ម៉ាថាយ 4
4
ព្រះយេស៊ូវឈ្នះការល្បួង
(ម៉ាកុស ១.១២-១៣ លូកា ៤.១-១៣)
1ពេលនោះ ព្រះវិញ្ញាណក៏នាំព្រះយេស៊ូវទៅទីរហោស្ថាន ដើម្បីឲ្យអារក្សល្បួង។ 2ក្រោយពីបានតមសែសិបថ្ងៃ សែសិបយប់មក ទ្រង់ក៏ឃ្លាន។ 3មេល្បួងក៏ចូលមក ហើយទូលព្រះអង្គថា៖ «បើអ្នកជាព្រះរាជបុត្រារបស់ព្រះមែន ចូរបង្គាប់ឲ្យដុំថ្មទាំងនេះក្លាយជានំបុ័ងទៅ!»។ 4ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលតបថា៖ «មានសេចក្តីចែងទុកមកដូច្នេះ
"មនុស្សមិនមែនរស់ដោយសារតែនំបុ័ង ប៉ុណ្ណោះទេ
គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល
ដែលចេញពីព្រះឱស្ឋរបស់ព្រះមកដែរ"» ។
5បន្ទាប់មក អារក្សក៏នាំព្រះអង្គទៅកាន់ក្រុងបរិសុទ្ធ ហើយដាក់ព្រះអង្គលើកំពូលព្រះវិហារ ទូលថា៖ 6«បើអ្នកជាព្រះរាជបុត្រារបស់ព្រះមែន ចូរទម្លាក់ខ្លួនទៅក្រោមទៅ ដ្បិតមានសេចក្តីចែងទុកមកថា
"ព្រះអង្គនឹងបង្គាប់ពួកទេវតារបស់ព្រះអង្គពីដំណើរអ្នក"
ហើយថា "ទេវតាទាំងនោះនឹងទ្រអ្នកដោយដៃ
ក្រែងជើងអ្នកទង្គិចនឹងថ្ម"» ។
7ព្រះយេស៊ូវមានព្រះបន្ទូលទៅវាថា៖ «មានសេចក្តីចែងទុកដូច្នេះទៀតថា "កុំល្បងលព្រះអម្ចាស់ ជាព្រះរបស់អ្នកឡើយ"» ។
8មួយទៀត អារក្សបាននាំព្រះអង្គទៅលើកំពូលភ្នំមួយយ៉ាងខ្ពស់ ហើយបង្ហាញអស់ទាំងនគរក្នុងពិភពលោក និងសិរីល្អរបស់នគរទាំងនោះ ថ្វាយព្រះអង្គទត 9រួចវាទូលព្រះអង្គថា៖ «ប្រសិនបើអ្នកក្រាបថ្វាយបង្គំខ្ញុំ នោះខ្ញុំនឹងប្រគល់របស់ទាំងនេះដល់អ្នក»។ 10ព្រះយេស៊ូវមានព្រះបន្ទូលទៅវាថា៖ «សាតាំង ចូរឯងថយចេញទៅ ដ្បិតមានសេចក្តីចែងទុកមកថា
"ត្រូវថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នក
ហើយត្រូវគោរពបម្រើព្រះអង្គតែមួយប៉ុណ្ណោះ"» ។
11ពេលនោះ អារក្សក៏ថយចេញពីព្រះអង្គទៅ ហើយរំពេចនោះ ស្រាប់តែមានពួកទេវតាចូលមកបម្រើព្រះអង្គ។
ព្រះយេស៊ូវចាប់ផ្ដើមផ្សាយដំណឹងល្អនៅស្រុកកាលីឡេ
(ម៉ាកុស ១.១៤-១៥ លូកា ៤.១៤-១៥)
12កាលព្រះយេស៊ូវបានឮថា គេបានចាប់លោកយ៉ូហានទៅឃុំឃាំង ព្រះអង្គក៏យាងថយទៅគង់នៅស្រុកកាលីឡេវិញ។ 13ព្រះអង្គយាងចេញពីណាសារ៉ែត ទៅគង់នៅក្រុងកាពើណិម ជាប់មាត់សមុទ្រក្នុងតំបន់សាប់យូឡូន និងណែបថាលី 14ដើម្បីឲ្យបានសម្រេចតាមសេចក្ដីដែលបានថ្លែងទុកមក តាមរយៈហោរាអេសាយថា៖
15«ស្រុកសាប់យូឡូន និងណែបថាលី
តាមផ្លូវជាប់មាត់សមុទ្រ ខាងនាយទន្លេយ័រដាន់
ស្រុកកាលីឡេរបស់សាសន៍ដទៃអើយ
16ប្រជាជនដែលអង្គុយក្នុងសេចក្តីងងឹត
បានឃើញពន្លឺមួយយ៉ាងអស្ចារ្យ
មានពន្លឺរះឡើងបំភ្លឺដល់អស់អ្នក
ដែលអង្គុយក្នុងស្រុក និងម្លប់នៃសេចក្តីស្លាប់» ។
17តាំងពីពេលនោះមក ព្រះយេស៊ូវបានចាប់ផ្តើមប្រកាសថា៖ «ចូរប្រែចិត្ត ដ្បិតព្រះរាជ្យនៃស្ថានសួគ៌នៅជិតបង្កើយ»។
ព្រះយេស៊ូវត្រាស់ហៅពួកសិស្សលើកដំបូង
(ម៉ាកុស ១.១៦-២០ លូកា ៥.១-១១)
18ពេលព្រះយេស៊ូវយាងតាមឆ្នេរសមុទ្រកាលីឡេ ព្រះអង្គទតឃើញបងប្អូនពីរនាក់ គឺស៊ីម៉ូន ដែលហៅថា ពេត្រុស និងអនទ្រេ ជាប្អូន កំពុងតែបង់សំណាញ់ក្នុងសមុទ្រ ដ្បិតពួកគេជាអ្នកនេសាទ។ 19ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឲ្យធ្វើជាអ្នកនេសាទមនុស្សវិញ»។ 20គេក៏ទុកសំណាញ់ចោល ហើយដើរតាមព្រះអង្គភ្លាម។ 21ពេលយាងហួសពីទីនោះបន្តិច ព្រះអង្គទតឃើញបងប្អូនពីរនាក់ទៀត គឺយ៉ាកុប ជាកូនសេបេដេ និងយ៉ូហានជាប្អូន កំពុងតែជួសជុលសំណាញ់នៅក្នុងទូកជាមួយសេបេដេជាឪពុក ព្រះអង្គក៏ត្រាស់ហៅអ្នកទាំងពីរ។ 22ភ្លាមនោះ គេក៏ចេញពីទូក និងពីឪពុករបស់ខ្លួន ហើយដើរតាមព្រះអង្គទៅ។
ព្រះយេស៊ូវបម្រើដល់មហាជន
23ព្រះយេស៊ូវយាងទៅពាសពេញក្នុងស្រុកកាលីឡេ ព្រះអង្គបង្រៀននៅតាមសាលាប្រជុំរបស់ពួកគេ ហើយប្រកាសដំណឹងល្អអំពីព្រះរាជ្យ ទាំងប្រោសជំងឺរោគាគ្រប់ប្រភេទ ក្នុងចំណោមប្រជាជនឲ្យបានជា។ 24ដូច្នេះ ព្រះកិត្តិនាមរបស់ព្រះអង្គក៏ឮសុសសាយពេញស្រុកស៊ីរីទាំងមូល ហើយគេនាំមនុស្សដែលមានជំងឺរោគាផ្សេងៗ មានមនុស្សអារក្សចូល មនុស្សឆ្កួតជ្រូក និងមនុស្សស្លាប់ដៃស្លាប់ជើង មករកព្រះអង្គ ហើយព្រះអង្គក៏ប្រោសគេឲ្យបានជា។ 25មានមហាជនច្រើនកុះករ មកពីស្រុកកាលីឡេ ស្រុកដេកាប៉ូល ក្រុងយេរូសាឡិម ស្រុកយូដា និងពីខាងនាយទន្លេយ័រដាន់ គេនាំគ្នាដើរតាមព្រះអង្គ។
ទើបបានជ្រើសរើសហើយ៖
ម៉ាថាយ 4: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies