ជនគណនា 13
13
លោកម៉ូសេចាត់មនុស្សឲ្យទៅសង្កេតមើលស្រុកកាណាន
1ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 2«ចូរចាត់មនុស្សឲ្យទៅសង្កេតមើលស្រុកកាណាន ដែលយើងប្រគល់ឲ្យកូនចៅអ៊ីស្រាអែលនោះទៅ។ ត្រូវចាត់មនុស្សម្នាក់ពីកុលសម្ព័ន្ធនីមួយៗរបស់ឪពុកគេ ហើយគ្រប់គ្នាត្រូវតែជាមេដឹកនាំក្នុងចំណោមពួកគេ»។ 3ដូច្នេះ លោកម៉ូសេក៏ចាត់ពួកគេពីទីរហោស្ថានប៉ារ៉ានឲ្យទៅតាមបង្គាប់របស់ព្រះយេហូវ៉ា។ អ្នកទាំងនោះសុទ្ធតែជាមេដឹកនាំក្នុងចំណោមកូនចៅអ៊ីស្រាអែល។ 4ឈ្មោះរបស់អ្នកទាំងនោះមាន កុលសម្ព័ន្ធរូបេន គឺសាំមួរ ជាកូនរបស់សាគើរ។ 5កុលសម្ព័ន្ធស៊ីម្មាន គឺសាផាត ជាកូនរបស់ហូរី។ 6កុលសម្ព័ន្ធយូដា គឺកាលែប ជាកូនរបស់យេភូនេ។ 7កុលសម្ព័ន្ធអ៊ីសាខារ គឺយីកាល ជាកូនរបស់យ៉ូសែប។ 8កុលសម្ព័ន្ធអេប្រាអិម គឺហូសេ ជាកូនរបស់នុន។ 9កុលសម្ព័ន្ធបេនយ៉ាមីន គឺប៉ាលធី ជាកូនរបស់រ៉ាភូ។ 10កុលសម្ព័ន្ធសាប់យូឡូន គឺកាឌាល ជាកូនរបស់សូឌី។ 11កុលសម្ព័ន្ធម៉ាណាសេ (ដែលជាកូនចៅយ៉ូសែប) គឺកាឌី ជាកូនរបស់ស៊ូស៊ី។ 12កុលសម្ព័ន្ធដាន់ គឺអាំមាល ជាកូនរបស់កេម៉ាលី។ 13កុលសម្ព័ន្ធអេស៊ើរ គឺសេធើរ ជាកូនរបស់មីកែល។ 14កុលសម្ព័ន្ធណែបថាលី គឺណាប៊ី ជាកូនរបស់វ៉ុបស៊ី។ 15កុលសម្ព័ន្ធកាដ គឺកេអួល ជាកូនរបស់ម៉ាគី។ 16នេះហើយជាឈ្មោះរបស់មនុស្សដែលលោកម៉ូសេបានចាត់ឲ្យទៅសង្កេតមើលស្រុក ហើយលោកម៉ូសេបានប្ដូរឈ្មោះហូសេ ជាកូនរបស់នុន ថាយ៉ូស្វេ។
17លោកម៉ូសេបានចាត់អ្នកទាំងនោះ ឲ្យទៅសង្កេតមើលក្នុងស្រុកកាណាន ដោយប្រាប់គេថា៖ «ចូរនាំគ្នាចូលទៅតំបន់ណេកិប ហើយឡើងចូលទៅស្រុកភ្នំ 18រួចសង្កេតមើលស្រុកនោះតើមានលក្ខណៈដូចម្ដេច ហើយតើមនុស្សដែលរស់នៅក្នុងស្រុកខ្លាំង ឬខ្សោយ តើគេមានគ្នាច្រើន ឬតិច 19តើស្រុកដែលគេរស់នៅនោះល្អ ឬអាក្រក់ ហើយក្រុងដែលគេរស់នៅនោះ ជាជំរំ ឬជាកំផែងមាំមួន 20រីឯស្រុកនោះ តើមាន ឬក្រ តើមានដើមឈើ ឬគ្មាន។ ចូរមានចិត្តក្លាហានឡើង ហើយនាំយកផ្លែឈើខ្លះពីស្រុកនោះមកជាមួយផង»។ ពេលនោះ ជារដូវផ្លែទំពាំងបាយជូរដែលទើបនឹងទុំលើកដំបូង។
21ដូច្នេះ ពួកគេក៏ឡើងទៅសង្កេតមើលស្រុកនោះ ចាប់ពីទីរហោស្ថានស៊ីន រហូតដល់ស្រុករេហុប ក្បែរស្រុកហាម៉ាត។ 22ពួកគេឡើងទៅតំបន់ណេកិប ហើយចូលទៅក្រុងហេប្រុន។ នៅស្រុកនោះមានអ័ហ៊ីម៉ាន សេសាយ និងតាលម៉ាយ ជាកូនរបស់អ័ណាក់រស់នៅ។ (គេបានសង់ក្រុងហេប្រុនប្រាំពីរឆ្នាំ មុនក្រុងសូអាននៅស្រុកអេស៊ីព្ទ)។ 23ពួកគេបានទៅដល់ជ្រលងភ្នំអែសកុល ហើយកាត់ផ្លែទំពាំងបាយជូរមួយចង្កោម រួចគេឲ្យគ្នាពីរនាក់យកឈើសែង។ គេក៏បានបេះផ្លែទទឹម និងផ្លែល្វាខ្លះមកជាមួយដែរ។ 24គេបានដាក់ឈ្មោះកន្លែងនោះថា ជ្រលងភ្នំអែសកុល ដោយព្រោះចង្កោមទំពាំងបាយជូរដែលកូនចៅអ៊ីស្រាអែលបានកាត់ពីទីនោះ។ 25ក្រោយពីបានសង្កេតស្រុកនោះអស់រយៈពេលសែសិបថ្ងៃ គេក៏វិលត្រឡប់មកវិញ។
26ពួកគេបានមកជួបលោកម៉ូសេ និងអើរ៉ុន ព្រមទាំងក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ នៅកាដេស ក្នុងទីរហោស្ថានប៉ារ៉ាន។ ពួកគេក៏បានរាយការណ៍ជូនលោកទាំងពីរ និងប្រជាជនអ៊ីស្រាអែលទាំងអស់ ហើយបង្ហាញផ្លែឈើរបស់ស្រុកនោះផង។ 27គេជម្រាបលោកម៉ូសេថា៖ «យើងខ្ញុំបានទៅដល់ស្រុកដែលលោកចាត់យើងខ្ញុំឲ្យទៅនោះហើយ។ ស្រុកនោះមានទឹកដោះ និងទឹកឃ្មុំហូរហៀរជាប្រាកដមែន នេះហើយជាផ្លែឈើរបស់ស្រុកនោះ។ 28ប៉ុន្តែ មនុស្សដែលនៅក្នុងស្រុកនោះសុទ្ធតែខ្លាំងពូកែ ទីក្រុងរបស់គេមានកំផែងរឹងមាំ ហើយធំៗ ម្យ៉ាងទៀត យើងខ្ញុំបានឃើញកូនចៅរបស់អ័ណាក់នៅទីនោះទៀតផង។ 29សាសន៍អាម៉ាឡេករស់នៅតំបន់ណេកិប ហើយសាសន៍ហេត សាសន៍យេប៊ូស និងសាសន៍អាម៉ូរី រស់នៅស្រុកភ្នំ រីឯសាសន៍កាណាន រស់នៅក្បែរសមុទ្រ និងនៅតាមទន្លេយ័រដាន់»។
30ប៉ុន្ដែ កាលែបបានប្រាប់ឲ្យប្រជាជននៅស្ងៀមនៅចំពោះមុខលោកម៉ូសេ ហើយពោលថា៖ «ចូរយើងឡើងទៅចាប់យកស្រុកនោះជាប្រញាប់ ដ្បិតយើងអាចនឹងយកជ័យជម្នះបានដោយស្រួល»។ 31ពេលនោះ មនុស្សដែលបានឡើងទៅជាមួយលោកពោលថា៖ «ពួកយើងពុំអាចឡើងទៅទាស់នឹងប្រជាជននេះបានទេ ដ្បិតគេខ្លាំងពូកែជាងពួកយើង»។ 32ដូច្នេះ អ្នកទាំងនោះនាំគ្នានិយាយអាក្រក់ពីស្រុកដែលគេបានសង្កេតមើលនោះ ប្រាប់កូនចៅអ៊ីស្រាអែលថា៖ «ស្រុកដែលយើងបានដើរកាត់ ហើយសង្កេតមើលនោះ ជាស្រុកដែលបង្ហិនបង្ហោចពួកអ្នកដែលអាស្រ័យនៅ ឯមនុស្សដែលយើងឃើញក្នុងស្រុកនោះទាំងប៉ុន្មាន សុទ្ធតែមាឌធំៗ។ 33នៅស្រុកនោះ យើងបានឃើញពួកមនុស្សមាឌធំសម្បើម (គឺជាកូនចៅអ័ណាក់ ដែលជាពូជមនុស្សមានមាឌធំសម្បើម) ហើយយើងមើលមកខ្លួនយើងដូចជាកណ្តូប ហើយគេក៏ចាត់ទុកយើងដូចជាកណ្ដូបដែរ»។
ទើបបានជ្រើសរើសហើយ៖
ជនគណនា 13: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies