ម៉ាថាយ 24

24
ព្រះ‌យេស៊ូវ​ប្រកាស​អំពី​ការ​បំផ្លាញ​ព្រះ‌វិហារ
(ម៉ាកុស ១៣.១-២ លូកា ២១.៥-៦)
1កាល​ព្រះ‌យេស៊ូវ​កំពុង​យាង​ចេញ​ពី​ព្រះ‌វិហារ​ទៅ ពួក​សិស្ស​របស់​ព្រះ‌អង្គ​ចូល​មក​ជិត ហើយ​ចង្អុល​បង្ហាញ​អាគារ​ផ្សេងៗ​ក្នុង​បរិវេណ​ព្រះ‌វិហារ ថ្វាយ​ព្រះ‌អង្គ​ទត។ 2ពេល​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ឃើញ​របស់​អស់​ទាំង​នេះ​ឬ​ទេ? ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នៅ​ទី​នេះ​នឹង​គ្មាន​ថ្ម​ណា​មួយ​នៅ​ត្រួត​លើ​គ្នា​ទៀត​ឡើយ ទាំង​អស់​នឹង​ត្រូវ​ទម្លាក់​ចុះ»។
ហេតុ‌ការណ៍​នៅ​គ្រា​ចុង​បំផុត
(ម៉ាកុស ១៣.៣-១៣ លូកា ២១.៧-១៩)
3កាល​ព្រះ‌អង្គ​គង់​នៅ​លើ​ភ្នំ​ដើម​អូលីវ ពួក​សិស្ស​បាន​ចូល​មក​ជិត​ព្រះ‌អង្គ​ដាច់​ដោយ​ឡែក ហើយ​ទូល​សួរ​ថា៖ «សូម​ប្រាប់​យើង​ខ្ញុំ​ផង តើ​ការ​ទាំង​នេះ​នឹង​កើត​ឡើង​ពេល​ណា? ហើយ​តើ​នឹង​មាន​ទី​សម្គាល់​អ្វី​អំពី​ព្រះ‌អង្គ​យាង​មក និង​អំពី​គ្រា​ចុង​បំផុត?» 4ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​គេ​ថា៖ «ចូរ​ប្រយ័ត្ន ក្រែង​អ្នក​ណា​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង 5ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​លេច​មក ដោយ​ប្រើ​ឈ្មោះ​របស់​ខ្ញុំ​ថា "ខ្ញុំ​នេះ​ហើយ​ជា​ព្រះ‌គ្រីស្ទ" ហើយ​គេ​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង។ 6អ្នក​រាល់​គ្នា​នឹង​ឮ​អំពី​សង្គ្រាម និង​ដំណឹង​អំពី​សង្គ្រាម ចូរ​ប្រយ័ត្ន​កុំ​ជ្រួល‌ច្របល់ ដ្បិត​ការ​នេះ​ត្រូវ​តែ​កើត​ឡើង តែ​មិន​ទាន់​ដល់​ចុង​បញ្ចប់​នៅ​ឡើយ​ទេ។ 7ដ្បិត​សាសន៍​មួយ​នឹង​លើក​គ្នា​ទាស់​នឹង​សាសន៍​មួយ នគរ​មួយ​ទាស់​នឹង​នគរ​មួយ ហើយ​នឹង​កើត​មាន​អំណត់ [ជំងឺ​អាសន្ន‌រោគ] និង​រញ្ជួយ​ផែនដី​នៅ​កន្លែង​ផ្សេងៗ 8ប៉ុន្តែ ការ​ទាំង​អស់​នេះ ប្រៀប​បាន​នឹង​ការ​ចាប់​ផ្ដើម​របស់​ស្ត្រី​ដែល​ឈឺ​ចាប់​ហៀប​នឹង​សម្រាល​កូន។
អំពី​ការ​បៀត​បៀន
9ពេល​នោះ គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ឲ្យ​គេ​ធ្វើ​ទារុណ‌កម្ម ហើយ​សម្លាប់​អ្នក​រាល់​គ្នា។ គ្រប់​ទាំង​សាសន៍​នឹង​ស្អប់​អ្នក​រាល់​គ្នា​ព្រោះ​តែ​នាម​ខ្ញុំ។ 10គ្រា​នោះ មនុស្ស​ជា​ច្រើន​នឹង​ឃ្លាត​ចេញ​ពី​ជំនឿ គេ​នឹង​ក្បត់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក 11ក៏​នឹង​មាន​ហោរា​ក្លែង‌ក្លាយ​ជា​ច្រើន​លេច​មក ហើយ​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​វង្វេង 12ហើយ​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​ចម្រើន​ឡើង​ជា​ច្រើន សេចក្តី​ស្រឡាញ់​របស់​មនុស្ស​ជា​ច្រើន​នឹង​រសាយ​ទៅ។ 13ប៉ុន្តែ អ្នក​ណា​ដែល​ស៊ូ​ទ្រាំ​រហូត​ដល់​ចុង​បញ្ចប់ អ្នក​នោះ​នឹង​បាន​សង្គ្រោះ។ 14ដំណឹង​ល្អ​អំពី​ព្រះរាជ្យ​នេះ នឹង​ត្រូវ​ប្រកាស​ពាស‌ពេញ​ពិភព​លោក​ទាំង​មូល ជា​ទី​បន្ទាល់​ដល់​អស់​ទាំង​សាសន៍ ហើយ​ពេល​នោះ ទើប​ចុង​បញ្ចប់​មក​ដល់»។
វត្ថុ​ដ៏​ចង្រៃ គួរ​ឲ្យ​ស្អប់​ខ្ពើម
(ម៉ាកុស ១៣.១៤-២៣ លូកា ២១.២០-២៤)
15«ដូច្នេះ ពេល​អ្នក​រាល់​គ្នា​ឃើញ​សេចក្តី​ដែល​ហោរា​ដានីយ៉ែល បាន​ថ្លែង​ទុក គឺ​ជា​វត្ថុ​ដ៏​ចង្រៃ គួរ​ឲ្យ​ស្អប់​ខ្ពើម ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ (ចូរ​ឲ្យ​អ្នក​អាន​យល់​សេចក្ដី​នេះ​ចុះ) 16ពេល​នោះ អស់​អ្នក​ដែល​នៅ​ស្រុក​យូដា ត្រូវ​រត់​ចេញ​ទៅ​ជ្រក​តាម​ភ្នំ 17អ្នក​ណា​ដែល​នៅ​លើ​ដំបូល​ផ្ទះ មិន​ត្រូវ​ចុះ​មក​យក​របស់​អ្វី​ពី​ក្នុង​ផ្ទះ​ឡើយ 18ហើយ​អ្នក​ដែល​នៅ​ឯ​ស្រែ​ចម្ការ ក៏​មិន​ត្រូវ​ត្រឡប់​មក​យក​សម្លៀក‌បំពាក់​របស់​ខ្លួន​ដែរ។ 19នៅ​គ្រា​នោះ ស្ត្រី​ណា​ដែល​មាន​ផ្ទៃ​ពោះ ហើយ​ស្ត្រី​ណា​ដែល​បំបៅ​កូន នឹង​វេទនា​ណាស់។ 20ចូរ​អធិស្ឋាន​ដើម្បី​កុំ​ឲ្យ​រត់​នៅ​រដូវ​រងា ឬ​នៅ​ថ្ងៃ​សប្ប័ទ​ឡើយ។ 21ដ្បិត​ពេល​នោះ នឹង​មាន​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង ដែល​តាំង​ពី​ដើម​កំណើត​ពិភព​លោក​មក រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ មិន​ដែល​មាន​ដូច្នោះ​ឡើយ ហើយ​ទៅ​មុខ​ក៏​មិន​ដែល​មាន​ដែរ ។ 22ប្រសិន‌បើ​ព្រះ​មិន​បាន​បន្ថយ​ថ្ងៃ​ទាំង​នោះ​ឲ្យ​ខ្លី​ទេ គ្មាន​មនុស្ស​ណា​នឹង​បាន​សង្គ្រោះ​ឡើយ ប៉ុន្តែ ដោយ​យល់​ដល់​ពួក​រើស​តាំង ព្រះ​នឹង​បន្ថយ​ថ្ងៃ​ទាំង​នោះ​ឲ្យ​ខ្លី។ 23ពេល​នោះ បើ​អ្នក​ណា​ប្រាប់​អ្នក​រាល់​គ្នា​ថា "មើល៍ ព្រះ‌គ្រីស្ទ​គង់​នៅ​ទី​នេះ" ឬ "នៅ​ទី​នោះ" កុំ​ជឿ​គេ​ឡើយ។ 24ដ្បិត​នឹង​មាន​ព្រះ‌គ្រីស្ទ​ក្លែង‌ក្លាយ និង​ហោរា​ក្លែង‌ក្លាយ​លេច​មក ហើយ​សម្តែង​ទី​សម្គាល់ និង​ការ​អស្ចារ្យ​យ៉ាង​ធំ ដើម្បី​នាំ​មនុស្ស​ឲ្យ​វង្វេង សូម្បី​តែ​ពួក​រើស​តាំង​ផង ប្រសិន‌បើ​គេ​អាច​ធ្វើ​បាន។ 25មើល៍ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ជា​មុន​ហើយ 26ដូច្នេះ បើ​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា "មើល៍ ព្រះ‌អង្គ​គង់​នៅ​ទី​រហោ‌ស្ថាន" នោះ​កុំ​ចេញ​ទៅ​ឡើយ។ បើ​គេ​ថា "មើល៍ ព្រះ‌អង្គ​គង់​នៅ​ក្នុង​បន្ទប់" នោះ​ក៏​កុំ​ជឿ​ឲ្យ​សោះ។ 27ដ្បិត​កូន​មនុស្ស​នឹង​មក ដូច​ផ្លេក​បន្ទោរ ដែល​ចាំង​ពន្លឺ​ភ្លែតៗ ពី​ទិស​ខាង​កើត ដល់​ទិស​ខាង​លិច។ 28សាក​សព​នៅ​ទី​ណា ត្មាត​នឹង​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទី​នោះ »។
កូន​មនុស្ស​នឹង​យាង​មក
(ម៉ាកុស ១៣.២៤-២៧ លូកា ២១.២៥-២៨)
29«លុះ​គ្រា​ទុក្ខ​វេទនា​នោះ​កន្លង​ផុត​ភ្លាម ថ្ងៃ​នឹង​ទៅ​ជា​ងងឹត ហើយ​ខែ​នឹង​លែង​បញ្ចេញ​ពន្លឺ ផ្កាយ​នឹង​ធ្លាក់​ចុះ​ពី​លើ​មេឃ ហើយ​អំណាច​នានា​នៅ​លើ​មេឃ នឹង​ត្រូវ​កក្រើក​រំពើក 30ពេល​នោះ ទី​សម្គាល់​របស់​កូន​មនុស្ស​នឹង​លេច​មក​នៅ​លើ​មេឃ ហើយ​មនុស្ស​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​គក់​ទ្រូង យំ រួច​គេ​នឹង​ឃើញ​កូន​មនុស្ស​យាង​មក​លើ​ពពក នៅ​លើ​មេឃ ប្រកប​ដោយ​ចេស្តា និង​សិរី​ល្អ​យ៉ាង​ខ្លាំង។ 31លោក​នឹង​ចាត់​ពួក​ទេវតា​របស់​លោក​ឲ្យ​ចេញ​ទៅ ទាំង​មាន​សំឡេង​ត្រែ​ឮ​រំពង ទេវតា​ទាំង​នោះ​នឹង​ប្រមូល​ពួក​រើស​តាំង​របស់​លោក​ពី​ទិស​ទាំង​បួន ចាប់​ពី​ជើង​មេឃ​ម្ខាង រហូត​ដល់​ជើង​មេឃ​ម្ខាង»។
មេរៀន​អំពី​ដើម​ល្វា
(ម៉ាកុស ១៣.២៨-៣១ លូកា ២១.២៩-៣៣)
32«ចូរ​រៀន​ជា​សេចក្ដី​ប្រៀប​ធៀប​អំពី​ដើម​ល្វា​នេះ​ចុះ។ កាល​ណា​មែក​របស់​វា​ត្រឡប់​ជា​ទន់ ហើយ​ស្លឹក​លាស់​ឡើង អ្នក​រាល់​គ្នា​ដឹង​ថា រដូវ​ក្តៅ​ជិត​មក​ដល់​ហើយ។ 33ដំណើរ​នេះ​ក៏​ដូច្នោះ​ដែរ កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ការ​ទាំង​នេះ ត្រូវ​ដឹង​ថា លោក​មក​ជិត​ដល់​ហើយ ក៏​នៅ​មាត់​ទ្វារ​ផង។ 34ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មនុស្ស​ជំនាន់​នេះ​នឹង​មិន​កន្លង​ផុត​ឡើយ រហូត​ទាល់​តែ​ការ​ទាំង​អស់​នេះ​បាន​កើត​មក។ 35ផ្ទៃ​មេឃ និង​ផែនដី នឹង​កន្លង​បាត់​ទៅ តែ​ពាក្យ​របស់​ខ្ញុំ​នឹង​មិន​កន្លង​បាត់​ឡើយ»។
ការ​ត្រៀម​ខ្លួន​រង់‌ចាំ​ទទួល​ព្រះ‌គ្រីស្ទ
(ម៉ាកុស ១៣.៣២-៣៧ លូកា ១៧.២៦-៣០, ៣៤-៣៦)
36«ប៉ុន្តែ ត្រង់​ឯ​ថ្ងៃ និង​ពេល​កំណត់ គ្មាន​អ្នក​ណា​ដឹង​ទេ ទោះ​បី​ពួក​ទេវតា​នៅ​ស្ថាន‌សួគ៌ ឬ​ព្រះ‌រាជ​បុត្រា​ក៏​មិន​ដឹង​ដែរ មាន​តែ​ព្រះ‌វរបិតា​មួយ​ប៉ុណ្ណោះ​ដែល​ជ្រាប។ 37ដ្បិត​ដូច​សម័យ​របស់​លោក​ណូអេ​យ៉ាង​ណា ពេល​កូន​មនុស្ស​មក​ក៏​នឹង​កើត​មាន​ដូច្នោះ​ដែរ។ 38ដ្បិត​នៅ​សម័យ​មុន​ទឹក​ជំនន់​នោះ គេ​កំពុង​តែ​ស៊ី​ផឹក ហើយ​រៀបការ​ប្តី​ប្រពន្ធ រហូត​ដល់​ថ្ងៃ​ដែល​លោក​ណូអេ​ចូល​ទៅ​ក្នុង​ទូក​ធំ 39គេ​មិន​បាន​ដឹង​អ្វី​សោះ រហូត​ទាល់​តែ​ទឹក​ជន់​ឡើង ហើយ​យក​គេ​ទាំង​អស់​ទៅ។ ពេល​កូន​មនុស្ស​មក ក៏​នឹង​កើត​មាន​ដូច្នោះ​ដែរ។ 40ពេល​នោះ នឹង​មាន​មនុស្ស​ពីរ​នាក់​នៅ​ចម្ការ ម្នាក់​ត្រូវ​យក​ទៅ ហើយ​ម្នាក់​ទៀត​ទុក​នៅ។ 41ស្ត្រី​ពីរ​នាក់​កំពុង​តែ​កិន​ម្សៅ ម្នាក់​ត្រូវ​យក​ទៅ ហើយ​ម្នាក់​ទៀត​ទុក​នៅ។ 42ដូច្នេះ ចូរ​ប្រុង​ស្មារតី ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ថា ព្រះ‌អម្ចាស់​របស់​អ្នក​រាល់​គ្នា​នឹង​យាង​មក​ថ្ងៃ​ណា​ទេ។ 43ប៉ុន្តែ ចូរ​យល់​សេចក្តី​នេះ​ចុះ បើ​ម្ចាស់​ផ្ទះ​បាន​ដឹង​ថា ចោរ​នឹង​ចូល​មក​នៅ​យាម​ណា​មួយ នោះ​គាត់​មុខ​ជា​នៅ​ចាំ​យាម​មិន​ឲ្យ​ចោរ​ទម្លុះ​ចូល​ផ្ទះ​គាត់​បាន​ឡើយ។ 44ដូច្នេះ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ប្រុង​ប្រៀប​ជានិច្ច​ដែរ ដ្បិត​កូន​មនុស្ស​នឹង​មក​នៅ​វេលា​ដែល​អ្នក​រាល់​គ្នា​មិន​បាន​គិត»។
អ្នក​បម្រើ​ស្មោះ​ត្រង់ ឬ​មិន​ស្មោះ​ត្រង់
(លូកា ១២.៤១-៤៨)
45«ដូច្នេះ តើ​អ្នក​ណា​ជា​អ្នក​បម្រើ​ស្មោះ​ត្រង់​ហើយ​ឈ្លាស‌វៃ ដែល​ចៅហ្វាយ​បាន​តាំង​ឲ្យ​មើល​ខុស​ត្រូវ​លើ​ពួក​ផ្ទះ​របស់​លោក ដើម្បី​ចែក​ម្ហូប​អាហារ​ឲ្យ​គេ​បរិ‌ភោគ​តាម​ពេល​ត្រឹម‌ត្រូវ? 46មាន​ពរ​ហើយ អ្នក​បម្រើ​ណា​ដែល​កាល​ណា​ចៅហ្វាយ​របស់​ខ្លួន​មក​ដល់ ឃើញ​កំពុង​តែ​ធ្វើ​ដូច្នោះ។ 47ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ចៅហ្វាយ​នឹង​តាំង​អ្នក​នោះ ឲ្យ​មើល​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្តិ​របស់​លោក​ទាំង​អស់។ 48ប៉ុន្តែ បើ​អ្នក​បម្រើ​នោះ​អាក្រក់ ហើយ​គិត​ក្នុង​ចិត្ត​ថា ចៅហ្វាយ​របស់​ខ្ញុំ​ក្រ​មក​ដល់​ណាស់ 49ហើយ​ចាប់​ផ្ដើម​វាយ​ដំ​ពួក​អ្នក​បម្រើ​ដែល​ជា​គូកន​របស់​ខ្លួន ព្រម​ទាំង​ស៊ី​ផឹក​ជា​មួយ​ពួក​មនុស្ស​ប្រមឹក 50ចៅហ្វាយ​នឹង​មក​ដល់ នៅ​ថ្ងៃ​មួយ​ដែល​អ្នក​បម្រើ​នោះ​មិន​រង់‌ចាំ និង​នៅ​វេលា​មួយ​ដែល​គាត់​មិន​ដឹង 51ចៅហ្វាយ​នឹង​ធ្វើ​ទោស​គាត់​យ៉ាង​ធ្ងន់ ហើយ​ឲ្យ​គាត់​មាន​ចំណែក​ជា​មួយ​ពួក​មនុស្ស​មាន​ពុត នៅ​ទី​នោះ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ»។

ទើបបានជ្រើសរើសហើយ៖

ម៉ាថាយ 24: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល