ម៉ាថាយ 19

19
ដំបូន្មាន​អំពី​រឿង​លែង​លះ​ប្ដី​ប្រពន្ធ
(ម៉ាកុស ១០.១-១២ លូកា ១៦.១៨)
1កាល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​ចប់​ហើយ ព្រះ‌អង្គ​ក៏​ចាក​ចេញ​ពី​ស្រុក​កាលីឡេ យាង​ទៅ​កាន់​ស្រុក​យូដា ខាង​នាយ​ទន្លេ​យ័រដាន់។ 2មហា‌ជន​ច្រើន​កុះករ​នាំ​គ្នា​ដើរ​តាម​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ប្រោស​គេ​ឲ្យ​បាន​ជា​នៅ​ទី​នោះ។
3មាន​ពួក​ផារិស៊ី​ខ្លះ​ចូល​មក​ជិត​ព្រះ‌អង្គ ហើយ​ល្បង​ល​ព្រះ‌អង្គ​ដោយ​ទូល​សួរ​ថា៖ «តើ​បុរស​មាន​ច្បាប់​នឹង​លែង​ប្រពន្ធ ដោយ​ហេតុ​ណា​មួយ​បាន​ឬ​ទេ?» 4ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «តើ​អ្នក​រាល់​គ្នា​មិន​បាន​អាន​ទេ​ឬ​ថា ព្រះ‌អង្គ​ដែល​បាន​បង្កើត​គេ​ពី​ដំបូង​មក "ទ្រង់​បាន​បង្កើត​គេ​ជា​ប្រុស​ជា​ស្រី ?" 5រួច​ក៏​មាន​ព្រះ‌បន្ទូល​ថា "ដោយ​ហេតុ​នេះ បុរស​នឹង​ចាក​ចេញ​ពី​ឪពុក‌ម្តាយ​របស់​ខ្លួន ទៅ​នៅ​ជាប់​នឹង​ប្រពន្ធ ហើយ​អ្នក​ទាំង​ពីរ​នឹង​ត្រឡប់​ជា​សាច់​តែ​មួយ" ។ 6យ៉ាង​នោះ គេ​មិន​មែន​ពីរ​នាក់​ទៀត​ទេ គឺ​ជា​សាច់​តែ​មួយ​វិញ។ ដូច្នេះ អ្វី​ដែល​ព្រះ‌បាន​ផ្សំ‌ផ្គុំ​ហើយ មិន​ត្រូវ​ឲ្យ​អ្នក​ណា​មក​ពង្រាត់​គេ​ឡើយ»។ 7គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ចុះ​ហេតុ​ដូច​ម្តេច​បាន​ជា​លោក​ម៉ូសេ​បង្គាប់​ឲ្យ​ប្រគល់​សំបុត្រ​លែង‌លះ ហើយ​ឲ្យ​លែង​ប្រពន្ធ​ដូច្នេះ?» 8ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «គឺ​មក​ពី​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹង‌រូស ប៉ុណ្ណោះ បាន​ជា​លោក​ម៉ូសេ​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​លែង​ប្រពន្ធ តែ​ពី​ដើម​មក​មិន​មែន​ដូច្នោះ​ទេ។ 9ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​លែង​ប្រពន្ធ​ដែល​ពុំ​បាន​ផិត​ក្បត់ ហើយ​ទៅ​យក​ប្រពន្ធ​មួយ​ទៀត អ្នក​នោះ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ហើយ [ហើយ​អ្នក​ណា​រៀបការ​នឹង​ស្ត្រី​ប្តី​លែង អ្នក​នោះ​ក៏​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ]»។ 10ពួក​សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «បើ​បុរស​ដែល​មាន​ប្រពន្ធ​មាន​ករណី​បែប​នេះ ស៊ូ​កុំ​រៀបការ​ប្រសើរ​ជាង»។ 11តែ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «មិន​មែន​គ្រប់​គ្នា​អាច​ទទួល​សេចក្ដី​បង្រៀន​នេះ​បាន​ទេ គឺ​ទទួល​បាន​តែ​អស់​អ្នក​ដែល​ព្រះ​បាន​ប្រទាន​មក​ប៉ុណ្ណោះ 12ដ្បិត​មាន​មនុស្ស​ខ្លះ ដែល​កើត​ពី​ផ្ទៃ​ម្តាយ​មក​មិន​អាច​រៀបការ​បាន ក៏​មាន​មនុស្ស​កម្រៀវ​ដែល​អ្នក​ដទៃ​បាន​ក្រៀវ ហើយ​មាន​មនុស្ស​កម្រៀវ​ដែល​បាន​ក្រៀវ​ដោយ​ខ្លួន​ឯង ដោយ​ព្រោះ​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌។ អ្នក​ណា​ដែល​អាច​ទទួល​សេចក្ដី​នេះ​បាន ចូរ​ទទួល​ចុះ»។
ព្រះ‌យេស៊ូវ​ប្រទាន​ពរ​ក្មេងៗ
(ម៉ាកុស ១០.១៣-១៦ លូកា ១៨.១៥-១៧)
13បន្ទាប់​មក មាន​គេ​នាំ​ក្មេង​តូចៗ​មក​ជិត​ព្រះ‌អង្គ ដើម្បី​ឲ្យ​ព្រះ‌អង្គ​ដាក់​ព្រះ‌ហស្ត​លើ ហើយ​អធិស្ឋាន​ឲ្យ តែ​ពួក​សិស្ស​បាន​បន្ទោស​អ្នក​ទាំង​នោះ 14តែ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ទុក​ឲ្យ​ក្មេង​តូចៗ​ចូល​មក​រក​ខ្ញុំ​ចុះ កុំ​ឃាត់​ពួក​គេ​ឡើយ ដ្បិត​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ជា​របស់​មនុស្ស​ដូច​ក្មេង​ទាំង​នេះ​ឯង»។ 15ព្រះ‌អង្គ​ក៏​ដាក់​ព្រះ‌ហស្ត​លើក្មេង​ទាំង​នោះ រួច​យាង​ចេញ​ពី​ទី​នោះ​ទៅ។
អ្នក​មាន​វ័យ​ក្មេង
(ម៉ាកុស ១០.១៧-៣១ លូកា ១៨.១៨-៣០)
16ពេល​នោះ មាន​បុរស​ម្នាក់​ចូល​មក​ជិត​ព្រះ‌អង្គ​ទូល​ថា៖ «លោក​គ្រូ តើ​ខ្ញុំ​ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ​អ្វី​ខ្លះ ដើម្បី​ឲ្យ​មាន​ជីវិត​អស់‌កល្ប​ជានិច្ច?» 17ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​សួរ​ខ្ញុំ​អំពី​អ្វី​ដែល​ល្អ​ដូច្នេះ? មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​ល្អ។ បើ​អ្នក​ចង់​ចូល​ទៅ​ក្នុង​ជីវិត ចូរ​កាន់​តាម​បទ‌បញ្ជា​ទៅ»។ 18គាត់​ទូល​សួរ​ថា៖ «តើ​បទ‌បញ្ជា​ណា​ខ្លះ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​សម្លាប់​មនុស្ស កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ កុំ​លួច កុំ​ធ្វើ​បន្ទាល់​ក្លែង‌ក្លាយ 19ចូរ​គោរព​ឪពុក‌ម្តាយ ហើយ​ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក​ដូច​ខ្លួន​ឯង »។ 20បុរស​វ័យ​ក្មេង​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «ខ្ញុំ​បាន​កាន់​តាម​បទ‌បញ្ជា​ទាំង​នេះ [តាំង​ពី​ក្មេង​មក]​ហើយ តើ​ខ្ញុំ​នៅ​ខ្វះ​អ្វី​ទៀត?» 21ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «បើ​អ្នក​ចង់​ឲ្យ​បាន​គ្រប់​លក្ខណ៍ ចូរ​ទៅ​លក់​ទ្រព្យ​សម្បត្តិ​របស់​អ្នក ហើយ​យក​លុយ​ទៅ​ចែក​ឲ្យ​អ្នក​ក្រ​ទៅ នោះ​អ្នក​នឹង​មាន​ទ្រព្យ​សម្បត្តិ​នៅ​ស្ថាន‌សួគ៌ រួច​ហើយ​មក​តាម​ខ្ញុំ»។ 22កាល​បុរស​វ័យ​ក្មេង​នោះ​ឮ​ដូច្នោះ គាត់​ក៏​ចេញ​ទៅ​ទាំង​ព្រួយ​ចិត្ត ព្រោះ​គាត់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ណាស់។
23ពេល​នោះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​របស់​ព្រះ‌អង្គ​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​មាន​ពិបាក​នឹង​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ណាស់។ 24ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ទៀត​ថា សត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល នោះ​ងាយ​ជាង​អ្នក​មាន​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​របស់​ព្រះ»។ 25កាល​ពួក​សិស្ស​បាន​ឮ​ដូច្នោះ គេ​នឹក​ប្លែក​ក្នុង​ចិត្ត​ជា​ខ្លាំង ហើយ​ពោល​ថា៖ «ដូច្នេះ តើ​អ្នក​ណា​អាច​ទទួល​ការ​សង្គ្រោះ​បាន?» 26ព្រះ‌យេស៊ូវ​ទត​ទៅ​គេ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «មនុស្ស​មិន​អាច​ធ្វើ​ការ​នេះ​បាន​ទេ តែ​ព្រះ​អាច​ធ្វើ​គ្រប់​ការ​ទាំង​អស់​បាន»។
27ពេល​នោះ ពេត្រុស​ទូល​សួរ​ថា៖ «មើល៍ យើង​ខ្ញុំ​បាន​លះ​ចោល​អ្វីៗ​ទាំង​អស់​មក​តាម​ព្រះ‌អង្គ​ហើយ។ ដូច្នេះ តើ​យើង​ខ្ញុំ​នឹង​បាន​អ្វី​ទៅ?» 28ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នៅ​ក្នុង​ពិភព​លោក​ថ្មី ពេល​កូន​មនុស្ស​អង្គុយ​លើ​បល្ល័ង្ក​ដ៏​រុង‌រឿង​របស់​លោក នោះ​អ្នក​រាល់​គ្នា​ដែល​បាន​មក​តាម​ខ្ញុំ ក៏​នឹង​អង្គុយ​លើ​បល្ល័ង្ក​ដប់​ពីរ ហើយ​ជំនុំ‌ជម្រះ​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​ដប់​ពីរ​ដែរ។ 29ឯ​អស់​អ្នក​ណា​ដែល​លះ​ចោល​ផ្ទះ​សំបែង បង‌ប្អូន​ប្រុស​ស្រី ឪពុក‌ម្តាយ កូន ឬ​ស្រែ​ចម្ការ ដោយ​ព្រោះ​នាម​ខ្ញុំ អ្នក​នោះ​នឹង​បាន​ទទួល​មួយ​ជា​មួយ​រយ ព្រម​ទាំង​ទទួល​បាន​ជីវិត​អស់‌កល្ប​ជានិច្ច ជា​មត៌ក​ទៀត​ផង។ 30ប៉ុន្តែ មនុស្ស​ជា​ច្រើន​ដែល​ជា​អ្នក​មុន នឹង​ទៅ​ជា​ក្រោយ ហើយ​អ្នក​ក្រោយ​នឹង​ទៅ​ជា​មុន​វិញ»។

ទើបបានជ្រើសរើសហើយ៖

ម៉ាថាយ 19: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល