ជនគណនា 34
34
ព្រំប្រទល់ស្រុកកាណាន
1ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 2«ចូរបង្គាប់កូនចៅអ៊ីស្រាអែល ហើយប្រាប់គេថា "ពេលអ្នករាល់គ្នាចូលទៅក្នុងស្រុកកាណាន (នេះហើយជាស្រុកដែលត្រូវធ្លាក់មកជាមត៌ករបស់អ្នករាល់គ្នា គឺស្រុកកាណាន ដែលកំណត់ដោយព្រំដែនរបស់ស្រុកនេះ) 3ផ្នែកខាងត្បូងរបស់អ្នករាល់គ្នា ត្រូវចាប់ពីទីរហោស្ថានស៊ីន ជាប់នឹងស្រុកអេដុម។ ព្រំដែនខាងត្បូងរបស់អ្នករាល់គ្នា ត្រូវចាប់ផ្ដើមពីចុងសមុទ្រអំបិលនៅទិសខាងកើត។ 4ព្រំដែនរបស់អ្នករាល់គ្នាត្រូវបត់ទៅខាងត្បូង តាមផ្លូវឡើងទៅអេក្រាប៊ីម ឆ្លងកាត់ស៊ីន ហើយទៅដល់ត្រឹមខាងត្បូងកាដេស-បារនា។ បន្ទាប់មក ត្រូវបន្តទៅហាសា-អាដារហូតដល់អាសម៉ូន។ 5ព្រំដែននេះ ត្រូវបត់ពីអាសម៉ូនទៅរកស្ទឹងស្រុកអេស៊ីព្ទ ហើយផុតត្រឹមសមុទ្រ។
6ព្រំដែនខាងលិច មានសមុទ្រធំ និងឆ្នេរ ហើយសមុទ្រនេះនឹងបានជាព្រំដែនខាងលិចរបស់អ្នករាល់គ្នា។
7ព្រំដែនខាងជើងរបស់អ្នករាល់គ្នា គឺត្រូវកំណត់ចាប់ពីសមុទ្រធំរហូតដល់ភ្នំហោរ 8ពីភ្នំហោរ អ្នករាល់គ្នាត្រូវកំណត់ព្រំដែនដល់ទ្វារស្រុកហាម៉ាត ហើយបន្តត្រឹមសេដាដ។ 9បន្ទាប់មក ព្រំដែននេះត្រូវលាតសន្ធឹងទៅដល់ស៊ីប្រុន រហូតទៅទល់នឹងហាសា-អេណាន។ នេះហើយជាព្រំដែនខាងជើងរបស់អ្នករាល់គ្នា។
10អ្នករាល់គ្នាត្រូវកំណត់ព្រំដែនខាងកើត ចាប់ពីហាសា-អេណានទៅដល់សេផាម 11ហើយព្រំដែននេះ ត្រូវបន្តចុះពីសេផាមទៅដល់រីបឡា ដែលនៅខាងកើតអាយីន រួចចុះទៅដល់ជាយខាងកើតសមុទ្រនេសារ៉ែត។ 12ព្រំដែននេះចុះទៅតាមទន្លេយ័រដាន់ ទៅផុតត្រឹមសមុទ្រអំបិល។ នេះហើយជាព្រំដែនព័ទ្ធជុំវិញស្រុករបស់អ្នករាល់គ្នា"»។
13លោកម៉ូសេបានបង្គាប់កូនចៅអ៊ីស្រាអែលថា៖ «នេះហើយជាស្រុកដែលអ្នករាល់គ្នាត្រូវទទួលទុកជាមត៌ក ដោយចាប់ឆ្នោត ជាស្រុកដែលព្រះយេហូវ៉ាបានបង្គាប់ឲ្យចែកដល់កុលសម្ព័ន្ធទាំងប្រាំបួន និងមួយចំហៀងកុលសម្ព័ន្ធទៀត 14ដ្បិតកុលសម្ព័ន្ធកូនចៅរូបេន តាមវង្សានុវង្សរបស់ឪពុកគេ និងកុលសម្ព័ន្ធកូនចៅកាដ តាមវង្សានុវង្សរបស់ឪពុកគេ បានទទួលមត៌ករបស់គេហើយ ឯកុលសម្ព័ន្ធម៉ាណាសេមួយចំហៀងក៏បានទទួលហើយដែរ។ 15កុលសម្ព័ន្ធទាំងពីរ និងកុលសម្ព័ន្ធមួយចំហៀងទៀតនោះ គេបានទទួលមត៌ករបស់គេនៅត្រើយទន្លេយ័រដាន់ខាងកើត ត្រង់យេរីខូរ គឺខាងទិសថ្ងៃរះ»។
ពួកមេដឹកនាំកុលសម្ព័ន្ធ
16ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 17«ឈ្មោះអ្នកដែលចែកស្រុកឲ្យអ្នករាល់គ្នាទុកជាមត៌ក គឺសង្ឃអេលាសារ និងយ៉ូស្វេជាកូនរបស់នុន។ 18ក្នុងកុលសម្ព័ន្ធនីមួយៗ ត្រូវយកមេដឹកនាំម្នាក់ ដើម្បីបែងចែកស្រុកទុកជាមត៌ក។ 19ឈ្មោះអ្នកទាំងនោះមាន កាលែប ជាកូនរបស់យេភូនេ ពីកុលសម្ព័ន្ធយូដា 20សាំយូអែល ជាកូនរបស់អាំមីហ៊ូត ពីកុលសម្ព័ន្ធស៊ីម្មាន។ 21អេលីដាត ជាកូនរបស់គីស្លូន ពីកុលសម្ព័ន្ធបេនយ៉ាមីន។ 22ប៊ូគី ជាកូនរបស់យុកលី មេដឹកនាំពីកុលសម្ព័ន្ធកូនចៅដាន់។ 23ហានាល ជាកូនរបស់អេផូត មេដឹកនាំរបស់កុលសម្ព័ន្ធនៃកូនចៅម៉ាណាសេ ជាកូនរបស់យ៉ូសែប 24និងកេមយួល ជាកូនរបស់ស៊ីបតាន មេដឹកនាំពីកុលសម្ព័ន្ធនៃកូនចៅអេប្រាអិម។ 25អេលីសាផាន ជាកូនរបស់ប៉ារណាក មេដឹកនាំពីកុលសម្ព័ន្ធនៃកូនចៅសាប់យូឡូន។ 26ប៉ាលទាល ជាកូនរបស់អាស្សាន មេដឹកនាំពីកុលសម្ព័ន្ធនៃកូនចៅអ៊ីសាខារ។ 27អ័ហ៊ីហ៊ូដ ជាកូនរបស់សេឡូមី មេដឹកនាំពីកុលសម្ព័ន្ធនៃកូនចៅអេស៊ើរ។ 28ពេដាហិល ជាកូនរបស់អាំមីហ៊ូដ មេដឹកនាំពីកុលសម្ព័ន្ធនៃកូនចៅណែបថាលី»។ 29នេះហើយជាពួកអ្នកដែលព្រះយេហូវ៉ាបានបង្គាប់ឲ្យចែកស្រុកកាណាន ទុកជាមត៌កដល់កូនចៅអ៊ីស្រាអែល។
ទើបបានជ្រើសរើសហើយ៖
ជនគណនា 34: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies