ម៉ាថាយ 12

12
ព្រះ‌យេស៊ូវ​ជា​ម្ចាស់​លើ​ថ្ងៃ​សប្ប័ទ
(ម៉ាកុស ២.២៣-២៨ លូកា ៦.១-៥)
1នៅ​វេលា​នោះ ព្រះ‌យេស៊ូវ​យាង​កាត់​ស្រែ​នៅ​ថ្ងៃ​សប្ប័ទ ពួក​សិស្ស​របស់​ព្រះ‌អង្គ​ឃ្លាន ហើយ​គេ​ចាប់​ផ្ដើម​បូត​គួរ​ស្រូវ​បរិ‌ភោគ។ 2ពេល​ពួក​ផារិស៊ី​ឃើញ គេ​ទូល​ព្រះ‌អង្គ​ថា៖ «មើល៍ ពួក​សិស្ស​របស់​លោក​កំពុង​ធ្វើ​អ្វី​ដែល​ច្បាប់​ហាម​មិន​ឲ្យ​ធ្វើ នៅ​ថ្ងៃ​សប្ប័ទ!»។ 3ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​មិន​បាន​អាន​អំពី​ការ​ដែល​ព្រះ‌បាទ​ដាវីឌ​បាន​ធ្វើ ពេល​ព្រះ‌អង្គ និង​ពួក​អ្នក​រួម​ដំណើរ​ជា​មួយ​បាន​ឃ្លាន​ទេ​ឬ? 4ស្ដេច​បាន​យាង​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះ ហើយ​សោយ​នំបុ័ង​តាំង​ថ្វាយ​ព្រះ ដែល​ច្បាប់​ហាម​មិន​ឲ្យ​ស្ដេច​សោយ ឬ​ពួក​អ្នក​ដែល​នៅ​ជា​មួយ​បរិ‌ភោគ​ទេ គឺ​សម្រាប់​តែ​ពួក​សង្ឃ​ប៉ុណ្ណោះ។ 5តើ​អ្នក​រាល់​គ្នា​មិន​បាន​អាន​គម្ពីរ​ក្រឹត្យ‌វិន័យ​ដែល​ថា នៅ​ថ្ងៃ​សប្ប័ទ ពួក​សង្ឃ​នៅ​ក្នុង​ព្រះ‌វិហារ​ប្រព្រឹត្ត​រំលង​ច្បាប់​ថ្ងៃ​សប្ប័ទ តែ​គ្មាន​ទោស​ទេ​ឬ? 6ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ទី​នេះ មាន​ម្នាក់​វិសេស​ជាង​ព្រះ‌វិហារ​ទៅ​ទៀត 7ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​យល់​អត្ថន័យ​នៃ​សេចក្តី​ដែល​ចែង​ថា "យើង​ចង់​បាន​សេចក្តី​មេត្តា‌ករុណា មិន​មែន​យញ្ញបូជា​ទេ" នោះ​អ្នក​រាល់​គ្នា​មិន​បន្ទោស​ពួក​អ្នក​ដែល​គ្មាន​ទោស​ឡើយ 8ដ្បិត​កូន​មនុស្ស​ជា​ម្ចាស់​លើ​ថ្ងៃ​សប្ប័ទ»។
ព្រះ‌យេស៊ូវ​ប្រោស​មនុស្ស​ស្វិត​ដៃ​ម្នាក់​ឲ្យ​ជា
(ម៉ាកុស ៣.១-៦ លូកា ៦.៦-១១)
9ព្រះ‌អង្គ​យាង​ចេញ​ពី​ទី​នោះ ហើយ​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ។ 10មាន​បុរស​ស្វិត​ដៃ​ម្នាក់​នៅ​ទី​នោះ ហើយ​គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​មាន​ច្បាប់​នឹង​ប្រោស​ឲ្យ​ជា នៅ​ថ្ងៃ​សប្ប័ទ​ឬ​ទេ?» គេ​សួរ​នេះ​ដើម្បី​ឲ្យ​មាន​រឿង​ចោទ​ប្រកាន់​ព្រះ‌អង្គ។ 11ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ណា​ម្នាក់​មាន​ចៀម​តែ​មួយ ហើយ​ចៀម​នោះ​ធ្លាក់​រណ្តៅ​នៅ​ថ្ងៃ​សប្ប័ទ តើ​អ្នក​នោះ​មិន​ចាប់​ស្រង់​វា​ចេញ​ពី​រណ្ដៅ​ទេ​ឬ? 12ចុះ​មនុស្ស​វិញ តើ​មាន​តម្លៃ​លើស​ជាង​ចៀម​មួយ​ក្បាល​អម្បាល‌ម៉ាន​ទៅ​ទៀត? ដូច្នេះ មាន​ច្បាប់​នឹង​ធ្វើ​ការ​ល្អ​នៅ​ថ្ងៃ​សប្ប័ទ​បាន»។ 13បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​បុរស​នោះ​ថា៖ «ចូរ​លាត​ដៃ​អ្នក​ទៅ!»។ គាត់​ក៏​លាត​ដៃ ហើយ​ដៃ​គាត់​ក៏​បាន​ជា ដូច​ដៃ​ម្ខាង​ទៀត។
14ពេល​នោះ ពួក​ផារិស៊ី​បាន​ចេញ​ទៅ ហើយ​ពិគ្រោះ​គ្នា​រក​ហេតុ​នឹង​ធ្វើ​គុត​ព្រះ‌អង្គ។ 15កាល​ព្រះ‌យេស៊ូវ​ជ្រាប​ពី​ការ​នោះ ទ្រង់​ក៏​យាង​ថយ​ពី​ទី​នោះ ហើយ​មាន​មហា‌ជន​ជា​ច្រើន​ដើរ​តាម​ព្រះ‌អង្គ។ ព្រះ‌អង្គ​ប្រោស​គេ​គ្រប់​គ្នា​ឲ្យ​បាន​ជា 16តែ​ព្រះ‌អង្គ​ហាម​មិន​ឲ្យ​គេ​និយាយ​ពី​ព្រះ‌អង្គ​ប្រាប់​អ្នក​ណា​ឡើយ។ 17ការ​នេះ​ត្រូវ​តែ​បាន​សម្រេច​តាម​សេចក្តី​ដែល​បាន​ថ្លែង​ទុក​មក តាម​រយៈ​ហោរា​អេសាយ​ថា៖
18«នេះ​ជា​អ្នក​បម្រើ​របស់​យើង
ដែល​យើង​បាន​ជ្រើស​រើស
ជា​ស្ងួន‌ភ្ងា​របស់​យើង
យើង​ពេញ​ចិត្ត​នឹង​ព្រះ‌អង្គ​ណាស់។
យើង​នឹង​ដាក់​វិញ្ញាណរបស់​យើង
សណ្ឋិត​លើ​ព្រះ‌អង្គ
ហើយ​ទ្រង់​នឹង​ប្រកាស​ប្រាប់
ពី​សេចក្តី​យុត្តិធម៌​ដល់​សាសន៍​ដទៃ។
19ទ្រង់​នឹង​មិន​ឈ្លោះ​ប្រ‌កែក ក៏​មិន​ស្រែក​ឡើង​ផង
គ្មាន​អ្នក​ណា​ឮ​សំឡេង​ព្រះ‌អង្គ​នៅ​តាម​ផ្លូវ​ទេ។
20ទ្រង់​នឹង​មិន​ផ្តាច់​ដើម​ត្រែង​ដែល​បាក់
ក៏​មិន​ពន្លត់​ប្រឆេះ​ដែល​នៅ​ហុយ​ដែរ
រហូត​ដល់​ព្រះ‌អង្គ​នាំ​សេចក្តី​យុត្តិធម៌​ឲ្យ​មាន​ជ័យ‌ជម្នះ
21ហើយ​ក្នុង​នាម​ព្រះ‌អង្គ សាសន៍​ដទៃ​នឹង​មាន​សង្ឃឹម »។
ព្រះ‌យេស៊ូវ និង​បេល‌សេប៊ូល
(ម៉ាកុស ៣.២០-៣០ លូកា ១១.១៤-២៣)
22បន្ទាប់​មក គេ​នាំ​បុរស​អារក្ស​ចូល​ម្នាក់​ដែល​ខ្វាក់ ហើយ​គ មក​រក​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​ប្រោស​គាត់​ឲ្យ​បាន​ជា។ ដូច្នេះ​បុរស​ដែល​គ​នោះ ក៏​និយាយ​បាន ហើយ​មើល​ឃើញ។ 23មហា‌ជន​មាន​សេចក្តី​អស្ចារ្យ​ទាំង​អស់​គ្នា ហើយ​និយាយ​ថា៖ «តើ​អ្នក​នេះ​ជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​មែន​ឬ?» 24ប៉ុន្តែ កាល​ពួក​ផារិស៊ី​បាន​ឮ​ពាក្យ​នេះ គេ​ឆ្លើយ​ឡើង​ថា៖ «អ្នក​នេះ​ដេញ​អារក្ស ដោយ‌សារ​តែ​បេល‌សេប៊ូល ជា​មេ​អារក្ស​ប៉ុណ្ណោះ»។ 25ដោយ​ជ្រាប​គំនិត​របស់​គេ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អស់​ទាំង​នគរ​ណា​ដែល​បែក​បាក់​ទាស់​ទែង​គ្នា​ឯង នឹង​ត្រូវ​វិនាស​មិន​ខាន ហើយ​ក្រុង​ណា ឬ​ផ្ទះ​ណា​ដែល​បែក​បាក់​ទាស់​ទែង​គ្នា​ឯង នោះ​ក៏​មិន​អាច​ស្ថិត‌ស្ថេរ​នៅ​បាន​ដែរ 26ហើយ​បើ​សាតាំង ដេញ​សាតាំង វា​បែក​បាក់​ទាស់​ទែង​នឹង​ខ្លួន​វា នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​រាជ្យ​របស់​វា​ស្ថិត‌ស្ថេរ​នៅ​បាន? 27ប្រសិន‌បើ​ខ្ញុំ​ដេញ​អារក្ស​ដោយ‌សារ​បេលសេ‌ប៊ូល​មែន តើ​កូន​របស់​អ្នក​រាល់​គ្នា​ដេញ​អារក្ស ដោយ‌សារ​អ្នក​ណា​ទៅ​វិញ? ដូច្នេះ ពួក​គេ​នឹង​ធ្វើ​ជា​ចៅក្រម​របស់​អ្នក​រាល់​គ្នា។ 28ប៉ុន្តែ បើ​ខ្ញុំ​ដេញ​អារក្ស ដោយ‌សារ​ព្រះ‌វិញ្ញាណ​របស់​ព្រះ នោះ​បាន​សេចក្ដី​ថា ព្រះរាជ្យ​របស់​ព្រះ​បាន​មក​ដល់​អ្នក​រាល់​គ្នា​ហើយ។ 29តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​គេ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​មនុស្ស​ខ្លាំង​ពូកែ ហើយ​ប្លន់​យក​ទ្រព្យ‌សម្បត្តិ​របស់​អ្នក​នោះ​បាន? លុះ​ត្រា​តែ​ចង​អ្នក​ខ្លាំង​នោះ​ជា​មុន​សិន នោះ​ទើប​អាច​ប្លន់​យក​ទ្រព្យ​សម្បត្តិ​ក្នុង​ផ្ទះ​របស់​គាត់​បាន។ 30អ្នក​ណា​ដែល​មិន​នៅ​ជា​មួយ​ខ្ញុំ អ្នក​នោះ​ប្រឆាំង​នឹង​ខ្ញុំ ហើយ​អ្នក​ណា​ដែល​មិន​ប្រមូល​ជា​មួយ​ខ្ញុំ អ្នក​នោះ​ជា​អ្នក​កម្ចាត់​កម្ចាយ។ 31ដូច្នេះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មនុស្ស​អាច​នឹង​ទទួល​បាន​ការ​អត់​ទោស​ឲ្យ​រាល់​អំពើ​បាប និង​ពាក្យ​ប្រមាថ តែ​ពាក្យ​ប្រមាថ​ដល់​ព្រះ‌វិញ្ញាណ នឹង​មិន​អាច​អត់​ទោស​ឲ្យ​បាន​ឡើយ។ 32អ្នក​ណា​ពោល​ពាក្យ​ទាស់​នឹង​កូន​មនុស្ស នោះ​អាច​នឹង​អត់​ទោស​ឲ្យ​បាន តែ​អ្នក​ណា​ពោល​ពាក្យ​ទាស់​នឹង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ នោះ​មិន​អាច​អត់​ទោស​ឲ្យ​បាន​ឡើយ ទោះ​ក្នុង​សម័យ​នេះ ឬ​នៅ​ឯ​បរ​លោក​ក៏​ដោយ»។
ដើម​ឈើ និង​ផ្លែ​របស់​វា
(លូកា ៦.៤៣-៤៥)
33«បើ​ដាំ​ដើម​ឈើ​ល្អ ផ្លែ​វា​ក៏​ល្អ តែ​បើ​ដាំ​ដើម​ឈើ​អាក្រក់ ផ្លែ​វា​ក៏​អាក្រក់​ដែរ ដ្បិត​គេ​ស្គាល់​ដើម​ឈើ​ដោយ‌សារ​ផ្លែ​របស់​វា។ 34ពូជ​ពស់​វែក​អើយ! អ្នក​រាល់​គ្នា​ជា​មនុស្ស​អាក្រក់ ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​ពោល​សេចក្តី​ល្អ​បាន? ដ្បិត​មាត់​តែង​និយាយ​ចេញ​ពី​សេចក្តី​បរិបូរ​ដែល​មាន​នៅ​ក្នុង​ចិត្ត។ 35មនុស្ស​ល្អ តែង​បញ្ចេញ​សេចក្តី​ល្អ ពី​កំណប់​ដ៏​ល្អ​ដែល​មាន​ក្នុង​ចិត្ត រីឯ​មនុស្ស​អាក្រក់ ក៏​តែង​បញ្ចេញ​សេចក្តី​អាក្រក់ ពី​កំណប់​អាក្រក់​របស់​គេ​ដែរ។ 36ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ជំនុំ‌ជម្រះ មនុស្ស​នឹង​ត្រូវ​រៀប​រាប់​ប្រាប់​ពី​អស់​ទាំង​ពាក្យ​ឥត​ប្រយោជន៍ ដែល​គេ​បាន​និយាយ 37ដ្បិត​អ្នក​នឹង​បាន​រាប់​ជា​សុចរិត ដោយ‌សារ​ពាក្យ​សម្ដី​របស់​ខ្លួន ហើយ​ក៏​នឹង​ជាប់​ទោស ដោយ‌សារ​តែ​ពាក្យ​សម្ដី​របស់​ខ្លួន​ដែរ»។
ទី​សម្គាល់​របស់​លោក​យ៉ូណាស
(ម៉ាកុស ៨.១១-១២ លូកា ១១.២៩-៣២)
38ពេល​នោះ ពួក​អាចារ្យ និង​ពួក​ផារិស៊ី​ខ្លះ គេ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ យើង​ខ្ញុំ​ចង់​ឃើញ​ទី​សម្គាល់​មួយ​ពី​លោក»។ 39តែ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «ជំនាន់​មនុស្ស​អាក្រក់ ហើយ​ផិត​ក្បត់ គេ​ស្វែង​រក​តែ​ទី​សម្គាល់ តែ​នឹង​គ្មាន​ទី​សម្គាល់​ណា​ប្រទាន​ដល់​គេ ក្រៅ​ពី​ទី​សម្គាល់​របស់​ហោរា​យ៉ូណាស​ឡើយ។ 40ដ្បិត​ដែល​លោក​យ៉ូណាស​បាន​នៅ​ក្នុង​ពោះ​ត្រី​ធំ អស់​បី​ថ្ងៃ​បី​យប់​យ៉ាង​ណា កូន​មនុស្ស​ក៏​នឹង​នៅ​ក្នុង​ផ្ទៃ​ផែនដី បី​ថ្ងៃ​បី​យប់​យ៉ាង​នោះ​ដែរ។ 41ប្រជា‌ជន​ក្រុង​នីនីវេ​នឹង​ឈរ​ឡើង​ជា​មួយ​មនុស្ស​ជំនាន់​នេះ នៅ​គ្រា​ជំនុំ‌ជម្រះ ហើយ​កាត់​ទោស ព្រោះ​គេ​បាន​ប្រែ​ចិត្ត ពេល​ឮ​សេចក្តី​ប្រកាស​របស់​លោក​យ៉ូណាស ហើយ​មើល៍ នៅ​ទី​នេះ មាន​អ្វី​មួយ​វិសេស​ជាង​លោក​យ៉ូណាស​ទៅ​ទៀត។ 42មហា‌ក្សត្រិយ៍​ស្រុក​ខាង​ត្បូង​នឹង​ឈរ​ឡើង​ជា​មួយ​មនុស្ស​ជំនាន់​នេះ នៅ​គ្រា​ជំនុំ‌ជម្រះ ហើយ​កាត់​ទោស ព្រោះ​ព្រះ‌នាង​បាន​យាង​មក​ពី​ចុង​ផែនដី ដើម្បី​ស្តាប់​ប្រាជ្ញា​របស់​ព្រះ‌បាទ​សាឡូម៉ូន ហើយ​មើល៍ នៅ​ទី​នេះ មាន​អ្វី​មួយ​វិសេស​ជាង​ព្រះ‌បាទ​សាឡូម៉ូន​ទៅ​ទៀត»។
ត្រូវ​ប្រយ័ត្ន កុំ​ឲ្យ​វិញ្ញាណ​អាក្រក់​វិល​មក​វិញ
(លូកា ១១.២៤-២៦)
43«ពេល​វិញ្ញាណ​អាក្រក់​ចេញ​ពី​មនុស្ស​ណា​ម្នាក់​ហើយ វា​ដើរ​ចុះ​ឡើង​នៅ​តំបន់​ហួត‌ហែង ដើម្បី​រក​កន្លែង​សម្រាក តែ​រក​មិន​បាន​សោះ។ 44ពេល​នោះ វា​គិត​ថា "យើង​នឹង​ត្រឡប់​ទៅ​រក​ផ្ទះ ដែល​យើង​បាន​ចេញ​មក​នោះ​វិញ"។ ពេល​វា​មក​ដល់ វា​ឃើញ​ផ្ទះ​នោះ​នៅ​ទំនេរ បោស​ស្អាត ហើយ​រៀបចំ​ល្អ 45នោះ​វា​ក៏​ចេញ​ទៅ​នាំ​វិញ្ញាណ​ប្រាំ​ពីរ​ផ្សេង​ទៀត ដែល​អាក្រក់​ជាង​វា​មក ហើយ​នាំ​គ្នា​ចូល​ទៅ​នៅ​ទី​នោះ ធ្វើ​ឲ្យ​ស្ថាន‌ភាព​ក្រោយ​របស់​មនុស្ស​នោះ កាន់​តែ​អាក្រក់​ជាង​មុន​ទៅ​ទៀត រីឯ​មនុស្ស​អាក្រក់​ជំនាន់​នេះ ក៏​នឹង​កើត​ឡើង​ដូច្នោះ​ដែរ»។
បង‌ប្អូន​ពិត​ប្រាកដ​របស់​ព្រះ‌យេស៊ូវ
(ម៉ាកុស ៣.៣១-៣៥ លូកា ៨.១៩-២១)
46កាល​ព្រះ‌អង្គ​កំពុង​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មហា‌ជន​នៅ​ឡើយ នោះ​មាតា និង​ប្អូន​ប្រុសៗ​របស់​ព្រះ‌អង្គ​ឈរ​នៅ​ខាង​ក្រៅ ចង់​និយាយ​ជា​មួយ​ព្រះ‌អង្គ។ 47មាន​ម្នាក់​ទូល​ព្រះ‌អង្គ​ថា៖ «មើល៍ ម្តាយ និង​ប្អូនៗ​របស់​លោក​កំពុង​ឈរ​នៅ​ខាង​ក្រៅ ចង់​និយាយ​ជា​មួយ​លោក»។ 48ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​អ្នក​នោះ​ថា៖ «តើ​អ្នក​ណា​ជា​ម្តាយ​ខ្ញុំ ហើយ​អ្នក​ណា​ជា​ប្អូន​ខ្ញុំ?» 49រួច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល ទាំង​ចង្អុល​ទៅ​ពួក​សិស្ស​ព្រះ‌អង្គ​ថា៖ «អ្នក​ទាំង​នេះ​ហើយ​ជា​ម្តាយ និង​ជា​ប្អូន​របស់​ខ្ញុំ 50ដ្បិត​អ្នក​ណា​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌វរបិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌ អ្នក​នោះ​ហើយ​ជា​ប្អូន​ប្រុស​ប្អូន​ស្រី និង​ជា​ម្តាយ​របស់​ខ្ញុំ»។

ទើបបានជ្រើសរើសហើយ៖

ម៉ាថាយ 12: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល