ជន‌គណនា 22:7-41

ជន‌គណនា 22:7-41 គកស១៦

ដូច្នេះ ពួក​ចាស់‌ទុំ​របស់​សាសន៍​ម៉ូអាប់ និង​ពួក​ចាស់‌ទុំ​របស់​សាសន៍​ម៉ាឌាន ក៏​នាំ​គ្នា​ចេញ​ដំណើរ ទាំង​នាំ​យកថ្លៃ​ឈ្នួល​សម្រាប់​ការ​ទាយ​ទៅ​ជា‌មួយ។ ពួក‌គេ​បាន​ចូល​មក​ដល់​បាឡាម ហើយ​រៀបរាប់​ប្រាប់​តាម​ពាក្យ​របស់​បាឡាក។ បាឡាម​ឆ្លើយ​ទៅ​គេ​ថា៖ «សូម​ស្នាក់​នៅ​ទី​នេះ​មួយ​យប់​សិន ខ្ញុំ​នឹង​ឆ្លើយ​ប្រាប់​អស់​លោក​វិញ តាម​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ»។ ដូច្នេះ ពួក​មន្រ្ដី​របស់​សាសន៍​ម៉ូអាប់​ក៏​ស្នាក់​នៅ​ជា‌មួយ​បាឡាម។ ព្រះ‌ទ្រង់​បាន​យាង​មក​ជួប​បាឡាម មាន​ព្រះ‌បន្ទូល​ថា៖ «តើ​មនុស្ស​ទាំង​នេះ​ដែល​ស្នាក់​នៅ​ជា‌មួយ​អ្នក​ជា​អ្នក​ណា?»។ បាឡាម​ទូល​ព្រះ​ថា៖ «បាឡាក​ជា​បុត្រា​ស៊ីបព័រ ស្តេច​សាសន៍​ម៉ូអាប់ បាន​ចាត់​គេ​មក​ប្រាប់​ទូល‌បង្គំ​ថា "មើល៍! មាន​ជន‌ជាតិ​មួយ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គេ​នាំ​គ្នា​មក​នៅ​ពេញ​លើ​ផែនដី ឥឡូវ​ចូរ​មក​ដាក់​បណ្ដា‌សា​គេ​ឲ្យ​យើង ប្រហែល​ជា​យើង​នឹង​អាច​ច្បាំង​ជា‌មួយ​គេ ហើយ​បណ្តេញ​គេ​ចេញ​បាន"»។ ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​បាឡាម​ថា៖ «អ្នក​មិន​ត្រូវ​ទៅ​ជាមួយ​គេ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ដាក់​បណ្ដា‌សា​ប្រជាជន​នេះ​ដែរ ដ្បិត​គេ​មាន​ពរ​ហើយ»។ បាឡាម​ក៏​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​ប្រាប់​ពួក​មន្ត្រី​របស់​បាឡាក​ថា៖ «សូម​ត្រឡប់​ទៅ​ស្រុក​របស់​អស់​លោក​វិញ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ជា‌មួយ​អស់​លោក​ទេ»។ ដូច្នេះ ពួក​មន្ត្រី​សាសន៍​ម៉ូអាប់​ក៏​ក្រោក​ឡើង ហើយ​វិល​ត្រឡប់​ទៅ​គាល់​បាឡាក​វិញ ទូល​ថា៖ «បាឡាម​មិន​ព្រម​មក​ជា‌មួយ​យើង​ខ្ញុំ​ទេ»។ បាឡាក​ក៏​ចាត់​ពួក​មន្ត្រី មាន​គ្នា​ច្រើន​ជាង​មុន ហើយ​មាន​សក្តិយស​ខ្ពស់​ជាង​អ្នក​ទាំង​នោះ​ឲ្យ​ទៅ​ទៀត។ ពួកគេ​ចូល​មក​ដល់​បាឡាម ហើយ​ជម្រាប​គាត់​ថា៖ «បាឡាក​ជា​បុត្រា​ស៊ីបព័រ​មាន​រាជ‌ឱង្ការ​ដូច្នេះ​ថា "សូម​កុំ​ឲ្យ​មាន​អ្វី​រាំងរា​លោក​មិន​ឲ្យ​មក​ជួប​យើង​ឡើយ ដ្បិត​យើង​នឹង​លើក​លោក​ជា​ធំ ហើយ​អ្វីៗ​ដែល​លោក​បង្គាប់​ដល់​យើង នោះ​យើង​នឹង​ធ្វើ​តាម​ទាំង​អស់។ សូម​មក​ដាក់​បណ្ដា‌សា​ជន‌ជាតិ​នេះ​ឲ្យ​យើង​ផង"»។ ប៉ុន្តែ បាឡាម​ឆ្លើយ​តប​ទៅ​ពួក​មហា‌តលិក​របស់​បាឡាក​ថា៖ «ទោះ​ជា​ព្រះ‌បាទ​បាឡាក​ប្រទាន​ដំណាក់​របស់​ទ្រង់​មក​ខ្ញុំ មាន​ពេញ​ដោយ​មាស និង​ប្រាក់​ក៏​ដោយ ក៏​ខ្ញុំ​ពុំ​អាច​រំលង​បង្គាប់​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ខ្ញុំ ទៅ​ធ្វើ​ការ​អ្វី​តិច ឬ​ច្រើន​បាន​ឡើយ។ ដូច្នេះ សូម​អស់​លោក​ស្នាក់​នៅ​ទី​នេះ​មួយ​យប់​សិន​ចុះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ដឹង​ថា​ព្រះ‌យេហូវ៉ា​នឹង​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ម្ដេច​ទៀត»។ នៅ​វេលា​យប់​នោះ ព្រះ‌ទ្រង់​យាង​មក​ជួប​បាឡាម មាន​ព្រះ‌បន្ទូល​ថា៖ «ប្រសិន‌បើ​អ្នក​ទាំង​នោះ​បាន​មក​ហៅ​អ្នក​ទៅ​ហើយ ចូរ​ក្រោក​ឡើង ទៅ​ជា‌មួយ​គេ​ចុះ។ ប៉ុន្តែ ត្រូវ​ធ្វើ​តែ​អ្វី​ដែល​យើង​បង្គាប់​អ្នក​ឲ្យ​ធ្វើ​ប៉ុណ្ណោះ»។ ដូច្នេះ បាឡាម​ក្រោក​ឡើង​ពី​ព្រលឹម បំពាក់​កែប​លើ​លា​របស់​ខ្លួន រួច​ចេញ​ទៅ​ជា‌មួយ​មន្រ្ដី​សាសន៍​ម៉ូអាប់។ ប៉ុន្ដែ សេចក្ដី‌ក្រោធ​របស់​ព្រះ​ក៏​ឆួល​ឡើង ព្រោះ​គាត់​ចេញ​ទៅ​ដូច្នេះ ហើយ​ទេវតា​របស់​ព្រះ‌យេហូវ៉ា​ក៏​មក​ឈរ​រាំង​ផ្លូវ ធ្វើ​ជា​សត្រូវ​ទាស់​នឹង​គាត់។ ពេល​នោះ គាត់​កំពុង​ជិះ​នៅ​លើ​លា ទាំង​មាន​អ្នក​បម្រើ​របស់​គាត់​ពីរ​នាក់​ទៅ​ជា​មួយ។ លា​បាន​ឃើញ​ទេវតា​របស់​ព្រះ‌យេហូវ៉ា​ឈរ​រាំង​ផ្លូវ ទាំង​មាន​ដាវ​ហូត​ជា​ស្រេច​កាន់​នឹង​ដៃ។ ដូច្នេះ លា​ក៏​ងាក​ចេញ​ពី​ផ្លូវ ហើយ​ចូល​ទៅ​ក្នុង​ចម្ការ តែ​បាឡាម​វាយ​លា​ឲ្យ​ដើរ​ចូល​មក​តាម​ផ្លូវ​វិញ។ ពេល​នោះ ទេវតា​របស់​ព្រះ‌យេហូវ៉ា​ក៏​ឈរ​នៅ​ច្រក​ផ្លូវ​មួយ នៅ​កណ្ដាល​ចម្ការ​ទំពាំង‌បាយ‌ជូរ ដែល​មាន​របង​នៅ​សង​ខាង។ កាល​លា​ឃើញ​ទេវតា​របស់​ព្រះ‌យេហូវ៉ា វា​ក៏​ចូល​ទៅ​អែប​នឹង​របង ហើយ​គាប​ជើង​បាឡាម​ទៅ​នឹង​របង ដូច្នេះ គាត់​វាយ​វា​ម្តង​ទៀត។ បន្ទាប់​មក ទេវតា​របស់​ព្រះ‌យេហូវ៉ា​ក៏​ទៅ​មុខ​បន្តិច ហើយ​ឈរ​នៅ​កន្លែង​ចង្អៀត​មួយ ដែល​គ្មាន​ផ្លូវ​ងាក​ទៅ​ស្តាំ ឬ​ទៅ​ឆ្វេង​បាន​ឡើយ។ កាល​លា​ឃើញ​ទេវតា​របស់​ព្រះ‌យេហូវ៉ា វា​ក៏​លុត​ជង្គង់​ក្រាប​ចុះ​ទាំង​បាឡាម​នៅ​លើ​ខ្នង ហើយ​កំហឹង​របស់​បាឡាម​ក៏​ឆួល​ឡើង រួច​គាត់​វាយ​លា​នឹង​ឈើ​ច្រត់។ ពេល​នោះ ព្រះ‌យេហូវ៉ា​បើក​មាត់​លា ហើយ​វា​ក៏​និយាយ​ទៅ​បាឡាម​ថា៖ «តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ដល់​លោក បាន​ជា​លោក​វាយ​ខ្ញុំ​ដល់​ទៅ​បី​ដង​ដូច្នេះ?» បាឡាម​ពោល​ទៅ​កាន់​លា​ថា៖ «ព្រោះ​ឯង​មើល​ងាយ​អញ! ប្រសិន‌បើ​អញ​មាន​ដាវ​នៅ​នឹង​ដៃ នោះ​អញ​នឹង​សម្លាប់​ឯង​ចោល​មិន​ខាន!»។ ប៉ុន្តែ លា​តប​ទៅ​បាឡាម​ថា៖ «តើ​ខ្ញុំ​មិន​មែន​ជា​លា​របស់​លោក ដែល​លោក​បាន​ជិះ​រហូត​មួយ​ជីវិត​មក​ដល់​ថ្ងៃ​នេះ​ទេ​ឬ? តើ​ខ្ញុំ​ដែល​ធ្លាប់​ធ្វើ​បែប​នេះ​ចំពោះ​លោក​ឬ​ទេ?»។ គាត់​ក៏​ឆ្លើយ​ថា «ទេ»។ ពេល​នោះ ព្រះ‌យេហូវ៉ា​បើក​ភ្នែក​បាឡាម ហើយ​គាត់​ក៏​ឃើញ​ទេវតា​របស់​ព្រះ‌យេហូវ៉ា​ឈរ​រាំង​ផ្លូវ ទាំង​កាន់​ដាវ​ហូត​ជា​ស្រេច​នៅ​ដៃ រួច​គាត់​ក៏​ក្រាប​ចុះ​មុខ​ដល់​ដី។ ទេវតា​របស់​ព្រះ‌យេហូវ៉ា​ពោល​ទៅ​គាត់​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​វាយ​លា​របស់​លោក​ដល់​ទៅ​បី​ដង​ដូច្នេះ? មើល៍! ខ្ញុំ​បាន​ចេញ​មក​ទាស់​នឹង​លោក ព្រោះ​ចិត្ត​របស់​លោក​រឹង​ចចេស​នៅ​ចំពោះ​មុខ​ខ្ញុំ។ លា​របស់​លោក​បាន​ឃើញ​ខ្ញុំ ហើយ​បាន​ងាក​ចេញ​ពី​ខ្ញុំ​បី​ដង​មក​ហើយ។ ប្រសិន‌បើ​វា​មិន​បាន​បែរ​ចេញ​ពី​ខ្ញុំ​ទេ នោះ​ប្រាកដ​ជា​ខ្ញុំ​សម្លាប់​លោក ហើយ​ទុក​ជីវិត​ឲ្យ​វា​វិញ»។ ពេល​នោះ បាឡាម​ពោល​ទៅ​កាន់​ទេវតា​របស់​ព្រះ‌យេហូវ៉ា​ថា៖ «ខ្ញុំ​ប្របាទ​បាន​ធ្វើ​បាប​ហើយ ដ្បិត​ខ្ញុំ​ប្របាទ​មិន​បាន​ដឹង​ថា​លោក​ម្ចាស់​ឈរ​តាម​ផ្លូវ​ទាស់​នឹង​ខ្ញុំ​ប្របាទ​ទេ។ ដូច្នេះ ប្រសិន‌បើ​ការ​នេះ​ជា​សេចក្ដី​អាក្រក់​នៅ​ចំពោះ​លោក​ម្ចាស់ នោះ​ខ្ញុំ​ប្របាទ​នឹង​ត្រឡប់​ទៅ​វិញ»។ ទេវតា​របស់​ព្រះ‌យេហូវ៉ា​ពោល​ទៅ​កាន់​បាឡាម​ថា៖ «ចូរ​ទៅ​ជា‌មួយ​អ្នក​ទាំង​នេះ​ចុះ ប៉ុន្តែ ត្រូវ​និយាយ​តែ​ពាក្យ​ណា​ដែល​ខ្ញុំ​ប្រាប់​អ្នក​ប៉ុណ្ណោះ»។ ដូច្នេះ បាឡាម​ក៏​បន្ដ​ដំណើរ​ជា‌មួយ​ពួក​មន្រ្តី​របស់​បាឡាក​ទៅ។ កាល​បាឡាក​ឮ​ថា បាឡាម​មក​ដល់​ហើយ ស្ដេច​ក៏​ចេញ​ទៅ​ជួប​គាត់​នៅ​ទី​ក្រុង​របស់​ស្រុក​ម៉ូអាប់ ដែល​នៅ​មាត់​ស្ទឹង​អើណូន ត្រង់​ចំណុច​មួយ​ក្បែរ​ជាយ​ដែន។ បាឡាក​មាន​រាជ‌ឱង្ការ​ទៅ​កាន់​បាឡាម​ថា៖ «តើ​យើង​មិន​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក​មក​ទេ​ឬ? ហេតុ​អ្វី​បាន​ជា​លោក​មិន​បាន​មក​ជួប​យើង? តើ​យើង​មិន​អាច​លើក​កិត្តិយស​លោក​បាន​ទេ​ឬ?» បាឡាម​ទូល​ទៅ​បាឡាក​ថា៖ «មើល៍ ទូល‌បង្គំ​បាន​មក​គាល់​ព្រះករុណា​ហើយ តែ​ឥឡូវ​នេះ តើ​ទូល‌បង្គំ​មាន​អំណាច​នឹង​និយាយ​អ្វី​បាន? ពាក្យ​ណា​ដែល​ព្រះ‌ទ្រង់​ដាក់​នៅ​ក្នុង​មាត់​ទូល‌បង្គំ ពាក្យ​នោះ​ហើយ​ដែល​ទូលបង្គំ​ត្រូវ​តែ​និយាយ»។ ពេល​នោះ បាឡាម​ក៏​ទៅ​ជា‌មួយ​បាឡាក ហើយ​បាន​ទៅ​ដល់​ក្រុង​គារយ៉ាត់-ហាសូត។ បាឡាក​បាន​ថ្វាយ​គោ និង​ចៀម​ជា​យញ្ញ‌បូជា ហើយ​ផ្ញើ​ទៅ​ឲ្យ​បាឡាម និង​ទៅ​ឲ្យ​ពួក​មន្ត្រី​ដែល​នៅ​ជា‌មួយ​គាត់។ នៅ​ថ្ងៃ​បន្ទាប់ បាឡាក​បាន​នាំ​បាឡាម​ឡើង​ទៅ​បាម៉ុត-បាល ហើយ​នៅ​កន្លែង​នោះ គាត់​អាច​ឃើញ​ប្រជាជន​អ៊ីស្រា‌អែល មួយ​ភាគ។

អាន ជន‌គណនា 22