ជន‌គណនា 24

24
ពាក្យ​ទំនាយ​លើក​ទីបី​របស់​លោក​បាឡាម
1កាល​បាឡាម​បាន​ឃើញ​ថា ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ឲ្យ​ពរ​ដល់​សាសន៍​អ៊ីស្រា‌អែល គាត់​មិន​បាន​ចេញ​ទៅ​ស្វែង​រក​មន្ត​អាគម​ដូច​មុន​ទៀត​ឡើយ គឺ​គាត់​បែរ​មុខ​ទៅ​រក​ទី​រហោ‌ស្ថាន​វិញ។ 2បាឡាម​ងើប​មុខ​ឡើង ឃើញ​សាសន៍​អ៊ីស្រា‌អែល​បោះ​ជំរំ​តាម​កុល‌សម្ព័ន្ធ​របស់​គេ​រៀងៗ​ខ្លួន។ ពេល​នោះ ព្រះ‌វិញ្ញាណ​របស់​ព្រះ​ក៏​យាង​មក​សណ្ឋិត​លើ​គាត់ 3ហើយ​គាត់​ក៏​បញ្ចេញ​ព្រះ‌បន្ទូល​ដោយ​ពាក្យ​ថា៖ «នេះ​ជា​ពាក្យ​របស់​បាឡាម កូន​របស់​បេអ៊រ ជា​ពាក្យ​របស់​មនុស្ស​ដែល​មើល​ឃើញ​ច្បាស់ 4ជា​ពាក្យ​របស់​មនុស្ស​ដែល​ឮ​ព្រះ‌បន្ទូល​របស់​ព្រះ ជា​អ្នក​ដែល​ឃើញ​និមិត្ត​ពី​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ទាំង​ក្រាប​ចុះ តែ​ភ្នែក​របស់​ខ្លួន​មើល​ឃើញ​ច្បាស់។ 5ឱ​យ៉ាកុប​អើយ ជំរំ​របស់​អ្នក​ល្អ​ណាស់! ឱ​អ៊ីស្រា‌អែល​អើយ ទី​លំនៅ​របស់​អ្នក 6ប្រៀប​ដូច​ជា​ដើម​លម៉ើ ដែល​ដុះ​ផ្ដុំ​គ្នា ហើយ​លាត​សន្ធឹង​យ៉ាង​វែង ដូច​សួន​ច្បារ​នៅ​មាត់​ទន្លេ ដូច​ដើម​ក្រឹស្នា​ដែល​ព្រះ‌យេហូវ៉ា​បាន​ដាំ ដូច​ជា​ដើម​តាត្រៅ​នៅ​មាត់​ទឹក។ 7ទឹក​នឹង​ហៀរ‌ហូរ​ពី​ធុង​របស់​គេ ហើយ​ពូជ​របស់​គេ​នឹង​ចម្រើន​ផល​ឡើង​ព្រោះ​មាន​ទឹក​ច្រើន ស្តេច​របស់​គេ​នឹង​បាន​ខ្ពស់​ជាង​ស្តេច​អ័កាក់ ហើយ​នគរ​របស់​គេ​នឹង​បាន​ថ្កើង​ឡើង។ 8ព្រះ​ដែល​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ព្រះ‌អង្គ​ប្រៀប​ដូច​ជា​ស្នែង​នៃ​សត្វ​រមាស​សម្រាប់​គេ គេ​នឹង​ស៊ី​លេប​សាសន៍​នានា​ដែល​ជា​សត្រូវ​របស់​គេ ក៏​បំបាក់​ឆ្អឹង​ឲ្យ​ខ្ទេច ហើយ​គេ​នឹង​បាញ់​ទម្លុះ​សត្រូវ​ទាំង​នោះ​ដោយ​ព្រួញ​របស់​គេ។ 9គេ​បាន​ក្រាប គេ​ដេក​ដូច​ជា​សិង្ហ​ឈ្មោល ក៏​ដូច​ជា​សិង្ហ​ញី​ផង តើ​អ្នក​ណា​នឹង​ហ៊ាន​ដាស់​គេ​ឡើង? មាន​ពរ​ហើយ អ្នក​ណា​ដែល​ឲ្យ​ពរ​អ្នក តែ​អស់​អ្នក​ណា​ដែល​ដាក់​បណ្ដា‌សា​អ្នក អ្នក​នោះ​ត្រូវ​បណ្ដា‌សា​មិន​ខាន»។
10ពេល​នោះ សេចក្ដី‌ក្រោធ​របស់​បាឡាម​ឆួល​ឡើង​ទាស់​នឹង​បាឡាម ហើយ​ស្ដេច​ទះ​ព្រះ‌ហស្ត​សន្ធាប់ ហើយ​មាន​រាជ‌ឱង្ការ​ទៅ​បាឡាម​ថា៖ «យើង​បាន​ហៅ​លោក​មក ដើម្បី​ដាក់​បណ្ដា‌សា​ខ្មាំង‌សត្រូវ​របស់​យើង តែ​មើល៍! លោក​បាន​ឲ្យ​ពរ​ពួកគេ​រហូត​ដល់​ទៅ​បី​ដង​ទៅ​វិញ។ 11ឥឡូវ​នេះ ចូរ​លោក​រត់​ទៅ​កន្លែង​លោក​វិញ​ទៅ! យើង​បាន​គិត​ថា "យើង​នឹង​លើក​លោក​ឲ្យ​មាន​សក្តិ‌យស​ជា​ធំ" តែ​ព្រះ‌យេហូវ៉ា​បាន​ឃាត់​មិន​ឲ្យ​លោក​មាន​សក្តិ‌យស​ទេ»។ 12បាឡាម​ទូល​ទៅ​បាឡាក​ថា៖ «តើ​ទូល‌បង្គំ​មិន​បាន​ប្រាប់​ពួក​អ្នក​នាំ​សារ​ដែល​ព្រះ​ករុណា​បាន​ចាត់​ឲ្យ​ទៅ​ជួប​ទូល‌បង្គំ​ទេ​ឬ​ថា 13"ទោះ​ជា​ព្រះ‌បាទ​បាឡាក​ប្រទាន​ដំណាក់​របស់​ទ្រង់​មក​ខ្ញុំ មាន​ពេញ​ដោយ​មាស និង​ប្រាក់​ក៏​ដោយ ក៏​ខ្ញុំ​ពុំ​អាច​រំលង​បង្គាប់​ព្រះ‌យេហូវ៉ា ដើម្បី​ធ្វើ​អំពើ​ល្អ ឬ​អាក្រក់​តាម​ចិត្ត​ទៅ​បាន​ឡើយ។ សេចក្ដី​ណា​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល នោះ​ខ្ញុំ​នឹង​ថ្លែង​តែ​សេចក្ដី​នោះ​ឯង"? 14ឥឡូវ​នេះ មើល៍ ទូល‌បង្គំ​នឹង​ទៅ​ជួប​ប្រជាជន​របស់​ទូល‌បង្គំ​វិញ។ សូម​យាង​មក​នេះ ទូល‌បង្គំ​សូម​ទូល​ថ្វាយ​ព្រះ‌ករុណា អំពី​ការ​ដែល​ប្រជាជន​នេះ​នឹង​ធ្វើ​ចំពោះ​ប្រជាជន​របស់​ព្រះករុណា នៅ​ពេល​ខាង​មុខ»។
ពាក្យ​ទំនាយ​លើក​ទីបួន​របស់​លោក​បាឡាម
15ដូច្នេះ គាត់​ក៏​បញ្ចេញ​ព្រះ‌បន្ទូល​ដោយ​ពាក្យ​ថា៖ «នេះ​ជា​ពាក្យ​របស់​បាឡាម កូន​របស់​បេអ៊រ ជា​ពាក្យ​របស់​មនុស្ស​ដែល​មើល​ឃើញ​ច្បាស់ 16ជា​ពាក្យ​របស់​មនុស្ស​ដែល​ឮ​ព្រះ‌បន្ទូល​របស់​ព្រះ ហើយ​ស្គាល់​តម្រិះ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត ជា​អ្នក​ដែល​ឃើញ​និមិត្ត​ពី​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ទាំង​ក្រាប​ចុះ តែ​ភ្នែក​របស់ខ្លួន​មើល​ឃើញ​ច្បាស់។ 17ខ្ញុំ​ឃើញ​ព្រះ‌អង្គ តែ​មិន​មែន​ក្នុង​ឥឡូវ​នេះ​ទេ ខ្ញុំ​សម្លឹង​មើល​ព្រះ‌អង្គ តែ​មិន​មែន​នៅ​ជិត​ទេ។ មាន​ផ្កាយ​មួយ​ចេញ​ពី​យ៉ាកុប ហើយ​មាន​ដំបង​រាជ្យ​មួយ​កើត​ពី​អ៊ីស្រា‌អែល។ ដំបង​នោះ​នឹង​វាយ​បំបែក​ថ្ងាស របស់​ម៉ូអាប់ ហើយ​វាយ​បំបាក់​អស់​ទាំង​កូន​ចៅ​របស់​សេត។ 18អេដុម​នឹង​ត្រឡប់​ទៅ​ជា​កេរ‌អាករ​របស់​គេ ស្រុក​សៀរ​ដែល​ជា​ខ្មាំង‌សត្រូវ​របស់​គេ នឹង​ត្រឡប់​ទៅ​ជា​របស់​គេ ហើយ​អ៊ីស្រា‌អែល​នឹង​មាន​កម្លាំង​យ៉ាង​ខ្លាំង។ 19ម្នាក់​ដែល​កើត​ចេញ​ពី​យ៉ាកុប​នឹង​គ្រប់​គ្រង ហើយ​បំផ្លាញ​ពួក​អ្នក​ដែល​នៅ​សល់​ក្នុង​ក្រុង​ឲ្យ​អស់»។
20បន្ទាប់​មក គាត់​មើល​ទៅ​សាសន៍​អាម៉ា‌ឡេក ហើយ​បញ្ចេញ​ព្រះ‌បន្ទូល ដោយ​ពាក្យ​ថា៖ «អាម៉ា‌ឡេក​ជា​សាសន៍​ទីមួយ​ក្នុង​ចំណោម​សាសន៍​ទាំង​ឡាយ តែ​ចុង​បំផុត​របស់​គេ​នឹង​ត្រូវ​វិនាស​ទៅ»។
21បន្ទាប់​មក​ទៀត គាត់​ក្រឡេក​មើល​ទៅ​សាសន៍​កែន រួច​ក៏​បញ្ចេញ​ព្រះ‌បន្ទូល ដោយ​ពាក្យ​ថា៖ «ទី​លំនៅ​របស់​អ្នក​មាំ​ណាស់ អ្នក​ធ្វើ​សម្បុក​នៅ​លើ​ថ្មដា»។ 22ប៉ុន្តែ សាសន៍​កែន​នឹង​ត្រូវ​ភ្លើង​ឆេះ ហើយ​សាសន៍​អាស‌ស៊ើរ​នឹង​នាំ​អ្នក​ទៅ​ជា​ឈ្លើយ។
23គាត់​បញ្ចេញ​ព្រះ‌បន្ទូល​ទៀត ដោយ​ពាក្យ​ថា៖ «ឱ​គួរ​អនិច្ចា​ណាស់​ហ្ន៎ តើ​អ្នក​ណា​នឹង​រស់​នៅ​បាន ពេល​ព្រះ‌ទ្រង់​ធ្វើ​ការ​នេះ? 24តែ​នឹង​មាន​នាវា​មក​ពី​ស្រុក​គីទីម គេ​នឹង​ជាន់​ឈ្លី​សាសន៍​អាស‌ស៊ើរ និង​សាសន៍​ហេប៊ើរ ហើយ​គេ​ក៏​នឹង​ត្រូវ​វិនាស​ទៅ​ដែរ»។ 25បន្ទាប់​មក បាឡាម​ក្រោក​ឡើង ហើយ​ត្រឡប់​ទៅ​កន្លែង​របស់​គាត់​វិញ ឯ​បាឡាក​ក៏​ចេញ​តាម​ផ្លូវ​របស់​ទ្រង់​ទៅ​ដែរ។

ទើបបានជ្រើសរើសហើយ៖

ជន‌គណនា 24: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល