ម៉ាថាយ ពាក្យលំនាំ
ពាក្យលំនាំ
លោកម៉ាថាយ ជាអ្នកទារពន្ធជាតិយូដាម្នាក់ ដែលពីដើមមានឈ្មោះថាលេវី។ ព្រះយេស៊ូវបានត្រាស់ហៅលោកមកធ្វើជាសិស្ស ព្រមទាំងបានតែងតាំងលោកជាសាវកផង។
គោលបំណងរបស់លោកម៉ាថាយ
លោកបានតែងកណ្ឌគម្ពីរដំណឹងល្អនេះ ក្រោមការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ ដើម្បីណែនាំជនជាតិយូដាឲ្យជឿថា ព្រះយេស៊ូវពិតជាព្រះគ្រីស្ទ ដែលបានយាងមកតាមព្រះបន្ទូលសន្យារបស់ព្រះ។ លោកចង់បង្ហាញថា ព្រះយេស៊ូវយាងមកក្នុងលោកនេះ ដើម្បីបំពេញកិច្ចការទាំងអស់ ស្របតាមព្រះបន្ទូលសន្យារបស់ព្រះកាលពីដើម និងស្របតាមពាក្យដែលពួកហោរាថ្លែងទុកមកផងដែរ។
លោកម៉ាថាយចង់ពន្យល់ទៀតថា ព្រះយេស៊ូវក៏ដូចជាលោកម៉ូសេដែរ ព្រះអង្គយាងមកប្រទានក្រឹត្យវិន័យ តែក្រឹត្យវិន័យថ្មីនេះធ្វើឲ្យក្រឹត្យវិន័យពីដើមមានអត្ថន័យ និងមានតម្លៃពេញលក្ខណៈថែមទៀត។ ហេតុនេះហើយបានជាលោកចូលចិត្ដដកស្រង់ឃ្លាជាច្រើនពីព្រះគម្ពីរសញ្ញាចាស់ ដែលជនជាតិយូដាចាំច្បាស់មកចម្លងដាក់ក្នុងគម្ពីររបស់លោក ដើម្បីធ្វើជាភស្ដុតាងបញ្ជាក់ថា ព្រះយេស៊ូវពិតជាយាងមកផ្ដល់អត្ថន័យឲ្យព្រះគម្ពីរសញ្ញាចាស់បានពេញលេញ។
លោកម៉ាថាយក៏ចង់ពន្យល់ជនជាតិយូដាថា ក្រុមគ្រីស្ទបរិស័ទគ្រប់ជាតិគ្រប់សាសន៍ពិតជាប្រជារាស្ដ្ររបស់ព្រះ។ រីឯជនជាតិអ៊ីស្រាអែលដែលមិនព្រមជឿព្រះយេស៊ូវ លែងមានសិទ្ធិជាប្រជារាស្ដ្ររបស់ព្រះអង្គទៀតហើយ។ លោកម៉ាថាយយកចិត្ដទុកដាក់ដាស់តឿន ក្រុមគ្រីស្ទបរិស័ទដែលហៅថា "ក្រុមជំនុំ" ដ្បិតក្រុមជំនុំនេះហើយ ដែលបានទទួលអំណាចពីព្រះគ្រីស្ទ និងបន្ដបេសកកម្មរបស់ព្រះអង្គក្នុងពិភពលោកសព្វថ្ងៃ។
លោកម៉ាថាយសរសេរកណ្ឌគម្ពីរដំណឹងល្អនេះតាមគំនិតរបស់ជនជាតិយូដា គឺលោកមិនហ៊ានសរសេរព្រះនាមរបស់ព្រះទេ តែលោកប្រើពាក្យ «ស្ថានសួគ៌» ជំនួសវិញ ឧទាហរណ៍ លោកប្រើពាក្យ «ព្រះរាជ្យនៃស្ថានសួគ៌» ជំនួសពាក្យ «ព្រះរាជ្យរបស់ព្រះ»។
អ្នកអានមុខជាឃើញក្នុងកណ្ឌគម្ពីរដំណឹងល្អម៉ាថាយថា ព្រះយេស៊ូវយាងមកផែនដីនេះ ដើម្បីកសាងពិភពលោកមួយថ្មី គឺ «ព្រះរាជ្យរបស់ព្រះ» ហើយព្រះអង្គប្រៀនប្រដៅអស់អ្នកដែលមកតាមព្រះអង្គអំពីរបៀបរស់នៅសមស្របនឹងព្រះរាជ្យនៃព្រះនេះ ដើម្បីឲ្យគេអាចធ្វើជាបន្ទាល់ នាំដំណឹងល្អអំពីព្រះរាជ្យរបស់ព្រះទៅប្រកាសប្រាប់មនុស្សទាំងអស់នៅសព្វទីកន្លែង រហូតដល់អវសានកាលនៃពិភពលោក។
គម្រោងរបស់គម្ពីរម៉ាថាយ៖
• បញ្ជីរាយនាមបុព្វបុរសរបស់ព្រះយេស៊ូវ និងការប្រសូតរបស់ព្រះអង្គ (១.១-២.២៣)
• បេសកកម្មរបស់លោកយ៉ូហាន-បាទីស្ទ (៣.១-១២)
• ព្រះយេស៊ូវទទួលពិធីជ្រមុជទឹក និងឈ្នះការល្បួង (៣.១៣-៤.១១)
• ព្រះយេស៊ូវប្រកាសដំណឹងល្អនៅស្រុកកាលីឡេ (៤.១២-១៨.៣៥)
• ព្រះយេស៊ូវយាងពីស្រុកកាលីឡេឆ្ពោះទៅក្រុងយេរូសាឡិម (១៩.១-២៩.៣៤)
• សបា្ដហ៍ចុងក្រោយនៅក្រុងយេរូសាឡិម និងភូមិដែលនៅជុំវិញ (២១.១-២៧.៦៦)
• ព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ និងបង្ហាញខ្លួនឲ្យអ្នកជឿឃើញ (២៨.១-២០)
ទើបបានជ្រើសរើសហើយ៖
ម៉ាថាយ ពាក្យលំនាំ: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies