ជន‌គណនា 32

32
ជ័យ​ជម្នះ និង​ការ​បែង​ចែក​ទឹក​ដី​ដែល​ច្បាំង​យក​បាន​នៅ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់
1ឥឡូវ​នេះ កូន​ចៅ​រូបេន និង​កូន​ចៅ​កាដ មាន​ហ្វូង​សត្វ​ច្រើន​សម្បើម​ណាស់។ កាល​គេ​ឃើញ​ថា ស្រុក​យ៉ាស៊ើរ និង​ស្រុក​កាឡាដ ជា​កន្លែង​ល្អ​សម្រាប់​ហ្វូង​សត្វ 2នោះ​កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន​ក៏​មក​ជម្រាប​លោក​ម៉ូសេ និង​សង្ឃ​អេលាសារ ព្រម​ទាំង​ពួក​មេ​ដឹកនាំ​ក្រុម​ជំនុំ​ថា៖ 3«ក្រុង​អាថារ៉ូត ឌីបូន យ៉ាស៊ើ នីមរ៉ា ហែសបូន អេលាលេ សេបាម នេបូរ និង​បេអុន 4ជា​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្រ្កាប នៅ​ចំពោះ​ក្រុម​ជំនុំ​នៃ​សាសន៍​អ៊ីស្រា‌អែល ជា​ស្រុក​មួយ​ល្អ​សម្រាប់​ហ្វូង​សត្វ ហើយ​អ្នក​បម្រើ​របស់​លោក​មាន​ហ្វូង​សត្វ​ហើយ»។ 5ពួកគេ​និយាយ​ថា៖ «ប្រសិន‌បើ​យើង​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​នៅ​ចំពោះ​លោក នោះ​សូម​ប្រគល់​ស្រុក​នេះ​ឲ្យ​អ្នក​បម្រើ​របស់​លោក​បាន​ជា​កេរ‌អាករ​ផង សូម​កុំ​នាំ​យើង​ខ្ញុំ​ឆ្លង​ទន្លេ​យ័រ‌ដាន់​ឡើយ»។
6លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន​ថា៖ «តើ​ត្រូវ​ឲ្យ​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​ទៅ​ច្បាំង ហើយ​អ្នក​រាល់​គ្នា​អង្គុយ​សម្ងំ​នៅ​ទី​នេះ​ឬ? 7ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​បាក់​ទឹក​ចិត្ត មិន​ឲ្យ​គេ​ឆ្លង​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ដល់​ពួកគេ​ដូច្នេះ? 8ពួក​ឪពុក​របស់​អ្នក​រាល់​គ្នា​បាន​ធ្វើ​ដូច្នេះ​ឯង នៅ​ពេល​ដែល​ខ្ញុំ​បាន​ចាត់​គេ​ពី​កាដេស-បារនា ឲ្យ​ទៅ​សង្កេត​មើល​ស្រុក​នោះ។ 9ដ្បិត​កាល​គេ​បាន​ឡើង​ទៅ​ដល់ជ្រលង​ភ្នំ​អែស‌កុល​ឃើញ​ស្រុក​នោះ​ហើយ គេ​បាន​ធ្វើ​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​បាក់​ទឹក​ចិត្ត មិន​ឲ្យ​គេ​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ដល់​គេ។ 10នៅ​ថ្ងៃ​នោះ សេចក្ដី‌ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​បាន​ឆួល​ឡើង ហើយ​ព្រះ‌អង្គ​ក៏​ស្បថ​ថា 11"មនុស្ស​ដែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ នោះ​គ្មាន​អ្នក​ណា​ម្នាក់​នឹង​ឃើញ​ស្រុក​ដែល​យើង​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប នោះ​ឡើយ ព្រោះ​គេ​មិន​បាន​ប្រព្រឹត្ត​តាម​យើង​គ្រប់​ជំពូក 12មាន​តែ​កាលែប ជា​កូន​របស់​យេភូនេ ក្នុង​ពូជ​កេណាស និង​យ៉ូស្វេ ជា​កូន​របស់​នុន​ប៉ុណ្ណោះ ព្រោះ​គេ​បាន​ប្រព្រឹត្ត​តាម​យើង​គ្រប់​ជំពូក"។ 13ដូច្នេះ សេចក្ដី‌ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​ក៏​ឆួល​ឡើង​ទាស់​នឹង​សាសន៍​អ៊ីស្រា‌អែល ហើយ​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​គេ​ដើរ​វិលវល់​ក្នុង​ទី​រហោ‌ស្ថាន អស់​រយៈ​ពេល​សែសិប​ឆ្នាំ រហូត​ទាល់​តែ​ជំនាន់​មនុស្ស ដែល​បាន​ប្រព្រឹត្ត​អាក្រក់​នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​នោះ បាន​វិនាស​អស់។ 14ឥឡូវនេះ មើល៍! អ្នក​រាល់​គ្នា​ជា​ពូជ​របស់​មនុស្ស​បាប បាន​ងើប​ឡើង ហើយ​ចង់​ធ្វើ​តាម​ឪពុក​របស់​អ្នក​រាល់​គ្នា ដើម្បី​បង្កើន​សេចក្ដី‌ខ្ញាល់​ដ៏​សហ័ស​របស់​ព្រះ‌យេហូវ៉ា ទាស់​នឹង​សាសន៍​អ៊ីស្រា‌អែល ឲ្យ​កាន់​តែ​ក្តៅ​ឡើង​ថែម​ទៀត! 15ដ្បិត​បើ​អ្នក​រាល់​គ្នា​បែរ​ចេញ​មិន​ព្រម​ធ្វើ​តាម​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​នឹង​ទុក​គេ​ចោល​ឲ្យ​នៅ​ក្នុង​ទី​រហោ‌ស្ថាន​ត​ទៅ​ទៀត ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ឲ្យ​ប្រជាជន​ទាំង​អស់​នេះ​ត្រូវ​វិនាស»។
16ពេល​នោះ ពួកគេ​ចូល​មក​ជិត ជម្រាប​លោក​ថា៖ «យើង​ខ្ញុំ​នឹង​សង់​ក្រោល​នៅ​ទីនេះ សម្រាប់​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ និង​ទី​ក្រុង​សម្រាប់​កូន​ចៅ​របស់​យើង​ខ្ញុំ 17តែ​យើង​ខ្ញុំ​នឹង​កាន់​អាវុធ​ជា​ទ័ព​ស្រួច នាំ​មុខ​កូន​ចៅ​អ៊ីស្រា‌អែល រហូត​ទាល់​តែ​យើង​បាន​នាំ​ពួកគេ​ចូល​ទៅ​ដល់​ទី​កន្លែង​របស់​ពួកគេ។ ឯ​កូន​ចៅ​របស់​យើង​ខ្ញុំ​នឹង​រស់​នៅ​ក្នុង​ក្រុង​ដែល​មាន​កំផែង​រឹង​មាំ ការពារ​ពី​អ្នក​ស្រុក​នៅ​ទី​នេះ។ 18យើង​ខ្ញុំ​នឹង​មិន​វិល​ត្រឡប់​មក​ផ្ទះ​របស់​យើង​ខ្ញុំ​វិញ​ឡើយ រហូត​ទាល់​តែ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​យក​បាន​មត៌ក​របស់​គេ​រៀងៗ​ខ្លួន។ 19យើង​ខ្ញុំ​នឹង​មិន​ទទួល​មត៌ក​ជា‌មួយ​ពួកគេ នៅ​ត្រើយ​ម្ខាង​ទៀត​នៃ​ទន្លេ​យ័រ‌ដាន់ ឬ​នៅ​ឯ​នាយ​នោះ​ឡើយ ព្រោះ​មត៌ក​របស់​យើង​ខ្ញុំ​បាន​ធ្លាក់​មក​ដល់​យើង​ខ្ញុំ នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រ‌ដាន់​នេះ​ហើយ»។
20ដូច្នេះ លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ប្រសិន‌បើ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ គឺ​ប្រសិន‌បើ​អ្នក​រាល់​គ្នា​កាន់​អាវុធ​ចេញ​ទៅ​ច្បាំង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា 21ហើយ​អ្នក​ទាំង​អស់​គ្នា​ដែល​កាន់​អាវុធ ឆ្លង​ទន្លេ​យ័រ‌ដាន់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រហូត​ទាល់​តែ​ព្រះ‌អង្គ​បាន​បណ្តេញ​ខ្មាំង‌សត្រូវ​ចេញ​ពី​មុខ​ព្រះ‌អង្គ 22ហើយ​ក្រោយ​ពី​បាន​បង្រ្កាប​ស្រុក​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នោះ​អ្នក​រាល់​គ្នា​នឹង​ត្រឡប់​មក​វិញ ហើយ​រួច​ខ្លួន​ពី​ពាក្យ​ដែល​អ្នក​រាល់​គ្នា​បាន​សន្យា​ចំពោះ​ព្រះ‌យេហូវ៉ា និង​ចំពោះ​សាសន៍​អ៊ីស្រា‌អែល ឯ​ស្រុក​នេះ​នឹង​បាន​ជា​កេរ‌អាករ​របស់​អ្នក​រាល់​គ្នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។ 23ប៉ុន្ដែ ប្រសិន‌បើ​អ្នក​រាល់​គ្នា​មិន​ធ្វើ​ដូច្នេះ​ទេ នោះ​អ្នក​រាល់​គ្នា​បាន​ធ្វើ​បាប​ទាស់​នឹង​ព្រះ‌យេហូវ៉ា ហើយ​ត្រូវ​ដឹង​ប្រាកដ​ថា បាប​របស់​អ្នក​រាល់​គ្នា​នឹង​តាម​អ្នក​រាល់​គ្នា​ទាន់​ជា​មិន​ខាន។ 24ចូរ​សង់​ក្រុង​សម្រាប់​កូន​ចៅ​របស់​អ្នក​រាល់​គ្នា និង​ក្រោល​សម្រាប់​ហ្វូង​សត្វ​របស់​អ្នក​រាល់​គ្នា ហើយ​ធ្វើ​តាម​ពាក្យ​ដែល​អ្នក​រាល់​គ្នា​បាន​សន្យា​នោះ​ចុះ!»។ 25ពេល​នោះ កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន​ជម្រាប​លោក​ម៉ូសេ​ថា៖ «អ្នក​បម្រើ​របស់​លោក​នឹង​ធ្វើ​តាម​លោក​ម្ចាស់​បង្គាប់។ 26កូនៗ​របស់​យើង​ខ្ញុំ ប្រពន្ធ​របស់​យើង​ខ្ញុំ ហ្វូង​គោ និង​ហ្វូង​ចៀម​របស់​យើង​ខ្ញុំ​ទាំង​ប៉ុន្មាន នឹង​នៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​កាឡាដ​នេះ 27តែ​អ្នក​បម្រើ​របស់​លោក ដែល​គ្រប់​គ្នា​សុទ្ធ​តែ​កាន់​អាវុធ​សម្រាប់​ច្បាំង នឹង​ឆ្លង​ទៅ​ច្បាំង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា តាម​លោក​ម្ចាស់​បង្គាប់»។
28ដូច្នេះ លោក​ម៉ូសេ​ក៏​បង្គាប់​ដល់​សង្ឃ​អេលាសារ និង​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នុន ព្រម​ទាំង​ពួក​មេ​លើ​វង្សា‌នុវង្ស​នៃ​កុល‌សម្ព័ន្ធ​របស់​កូន​ចៅ​អ៊ីស្រា‌អែល អំពី​ដំណើរ​របស់​គេ។ 29លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​ពួកគេ​ថា៖ «ប្រសិន‌បើ​កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន ឆ្លង​ទន្លេ​យ័រ‌ដាន់​ទៅ​ជា‌មួយ​អ្នក​រាល់​គ្នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​គ្រប់​គ្នា​កាន់​អាវុធ​សម្រាប់​ច្បាំង ហើយ​បាន​បង្រ្កាប​ស្រុក​នោះ​នៅ​មុខ​អ្នក​រាល់​គ្នា នោះ​ត្រូវ​ប្រគល់​ស្រុក​កាឡាដ​នេះ​ឲ្យ​ពួកគេ​ទុក​ជា​កេរ‌អាករ​ចុះ។ 30តែ​ប្រសិន‌បើ​គេ​មិន​កាន់​អាវុធ​ឆ្លង​ទៅ​ជា‌មួយ​អ្នក​រាល់​គ្នា​ទេ នោះ​គេ​ត្រូវ​បាន​កេរ‌អាករ​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ក្នុង​ស្រុក​កាណាន​វិញ»។ 31កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន​ឆ្លើយ​ឡើង​ថា៖ «ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​កាន់​អ្នក​បម្រើ​របស់​លោក​យ៉ាង​ណា យើង​ខ្ញុំ​នឹង​ធ្វើ​តាម​យ៉ាង​នោះ។ 32យើង​ខ្ញុំ​នឹង​ឆ្លង​ទៅ ទាំង​កាន់​អាវុធ​ចូល​ទៅ​ក្នុង​ស្រុក​កាណាន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា តែ​កេរ‌អាករ​ជា​មត៌ក​របស់​យើង​ខ្ញុំ នឹង​នៅ​ឯ​ត្រើយ​ទន្លេ​យ័រ‌ដាន់ ខាង‌អាយ​នេះ​វិញ»។
33លោក​ម៉ូសេ​ក៏​ប្រគល់​នគរ​របស់​ស្ដេច​ស៊ីហុន សាសន៍​អាម៉ូរី និង​នគរ​របស់​ស្ដេច​អុក ស្រុក​បាសាន គឺ​ស្រុក​ទាំង​មូល និង​ទី​ក្រុង​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​នោះ ព្រម​ទាំង​ដែន​ដី​នៅ​ជុំ‌វិញ​ទី​ក្រុង​ទាំង​នោះ ឲ្យ​កូន​ចៅ​កាដ កូន​ចៅ​រូបេន និង​មួយ​ចំហៀង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ ដែល​ជា​ពូជពង្ស​របស់​យ៉ូសែប។ 34កូន​ចៅ​កាដ​ក៏​សង់​ទី​ក្រុង​ឌីបូន អាថារ៉ូត អារ៉ូអ៊ើរ 35អាត្រូត-សូផាន យ៉ាស៊ើរ យ៉ុក‌បិហា 36បេត-នីមរ៉ា និង​បេត-ហារ៉ាន ដែល​សុទ្ធ​តែ​ជា​ទី​ក្រុង​មាន​កំផែង​រឹង​មាំ ព្រម​ទាំង​សង់​ក្រោល​សម្រាប់​ហ្វូង​សត្វ​ដែរ។ 37កូន​ចៅ​រូបេន​សង់​ក្រុង​ហែសបូន អេលាលេ គារយ៉ា-ថែម 38នេបូរ បាល-មេយ៉ូន (ក្រុង​ទាំង​នោះ​គេ​បាន​ប្ដូរ​ឈ្មោះ) និង​ស៊ីបម៉ា។ គេ​បាន​ដាក់​ឈ្មោះ​ថ្មី​ឲ្យ​ក្រុង​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​សង់​ឡើង​វិញ។ 39កូន​ចៅ​របស់​ម៉ាគារ ជា​កូន​ម៉ាណា‌សេ បាន​ចេញ​ទៅ​ស្រុក​កាឡាដ ហើយ​ចាប់​យក​ស្រុក​នោះ ព្រម​ទាំង​បណ្ដេញ​សាសន៍​អាម៉ូរី​ដែល​នៅ​ស្រុក​នោះ​ចេញ។ 40ដូច្នេះ លោក​ម៉ូសេ​បាន​ប្រគល់​ស្រុក​កាឡាដ​ឲ្យ​ម៉ាគារ ជា​កូន​ម៉ាណា‌សេ ហើយ​គាត់​ក៏​តាំង​ទី​លំនៅ​ក្នុង​ស្រុក​នោះ។ 41ឯ​យ៉ាអៀរ​ជា​កូន​របស់​ម៉ាណា‌សេ បាន​ចេញ​ទៅ​វាយ​យក​ភូមិ​នានា​នៅ​ស្រុក​នោះ ហើយ​ដាក់​ឈ្មោះ​ភូមិ​ទាំង​នោះ​ថា ហាវ៉ុត-យ៉ាអៀរ ។ 42ចំណែក​ណូបាស​បាន​ចេញ​ទៅ​វាយ​យក​ក្រុង​កេណាត និង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ ហើយ​ដាក់​ឈ្មោះ​ក្រុង​នោះ​ថា ក្រុង​ណូបាស តាម​ឈ្មោះ​របស់​គាត់។

ទើបបានជ្រើសរើសហើយ៖

ជន‌គណនា 32: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល