ម៉ាកុស 9
9
1ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មានអ្នកខ្លះដែលឈរនៅទីនេះនឹងមិនភ្លក់សេចក្តីស្លាប់ឡើយ រហូតដល់គេបានឃើញព្រះរាជ្យរបស់ព្រះមកដល់ ប្រកបដោយចេស្តា»។
សិរីល្អរបស់ព្រះយេស៊ូវ
(ម៉ាថាយ ១៧.១-១៣ លូកា ៩.២៨-៣៦)
2ប្រាំមួយថ្ងៃក្រោយមក ព្រះយេស៊ូវបានយកពេត្រុស យ៉ាកុប និងយ៉ូហានទៅជាមួយ ហើយនាំគេឡើងទៅលើភ្នំមួយខ្ពស់ ដាច់ដោយឡែកពីគេ។ ពេលនោះ ព្រះអង្គបានផ្លាស់ប្រែនៅមុខអ្នកទាំងនោះ។ 3ព្រះពស្ត្ររបស់ព្រះអង្គត្រឡប់ជាសដូចពន្លឺ ដែលគ្មានអ្នកណានៅលើផែនដី អាចធ្វើឲ្យសដូច្នេះបានឡើយ។ 4ពេលនោះ ពួកសិស្សឃើញលោកអេលីយ៉ា និងលោកម៉ូសេបានលេចមក ហើយសន្ទនាជាមួយព្រះយេស៊ូវ។ 5ពេត្រុសទូលទៅព្រះអង្គថា៖ «រ៉ាប៊ី ល្អណាស់ដែលយើងខ្ញុំបាននៅទីនេះ សូមឲ្យយើងខ្ញុំធ្វើត្រសាលបី គឺមួយសម្រាប់លោកគ្រូ មួយសម្រាប់លោកម៉ូសេ ហើយមួយសម្រាប់លោកអេលីយ៉ា»។ 6គាត់មិនដឹងថាត្រូវនិយាយអ្វីទេ ព្រោះពួកគេភ័យខ្លាចជាខ្លាំង។ 7ពេលនោះ មានពពកមកគ្របបាំងពួកគេ ហើយមានសំឡេងចេញពីពពកនោះមកថា៖ «នេះជាកូនស្ងួនភ្ងារបស់យើង ចូរស្តាប់តាមព្រះអង្គចុះ»។ 8រំពេចនោះ គេក្រឡេកមើលជុំវិញខ្លួន ពុំឃើញមានអ្នកណាទៀតសោះ ឃើញតែព្រះយេស៊ូវមួយព្រះអង្គប៉ុណ្ណោះគង់ជាមួយពួកគេ។
លោកអេលីយ៉ាលេចមកឲ្យឃើញ
9ពេលកំពុងចុះពីភ្នំមក ព្រះអង្គហាមគេមិនឲ្យប្រាប់អ្នកណាពីការដែលបានឃើញនោះឡើយ រហូតដល់កូនមនុស្សបានរស់ពីស្លាប់ឡើងវិញ។ 10អ្នកទាំងនោះក៏រក្សារឿងនោះទុកតែក្នុងចិត្ត ហើយចោទសួរគ្នាពីសេចក្តីរស់ពីស្លាប់ឡើងវិញនេះ មានន័យដូចម្តេច។ 11បន្ទាប់មក គេទូលសួរព្រះអង្គថា៖ «ហេតុអ្វីបានជាពួកអាចារ្យនិយាយថា លោកអេលីយ៉ាត្រូវមកមុនដូច្នេះ?» 12ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «លោកអេលីយ៉ាត្រូវមកមុនមែន ដើម្បីតាំងការទាំងអស់ឡើងវិញ។ ប៉ុន្តែ ហេតុអ្វីបានជាមានសេចក្តីចែងទុកអំពីកូនមនុស្សថា លោកត្រូវរងទុក្ខជាច្រើន ព្រមទាំងត្រូវគេមើលងាយផង? 13ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា លោកអេលីយ៉ាបានមកហើយ គេបានប្រព្រឹត្តនឹងលោកតាមតែអំពើចិត្ត ដូចមានសេចក្តីចែងទុកអំពីលោកស្រាប់»។
ព្រះយេស៊ូវប្រោសក្មេងប្រុសម្នាក់ដែលមានវិញ្ញាណគចូលឲ្យបានជា
(ម៉ាថាយ ១៧.១៤-២១ លូកា ៩.៣៧-៤៣)
14ពេលបានមកជួបពួកសិស្សឯទៀតៗវិញហើយ គេឃើញមានមហាជនច្រើនកុះករឈរព័ទ្ធជុំវិញអ្នកទាំងនោះ ហើយមានពួកអាចារ្យខ្លះកំពុងជជែកជាមួយពួកគេ។ 15កាលបណ្តាជនឃើញព្រះអង្គភ្លាម គេមានសេចក្តីអស្ចារ្យជាខ្លាំង រួចគេរត់ទៅទទួលព្រះអង្គ។ 16ព្រះអង្គសួរពួកគេថា៖ «តើអ្នករាល់គ្នាជជែកជាមួយអ្នកទាំងនេះអំពីអ្វី?» 17ពេលនោះ មានម្នាក់ក្នុងចំណោមបណ្ដាជនទូលឆ្លើយព្រះអង្គថា៖ «លោកគ្រូ! ខ្ញុំបាននាំកូនប្រុសខ្ញុំមករកលោកគ្រូ ព្រោះវាមានវិញ្ញាណគចូល 18ហើយពេលណាវិញ្ញាណនោះចូលម្តងៗ វាធ្វើឲ្យកូនខ្ញុំប្រកាច់ជាខ្លាំង បែកពពុះមាត់ សង្កៀតធ្មេញ ហើយទៅជារឹងខ្លួន។ ខ្ញុំបានសុំឲ្យពួកសិស្សរបស់លោកគ្រូដេញវិញ្ញាណនោះដែរ តែគេពុំអាចដេញវាចេញបានសោះ»។ 19ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ឱជំនាន់មនុស្សដែលមិនជឿអើយ តើត្រូវឲ្យខ្ញុំនៅជាមួយអ្នករាល់គ្នាដល់ពេលណា? តើត្រូវឲ្យខ្ញុំទ្រាំជាមួយអ្នករាល់គ្នាដល់ពេលណាទៀត? ចូរនាំក្មេងនោះមកឲ្យខ្ញុំ»។ 20គេក៏នាំក្មេងនោះមក។ កាលវិញ្ញាណនោះឃើញព្រះអង្គ វាក៏ធ្វើឲ្យក្មេងនោះប្រកាច់ប្រកិន ដួលននៀលនៅលើដី ទាំងបែកពពុះមាត់ភ្លាមមួយរំពេច។ 21ព្រះអង្គមានព្រះបន្ទូលសួរឪពុកថា៖ «តើក្មេងនេះធ្វើទុក្ខដូច្នេះតាំងពីពេលណាមក?» គាត់ទូលឆ្លើយថា៖ «តាំងតែពីតូចមកម៉្លេះ។ 22វិញ្ញាណនោះធ្វើឲ្យវាដួលទៅក្នុងភ្លើង និងធ្លាក់ទៅក្នុងទឹកជាញឹកញាប់ ដើម្បីសម្លាប់វា ប៉ុន្តែ ប្រសិនបើលោកគ្រូអាចធ្វើបាន សូមអាណិតមេត្តាជួយយើងខ្ញុំផង»។ 23ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ប្រសិនបើអាចដូច្នេះឬ? គ្រប់ការទាំងអស់អាចសម្រេចបានដល់អ្នកណាដែលជឿ»។ 24ភ្លាមនោះ ឪពុករបស់ក្មេងនោះក៏ស្រែកឡើងថា៖ «ខ្ញុំជឿហើយ សូមជួយកុំឲ្យខ្ញុំសង្ស័យផង!» 25កាលព្រះយេស៊ូវឃើញបណ្ដាជននាំគ្នារត់មក ព្រះអង្គបន្ទោសវិញ្ញាណអាក្រក់ថា៖ «នែ៎ វិញ្ញាណគថ្លង់! យើងបញ្ជាឲ្យឯងចេញពីក្មេងនេះទៅ កុំចូលវាទៀតឲ្យសោះ!»។ 26វាក៏ស្រែកឡើង ទាំងធ្វើឲ្យក្មេងនោះប្រកាច់ជាខ្លាំង រួចចេញទៅ ឯក្មេងនោះត្រឡប់ដូចជាស្លាប់ ហើយមនុស្សជាច្រើននិយាយថា៖ «វាស្លាប់ហើយ!» 27ប៉ុន្តែ ព្រះយេស៊ូវចាប់ដៃក្មេងនោះឲ្យក្រោកឡើង ហើយវាក៏ក្រោកឈរ។ 28ពេលព្រះអង្គយាងចូលទៅក្នុងផ្ទះ ពួកសិស្សទូលសួរព្រះអង្គដោយឡែកថា៖ «ហេតុអ្វីបានជាយើងខ្ញុំពុំអាចដេញវិញ្ញាណនេះចេញបាន?» 29ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «គេអាចដេញវិញ្ញាណបែបនេះបាន គ្មានអ្វីក្រៅតែពីការអធិស្ឋាន [និងតម]នោះទេ»។
ព្រះយេស៊ូវប្រកាសសាជាថ្មីអំពីការសុគត និងការរស់ឡើងវិញរបស់ព្រះអង្គ
(ម៉ាថាយ ១៧.២២-២៣ លូកា ៩.៤៣-៤៥)
30ពួកគេបានចេញដំណើរពីទីនោះ កាត់តាមស្រុកកាលីឡេ។ ព្រះអង្គមិនចង់ឲ្យអ្នកណាដឹងឡើយ 31ដ្បិតព្រះអង្គបានបង្រៀនពួកសិស្សព្រះអង្គ ដោយមានព្រះបន្ទូលទៅគេថា៖ «កូនមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្តាប់ដៃរបស់មនុស្សលោក គេនឹងសម្លាប់លោក ហើយបីថ្ងៃក្រោយពីគេសម្លាប់ នោះលោកនឹងរស់ឡើងវិញ»។ 32ប៉ុន្តែ ពួកគេមិនបានយល់សេចក្តីដែលព្រះអង្គមានព្រះបន្ទូលនោះឡើយ ហើយគេខ្លាចមិនហ៊ានទូលសួរព្រះអង្គ។
តើអ្នកណាធំជាងគេ?
(ម៉ាថាយ ១៨.១-៥ លូកា ៩.៤៦-៤៨)
33បន្ទាប់មក ពួកគេបានមកដល់ក្រុងកាពើណិម ហើយពេលព្រះអង្គគង់នៅក្នុងផ្ទះ ព្រះអង្គសួរពួកសិស្សថា៖ «តើអ្នករាល់គ្នាជជែកគ្នាអំពីអ្វីនៅតាមផ្លូវ?» 34ប៉ុន្ដែ ពួកគេនៅស្ងៀម ព្រោះនៅតាមផ្លូវ គេបានជជែកគ្នាអំពីអ្នកណាធំជាងគេ។ 35ព្រះអង្គគង់ចុះ ហៅអ្នកទាំងដប់ពីរមក ហើយមានព្រះបន្ទូលទៅគេថា៖ «បើអ្នកណាចង់ធ្វើជាទីមួយ អ្នកនោះត្រូវធ្វើជាអ្នកចុងក្រោយគេបង្អស់ និងជាអ្នកបម្រើគេទាំងអស់គ្នា»។ 36បន្ទាប់មក ព្រះអង្គយកក្មេងតូចម្នាក់មកដាក់នៅកណ្តាលពួកគេ ទ្រង់ឱបក្មេងនោះ ហើយមានព្រះបន្ទូលទៅគេថា៖ 37«អ្នកណាទទួលកូនក្មេងណាម្នាក់ ដូចក្មេងនេះក្នុងនាមខ្ញុំ អ្នកនោះទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ នោះមិនមែនទទួលតែខ្ញុំប៉ុណ្ណោះទេ គឺទទួលព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកនោះដែរ»។
មានអ្នកផ្សេងទៀតដេញអារក្ស
(លូកា ៩.៤៩-៥០)
38យ៉ូហានទូលព្រះអង្គថា៖ «លោកគ្រូ យើងខ្ញុំបានឃើញបុរសម្នាក់កំពុងដេញអារក្សក្នុងនាមលោកគ្រូ ហើយយើងខ្ញុំបានហាមឃាត់គាត់ ព្រោះគាត់មិនមកតាមយើង»។ 39ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «កុំឃាត់គាត់អី ដ្បិតគ្មានអ្នកណាធ្វើការអស្ចារ្យក្នុងនាមខ្ញុំ អាចនឹងនិយាយអាក្រក់ពីខ្ញុំភា្លមនោះឡើយ។ 40អ្នកណាដែលមិនទាស់នឹងយើង អ្នកនោះនៅខាងយើងហើយ។ 41ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាឲ្យទឹកមួយកែវដល់អ្នករាល់គ្នាផឹកក្នុងនាមខ្ញុំ ដោយព្រោះអ្នករាល់គ្នាជារបស់ព្រះគ្រីស្ទ អ្នកនោះនឹងមិនបាត់រង្វាន់របស់ខ្លួនឡើយ»។
សេចក្តីល្បួងដែលនាំឲ្យធ្វើបាប
(ម៉ាថាយ ១៨.៦-៩ លូកា ១៧.១-២)
42«ប្រសិនបើអ្នកណាធ្វើឲ្យក្មេងតូចណាម្នាក់ ក្នុងចំណោមអ្នកដែលជឿដល់ខ្ញុំជំពប់ដួល ស៊ូឲ្យគេយកថ្មត្បាល់កិនយ៉ាងធំមកចងកអ្នកនោះ ហើយទម្លាក់ចុះទៅក្នុងសមុទ្រ ប្រសើរដល់អ្នកនោះជាជាង។ 43ប្រសិនបើដៃរបស់អ្នក នាំឲ្យអ្នកជំពប់ដួល ចូរកាត់វាចេញ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិតមានដៃតែម្ខាង នោះប្រសើរជាងមានដៃទាំងពីរ ហើយធ្លាក់ទៅនរក នៅក្នុងភ្លើងដែលមិនអាចពន្លត់បាន 44[ជាកន្លែងដែលមានដង្កូវមិនចេះស្លាប់ ហើយភ្លើងដែលឆេះមិនរលត់]។ 45ប្រសិនបើជើងរបស់អ្នក នាំឲ្យអ្នកជំពប់ដួល ចូរកាត់ចេញ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិតមានជើងតែម្ខាង នោះប្រសើរជាងមានជើងទាំងពីរ ហើយត្រូវបោះទៅក្នុងនរក 46[ជាកន្លែងដែលមានដង្កូវមិនចេះស្លាប់ ហើយភ្លើងដែលឆេះមិនរលត់]។ 47ប្រសិនបើភ្នែករបស់អ្នក នាំឲ្យអ្នកជំពប់ដួល ចូរខ្វេះវាចេញ ស៊ូឲ្យអ្នកចូលក្នុងព្រះរាជ្យរបស់ព្រះមានភ្នែកតែម្ខាង នោះប្រសើរជាងមានភ្នែកទាំងពីរ ហើយត្រូវបោះទៅក្នុងនរក 48ជាកន្លែងដែលមានដង្កូវមិនចេះស្លាប់ ហើយភ្លើងដែលឆេះមិនរលត់។
49ដ្បិតគ្រប់គ្នានឹងមានជាតិប្រៃដោយសារភ្លើង ហើយគ្រប់ទាំងយញ្ញបូជានឹងមានជាតិប្រៃដោយសារអំបិល។ 50អំបិលជារបស់ល្អ តែបើបាត់ជាតិប្រៃហើយ តើអ្នករាល់គ្នាធ្វើដូចម្ដេចឲ្យប្រៃវិញបាន? ចូរមានជាតិប្រៃនៅក្នុងខ្លួន ហើយនៅជាមួយគ្នាដោយសុខសាន្តចុះ»។
ទើបបានជ្រើសរើសហើយ៖
ម៉ាកុស 9: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies