នេហេមា 9

9
ប្រជាជន​អ៊ីស្រា‌អែល​លន់​តួ​អំពើ​បាប
1លុះ​ដល់​ថ្ងៃ​ម្ភៃ​បួន​ក្នុង​ខែ​ដដែល​នោះ ប្រជាជន​អ៊ីស្រា‌អែល​បាន​ជួប​ប្រជុំ​គ្នា ទាំង​តម​អាហារ ដោយ​ស្លៀក‌សំពត់​ធ្មៃ ហើយ​យក​ដី​រោយ​លើ​ក្បាល។ 2អស់​អ្នក​ដែល​ជា​ពូជពង្ស​អ៊ីស្រា‌អែល បាន​ញែក​ខ្លួន​ចេញ​ពី​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ហើយ​ឈរ​ឡើង លន់‌តួ​អំពើ​បាប​របស់​ខ្លួន និង​អំពើ​ទុច្ចរិត​នៃ​បុព្វ‌បុរស​របស់​គេ។ 3ពួក‌គេ​ឈរ​តាម​កន្លែង​របស់​ពួក‌គេ​រៀង​ៗខ្លួន ហើយ​អាន​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ពួក‌គេ រយៈ​ពេល​មួយ​ភាគ​ក្នុង​បួន​នៅ​ថ្ងៃ​នោះ ឯ​ពេល​វេលា​មួយ​ភាគ​ក្នុង​បួន​ទៀត ពួក‌គេ​លន់‌តួ​អំពើ​បាប និង​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ពួក‌គេ។ 4ពេល​នោះ យេសួរ បានី កាឌ‌មាល សេបានា ប៊ូននី សេរេ‌ប៊ីយ៉ា បានី និង​កេណានី ឈរ​លើ​ថ្នាក់​ជណ្តើរ​របស់​ពួក​លេវី ហើយ​បន្លឺ​សំឡេង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ពួក‌គេ។ 5បន្ទាប់​មក ពួក​លេវី យេសួរ កាឌ‌មាល បានី ហាសាបនា សេរេ‌ប៊ីយ៉ា ហូឌា សេបានា និង​ពេថា‌ហ៊ីយ៉ា ពោល​ថា៖ «ចូរ​ក្រោក​ឡើង ហើយ​លើក​តម្កើង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​គង់​នៅ​តាំង​ពី​អស់‌កល្ប រហូត​ដល់​អស់‌ជានិច្ច។ សូម​ឲ្យ​ព្រះ‌នាម​ដ៏​រុងរឿង​របស់​ព្រះ‌អង្គ បាន​ប្រកប​ដោយ​ព្រះ​ពរ ជា​ព្រះ​នាម​ដែល​ថ្កើង​ឡើង​ខ្ពស់​លើស​ជាង​អស់​ទាំង​ពរ និង​ការ​សរ‌សើរ»។
6លោក​អែសរ៉ា​ទូល​ថា៖ «ព្រះ‌អង្គ​តែ​មួយ​ដែល​ជា​ព្រះ‌ឯក‌អង្គ ព្រះ‌អង្គ​បាន​បង្កើត​ផ្ទៃ​មេឃ គឺ​អស់​ទាំង​ជាន់​នៃ​ផ្ទៃ​មេឃ ព្រម​ទាំង​ពួក​ពល‌បរិវារ​នៅ​ជាន់​ទាំង​នោះ ក៏​បាន​បង្កើត​ផែន‌ដី និង​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែន​ដី ហើយ​សមុទ្រ និង​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​សមុទ្រ ព្រះ‌អង្គ​ប្រទាន​ជីវិត​ឲ្យ​របស់​ទាំង​អស់​នោះ ហើយ​ពួក​ពល​បរិវារ​នៅ​លើ​មេឃ ថ្វាយ‌បង្គំ​ព្រះ‌អង្គ។ 7ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​អើយ គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​រើស​លោក​អាប់រ៉ាម ព្រម​ទាំង​នាំ​លោក​ចេញ​ពី​ក្រុង​អ៊ើរ​របស់​ពួក​សាសន៍​ខាល់ដេ ហើយ​ប្រទាន​ឲ្យ​លោក​មាន​នាម​ថា អ័ប្រា‌ហាំ។ 8ព្រះ‌អង្គ​បាន​ឃើញ​ថា លោក​មាន​ចិត្ត​ស្មោះ‌ត្រង់​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​បាន​តាំង​សញ្ញា​នឹង​លោក ថានឹង​ប្រទាន​ស្រុក​របស់​ពួក​សាសន៍​កាណាន សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​ពេរិស៊ីត សាសន៍​យេប៊ូស និង​សាសន៍​គើកាស៊ី ដល់​ពូជ​ពង្ស​របស់​លោក ព្រះ‌អង្គ​ក៏​បាន​សម្រេច​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​សុចរិត។
9ព្រះ‌អង្គ​បាន​ទត​ឃើញ​ទុក្ខ​វេទនា​របស់​បុព្វ‌បុរស​យើង​ខ្ញុំ​នៅ​ស្រុក​អេស៊ីព្ទ ហើយ​បាន​ឮ​សម្រែក​របស់​គេ​នៅ​សមុទ្រ​ក្រហម 10ព្រះ‌អង្គបាន​សម្ដែង​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ទៅ​លើ​ផារ៉ោន ពួក​មហា‌តលិក និងប្រជាជន​នៃ​ស្រុក​នោះ​ទាំង​អស់ ដ្បិត​ព្រះ‌អង្គ​ជ្រាប​ថា គេ​បាន​ប្រព្រឹត្ត​នឹង​បុព្វ‌បុរស​របស់​យើង​ដោយ​ចិត្ត​ព្រហើន ហើយ​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ព្រះ‌នាម​ព្រះ‌អង្គ​ល្បី​ល្បាញ រហូត​ដល់​សព្វ​ថ្ងៃ។ 11ព្រះ‌អង្គ​បាន​ញែក​សមុទ្រ​ចេញ​ពី​គ្នានៅ​ចំពោះ​មុខ​ពួក‌គេ ឲ្យ​ពួក‌គេ​ដើរ​ឆ្លង​កាត់​កណ្ដាល​សមុទ្រ លើ​ដី​គោក តែ​ព្រះ‌អង្គ​បាន​ទម្លាក់​ពួក​អ្នក​ដែល​ដេញ​តាម​ទៅ​ក្នុង​ទី​ជម្រៅ ដូច​ជា​បោះ​ថ្ម​ទៅ​ក្នុង​មហា​សាគរ ។ 12ម្យ៉ាង​ទៀត នៅ​ពេល​ថ្ងៃ ព្រះ‌អង្គ​បាន​នាំ​ពួក‌គេ ដោយ‌សារ​បង្គោល​ពពក ហើយ​នៅ​ពេល​យប់ ដោយ​បង្គោល​ភ្លើង ដើម្បី​បំភ្លឺ​ផ្លូវ​ដែលពួក‌គេ​ត្រូវ​ដើរ។ 13ព្រះ‌អង្គ​បាន​យាង​ចុះ​មក​លើ​ភ្នំ​ស៊ី‌ណាយ ហើយ​មាន​ព្រះ‌បន្ទូល​មក​កាន់​ពួក‌គេ​ពី​លើ​មេឃ ប្រទាន​ឲ្យ​ពួក‌គេ​មាន​វិន័យ​ដ៏​ត្រឹម​ត្រូវ និង​ក្រឹត្យ‌វិន័យ​ដ៏​ពិត ព្រម​ទាំង​ច្បាប់ និង​បទ​បញ្ជា​ដ៏​ល្អ 14ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ពួក‌គេ​ស្គាល់​ថ្ងៃ​សប្ប័ទ​ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ ហើយ​ប្រទាន​ឲ្យពួក‌គេ​មាន​បទ​បញ្ជា បញ្ញត្តិ និង​ក្រឹត្យ​វិន័យ ដោយ‌សារ​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។ 15ព្រះ‌អង្គ​បាន​ប្រទាន​នំបុ័ង​ពី​លើ​មេឃ​មក​ចម្អែត​ពួក‌គេ ហើយ​ធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ចេញ​ពី​ថ្ម​មក​ឲ្យ​ពួក‌គេ​ផឹក ក៏​បាន​បង្គាប់ឲ្យ​គេ​ចូល​ទៅ​ចាប់​យក​ស្រុក ដែល​ព្រះ‌អង្គ​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់ពួក‌គេ។
16ប៉ុន្តែ ពួក‌គេ គឺ​ដូនតា​របស់​យើង​ខ្ញុំ បាន​ប្រព្រឹត្ត​ដោយ​ចិត្ត​ព្រហើន ហើយ​តាំង​ចិត្ត​រឹង​ចចេស ឥត​ស្តាប់​តាម​បទ​បញ្ជា​របស់​ព្រះ‌អង្គ​ទេ។ 17គេ​មិន​ព្រម​ស្ដាប់​បង្គាប់​ឡើយ ក៏​មិន​នឹក​ចាំ​ពី​ការ​អស្ចារ្យ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ក្នុង​ចំណោម​ពួក‌គេ​ដែរ គឺ​គេ​តាំង​ចិត្ត​រឹង​ចចេស ហើយ​បះ‌បោរ គេ​បាន​តែង​តាំង​ម្នាក់​ឲ្យ​ធ្វើ​ជា​មេដឹកនាំ វិល​ទៅ​រក​ភាព​ជាទាសករ​នៅ​ស្រុក​អេស៊ីព្ទ​វិញ តែព្រះ‌អង្គ​ជា​ព្រះ​ដែល​ប្រុងតែ​នឹង​អត់​ទោស ប្រណី​សន្ដោស ហើយ​មេត្តា‌ករុណា ព្រះ‌អង្គ​យឺត​នឹង​ខ្ញាល់ ហើយ​មាន​ព្រះ​ហឫទ័យ​សប្បុ‌រស​ជា​បរិបូរ ព្រះ‌អង្គ​មិន​បោះ‌បង់​ចោល​ពួក‌គេ​ឡើយ។ 18ទោះ​ជា​ពេល​ដែល​ពួក‌គេ​បាន​សិត​ធ្វើ​រូប​កូន​គោ​មាស​មួយ ហើយ​ពោល​ថា "នេះ​ជា​ព្រះ​របស់​យើង ដែល​បាន​នាំ​យើង​ឡើង​ពី​ស្រុក​អេស៊ីព្ទ" ហើយ​គេ​បាន​ប្រមាថ​ព្រះ‌អង្គ​យ៉ាង​ណា​ក្តី 19ក៏​ព្រះ‌អង្គ​មិន​បាន​បោះ‌បង់​ចោល​ពួក‌គេ​នៅ​ទី​រហោ‌ស្ថាន​ឡើយ គឺ​ដោយ​ព្រះ‌អង្គ​មាន​ព្រះ​ហឫទ័យ​មេត្តា‌ករុណា​ជា​ខ្លាំង ឯ​បង្គោល​ពពក​មិន​បាន​ថយ​ចេញ លែង​នាំ​ផ្លូវ​ពួក‌គេ​នៅ​ពេល​ថ្ងៃ​ឡើយ ហើយ​បង្គោល​ភ្លើង​ក៏​មិន​លែង​បំភ្លឺ​ពួក‌គេ​នៅ​ពេល​យប់ ដើម្បី​បង្ហាញ​ផ្លូវ​ដែល​គេ​ត្រូវ​ដើរ​នោះ​ដែរ។ 20ព្រះ‌អង្គ​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏​ល្អ​របស់​ព្រះ‌អង្គ មក​បង្ហាត់​បង្រៀន​គេ ហើយ​ប្រទាន​នំ​ម៉ាណាឲ្យ​ពួក‌គេ​បរិភោគ ហើយ​ប្រទាន​ទឹកឲ្យ​ពួក‌គេ​ផឹក មិន​ដែល​ខានឡើយ។ 21ព្រះ‌អង្គ​បាន​ចិញ្ចឹម​គេនៅ​ទី​រហោ‌ស្ថានរយៈ​ពេល​សែសិប​ឆ្នាំ ពួក‌គេ​មិន​ខ្វះ​ខាត​អ្វី​ឡើយ សម្លៀក‌បំពាក់​របស់​ពួក‌គេ​ក៏​មិន​ដែល​សឹក ហើយ​ជើងរប​ស់ពួក‌គេក៏​មិន​ពុរពង​ដែរ។ 22ព្រះ‌អង្គ​បាន​ប្រទាន​នគរ និង​សាសន៍​នានា​ដល់​ពួក‌គេ ហើយ​ចែក​ស្រុក​ទាំង​អស់​ដល់​ពួក‌គេ។ ដូច្នេះ ពួក‌គេ​ដណ្ដើម​យក​បាន​ទឹក​ដី​របស់​ព្រះ‌បាទ​ស៊ីហុន ជា​ស្ដេច​ក្រុង​ហែសបូន និង​ទឹក​ដី​របស់​ព្រះ‌បាទ​អុក ជា​ស្តេច​ស្រុក​បាសាន។ 23ព្រះ‌អង្គ​បាន​ធ្វើឲ្យ​កូន​ចៅ​របស់​ពួក‌គេ​កើន​ចំនួន​ច្រើន​ឡើង ដូច​ផ្កាយ​នៅ​លើ​មេឃ ហើយ​ព្រះ‌អង្គ​បាន​នាំពួក‌គេ​ចូល​មក​ក្នុង​ទឹក​ដី ដែល​ព្រះ‌អង្គ​ប្រាប់​បុព្វ‌បុរសរបស់ពួក‌គេ ឲ្យ​ពួក‌គេ​ចូល​ទៅ​កាន់​កាប់។ 24ដូច្នេះ កូន​ចៅ​របស់​ពួក‌គេ​ក៏​ចូល​ទៅ​កាន់​កាប់ទឹក​ដី​នោះ ហើយ​ព្រះ‌អង្គ​បាន​បង្ក្រាប​សាសន៍​កាណាន ជា​អ្នក​ស្រុក​នោះ នៅ​មុខពួក‌គេ ព្រម​ទាំង​ប្រគល់​សាសន៍​នោះ ទាំង​ស្តេច​របស់​គេ ទាំង​ប្រជាជន​នៅ​ស្រុក​នោះ មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក‌គេ ដើម្បី​ឲ្យ​ពួក‌គេ​ប្រព្រឹត្ត​នឹង​សាសន៍​នោះ​តាម​អំពើ​ចិត្ត។ 25ពួក‌គេ​ចាប់​យក​បាន​ទី​ក្រុង​ដែល​មាន​កំផែង​ការ​ពារ និង​ទឹក​ដីដែល​មាន​ជី‌ជាតិ ក៏​បាន​ចាប់​យក​ផ្ទះ​ដែល​មាន​ពេញ​ដោយ​របស់​ល្អ​គ្រប់​មុខ និង​អណ្តូង​ដែល​ជីក​ស្រាប់ ចម្ការ​ទំពាំង‌បាយ‌ជូរ ដំណាំ​អូលីវ និង​ដើម​ឈើ​ស៊ី​ផ្លែ​យ៉ាង​ច្រើន​បរិបូរ។ យ៉ាង​នោះ គេ​បាន​បរិ‌ភោគ​ឆ្អែត ហើយ​ត្រឡប់​ជា​មាន​សាច់​ធាត់ ក៏​មាន​ចិត្ត​រីក‌រាយ ដោយ‌សារ​ព្រះ​ហឫទ័យ​សប្បុ‌រស​ដ៏​ធំ​របស់​ព្រះ‌អង្គ។
26ប៉ុន្តែ ពួក‌គេ​មាន​ចិត្ត​រឹង​ចចេស ហើយ​បះ‌បោរ​នឹង​ព្រះ‌អង្គ ពួក‌គេ​បោះ‌បង់​ចោល​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ​ទៅ​ក្រោយ​ខ្នង ហើយ​បាន​សម្លាប់​ពួក​ហោរា​របស់​ព្រះ‌អង្គ ដែលបាន​ទូន្មានឲ្យ​គេ ដោយ​ប្រាថ្នា​ចង់​ឲ្យ​គេ​វិល​មក​រក​ព្រះ‌អង្គ​វិញ ពួក‌គេ​បាននាំ​គ្នា​ប្រមាថ​ព្រះ‌អង្គយ៉ាង​ខ្លាំង។ 27ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​ប្រគល់​ពួក‌គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សត្រូវ ដែល​ញាំ‌ញី​សង្កត់‌សង្កិន​គេ តែ​កាល​ពួក‌គេ​កើត​មាន​សេចក្ដី​វេទនា ពួក‌គេក៏​ស្រែក​រក​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ស្ដាប់​ពួក‌គេ​ពី​ស្ថាន​សួគ៌ ព្រះ‌អង្គ​ប្រទាន​ឲ្យពួក‌គេ​មាន​ពួក​អ្នក​សង្គ្រោះ មក​សង្គ្រោះ​ពួក‌គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​សត្រូវ ដោយ​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​ដ៏​ធំ​ក្រៃ‌លែង​របស់​ព្រះ‌អង្គ។ 28ប៉ុន្ដែ ក្រោយ​ពីពួក‌គេ​មាន​សេចក្ដី​ស្រាក‌ស្រាន្ត​ហើយ ពួក‌គេ​ចាប់​ផ្ដើម​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ចំពោះ​ព្រះ‌អង្គ​ទៀត ហើយ​ព្រះ‌អង្គក៏បោះ​បង់ចោល​ពួក‌គេ នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ដើម្បីឲ្យ​ខ្មាំង​សត្រូវ​មាន​អំណាច​លើ​ពួក‌គេ។ ប៉ុន្តែ កាល​ពួក‌គេ​បាន​ងាក​បែរ ហើយ​ស្រែក​អំពាវ‌នាវ​រក​ព្រះ‌អង្គ ព្រះ‌អង្គ​ស្ដាប់​ពួក‌គេ​ពី​ស្ថាន​សួគ៌ ហើយ​ប្រោស​ឲ្យ​ពួក‌គេ​រួច​ជា​ច្រើន​ដង តាម​ព្រះ​ហឫ​ទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ។ 29ព្រះ‌អង្គ​បាន​ទូន្មានពួក‌គេ ដើម្បី​នាំ​ពួក‌គេ​មក​រក​ក្រឹត្យ‌វិន័យ​ព្រះ‌អង្គ​វិញ តែ​ពួក‌គេ​បាន​ប្រព្រឹត្ត​ដោយ​ចិត្ត​ព្រហើន មិន​ព្រម​ស្តាប់​តាម​បទ​បញ្ជា​របស់​ព្រះ‌អង្គ​ទេ គឺ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹងវិន័យ​របស់​ព្រះ‌អង្គ (ជា​ច្បាប់​ដែល​អ្នក​ណា​ប្រព្រឹត្ត​តាម អ្នក​នោះ​នឹង​បាន​រស់​នៅ​ដោយ​សេចក្ដី​នោះ​ឯង ) ហើយបែរ​ស្មា​ដ៏​រឹង​ចចេស ក៏​តាំង​ក​របស់​គេ​រឹង មិន​ព្រម​ស្តាប់​បង្គាប់​ឡើយ។ 30ព្រះ‌អង្គ​បាន​ទ្រាំ​ទ្រ​នឹងពួក‌គេ​ជា​ច្រើន​ឆ្នាំ ហើយ​បាន​ទូន្មាន​ពួក‌គេ ដោយ‌សារ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ តាម​រយៈ​ពួក​ហោរា តែ​ពួក‌គេ​មិន​យក​ត្រចៀក​ស្តាប់​ទេ។ ដូច្នេះ ព្រះ‌អង្គ​ក៏​បាន​ប្រគល់​ពួក‌គេ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ប្រជាជន​ដែល​រស់​នៅ​ស្រុក​ទាំង​នោះ។ 31ប៉ុន្តែ ដោយ​ព្រោះ​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណាដ៏​ក្រៃ‌លែង​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​មិន​បាន​ធ្វើ​ឲ្យ​ពួក‌គេ​វិនាស​សាប​សូន្យ ឬ​បោះ‌បង់​ចោលពួក‌គេ​ឡើយ ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​ដ៏​មាន​ព្រះ‌ហឫ‌ទ័យ​ប្រណី​សន្តោស ហើយ​មេត្តា‌ករុណា។
32ដូច្នេះ ឱ​ព្រះ​នៃ​យើង​ខ្ញុំ ជា​ព្រះ​ដ៏​ធំ ហើយ​មាន​ឫទ្ធា‌នុភាព គួរ​ឲ្យ​ស្ញែង​ខ្លាច ជា​ព្រះ​ដែល​រក្សា​សេចក្ដី​សញ្ញា និង​សេចក្ដី​សប្បុ‌រស​អើយ សូម​កុំ​ឲ្យ​សេចក្ដី​ទេវនា​ទាំង​ប៉ុន្មាន ដែល​បាន​កើត​មាន​ដល់​យើង​ខ្ញុំ ព្រម​ទាំង​ស្តេច ពួក​មេ ពួក​សង្ឃ ពួក​ហោរា បុព្វ‌បុរស​យើង​ខ្ញុំ និង​ប្រជា‌រាស្ត្រ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ ចាប់​ពី​គ្រារបស់​ពួក​ស្តេច​ស្រុក​អាស‌ស៊ើរ រហូត​ដល់​សព្វ​ថ្ងៃ​នេះ រាប់​ថាជា​ការ​តិច‌តួច​ឡើយ។ 33ប៉ុន្តែ ព្រះ‌អង្គ​សុចរិត​ក្នុង​គ្រប់​ទាំង​ហេតុ‌ការណ៍​ដែល​បាន​កើត​មាន​ដល់​យើង​ខ្ញុំ ដ្បិត​ព្រះ‌អង្គ​បាន​ប្រព្រឹត្ត​ដោយ​ស្មោះ‌ត្រង់ តែ​ឯ​យើង​ខ្ញុំ​វិញ បាន​ប្រព្រឹត្ត​យ៉ាង​អាក្រក់ 34ពួក​ស្តេច​របស់​យើង​ខ្ញុំ ពួក​មេ​របស់​យើង​ខ្ញុំ ពួក​សង្ឃ​របស់​យើង​ខ្ញុំ និង​បុព្វ‌បុរស​របស់​យើង​ខ្ញុំ មិន​បាន​កាន់​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ​ទេ ក៏​មិន​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​បទ​បញ្ជា ព្រម​ទាំង​ការ​ព្រមាន​ដែល​ព្រះ‌អង្គ​បាន​ប្រទាន​ដល់​ពួក‌គេ​ឡើយ។ 35ទោះ​ជា​ពេល​ដែល​គេ​រស់​នៅ​ក្នុង​នគរ​របស់​ខ្លួន ព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ​មាន​អស់​ទាំង​សេចក្ដី​ល្អ​ក្រៃ‌លែង ហើយ​នៅ​ក្នុង​ស្រុក​ដ៏​ធំ​ទូលាយ មាន​ជី‌ជាតិ ដែល​ព្រះ‌អង្គ​បាន​ដាក់​នៅ​មុខ​គេ ក៏​គេ​មិន​បាន​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌អង្គ ឬ​ងាក​បែរ​ចេញ​ពី​អំពើ​អាក្រក់​របស់​ខ្លួន​ដែរ។ 36មើល៍ យើង​ខ្ញុំ​ជា​បាវ​បម្រើ​របស់​គេ​រហូត​ដល់​ថ្ងៃ​នេះ គឺ​ជា​បាវ​បម្រើ​នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អង្គ​បាន​ប្រទាន​ដល់​បុព្វ‌បុរស​របស់​យើង​ខ្ញុំ ដើម្បី​បរិ‌ភោគ​ផល​ផ្លែ និង​សេចក្ដី​ល្អ​នៅ​ក្នុង​ស្រុក។ 37ភោគ‌ផល​ដ៏​សម្បូរ​ហូរ‌ហៀរ​របស់​ស្រុក​នេះ បែរ​ជា​ទុក​សម្រាប់​ពួក​ស្តេច ដែល​ព្រះ‌អង្គ​បាន​តាំង​ឲ្យ​គ្រប់‌គ្រង​លើ​យើង​ខ្ញុំ ដោយ​ព្រោះ​អំពើ​បាប​របស់​យើង​ខ្ញុំ។ ស្តេច​ទាំង​នោះ​ត្រួត​ត្រា​លើ​រាង​កាយ​យើង​ខ្ញុំ និង​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ តាម​អំពើ​ចិត្ត​របស់​គេ ហើយ​យើង​ខ្ញុំ​មាន​ទុក្ខ​វេទនា​ជា​ខ្លាំង»។
អស់​អ្នក​ដែល​បាន​ចុះ​សេចក្ដី​សញ្ញា
38 ដោយ​មាន​ហេតុការណ៍​ទាំង​អស់​នេះ យើង​ខ្ញុំ​ក៏​តាំង​សញ្ញា​មួយ​យ៉ាង​មាំ‌មួន​ជា​លាយ​លក្ខណ៍​អក្សរ ហើយ​មាន​ពួក​មេ ពួក​លេវី និង​ពួក​សង្ឃ​របស់​យើង​ខ្ញុំ ជា​អ្នក​បោះ​ត្រា​លើ​សេចក្ដី​សញ្ញា​នោះ។

ទើបបានជ្រើសរើសហើយ៖

នេហេមា 9: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល