លូកា 8

8
ស្ត្រី​ខ្លះ​តាម​បម្រើ​ព្រះ‌យេស៊ូវ
1ក្រោយ​មក​ភ្លាម ព្រះ‌អង្គ​យាង​ទៅ​តាម​ក្រុង និង​តាម​ភូមិ​នានា ទាំង​ប្រកាស​ប្រាប់​ដំណឹង​ល្អ​អំពី​ព្រះរាជ្យ​របស់​ព្រះ។ អ្នក​ទាំង​ដប់​ពីរ​នៅ​ជាមួយ​ព្រះ‌អង្គ 2ហើយ​ស្ត្រី​ខ្លះ​ដែល​បាន​ជា​ពី​វិញ្ញាណ​អាក្រក់ និង​ពី​ជំងឺ​ផ្សេងៗ​ក៏​នៅ​ជា​មួយ​ដែរ គឺ​មាន​នាង​ម៉ារា ហៅ​ថា​អ្នក​ស្រុក​ម៉ាក់ដាឡា ដែល​មាន​អារក្ស​ប្រាំ​ពីរ​ចេញ​ពី​នាង 3នាង​យ៉ូអាន់ ប្រពន្ធ​របស់​ឃូសា ជា​មហាតលិក​របស់​ព្រះបាទ​ហេរ៉ូឌ នាង​ស៊ូសាន និង​ស្ត្រី​ឯ​ទៀតៗ​ជា​ច្រើន ដែល​ផ្គត់​ផ្គង់​ព្រះ‌អង្គ និង​ពួក​សិស្ស​ដោយ​ធនធាន​របស់​ខ្លួន។
រឿង​ប្រៀប​ធៀប​អំពី​អ្នក​ព្រោះ​ពូជ
(ម៉ាថាយ ១៣.១-៩ ម៉ាកុស ៤.១-៩)
4កាល​មហា‌ជន​ច្រើន​កុះករ និង​មនុស្ស​មក​ពី​ក្រុង​ផ្សេងៗ បាន​នាំ​គ្នា​មក​ជួប​ព្រះ‌អង្គ​ហើយ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ជា​រឿង​ប្រៀប​ធៀប​ថា៖ 5«មាន​អ្នក​ព្រោះ​ពូជ​ម្នាក់​ចេញ​ទៅ​ព្រោះ​ពូជ​របស់​ខ្លួន។ ពេល​គាត់​ព្រោះ ពូជ​ខ្លះ​ធ្លាក់​លើ​ផ្លូវ ត្រូវ​គេ​ដើរ​ជាន់ ហើយ​សត្វ​ហើរ​លើ​អាកាស​ក៏​មក​ចឹក​ស៊ី។ 6មាន​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ថ្ម កាល​ពន្លក​ដុះ​ឡើង នោះ​ក៏​ក្រៀម​ស្វិត​ទៅ ព្រោះ​គ្មាន​សំណើម។ 7មាន​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​ក្នុង​គុម្ព​បន្លា ហើយ​បន្លា​ក៏​ដុះ​ឡើង​ជា​មួយ​ពូជ​នោះ ខ្ទប់​ពូជ​នោះ​ជិត។ 8មាន​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ដី​ល្អ ហើយ​ពេល​ពូជ​នោះ​ដុះ​ឡើង បង្កើត​ផល​ផ្លែ​បាន​មួយ​ជា​មួយ​រយ»។ កាល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សេចក្តី​ទាំង​នោះ​ហើយ ព្រះ‌អង្គ​បន្លឺ​ព្រះសូរ​សៀង​ថា៖ «អ្នក​ណា​មាន​ត្រចៀក ចូរ​ស្តាប់​ចុះ!»។
គោល​បំណង​នៃ​រឿង​ប្រៀប​ធៀប
9កាល​ពួក​សិស្ស​ទូល​សួរ​ព្រះ‌អង្គ​អំពី​រឿង​ប្រៀប​ធៀប​នេះ​មាន​ន័យ​ដូច​ម្តេច 10ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «សម្រាប់​អ្នក​រាល់​គ្នា ព្រះ​បាន​ប្រទាន​ឲ្យ​ស្គាល់​អាថ៌‌កំបាំង​នៃ​ព្រះរាជ្យ​របស់​ព្រះ‌អង្គ តែ​ចំពោះ​អ្នក​ដទៃ គឺ​ជា​រឿង​ប្រៀប​ធៀប​វិញ ដើម្បី "កាល​ណា​គេ​មើល តែ​មិន​ឃើញ ហើយ​កាល​ណា​គេ​ស្ដាប់ តែ​មិន​យល់" »។
ព្រះ‌យេស៊ូវ​ពន្យល់​រឿង​ប្រៀប​ធៀប​អំពី​អ្នក​ព្រោះ​ពូជ
(ម៉ាថាយ ១៣.១០-២៣ ម៉ាកុស ៤.១៣-២០)
11«រីឯ​រឿង​ប្រៀប​ធៀប​នេះ គឺ​ស្រាយ​យ៉ាង​នេះ​ថា ពូជ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ។ 12ពូជ​ដែល​ធ្លាក់​តាម​ផ្លូវ គឺ​អស់​អ្នក​ដែល​បាន​ឮ រួច​អារក្ស​ក៏​មក​ឆក់​យក​ព្រះ‌បន្ទូល​ចេញ​ពី​ចិត្ត​គេ​ទៅ ដើម្បី​កុំ​ឲ្យ​គេ​ជឿ ហើយ​បាន​សង្គ្រោះ។ 13ពូជ​ដែល​ធ្លាក់​លើ​ថ្ម គឺ​អស់​អ្នក​ដែល​នៅ​ពេល​ឮ​ព្រះ‌បន្ទូល នោះ​ក៏​ទទួល​ដោយ​អំណរ តែ​មិន​ចាក់​ឫស​សោះ គេ​ជឿ​តែ​មួយ​ភ្លែត ហើយ​នៅ​ពេល​មាន​ការ​ល្បង‌ល គេ​ក៏​រសាយ​ចិត្ត​ទៅ​វិញ។ 14រីឯ​ពូជ​ដែល​ធ្លាក់​ទៅ​ក្នុង​បន្លា គឺ​អស់​អ្នក​ដែល​បាន​ឮ តែ​ពេល​គេ​ចេញ​ទៅ នោះ​សេចក្តី​ខ្វល់‌ខ្វាយ​នឹង​ទ្រព្យ​សម្បត្តិ និង​ចិត្ត​ស្រើប‌ស្រាល​នៃ​ជីវិត​នេះ ក៏​ចូល​មក​ខ្ទប់​ជិត មិន​ឲ្យ​បង្កើត​ផល​ផ្លែ​ពេញ‌លេញ​បាន​ឡើយ។ 15រីឯ​ពូជ​នៅ​ក្នុង​ដី​ល្អ គេ​ជា​ពួក​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល​ហើយ ក៏​រក្សា​ទុក​ជាប់​ដោយ​ចិត្ត​ល្អ​ទៀង​ត្រង់ ហើយ​បង្កើត​ផល​ដោយ​អត់‌ធ្មត់»។
ចង្កៀង​នៅ​ក្រោម​ផើង
(ម៉ាកុស ៤.២១-២៥)
16«គ្មាន​អ្នក​ណា​អុជ​ចង្កៀង រួច​យក​ផើង​មក​គ្រប ឬ​យក​ទៅ​ដាក់​នៅ​ក្រោម​គ្រែ​ឡើយ គេ​តែង​ដាក់​លើ​ជើង​ចង្កៀង​វិញ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ចូល​មក​បាន​ឃើញ​ពន្លឺ​នោះ។ 17ដ្បិត​គ្មាន​អ្វី​លាក់​កំបាំង ដែល​មិន​ត្រូវ​បើក​សម្ដែង​ឲ្យ​ឃើញ ឬ​អ្វី​សម្ងាត់​ដែល​មិន​ត្រូវ​ឲ្យ​ដឹង ហើយ​យក​ទៅ​ដាក់​នៅ​ទី​ភ្លឺ​នោះ​ឡើយ។ 18ដូច្នេះ ចូរ​ឲ្យ​ប្រយ័ត្ន​អំពី​របៀប​ដែល​អ្នក​រាល់​គ្នា​ស្ដាប់ ដ្បិត​អ្នក​ដែល​មាន នឹង​ត្រូវ​បន្ថែម​ឲ្យ តែ​អ្នក​ដែល​គ្មាន នោះ​នឹង​ត្រូវ​យក​ចេញ សូម្បី​តែ​អ្វី​ដែល​អ្នក​នោះ​គិត​ថា​ខ្លួន​មាន​នោះ​ទៀត​ផង»។
បង‌ប្អូន​ពិត​ប្រាកដ​របស់​ព្រះ‌យេស៊ូវ
(ម៉ាថាយ ១២.៤៦-៥០ ម៉ាកុស ៣.៣១-៣៥)
19ពេលនោះ មាតា និង​បង‌ប្អូន​របស់​ព្រះ‌អង្គ មក​រក​ព្រះ‌អង្គ តែ​គេ​មិន​អាច​ចូល​ទៅ​ជិត​ព្រះ‌អង្គ​បាន ព្រោះ​មាន​មនុស្ស​ច្រើន​ពេក។ 20មាន​គេ​ទូល​ព្រះ‌អង្គ​ថា៖ «ម្តាយ​លោក និង​បង‌ប្អូន​លោក​កំពុង​ឈរ​នៅ​ខាង​ក្រៅ ចង់​ជួប​លោក»។ 21ប៉ុន្ដែ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ម្តាយ​របស់​ខ្ញុំ និង​បង‌ប្អូន​របស់​ខ្ញុំ គឺ​អស់​អ្នក​ដែល​ឮ​ព្រះ‌បន្ទូល​របស់​ព្រះ ហើយ​ប្រព្រឹត្ត​តាម»។
ព្រះ‌យេស៊ូវ​ធ្វើ​ឲ្យ​ព្យុះ​ស្ងប់
(ម៉ាថាយ ៨.២៣-២៧ ម៉ាកុស ៤.៣៥-៤១)
22ថ្ងៃ​មួយ ព្រះ‌អង្គ​យាង​ចុះ​ទូក​ជា​មួយ​សិស្ស​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​យើង​ឆ្លង​បឹង​ទៅ​ត្រើយ​ម្ខាង»។ ពួកគេ​ក៏​ចេញ​ទូក​ទៅ 23ពេល​គេ​កំពុង​ចេញ​ទូក​ទៅ ព្រះ‌អង្គ​ក៏​ផ្ទំ​លក់។ ពេល​នោះ មាន​ខ្យល់​ព្យុះ​បក់​មក​លើ​បឹង ទឹក​ក៏​ចូល​ពេញ​ទូក ហើយ​គេ​ស្ថិត​ក្នុង​ស្ថាន‌ភាព​គ្រោះ​ថ្នាក់។ 24គេ​ចូល​ទៅ​ដាស់​ព្រះ‌អង្គ ទូល​ថា៖ «លោក​គ្រូ! លោកគ្រូ! យើង​ខ្ញុំ​ស្លាប់​ឥឡូវ​ហើយ»។ ព្រះ‌អង្គ​តើន​ឡើង ហើយ​បន្ទោស​ខ្យល់ និង​រលក​ដែល​កំពុង​បោក​បក់​ជា​ខ្លាំង​នោះ រួច​វា​ក៏​ឈប់ ហើយ​ស្ងប់​ទៅ។ 25ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «តើ​ជំនឿ​របស់​អ្នក​រាល់​គ្នា​នៅ​ឯ​ណា?» ពួកគេ​ភ័យ​ខ្លាច ហើយ​មាន​សេចក្តី​អស្ចារ្យ​ក្នុង​ចិត្ត ទាំង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ចុះ​តើ​លោក​នេះ​ជា​នរណា បាន​ជា​លោក​បញ្ជា សូម្បី​តែ​ខ្យល់ និង​ទឹក ហើយ​វា​ក៏​ស្តាប់​បង្គាប់​លោក​ដូច្នេះ?»។
ព្រះ‌យេស៊ូវ​ប្រោស​បុរស​ម្នាក់​ដែល​មាន​អារក្ស​ចូល នៅ​ស្រុក​គេរ៉ា‌ស៊ីន
(ម៉ាថាយ ៨.២៨-៣៤ ម៉ាកុស ៥.១-២០)
26បន្ទាប់​មក ព្រះ‌យេស៊ូវ និង​ពួក​សិស្ស​បាន​មក​ដល់​ស្រុក​គេរ៉ាស៊ីន ដែល​ទល់​មុខ​ស្រុក​កាលីឡេ។ 27ពេល​ព្រះ‌អង្គ​យាង​ឡើង​លើ​គោក មាន​បុរស​ម្នាក់​ចេញ​ពី​ក្រុង​នោះ​មក​ជួប​ព្រះ‌អង្គ គាត់​មាន​អារក្ស​ចូល​ជា​យូរ​មក​ហើយ គ្មាន​ស្លៀក​ពាក់​អ្វី​ឡើយ គាត់​មិន​នៅ​ក្នុង​ផ្ទះ​ទេ គឺ​នៅ​តែ​តាម​ផ្នូរ​ខ្មោច។ 28ពេល​គាត់​ឃើញ​ព្រះ‌យេស៊ូវ គាត់​ក៏​ក្រាប​ចុះ​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ស្រែក​យ៉ាង​ខ្លាំង​ថា៖ «ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ! តើ​ព្រះ‌អង្គ​ត្រូវ​ធ្វើ​ដូចម្ដេច​ជា​មួយ​ទូល​បង្គំ? ទូល‌បង្គំ​សូម​អង្វរ​ព្រះ‌អង្គ សូម​កុំ​ធ្វើ​ទុក្ខ​ទូល‌បង្គំ​ឡើយ»។ 29ដ្បិត​ព្រះ‌អង្គ​បាន​បង្គាប់​វិញ្ញាណ​អាក្រក់​ឲ្យ​ចេញ​ពី​បុរស​នោះ (ព្រោះ​វា​បាន​ជាន់​គាត់​ជា​យូរ​មក​ហើយ។ គេ​បាន​យក​ច្រវាក់ យក​ខ្នោះ​ដាក់ ទាំង​ថែ​រក្សា​គាត់​ដែរ តែ​គាត់​ចេះ​តែ​ផ្តាច់​ចំណង​ទាំង​នោះ​ចេញ ហើយ​អារក្ស​បាន​នាំ​គាត់​ទៅ​ទី​រហោស្ថាន)។ 30ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ថា៖ «តើ​ឯង​ឈ្មោះ​អី?» គាត់​ទូល​ថា៖ «កង​ទ័ព» ព្រោះ​មាន​អារក្ស​ជា​ច្រើន​ចូល​គាត់។ 31អារក្ស​ទាំង​នោះ​អង្វរ​ព្រះ‌អង្គ សូម​កុំ​ឲ្យ​ព្រះ‌អង្គ​បង្គាប់​វា​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ​ឡើយ។
32នៅ​ទី​នោះ មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​រក​ស៊ី​នៅ​លើ​ភ្នំ ហើយ​អារក្ស​ទាំង​នោះ​បាន​អង្វរ​ព្រះ‌អង្គ សុំ​អនុញ្ញាត​ឲ្យ​វា​ចូល​ទៅ​ក្នុង​ជ្រូក​ទាំង​នោះ។ ដូច្នេះ ព្រះ‌អង្គ​ក៏​អនុញ្ញាត​ឲ្យ​វា។ 33អារក្ស​ក៏​ចេញ​ពី​បុរស​នោះ ចូល​ទៅ​ក្នុង​ជ្រូក ហើយ​ហ្វូង​ជ្រូក​ក៏​បោល​ចុះ​តាម​ចំណោត​ច្រាំង ធ្លាក់​ទៅ​ក្នុង​បឹង លង់​ទឹក​ងាប់​អស់​ទៅ។
34កាល​ពួក​អ្នក​ថែរក្សា​ជ្រូក​ឃើញ​ដូច្នោះ គេ​នាំ​គ្នា​រត់​គេច ហើយ​យក​រឿង​នេះ​ទៅ​ប្រាប់​អ្នក​នៅ​ក្នុង​ក្រុង ហើយ​នៅ​ស្រុក​ស្រែ។ 35ពេល​នោះ មនុស្ស​ម្នា​នាំ​គ្នា​ចេញ​មក​មើល​ហេតុ‌ការណ៍​ដែល​បាន​កើត​ឡើង។ គេ​ចូល​មក​រក​ព្រះ‌យេស៊ូវ ឃើញ​មនុស្ស​ដែល​អារក្ស​បាន​ចេញ​ទៅ​នោះ កំពុង​អង្គុយ​ទៀប​ព្រះ‌បាទ​ព្រះ‌យេស៊ូវ ទាំង​ស្លៀក​ពាក់ ដឹង​ខ្លួន​ដូច​ធម្មតា ហើយ​គេ​ក៏​ភ័យ​ខ្លាច។ 36អស់​អ្នក​ដែល​បាន​ឃើញ ក៏​ប្រាប់​គេ​ពី​របៀប​ដែល​មនុស្ស​អារក្ស​ចូល​នោះ​បាន​ជា។ 37ពេល​នោះ មនុស្ស​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ​ស្រុក​គេរ៉ាស៊ីន បាន​សូម​ឲ្យ​ព្រះ‌អង្គ​យាង​ចេញ​ពី​ពួកគេ ដ្បិត​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។ ដូច្នេះ ព្រះ‌អង្គ​ក៏​យាង​ចុះ​ទូក ត្រឡប់​ទៅ​វិញ។ 38បុរស​ដែល​អារក្ស​បាន​ចេញ​នោះ អង្វរ​សុំ​ឲ្យ​បាន​ទៅ​ជា​មួយ​ព្រះ‌អង្គ​ដែរ ប៉ុន្តែ ព្រះ‌យេស៊ូវ​បញ្ជូន​គាត់​ឲ្យ​ទៅ​វិញ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ 39«ចូរ​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​អ្នក​វិញ​ចុះ ហើយ​ប្រកាស​អំពី​ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ​បាន​ប្រោស​ដល់​អ្នក»។ គាត់​ក៏​ចេញ​ទៅ ហើយ​ប្រកាស​ប្រាប់​ពេញ​ក្នុង​ទី​ក្រុង អំពី​ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេស៊ូវ​បាន​ប្រោស​ដល់​គាត់។
ព្រះ‌យេស៊ូវ​ប្រោស​ស្ដ្រី​ម្នាក់​ឲ្យ​ជា និង​ក្មេង​ស្រី​ម្នាក់​ឲ្យ​រស់​ឡើង​វិញ
(ម៉ាថាយ ៩.១៨-២៦ ម៉ាកុស ៥.២១-៤៣)
40កាល​ព្រះ‌យេស៊ូវ​បាន​ត្រឡប់​ទៅ​វិញ​ហើយ បណ្តាជន​នាំ​គ្នា​ទទួល​ព្រះ‌អង្គ​ដោយ​អំណរ ដ្បិត​គេ​ទាំង​អស់​គ្នា​កំពុង​ចាំ​មើល​ផ្លូវ​ព្រះ‌អង្គ។ 41នៅ​ពេល​នោះ មាន​បុរស​ម្នាក់​ឈ្មោះ​យ៉ៃរ៉ុស ជា​មេ​សាលា​ប្រជុំ ក្រាប​ចុះ​នៅ​ទៀប​ព្រះ‌បាទ​ព្រះ‌យេស៊ូវ ហើយ​អង្វរ​សូម​ព្រះ‌អង្គ​យាង​ទៅ​ផ្ទះ​គាត់ 42ដ្បិត​គាត់​មាន​កូន​ស្រី​តែ​មួយ អាយុ​ប្រហែល​ដប់​ពីរ​ឆ្នាំ កំពុង​ឈឺ​ជិត​ស្លាប់។ កាល​ព្រះ‌អង្គ​យាង​ទៅ មហា‌ជន​ប្រជ្រៀត​គ្នា​ជុំ​វិញ​ព្រះ‌អង្គ។ 43ពេល​នោះ​ដែរ មាន​ស្ត្រី​ម្នាក់ មាន​ជំងឺ​ធ្លាក់​ឈាម​ដប់​ពីរ​ឆ្នាំ​មក​ហើយ នាង​បាន​ចំណាយ​ទ្រព្យ​ដែល​នាង​មាន​ទាំង​ប៉ុន្មាន​ទៅ​លើ​គ្រូ‌ពេទ្យ តែ​គ្មាន​គ្រូ​ពេទ្យ​ណា​មួយ​អាច​មើល​នាង​ជា​បាន​ឡើយ។ 44នាង​ចូល​ពី​ក្រោយ​ព្រះ‌អង្គ ហើយ​ពាល់​ជាយ​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ ស្រាប់​តែ​ឈាម​ក៏​ឈប់​ធ្លាក់​មួយ​រំពេច។ 45ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «អ្នក​ណា​ពាល់​ខ្ញុំ?»។ កាល​គ្រប់​គ្នា​ប្រ‌កែក ពេត្រុស​ទូល​ថា៖ «លោក​គ្រូ បណ្តា‌ជន​កំពុង​ប្រជ្រៀត​គ្នា​ជុំ​វិញ​លោក​គ្រូ!»។ 46ប៉ុន្ដែ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «មាន​មនុស្ស​ម្នាក់​ពាល់​ខ្ញុំ ដ្បិត​ខ្ញុំ​ដឹង​ថា មាន​ចេស្ដា​ចេញ​ពី​ខ្ញុំ​ទៅ»។ 47កាល​ស្ត្រី​នោះ​ឃើញ​ថា នាង​មិន​អាច​លាក់​បាន នាង​ក៏​ចូល​មក​ទាំង​ញ័រ​រន្ធត់ ហើយ​ក្រាប​ចុះ​នៅ​ចំពោះ​ព្រះ‌អង្គ ទូល​នៅ​មុខ​មនុស្ស​ទាំង​អស់ ពី​ហេតុ​ដែល​នាង​បាន​ពាល់​ព្រះ‌អង្គ ហើយ​ពី​របៀប​ដែល​នាង​បាន​ជា​ភ្លាម​មួយ​រំពេច។ 48ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «កូន​ស្រី​អើយ! ជំនឿ​របស់​នាង បាន​ធ្វើ​ឲ្យ​នាង​ជា​សះ​ស្បើយ​ហើយ ចូរ​អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ»។
49កាល​ព្រះ‌អង្គ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​នៅ​ឡើយ មាន​ម្នាក់​មក​ពី​ផ្ទះ​មេ​សាលា​ប្រជុំ​នោះ ជម្រាប​ថា៖ «កូន​ស្រី​លោក​ស្លាប់​ហើយ សូម​កុំ​រំខាន​លោក​គ្រូ​ទៀត​អី!»។ 50ព្រះ‌យេស៊ូវ​ក៏​ឮ ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «កុំ​ខ្លាច​អី គ្រាន់​តែ​ជឿ​ប៉ុណ្ណោះ នោះ​នាង​នឹង​បាន​ជា»។ 51កាល​ព្រះ‌អង្គ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ ព្រះ‌អង្គ​មិន​ឲ្យ​អ្នក​ណា​ចូល​ទៅ​ជា​មួយ​ឡើយ មាន​តែ​ពេត្រុស យ៉ាកុប និង​យ៉ូហាន ហើយ​ឪពុក‌ម្តាយ​របស់​កូន​នោះ​ប៉ុណ្ណោះ។ 52មនុស្ស​ទាំង​អស់​យំ​សោក​សង្រេង​នឹង​នាង តែ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​យំ​អី នាង​មិន​ស្លាប់​ទេ នាង​ដេក​លក់​ទេ​តើ!»។ 53គេ​សើច​ចំអក​ដាក់​ព្រះ‌អង្គ ដ្បិត​គេ​ដឹង​ថា នាង​ស្លាប់​ពិត​មែន។ 54ប៉ុន្ដែ ព្រះ‌អង្គ​ចាប់​ដៃ​នាង ហើយ​ស្រែក​ហៅ​ថា៖ «នាង​តូច​អើយ! ក្រោក​ឡើង!»។ 55វិញ្ញាណ​របស់​នាង​ក៏​ត្រឡប់​មក​វិញ ហើយ​នាង​ក្រោក​ឡើង​ភ្លាម។ ព្រះ‌អង្គ​បង្គាប់​គេ​ឲ្យ​យក​អ្វី​មួយ​មក​ឲ្យ​នាង​បរិ‌ភោគ។ 56ឪពុក‌ម្តាយ​របស់​នាង​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត​ជា​ខ្លាំង តែ​ព្រះ‌អង្គ​ហាម​មិន​ឲ្យ​ប្រាប់​អ្នក​ណា​ពី​ហេតុ‌ការណ៍​ដែល​បាន​កើត​ឡើង​នោះ​ឡើយ។

ទើបបានជ្រើសរើសហើយ៖

លូកា 8: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល