិញ។ 38បុរសដែលអារក្សបានចេញនោះ អង្វរសុំឲ្យបានទៅជាមួយព្រះអង្គដែរ ប៉ុន្តែ ព្រះយេស៊ូវបញ្ជូនគាត់ឲ្យទៅវិញ ដោយមានព្រះបន្ទូលថា៖ 39«ចូរវិលត្រឡប់ទៅផ្ទះរបស់អ្នកវិញចុះ ហើយប្រកាសអំពីការទាំងប៉ុន្មានដែលព្រះបានប្រោសដល់អ្នក»។ គាត់ក៏ចេញទៅ ហើយប្រកាសប្រាប់ពេញក្នុងទីក្រុង អំពីការទាំងប៉ុន្មានដែលព្រះយេស៊ូវបានប្រោសដល់គាត់។
ព្រះយេស៊ូវប្រោសស្ដ្រីម្នាក់ឲ្យជា និងក្មេងស្រីម្នាក់ឲ្យរស់ឡើងវិញ
(ម៉ាថាយ ៩.១៨-២៦ ម៉ាកុស ៥.២១-៤៣)
40កាលព្រះយេស៊ូវបានត្រឡប់ទៅវិញហើយ បណ្តាជននាំគ្នាទទួលព្រះអង្គដោយអំណរ ដ្បិតគេទាំងអស់គ្នាកំពុងចាំមើលផ្លូវព្រះអង្គ។ 41នៅពេលនោះ មានបុរសម្នាក់ឈ្មោះយ៉ៃរ៉ុស ជាមេសាលាប្រជុំ ក្រាបចុះនៅទៀបព្រះបាទព្រះយេស៊ូវ ហើយអង្វរសូមព្រះអង្គយាងទៅផ្ទះគាត់ 42ដ្បិតគាត់មានកូនស្រីតែមួយ អាយុប្រហែលដប់ពីរឆ្នាំ កំពុងឈឺជិតស្លាប់។ កាលព្រះអង្គយាងទៅ មហាជនប្រជ្រៀតគ្នាជុំវិញព្រះអង្គ។ 43ពេលនោះដែរ មានស្ត្រីម្នាក់ មានជំងឺធ្លាក់ឈាមដប់ពីរឆ្នាំមកហើយ នាងបានចំណាយទ្រព្យដែលនាងមានទាំងប៉ុន្មានទៅលើគ្រូពេទ្យ តែគ្មានគ្រូពេទ្យណាមួយអាចមើលនាងជាបានឡើយ។ 44នាងចូលពីក្រោយព្រះអង្គ ហើយពាល់ជាយព្រះពស្ត្រព្រះអង្គ ស្រាប់តែឈាមក៏ឈប់ធ្លាក់មួយរំពេច។ 45ព្រះយេស៊ូវមានព្រះបន្ទូលសួរថា៖ «អ្នកណាពាល់ខ្ញុំ?»។ កាលគ្រប់គ្នាប្រកែក ពេត្រុសទូលថា៖ «លោកគ្រូ បណ្តាជនកំពុងប្រជ្រៀតគ្នាជុំវិញលោកគ្រូ!»។ 46ប៉ុន្ដែ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «មានមនុស្សម្នាក់ពាល់ខ្ញុំ ដ្បិតខ្ញុំដឹងថា មានចេស្ដាចេញពីខ្ញុំទៅ»។ 47កាលស្ត្រីនោះឃើញថា នាងមិនអាចលាក់បាន នាងក៏ចូលមកទាំងញ័ររន្ធត់ ហើយក្រាបចុះនៅចំពោះព្រះអង្គ ទូលនៅមុខមនុស្សទាំងអស់ ពីហេតុដែលនាងបានពាល់ព្រះអង្គ ហើយពីរបៀបដែលនាងបានជាភ្លាមមួយរំពេច។ 48ព្រះអង្គមានព្រះបន្ទូលទៅនាងថា៖ «កូនស្រីអើយ! ជំនឿរបស់នាង បានធ្វើឲ្យនាងជាសះស្បើយហើយ ចូរអញ្ជើញទៅដោយសុខសាន្តចុះ»។
49កាលព្រះអង្គកំពុងតែមានព្រះបន្ទូលនៅឡើយ មានម្នាក់មកពីផ្ទះមេសាលាប្រជុំនោះ ជម្រាបថា៖ «កូនស្រីលោកស្លាប់ហើយ សូមកុំរំខានលោកគ្រូទៀតអី!»។ 50ព្រះយេស៊ូវក៏ឮ ហើយមានព្រះបន្ទូលទៅគាត់ថា៖ «កុំខ្លាចអី គ្រាន់តែជឿប៉ុណ្ណោះ នោះនាងនឹងបានជា»។ 51កាលព្រះអង្គយាងចូលទៅក្នុងផ្ទះ ព្រះអង្គមិនឲ្យអ្នកណាចូលទៅជាមួយឡើយ មានតែពេត្រុស យ៉ាកុប និងយ៉ូហាន ហើយឪពុកម្តាយរបស់កូននោះប៉ុណ្ណោះ។ 52មនុស្សទាំងអស់យំសោកសង្រេងនឹងនាង តែព្រះអង្គមានព្រះបន្ទូលថា៖ «កុំយំអី នាងមិនស្លាប់ទេ នាងដេកលក់ទេតើ!»។ 53គេសើចចំអកដាក់ព្រះអង្គ ដ្បិតគេដឹងថា នាងស្លាប់ពិតមែន។ 54ប៉ុន្ដែ ព្រះអង្គចាប់ដៃនាង ហើយស្រែកហៅថា៖ «នាងតូចអើយ! ក្រោកឡើង!»។ 55វិញ្ញាណរបស់នាងក៏ត្រឡប់មកវិញ ហើយនាងក្រោកឡើងភ្លាម។ ព្រះអង្គបង្គាប់គេឲ្យយកអ្វីមួយមកឲ្យនាងបរិភោគ។ 56ឪពុកម្តាយរបស់នាងមានសេចក្ដីអស្ចារ្យក្នុងចិត្តជាខ្លាំង តែព្រះអង្គហាមមិនឲ្យប្រាប់អ្នកណាពីហេតុការណ៍ដែលបានកើតឡើងនោះឡើយ។
ទើបបានជ្រើសរើសហើយ៖
លូកា 8: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies