ជនគណនា 7
7
តង្វាយរបស់ពួកមេដឹកនាំ
1នៅថ្ងៃដែលលោកម៉ូសេបានដំឡើងរោងឧបោសថរួចរាល់ លោកបានលាបប្រេង ញែកចេញជាបរិសុទ្ធ រួមជាមួយប្រដាប់ប្រដាទាំងអស់ ហើយលោកក៏បានលាបប្រេងអាសនា ញែកចេញជាបរិសុទ្ធ រួមជាមួយគ្រឿងរបស់អាសនាទាំងអស់ដែរ។ 2ពួកមេដឹកនាំលើសាសន៍អ៊ីស្រាអែល ពួកមេលើវង្សានុវង្សរបស់ឪពុកគេ ពួកមេដឹកនាំលើកុលសម្ព័ន្ធ ដែលបានគ្រប់គ្រងលើអស់អ្នកដែលបានរាប់ពួកបណ្ដាជន បានថ្វាយតង្វាយ។ 3គេបានយកតង្វាយរបស់ខ្លួនមកថ្វាយព្រះយេហូវ៉ា រទេះមានដំបូលប្រាំមួយ និងគោដប់ពីរ គឺអ្នកដឹកនាំពីរនាក់ថ្វាយរទេះមួយ ហើយម្នាក់ៗថ្វាយគោមួយ។ គេនាំយកតង្វាយទាំងនេះមកថ្វាយនៅមុខរោងឧបោសថ។
4បន្ទាប់មក ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 5«ចូរទទួលតង្វាយទាំងនេះពីពួកគេ ដើម្បីយកទៅប្រើសម្រាប់ការងារនៅក្នុងត្រសាលជំនុំ ហើយត្រូវប្រគល់តង្វាយទាំងនេះឲ្យពួកលេវី តាមការងាររបស់គេរៀងៗខ្លួន»។ 6ដូច្នេះ លោកម៉ូសេក៏ទទួលរទេះ និងគោ ហើយប្រគល់ឲ្យពួកលេវី។ 7លោកឲ្យរទេះពីរ និងគោបួនទៅកូនចៅគើសុន តាមការងាររបស់គេ 8ហើយរទេះបួន និងគោប្រាំបី ទៅកូនចៅម្រ៉ារី តាមការងាររបស់គេ ក្រោមការដឹកនាំអ៊ីថាម៉ារ ជាកូនរបស់សង្ឃអើរ៉ុន។ 9ប៉ុន្តែ លោកមិនបានឲ្យទៅកូនចៅកេហាត់ទេ ព្រោះគេមានភារកិច្ចលីសែងវត្ថុដ៏បរិសុទ្ធនៅលើស្មា។
10ពួកអ្នកដឹកនាំក៏បានថ្វាយតង្វាយសម្រាប់ពិធីឆ្លងអាសនា នៅថ្ងៃលាបប្រេង គឺគេនាំយកតង្វាយរបស់គេមកថ្វាយនៅមុខអាសនា។ 11ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «អ្នកដឹកនាំទាំងនេះត្រូវថ្វាយតង្វាយរបស់គេមួយថ្ងៃម្នាក់ សម្រាប់ពិធីឆ្លងអាសនា»។
12អ្នកដែលបានថ្វាយតង្វាយរបស់ខ្លួននៅថ្ងៃទីមួយ គឺណាសូន ជាកូនរបស់អ័មីណាដាប់ ពីកុលសម្ព័ន្ធយូដា។ 13តង្វាយរបស់គាត់មានថាសប្រាក់មួយ ទម្ងន់មួយរយសាមសិបសេកែល ចានគោមប្រាក់មួយ ទម្ងន់ចិតសិបសេកែល តាមទម្ងន់ដែលប្រើក្នុងទីបរិសុទ្ធ ទាំងពីរដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយជាមួយប្រេងសម្រាប់ជាតង្វាយម្សៅ។ 14កូនចានមាសមួយ ទម្ងន់ដប់សេកែល ដាក់ពេញដោយកំញាន 15គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមឈ្មោលមួយអាយុមួយខួប សម្រាប់ជាតង្វាយដុត 16ពពែឈ្មោលមួយ សម្រាប់ជាតង្វាយលោះបាប 17ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែរឈ្មោលប្រាំ និងកូនចៀមឈ្មោលអាយុមួយខួបប្រាំ សម្រាប់ជាតង្វាយមេត្រី នេះហើយជាតង្វាយរបស់ណាសូន ជាកូនអ័មីណាដាប់។
18នៅថ្ងៃទីពីរ គឺនេថានេល ជាកូនរបស់ស៊ូហារ ជាអ្នកដឹកនាំលើកុលសម្ព័ន្ធអ៊ីសាខារ បានថ្វាយតង្វាយ។ 19លោកបានថ្វាយតង្វាយរបស់លោក ជាថាសប្រាក់មួយទម្ងន់មួយរយសាមសិបតម្លឹង ចានគោមប្រាក់មួយទម្ងន់ចិតសិបតម្លឹង តាមទម្ងន់ប្រើក្នុងទីបរិសុទ្ធ ទាំងពីរដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយជាមួយប្រេង សម្រាប់ជាតង្វាយម្សៅ។ 20កូនចានមាសមួយ ទម្ងន់ដប់តម្លឹង ដាក់ពេញដោយកំញាន 21គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមឈ្មោលអាយុមួយខួបមួយ សម្រាប់ជាតង្វាយដុត 22ពពែឈ្មោលមួយ សម្រាប់ជាតង្វាយលោះបាប 23ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោលអាយុមួយខួបប្រាំ សម្រាប់ជាតង្វាយមេត្រី។ នេះហើយជាតង្វាយរបស់នេថានេល ជាកូនរបស់ស៊ូហារ។
24នៅថ្ងៃទីបី គឺអេលាប ជាកូនរបស់ហេឡូន ជាមេដឹកនាំលើកូនចៅសាប់យូឡូន។ 25តង្វាយរបស់លោកមានថាសប្រាក់មួយ ទម្ងន់មួយរយសាមសិបតម្លឹង ចានគោមប្រាក់មួយ ទម្ងន់ចិតសិបតម្លឹង តាមទម្ងន់ដែលប្រើក្នុងទីបរិសុទ្ធ ទាំងពីរដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយជាមួយប្រេងសម្រាប់ជាតង្វាយម្សៅ។ 26កូនចានមាសមួយ ទម្ងន់ដប់តម្លឹង ដាក់ពេញដោយកំញាន 27គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមឈ្មោលអាយុមួយខួបមួយ សម្រាប់ជាតង្វាយដុត 28ពពែឈ្មោលមួយ សម្រាប់ជាតង្វាយលោះបាប 29ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោល អាយុមួយខួបប្រាំ សម្រាប់ជាតង្វាយមេត្រី។ នេះហើយជាតង្វាយរបស់អេលាប ជាកូនរបស់ហេឡូន។
30នៅថ្ងៃទីបួន គឺអេលីស៊ើរ ជាកូនរបស់សេដេអ៊ើរ ជាមេដឹកនាំលើកូនចៅរូបេន។ 31តង្វាយរបស់លោក មានថាសប្រាក់មួយ ទម្ងន់មួយរយសាមសិបសេកែល ចានគោមប្រាក់មួយទម្ងន់ចិតសិបតម្លឹង តាមទម្ងន់ដែលប្រើក្នុងទីបរិសុទ្ធ ទាំងពីរដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយជាមួយប្រេង សម្រាប់ជាតង្វាយម្សៅ។ 32កូនចានមាសមួយ ទម្ងន់ដប់សេកែល ដាក់ពេញដោយកំញាន 33គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមឈ្មោលអាយុមួយខួបមួយ សម្រាប់ជាតង្វាយដុត 34ពពែឈ្មោលមួយ សម្រាប់ជាតង្វាយលោះបាប 35ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោលអាយុមួយខួបប្រាំ សម្រាប់ជាតង្វាយមេត្រី។ នេះហើយជាតង្វាយរបស់អេលីស៊ើរ ជាកូនរបស់សេដេអ៊ើរ។
36នៅថ្ងៃទីប្រាំ គឺស៊្លូមាល ជាកូនរបស់ស៊ូរីសាដាយ ជាមេដឹកនាំលើកូនចៅស៊ីម្មាន។ 37តង្វាយរបស់លោក មានថាសប្រាក់មួយ ទម្ងន់មួយរយសាមសិបសេកែល ចានគោមប្រាក់មួយ ទម្ងន់ចិតសិបសេកែល តាមទម្ងន់ដែលប្រើក្នុងទីបរិសុទ្ធ ទាំងពីរដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយជាមួយប្រេង សម្រាប់ជាតង្វាយម្សៅ។ 38កូនចានមាសមួយ ទម្ងន់ដប់សេកែល ដាក់ពេញដោយកំញាន 39គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមឈ្មោលអាយុមួយខួបមួយ សម្រាប់ជាតង្វាយដុត 40ពពែឈ្មោលមួយ សម្រាប់ជាតង្វាយលោះបាប 41ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោលអាយុមួយខួបប្រាំ សម្រាប់ជាតង្វាយមេត្រី។ នេះហើយជាតង្វាយរបស់ស៊្លូមាល ជាកូនរបស់ស៊ូរីសាដាយ។
42នៅថ្ងៃទីមួយ គឺអេលាសាប ជាកូនរបស់ដេហ៊ូអែល ជាមេដឹកនាំលើកូនចៅកាដ។ 43តង្វាយរបស់លោកមានថាសប្រាក់មួយ ទម្ងន់មួយរយសាមសិបសេកែល តាមទម្ងន់ដែលប្រើក្នុងទីបរិសុទ្ធ ទាំងពីរដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយជាមួយប្រេង សម្រាប់ជាតង្វាយម្សៅ។ 44កូនចានមាសមួយ ទម្ងន់ដប់សេកែល ដាក់ពេញដោយកំញាន 45គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមឈ្មោលអាយុមួយខួបមួយ សម្រាប់ជាតង្វាយដុត 46ពពែឈ្មោលមួយ សម្រាប់ជាតង្វាយលោះបាប 47ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោលអាយុមួយខួបប្រាំ សម្រាប់ជាតង្វាយមេត្រី។ នេះហើយជាតង្វាយរបស់អេលាសាប់ ជាកូនរបស់ដេហ៊ូអែល។
48នៅថ្ងៃទីពីរ គឺអេលីសាម៉ា ជាកូនរបស់អាំមីហ៊ូត ជាមេដឹកនាំលើកូនចៅអេប្រាអិម។ 49តង្វាយរបស់លោកមានថាសប្រាក់មួយ ទម្ងន់មួយរយសាមសិបសេកែល ចានគោមប្រាក់មួយ ទម្ងន់ចិតសិបសេកែល តាមទម្ងន់ដែលប្រើក្នុងទីបរិសុទ្ធ ទាំងពីរដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយជាមួយប្រេង សម្រាប់ជាតង្វាយម្សៅ។ 50កូនចានមាសមួយ ទម្ងន់ដប់សេកែល ដាក់ពេញដោយកំញាន 51គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមឈ្មោលអាយុមួយខួបមួយ សម្រាប់ជាតង្វាយដុត 52ពពែឈ្មោលមួយ សម្រាប់ជាតង្វាយលោះបាប 53ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោលអាយុមួយខួបប្រាំ សម្រាប់ជាតង្វាយមេត្រី។ នេះហើយជាតង្វាយរបស់អេលីសាម៉ា ជាកូនរបស់អាំមីហ៊ូត។
54នៅថ្ងៃទីបី គឺកាម៉ាលាល ជាកូនរបស់ផ្តាស៊ើរ ជាមេដឹកនាំលើកូនចៅម៉ាណាសេ។ 55តង្វាយរបស់លោកមានថាសប្រាក់មួយ ទម្ងន់មួយរយសាមសិបសេកែល ចានគោមប្រាក់មួយ ទម្ងន់ចិតសិបសេកែល តាមទម្ងន់ដែលប្រើក្នុងទីបរិសុទ្ធ ទាំងពីរដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយជាមួយប្រេង សម្រាប់ជាតង្វាយម្សៅ។ 56កូនចានមាសមួយ ទម្ងន់ដប់សេកែល ដាក់ពេញដោយកំញាន 57គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមឈ្មោលអាយុមួយខួបមួយ សម្រាប់ជាតង្វាយដុត 58ពពែឈ្មោលមួយ សម្រាប់ជាតង្វាយលោះបាប 59ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោលអាយុមួយខួបប្រាំ សម្រាប់ជាតង្វាយមេត្រី។ នេះហើយជាតង្វាយរបស់កាម៉ាលាល ជាកូនរបស់ផ្តាស៊ើរ។
60នៅថ្ងៃទីបួន គឺអ័ប៊ីដាន ជាកូនរបស់គីដាហូនី ជាមេដឹកនាំលើកូនចៅបេនយ៉ាមីន។ 61តង្វាយរបស់លោកមានថាសប្រាក់មួយ ទម្ងន់មួយរយសាមសិបសេកែល ចានគោមប្រាក់មួយ ទម្ងន់ចិតសិបសេកែល តាមទម្ងន់ដែលប្រើក្នុងទីបរិសុទ្ធ ទាំងពីរដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយជាមួយប្រេងសម្រាប់ជាតង្វាយម្សៅ។ 62កូនចានមាសមួយ ទម្ងន់ដប់សេកែល ដាក់ពេញដោយកំញាន 63គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមឈ្មោលអាយុមួយខួបមួយ សម្រាប់ជាតង្វាយដុត 64ពពែឈ្មោះមួយ សម្រាប់ជាតង្វាយលោះបាប 65ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោលអាយុមួយខួបប្រាំ សម្រាប់ជាតង្វាយមេត្រី។ នេះហើយជាតង្វាយរបស់អ័ប៊ីដាន ជាកូនរបស់គីដាហូនី។
66នៅថ្ងៃទីដប់ គឺអ័ហ៊ីយេស៊ើរ ជាកូនរបស់អាំមីសាដាយ ជាមេដឹកនាំលើកូនចៅដាន់។ 67តង្វាយរបស់លោក មានប្រាក់មួយ ទម្ងន់មួយរយសាមសិបសេកែល ចានគោមប្រាក់មួយ ទម្ងន់ចិតសិបសេកែល តាមទម្ងន់ដែលប្រើក្នុងទីបរិសុទ្ធ ទាំងពីរដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយជាមួយប្រេង សម្រាប់ជាតង្វាយម្សៅ។ 68កូនចានមាសមួយ ទម្ងន់ដប់សេកែល ដាក់ពេញដោយកំញាន 69គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមឈ្មោលអាយុមួយខួបមួយ សម្រាប់ជាតង្វាយដុត 70ពពែឈ្មោលមួយ សម្រាប់ជាតង្វាយលោះបាប 71ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោលអាយុមួយខួបប្រាំ សម្រាប់ជាតង្វាយមេត្រី។ នេះហើយជាតង្វាយរបស់អ័ហ៊ីយេស៊ើរ ជាកូនរបស់អាំមីសាដាយ។
72នៅថ្ងៃទីដប់មួយ គឺប៉ាគីហ៊ាល ជាកូនរបស់អូក្រាន ជាមេដឹកនាំលើកូនចៅអេស៊ើរ។ 73តង្វាយរបស់លោកមានថាសប្រាក់មួយ ទម្ងន់មួយរយសាមសិបសេកែល ចានគោមប្រាក់មួយ ទម្ងន់ចិតសិបសេកែល តាមទម្ងន់ដែលប្រើក្នុងទីបរិសុទ្ធ ទាំងពីរដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយជាមួយប្រេង សម្រាប់ជាតង្វាយម្សៅ។ 74កូនចានមាសមួយ ទម្ងន់ដប់សេកែល ដាក់ពេញដោយកំញាន 75គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមឈ្មោលអាយុមួយខួបមួយ សម្រាប់ជាតង្វាយដុត 76ពពែឈ្មោលមួយ សម្រាប់ជាតង្វាយលោះបាប 77ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោលអាយុមួយខួបប្រាំ សម្រាប់ជាតង្វាយមេត្រី។ នេះហើយជាតង្វាយរបស់ប៉ាគីហ៊ាល ជាកូនរបស់អូក្រាន។
78នៅថ្ងៃទីដប់ពីរ គឺអ័ហ៊ីរ៉ា ជាកូនរបស់អេណាន់ ជាមេដឹកនាំលើកូនចៅណែបថាលី។ 79តង្វាយរបស់លោកមានថាសប្រាក់មួយ ទម្ងន់មួយរយសាមសិបសេកែល ចានគោមប្រាក់មួយ ទម្ងន់ចិតសិបសេកែល តាមទម្ងន់ដែលប្រើក្នុងទីបរិសុទ្ធ ទាំងពីរដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយជាមួយប្រេង សម្រាប់ជាតង្វាយម្សៅ។ 80កូនចានមាសមួយ ទម្ងន់ដប់សេកែល ដាក់ពេញដោយកំញាន 81គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមឈ្មោលអាយុមួយខួបមួយ សម្រាប់ជាតង្វាយដុត។ 82ពពែឈ្មោលមួយ សម្រាប់ជាតង្វាយលោះបាប 83ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោលអាយុមួយខួបប្រាំ សម្រាប់ជាតង្វាយមេត្រី។ នេះហើយជាតង្វាយរបស់អ័ហ៊ីរ៉ា ជាកូនរបស់អេណាន់។
84នេះជាតង្វាយរបស់ពួកមេដឹកនាំលើសាសន៍អ៊ីស្រាអែល សម្រាប់ពិធីឆ្លងអាសនា នៅថ្ងៃដែលលាបប្រេង រួមទាំងអស់មានថាសប្រាក់ដប់ពីរ ចានគោមប្រាក់ដប់ពីរ កូនចានមាសដប់ពីរ 85ថាសប្រាក់នីមួយៗមានទម្ងន់មួយរយសាមសិបសេកែល ហើយចានគោមនីមួយៗមានទម្ងន់ចិតសិបសេកែល សរុបប្រាក់ទាំងអស់នៅក្នុងគ្រឿងទាំងនោះ មានពីរពាន់បួនរយសេកែល តាមទម្ងន់ដែលប្រើក្នុងទីបរិសុទ្ធ។ 86កូនចានមាសដប់ពីរ ដែលដាក់ពេញដោយកំញាន ចាននីមួយៗមានទម្ងន់ដប់សេកែល តាមទម្ងន់ដែលប្រើក្នុងទីបរិសុទ្ធ សរុបមាសទាំងអស់នៅក្នុងកូនចានទាំងនោះ មានមួយរយម្ភៃសេកែល។ 87សត្វទាំងអស់សម្រាប់ជាតង្វាយដុត មានគោឈ្មោលដប់ពីរ ចៀមឈ្មោលដប់ពីរ និងកូនចៀមឈ្មោលអាយុមួយខួបដប់ពីរ រួមជាមួយតង្វាយម្សៅផង ហើយពពែឈ្មោលដប់ពីរ សម្រាប់ជាតង្វាយលោះបាប។ 88ឯសត្វទាំងអស់សម្រាប់ជាតង្វាយមេត្រី មានគោឈ្មោលម្ភៃបួន ចៀមឈ្មោលហុកសិប ពពែឈ្មោលហុកសិប និងកូនចៀមឈ្មោលអាយុមួយខួបហុកសិប។ នេះហើយជាតង្វាយសម្រាប់ពិធីឆ្លងអាសនា ក្រោយពេលក្រោយលាបប្រេងរួច។
89ពេលលោកម៉ូសេបានចូលទៅក្នុងត្រសាលជំនុំដើម្បីសន្ទនាជាមួយព្រះយេហូវ៉ា លោកបានឮសំឡេងមានព្រះបន្ទូលចេញពីលើទីសន្តោសប្រោស ដែលនៅលើហិបនៃសេចក្ដីសញ្ញា គឺពីកណ្ដាលចេរូប៊ីនទាំងពីរ ហើយលោកក៏និយាយទៅកាន់ព្រះអង្គ ។
ទើបបានជ្រើសរើសហើយ៖
ជនគណនា 7: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies