ជន‌គណនា 28

28
តង្វាយ​ប្រចាំ​ថ្ងៃ
1ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 2«ចូរ​បង្គាប់​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ប្រាប់​គេ​ថា "នៅ​វេលា​កំណត់ អ្នក​រាល់​គ្នា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ថ្វាយ​ដល់​យើង គឺ​តង្វាយ​របស់​យើង អាហារ​របស់​យើង ដែល​សម្រាប់​ជា​តង្វាយ​ដុត ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​យើង"។ 3អ្នក​ត្រូវ​ប្រាប់​គេ​ថា នេះ​ជា​តង្វាយ​ចម្អិន ដែល​អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា គឺ​រាល់​ថ្ងៃ ត្រូវ​ថ្វាយ​ចៀម​ឈ្មោល​ឥត​ខ្ចោះ​អាយុ​មួយ​ខួប ចំនួន​ពីរ ជា​តង្វាយ​ដែល​ត្រូវ​ថ្វាយ​ជា​ប្រចាំ។ 4កូន​ចៀម​មួយ ត្រូវ​ថ្វាយ​នៅ​ពេល​ព្រឹក ហើយ​មួយ​ទៀត​នៅ​ពេល​ល្ងាច 5ព្រម​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត​មួយ​ខ្ញឹង លាយ​ជា‌មួយ​ប្រេង​យ៉ាង​សម្រាំង​ពីរ​កំប៉ុង ទុក​ជា​តង្វាយ​ម្សៅ។ 6នេះ​ជា​តង្វាយ​ដុត​ជា​ប្រចាំ ដែល​បាន​តម្រូវ​ឲ្យ​ថ្វាយ​នៅ​ភ្នំ​ស៊ី‌ណាយ ជា​តង្វាយ​ចម្អិន សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។ 7ត្រូវ​ថ្វាយ​តង្វាយ​ច្រួច​ពីរ​កំប៉ុង​សម្រាប់​កូន​ចៀម​មួយ ត្រូវ​ច្រួច​ថ្វាយ​ជា​ស្រា​ទំពាំង‌បាយ‌ជូរ​សុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​នៅ​ក្នុង​ទី​បរិសុទ្ធ។ 8កូន​ចៀម​មួយ​ទៀត ត្រូវ​ថ្វាយ​នៅ​ពេល​ល្ងាច ជាមួយ​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច ដូច​នៅ​ពេល​ព្រឹក​ដែរ។ អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​តង្វាយ ទុក​ជា​តង្វាយ​ចម្អិន សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។
តង្វាយ​នៅ​ថ្ងៃ​សប្ប័ទ
9នៅ​ថ្ងៃ​សប្ប័ទ អ្នក​ត្រូវ​ថ្វាយ​កូន​ចៀម​ឈ្មោល​ល្អ​ឥត​ខ្ចោះ​អាយុ​មួយ​ខួប ចំនួន​ពីរ ព្រម​ទាំង​តង្វាយ​ម្សៅ​យ៉ាង​ម៉ដ្ត​ពីរ​ខ្ញឹង លាយ​ជា‌មួយ​ប្រេង និង​តង្វាយ​ច្រួច 10នេះ​ជា​តង្វាយ​ដុត​ដែល​ត្រូវ​ថ្វាយ​រាល់​ថ្ងៃ​សប្ប័ទ បន្ថែម​ពី​លើ​តង្វាយ​ដុត​ដែល​ត្រូវ​ថ្វាយ​ជា​ប្រចាំ រួម​ទាំង​តង្វាយ​ច្រួច។
តង្វាយ​ប្រចាំ​ខែ
11នៅ​រាល់​ដើម​ខែ អ្នក​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា គឺ​កូន​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​មួយ កូន​ចៀម​ឈ្មោល​ល្អ​ឥត​ខ្ចោះ​អាយុ​មួយ​ខួប ចំនួន​ប្រាំពីរ 12ព្រម​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត​បី​ខ្ញឹង លាយ​ជា‌មួយ​ប្រេង ទុក​ជា​តង្វាយ​ម្សៅ ដែល​ថ្វាយ​ជា‌មួយ​គោ​នីមួយៗ ហើយ​ម្សៅ​យ៉ាង​ម៉ដ្ត​ពីរ​ខ្ញឹង លាយ​ជា‌មួយ​ប្រេង ទុក​ជា​តង្វាយ​ម្សៅ ដែល​ថ្វាយ​ជា‌មួយ​ចៀម​ឈ្មោល​មួយ​នោះ 13ហើយ​ម្សៅ​យ៉ាង​ម៉ដ្ត​មួយ​ខ្ញឹង លាយ​ជា‌មួយ​ប្រេង ទុក​ជា​តង្វាយ​ម្សៅ​ដែល​ថ្វាយ​ជា‌មួយ​កូន​ចៀម​នីមួយៗ។ នេះ​ជា​តង្វាយ​ចម្អិន សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។ 14តង្វាយ​ច្រួច គឺ​ជា​ស្រា​ទំពាំង‌បាយ‌ជូរ​បួន​កំប៉ុង សម្រាប់​គោ​មួយ និង​បី​កំប៉ុង​សម្រាប់​ចៀម​ឈ្មោល​មួយ ហើយ​ពីរ​កំប៉ុង​សម្រាប់​កូន​ចៀម​មួយ។ នេះ​ជា​តង្វាយ​ដែល​ត្រូវ​ដុត​ថ្វាយ​រៀង​រាល់​ខែ​ក្នុង​មួយ​ឆ្នាំៗ។ 15ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ដល់​ព្រះ‌យេហូវ៉ា​ទុក​ជា​តង្វាយ​លោះ​បាប ថែម​ពី​លើ​តង្វាយ​ដែល​តែង​ដុត​ថ្វាយ​ជា​ប្រចាំ រួម​ទាំង​តង្វាយ​ច្រួច។
តង្វាយ​នៅ​ក្នុង​ពិធី​បុណ្យ​រំលង
16នៅ​ថ្ងៃ​ទី​ដប់បួន​ក្នុង​ខែ​ទីមួយ ជា​ថ្ងៃ​បុណ្យ​រំលង​របស់​ព្រះ‌យេហូវ៉ា 17ហើយ​នៅ​ថ្ងៃ​ទី​ដប់​ប្រាំ​ក្នុង​ខែ​នោះ គឺ​ជា​ថ្ងៃ​បុណ្យ។ អ្នក​រាល់​គ្នា​ត្រូវ​បរិ‌ភោគ​នំបុ័ង​ឥត​ដំបែ​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។ 18នៅ​ថ្ងៃ​ដំបូង ត្រូវ​តែ​ជា​ថ្ងៃ​ជួប​ប្រជុំ​បរិសុទ្ធ។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​អ្វី​ឡើយ។ 19អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​តង្វាយ​ចម្អិន ជា​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា គឺ​កូន​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​មួយ កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ចំនួន​ប្រាំពីរ ដែល​ត្រូវ​តែ​ជា​សត្វ​ល្អ​ឥត​ខ្ចោះ។ 20ត្រូវ​ថ្វាយ​តង្វាយ​ម្សៅ គឺ​ជា​ម្សៅ​យ៉ាង​ម៉ដ្ត​បី​ខ្ញឹង លាយ​ជា‌មួយ​ប្រេង សម្រាប់​គោ​មួយ ហើយ​ពីរ​ខ្ញឹង​សម្រាប់​ចៀម​ឈ្មោល​មួយ 21និង​មួយ​ខ្ញឹង​សម្រាប់​កូន​ចៀម​នីមួយៗ ក្នុង​ចំណោម​កូន​ចៀម​ទាំង​ប្រាំពីរ។ 22ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​សម្រាប់​ជា​តង្វាយ​លោះ​បាប ដើម្បី​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​អ្នក​រាល់​គ្នា។ 23អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​តង្វាយ​ទាំង​នេះ បន្ថែម​ពី​លើ​តង្វាយ​ដុត​នៅ​ពេល​ព្រឹក ជា​តង្វាយ​ដែល​តែង​ថ្វាយ​ជា​ប្រចាំ។ 24រាល់​ថ្ងៃ អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​តាម​របៀប​ដូច​គ្នា​នេះ ក្នុង​រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ គឺ​ព្រះ‌ស្ងោយ​ជា​តង្វាយ​ចម្អិន ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។ នេះ​ត្រូវ​ថ្វាយ​ថែម​ពី​លើ​តង្វាយ​ដុត ដែល​តែង​ថ្វាយ​ជា​ប្រចាំ រួម​ទាំង​តង្វាយ​ច្រួច។ 25លុះ​ដល់​ថ្ងៃ​ទី​ប្រាំពីរ អ្នក​រាល់​គ្នា​ត្រូវ​មាន​ការ​ជួប​ប្រជុំ​បរិសុទ្ធ មិន​ត្រូវ​ឲ្យ​ធ្វើ​ការ​រក‌ស៊ី​អ្វី​ឡើយ។
តង្វាយ​សម្រាប់​បុណ្យ​អាទិត្យ​ទី​ប្រាំពីរ
26នៅ​ថ្ងៃ​បុណ្យ​ផល​ដំបូង ពេល​អ្នក​រាល់​គ្នា​ថ្វាយ​តង្វាយ​ម្សៅ​ថ្មី​ដល់​ព្រះ‌យេហូវ៉ា ក្នុង​វេលា​បុណ្យ​អាទិត្យ​ទី​ប្រាំពីរ ត្រូវ​មាន​ការ​ជួប​ប្រជុំ​បរិសុទ្ធ មិន​ត្រូវ​ឲ្យ​ធ្វើ​ការ​រក​ស៊ី​អ្វី​ឡើយ 27ត្រូវ​ថ្វាយ​តង្វាយ​ដុត សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា គឺ​កូន​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ចំនួន​ប្រាំ​ពីរ។ 28ត្រូវ​ថ្វាយ​តង្វាយ​ម្សៅ គឺ​ជា​ម្សៅ​យ៉ាង​ម៉ដ្ត​បី​ខ្ញឹង លាយ​ជា‌មួយ​ប្រេង សម្រាប់​គោ​ឈ្មោល​នីមួយៗ ពីរ​ខ្ញឹង​សម្រាប់​ចៀម​ឈ្មោល​មួយ 29និង​មួយ​ខ្ញឹង​សម្រាប់​កូន​ចៀម​នីមួយៗ ក្នុង​ចំណោម​កូន​ចៀម​ទាំង​ប្រាំពីរ 30ព្រម​ទាំង​ពពែ​ឈ្មោល​មួយ ដើម្បី​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​អ្នក​រាល់​គ្នា។ 31បន្ថែម​ពី​លើ​តង្វាយ​ដុត ដែល​តែង​ថ្វាយ​ជា​ប្រចាំ​ជា‌មួយ​តង្វាយ​ម្សៅ អ្នក​ត្រូវ​ថ្វាយ​តង្វាយ​ទាំង​នោះ រួម​ទាំង​តង្វាយ​ច្រួច​ផង។ សត្វ​ទាំង​នោះ​ត្រូវ​តែ​ល្អ​ឥត​ខ្ចោះ។

ទើបបានជ្រើសរើសហើយ៖

ជន‌គណនា 28: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល