ម៉ាថាយ 2
2
ពួកហោរមកថ្វាយបង្គំព្រះឱរសយេស៊ូវ
1ពេលព្រះយេស៊ូវប្រសូតនៅភូមិបេថ្លេហិម ស្រុកយូដា ក្នុងរាជ្យព្រះបាទហេរ៉ូឌ មានពួកហោរពីទិសខាងកើតធ្វើដំណើរមកក្រុងយេរូសាឡិម សួរថា៖ 2«តើបុត្រដែលបានប្រសូតមកជាស្តេចសាសន៍យូដាទ្រង់គង់នៅឯណា? ព្រោះយើងបានឃើញផ្កាយរបស់ព្រះអង្គពីទិសខាងកើត ហើយយើងមកថ្វាយបង្គំព្រះអង្គ»។
3កាលព្រះបាទហេរ៉ូឌបានឮដូច្នេះ ទ្រង់មានព្រះហឫទ័យរន្ធត់ជាខ្លាំង ហើយពួកអ្នកដែលនៅជាមួយព្រះអង្គក្នុងក្រុងយេរូសាឡិមក៏រន្ធត់ចិត្តដែរ។ 4ក្រោយពីបានហៅពួកសង្គ្រាជ និងពួកអាចារ្យរបស់បណ្តាជនមកជួបជុំគ្នាហើយ ទ្រង់ក៏សាកសួរពួកគេពីកន្លែងដែលព្រះគ្រីស្ទប្រសូត។ 5គេទូលស្ដេចថា៖ «នៅភូមិបេថ្លេហិមក្នុងស្រុកយូដា ដ្បិតហោរាបានចែងសេចក្តីទុកមកដូច្នេះថា
6"ឯឯង បេថ្លេហិម ស្រុកយូដាអើយ!
ឯងមិនមែនតូចជាងគេក្នុងចំណោម
ពួកមេដឹកនាំនៅស្រុកយូដាទេ
ដ្បិតនឹងមានមេដឹកនាំម្នាក់កើតចេញពីឯង
អ្នកនោះនឹងឃ្វាលអ៊ីស្រាអែល
ជាប្រជារាស្ត្ររបស់យើង"» ។
7ពេលនោះ ព្រះបាទហេរ៉ូឌក៏ហៅពួកហោរនោះមកដោយសម្ងាត់ ហើយសាកសួរអ្នកទាំងនោះពីពេលវេលាជាក់លាក់ ដែលផ្កាយនោះបានលេចមក 8រួចទ្រង់ចាត់ពួកហោរទាំងនោះឲ្យទៅភូមិបេថ្លេហិម ដោយត្រាស់បង្គាប់ថា៖ «ចូរអស់លោកទៅចុះ ហើយស៊ើបសួរពីកូនតូចនោះឲ្យច្បាស់លាស់ ពេលឃើញហើយ ត្រូវមកប្រាប់យើងវិញ ដើម្បីឲ្យយើងបានទៅថ្វាយបង្គំដែរ»។ 9ក្រោយពីបានទទួលការត្រាស់បង្គាប់របស់ស្តេចហើយ គេក៏នាំគ្នាចេញទៅ ពេលនោះ ផ្កាយដែលគេបានឃើញពីទិសខាងកើត ក៏នាំមុខគេរហូតដល់ចំពីលើកន្លែងដែលបុត្រតូចគង់នៅទើបឈប់។ 10ពេលឃើញផ្កាយនោះឈប់ដូច្នោះ គេមានអំណរជាខ្លាំង 11ហើយចូលទៅក្នុងផ្ទះ ឃើញបុត្រតូចនៅជាមួយម៉ារា ជាមាតា គេក៏ក្រាបថ្វាយបង្គំ រួចបើកប្រអប់យកទ្រព្យរបស់ខ្លួន ជាមាស ជាកំញាន និងជ័រល្វីងទេសថ្វាយដល់បុត្រនោះ។ 12បន្ទាប់មក គេក៏វិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ តាមផ្លូវមួយផ្សេងទៀត ដ្បិតព្រះមានព្រះបន្ទូលហាមគេក្នុងយល់សប្តិ មិនឲ្យគេត្រឡប់ទៅជួបហេរ៉ូឌវិញឡើយ។
ការភៀសខ្លួនទៅស្រុកអេស៊ីព្ទ
13កាលពួកហោចេញទៅផុត ទេវតាមួយរបស់ព្រះអម្ចាស់លេចមកប្រាប់យ៉ូសែបក្នុងយល់សប្តិថា៖ «ចូរក្រោកឡើង នាំបុត្រតូច និងមាតារបស់ព្រះអង្គគេចចេញទៅស្រុកអេស៊ីព្ទទៅ ហើយនៅស្រុកនោះ រហូតទាល់តែយើងប្រាប់ឲ្យត្រឡប់មកវិញ ដ្បិតហេរ៉ូឌប្រុងនឹងស៊ើបសួររកបុត្រនោះ ដើម្បីធ្វើគុតព្រះអង្គ»។ 14លោកក៏ក្រោកឡើងទាំងយប់ នាំបុត្រតូច និងមាតារបស់ព្រះអង្គចេញទៅស្រុកអេស៊ីព្ទ 15ហើយក៏នៅទីនោះ រហូតដល់ហេរ៉ូឌសុគត។ ការនេះបានសម្រេចតាមសេចក្តីដែលព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈហោរាថា៖ «យើងបានហៅកូនយើង ចេញពីស្រុកអេស៊ីព្ទមក» ។
ព្រះបាទហេរ៉ូឌចេញបញ្ជាឲ្យគេសម្លាប់ក្មេងៗ
16កាលព្រះបាទហេរ៉ូឌឃើញថា ពួកហោរបានបញ្ឆោតព្រះអង្គ នោះទ្រង់មានសេចក្តីក្រេវក្រោធជាខ្លាំង ដូច្នេះទ្រង់ក៏ចាត់គេឲ្យទៅសម្លាប់ក្មេងប្រុសៗទាំងអស់នៅភូមិបេថ្លេហិម និងភូមិដែលនៅជុំវិញ ចាប់ពីអាយុពីរឆ្នាំចុះមក តាមពេលវេលាដែលទ្រង់បានសួរពួកហោរ។ 17នោះក៏បានសម្រេចតាមសេចក្តីដែលបានថ្លែងទុកមក តាមរយៈហោរាយេរេមាថា៖
18«មានឮសំឡេងនៅរ៉ាម៉ា ជាសូរទំនួញយំសោក
ហើយកាន់ទុក្ខ គឺនាងរ៉ាជែលយំអាណិតកូនរបស់នាង
ហើយមិនព្រមឲ្យគេកម្សាន្តចិត្តសោះ
ព្រោះកូនរបស់នាងស្លាប់អស់ហើយ»។
ការវិលត្រឡប់មកពីស្រុកអេស៊ីព្ទ
19កាលព្រះបាទហេរ៉ូឌបានសុគតផុតទៅ នោះស្រាប់តែទេវតាមួយរបស់ព្រះអម្ចាស់លេចមកក្នុងយល់សប្តិ ប្រាប់យ៉ូសែបនៅស្រុកអេស៊ីព្ទថា៖ 20«ចូរក្រោកឡើង នាំបុត្រតូច និងមាតារបស់ព្រះអង្គត្រឡប់ទៅស្រុកអ៊ីស្រាអែលវិញទៅ ដ្បិតអស់អ្នកដែលចង់សម្លាប់បុត្រតូចនោះ ស្លាប់អស់ហើយ»។ 21លោកយ៉ូសែបក៏ក្រោកឡើង នាំបុត្រតូច និងមាតារបស់ព្រះអង្គវិលត្រឡប់ទៅស្រុកអ៊ីស្រាអែលវិញ។ 22ប៉ុន្តែ កាលលោកឮថា អើខេឡោសបានសោយរាជ្យនៅស្រុកយូដា ជំនួសហេរ៉ូឌ ជាបិតា នោះលោកខ្លាចមិនហ៊ានទៅទីនោះទេ លោកចេញទៅស្រុកកាលីឡេវិញ ដោយព្រះទ្រង់មានព្រះបន្ទូលហាមក្នុងសុបិន។ 23លោកបានតាំងទីលំនៅ នៅភូមិមួយឈ្មោះថាណាសារ៉ែត ដើម្បីឲ្យបានសម្រេចតាមសេចក្តីដែលបានថ្លែងទុកមក តាមរយៈពួកហោរាថា៖ «គេនឹងហៅព្រះអង្គថា ជាអ្នកស្រុកណាសារ៉ែត»។
ទើបបានជ្រើសរើសហើយ៖
ម៉ាថាយ 2: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies