មីកា 7
7
ការប្រមូលមនុស្សទាំងអស់
1វរហើយខ្ញុំ
ដ្បិតខ្ញុំដូចជាអ្នកដែលប្រមូលផលបន្ទាប់ពីផ្លែរដូវក្តៅ
បន្ទាប់ពីគេបានប្រឡេះផ្លែទំពាំងបាយជូរជាន់អស់ហើយ
គ្មានចង្កោមណាសល់ឲ្យបានស៊ីទេ
ក៏គ្មានផ្លែល្វាទុំដើមរដូវ ដែលខ្ញុំចូលចិត្តដែរ។
2មនុស្សដែលគោរពតាមព្រះ បានសូន្យបាត់ពីផែនដីទៅ
គ្មានអ្នកណាដែលទៀងត្រង់ នៅក្នុងពួកមនុស្សលោកទេ
គេសុទ្ធតែលបចាំកម្ចាយឈាម
គ្រប់គ្នាប្រដេញបងប្អូនខ្លួនដោយមង
3ដៃរបស់គេជំនាញនឹងប្រព្រឹត្តអំពើអាក្រក់
ពួកមេ និងពួកចៅក្រមឃុបឃិតគ្នាទាររកសំណូក
ឯអ្នកមានអំណាចទាររកអ្វីដែលចិត្តគេចង់បាន
គឺយ៉ាងនោះឯងដែលគេបង្វែរយុត្តិធម៌ ។
4មនុស្សល្អបំផុតក្នុងចំណោមពួកគេ ប្រៀបដូចជាបន្លា
ហើយអ្នកដែលទៀងត្រង់បំផុតក្នុងចំណោមពួកគេ
ប្រៀបដូចជារបងបន្លា។
ថ្ងៃនៃពួកចាំយាមរបស់គេ គឺថ្ងៃដែលគេត្រូវទទួលទោស
បានមកដល់ហើយ
ឥឡូវនេះ គ្រាចលាចលរបស់គេនៅជិតបង្កើយ។
5កុំទុកចិត្តនឹងមិត្តសម្លាញ់
ក៏កុំជឿញាតិសន្ដានដែរ
ចូររក្សាបបូរមាត់របស់អ្នក
ចេញឆ្ងាយពីនាងដែលកុហកនៅនឹងទ្រូងរបស់អ្នក
6ដ្បិតកូនប្រុសបង្អាប់ឪពុក
ហើយកូនស្រីក៏ចចើងទាស់នឹងម្តាយ
ឯកូនប្រសាស្រីទាស់ទទឹងនឹងម្តាយក្មេក
ហើយខ្មាំងសត្រូវរបស់អ្នកណា
នោះគឺជាពួកអ្នកនៅផ្ទះរបស់អ្នកនោះឯង។
7ឯចំណែកខ្លួនខ្ញុំ ខ្ញុំនឹងទុកចិត្តដល់ព្រះយេហូវ៉ា
ខ្ញុំនឹងរង់ចាំព្រះដ៏ជួយសង្គ្រោះខ្ញុំ
ព្រះនៃខ្ញុំ ព្រះអង្គនឹងស្តាប់ខ្ញុំ។
ទណ្ឌកម្ម និងការទុកចិត្តព្រះ
8ឱខ្មាំងសត្រូវអើយ កុំឲ្យសប្បាយចិត្តពីដំណើរខ្ញុំឡើយ
កាលណាខ្ញុំដួល នោះខ្ញុំនឹងក្រោកឡើងវិញ
កាលណាខ្ញុំអង្គុយក្នុងទីងងឹត
នោះព្រះយេហូវ៉ានឹងជាពន្លឺដល់ខ្ញុំ
9ខ្ញុំនឹងរងទ្រាំចំពោះសេចក្ដីគ្នាន់ក្នាញ់របស់ព្រះយេហូវ៉ា
ពីព្រោះខ្ញុំបានធ្វើបាបនឹងព្រះអង្គហើយ
គឺនឹងរងទ្រាំដរាបដល់ព្រះអង្គកាន់ក្ដីជំនួសខ្ញុំ
ហើយបានសម្រេចសេចក្ដីយុត្តិធម៌ដល់ខ្ញុំ
នោះព្រះអង្គនឹងនាំចេញមកឯពន្លឺ
រួចខ្ញុំនឹងរំពឹងមើលសេចក្ដីសុចរិតរបស់ព្រះអង្គ
10គ្រានោះ ខ្មាំងសត្រូវរបស់ខ្ញុំនឹងឃើញដែរ
ហើយសេចក្ដីអាម៉ាសនឹងគ្របលើនាង
ដែលពោលមកខ្ញុំថា
"តើព្រះយេហូវ៉ាជាព្រះរបស់អ្នកនៅឯណា?"
ឯភ្នែកខ្ញុំនឹងឃើញការធ្លាក់ចុះ របស់នាង
នាងនឹងត្រូវគេជាន់ឈ្លី ដូចគេជាន់ភក់នៅតាមផ្លូវ។
ទំនាយពីការស្ដាឡើងវិញ
11នៅថ្ងៃដែលកំផែងឯងនឹងបានសង់ឡើង
ថ្ងៃនោះច្បាប់បង្គាប់នឹងឃ្លាតឆ្ងាយពីឯងទៅ
12នៅគ្រានោះ នឹងមានគេមកឯឯងពីស្រុកអាសស៊ើរ
នឹងពីគ្រប់ទាំងទីក្រុងអេស៊ីព្ទ
ហើយចាប់តាំងពីស្រុកអេស៊ីព្ទ រហូតដល់ទន្លេធំ
និងពីសមុទ្រម្ខាងទៅដល់សមុទ្រម្ខាង
ហើយពីភ្នំមួយទៅដល់ភ្នំមួយទៀត
13ទោះបើយ៉ាងនោះក៏ដោយ
គង់តែស្រុកនេះនឹងត្រូវនៅស្ងាត់ច្រៀប
ដោយព្រោះផលនៃកិរិយា
របស់ពួកអ្នកដែលអាស្រ័យនៅ។
14សូមព្រះអង្គឃ្វាលប្រជារាស្ត្រព្រះអង្គ ដោយដំបងរបស់ព្រះអង្គ
គឺហ្វូងចៀមដ៏ជាមត៌ករបស់ព្រះអង្គ
ដែលនៅត្រមោចក្នុងព្រៃកណ្ដាលស្រុកកើមែល
សូមឲ្យគេរកស៊ីនៅស្រុកបាសាន
និងនៅស្រុកកាឡាត ដូចកាលពីដើមចុះ។
15យើងនឹងឲ្យគេឃើញការអស្ចារ្យ
ដូចនៅគ្រាដែលឯងបានចេញពីស្រុកអេស៊ីព្ទមក
16អស់ទាំងសាសន៍នឹងឃើញ
ហើយនឹងឡើងមុខស្លាំង ដោយព្រោះឥទ្ធិឫទ្ធិរបស់គេ
ពួកទាំងនោះនឹងដាក់ដៃខ្ទប់មាត់
ហើយត្រចៀកគេនឹងត្រូវថ្លង់ទៅដែរ
17គេនឹងលិឍធូលីដីដូចជាពស់
គេនឹងញាប់ញ័រចេញពីទីមាំមួនរបស់គេ
គឺដូចជាសត្វលូនវារនៅផែនដីចេញពីរន្ធ
គេនឹងមកឯព្រះយេហូវ៉ាជាព្រះនៃយើង
ដោយកោតខ្លាច ហើយនឹងភិតភ័យដោយព្រោះឯង។
សេចក្ដីមេត្តាករុណារបស់ព្រះ និងសេចក្ដីស្រឡាញ់ឥតប្រែប្រួល
18តើមានអ្នកណាជាព្រះឲ្យដូចព្រះអង្គ
ដែលព្រះអង្គអត់ទោសចំពោះអំពើទុច្ចរិត
ហើយក៏បំភ្លេចអំពើរំលងរបស់សំណល់នៃមត៌កព្រះអង្គ
ព្រះអង្គមិនផ្ងំសេចក្ដីខ្ញាល់ទុកជានិច្ចទេ
ពីព្រោះព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្ដីសប្បុរសវិញ
19ព្រះអង្គនឹងមានសេចក្ដីអាណិតអាសូរ
ដល់យើងរាល់គ្នាទៀត
ព្រះអង្គនឹងកម្រាបសេចក្ដីទុច្ចរិតរបស់យើង
នៅក្រោមព្រះបាទ
ហើយនឹងបោះអស់ទាំងអំពើបាបរបស់យើង
ទៅក្នុងសមុទ្រជ្រៅ
20ព្រះអង្គនឹងសម្រេចតាមសេចក្ដីពិតដល់យ៉ាកុប
និងតាមសេចក្ដីសប្បុរសដល់អ័ប្រាហាំ
ដូចជាព្រះអង្គបានស្បថនឹងពួកព្ធយុកោយើងរាល់គ្នា
ចាប់តាំងពីបុរាណមកនោះ។:៚
ទើបបានជ្រើសរើសហើយ៖
មីកា 7: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies