សុភាសិត 10
10
កម្រងសុភាសិតអំពីសីលធម៌
1នេះជាសុភាសិតរបស់ព្រះបាទសាឡូម៉ូន។
កូនដែលមានប្រាជ្ញា
រមែងធ្វើឲ្យឪពុកមានចិត្តរីករាយ
តែកូនដែលល្ងីល្ងើ នោះនាំឲ្យម្តាយធ្ងន់ទ្រូងវិញ។
2ទ្រព្យសម្បត្តិដែលបានមកដោយអំពើអាក្រក់
នោះគ្មានប្រយោជន៍ទេ
តែសេចក្ដីសុចរិត នោះរមែងជួយឲ្យរួចពីស្លាប់។
3ព្រះយេហូវ៉ាមិនព្រមឲ្យព្រលឹង
នៃមនុស្សសុចរិតត្រូវស្រេកឃ្លានទេ
តែព្រះអង្គច្រានសេចក្ដីលោភ
របស់មនុស្សអាក្រក់ចេញ។
4អ្នកណាដែលធ្វើការដោយដៃខ្ជិលច្រអូស
នោះរមែងធ្លាក់ខ្លួនជាក្រ
តែដៃមនុស្សដែលឧស្សាហ៍ នាំឲ្យមានវិញ។
5ចំណែកអ្នកណាដែលខំប្រឹងប្រមូលទុក
នៅក្នុងរដូវក្តៅ នោះឯងជាកូនដែលមានគំនិត
តែឯអ្នកណាដែលរវល់តែដេកនៅរដូវចម្រូតវិញ
នោះគឺជាកូនដែលនាំឲ្យមានសេចក្ដីខ្មាស។
6អំណោយពរ រមែងស្ថិតលើក្បាល
របស់មនុស្សសុចរិត
តែសេចក្ដីច្រឡោត
តែងខ្ទប់មាត់របស់មនុស្សអាក្រក់វិញ។
7សេចក្ដីនឹកចាំពីមនុស្សសុចរិត
នោះនាំឲ្យមានពរ
តែឈ្មោះរបស់មនុស្សអាក្រក់
រមែងពុករលួយទៅ។
8អ្នកដែលមានចិត្តប្រកបដោយប្រាជ្ញា
នោះតែងទទួលបង្គាប់
តែមនុស្សល្ងីល្ងើដែលមានមាត់រពឹស
នោះនឹងត្រូវដួលវិញ។
9អ្នកណាដែលប្រព្រឹត្តដោយទៀតត្រង់
នោះក៏ដើរដោយទុកចិត្ត
តែអ្នកណាដែលបង្ខូចផ្លូវខ្លួន
នោះមនុស្សទាំងឡាយនឹងស្គាល់គេច្បាស់ដែរ។
10អ្នកណាដែលមិចភ្នែក រមែងនាំឲ្យកើតទុក្ខ
រីឯមនុស្សល្ងីល្ងើដែលមានមាត់រពឹស
នឹងឈានទៅរកសេចក្ដីអន្តរាយ។
11មាត់របស់មនុស្សសុចរិត ជាអណ្តូងជីវិត
តែសេចក្ដីច្រឡោត
តែងខ្ទប់មាត់របស់មនុស្សអាក្រក់។
12ឯសេចក្ដីសម្អប់ នោះបណ្ដាលឲ្យកើតមាន
ហេតុទាស់ទែងគ្នា
តែសេចក្ដីស្រឡាញ់
តែងគ្របបាំងអស់ទាំងអំពើកំហុស។
13នៅបបូរមាត់របស់មនុស្សមានយោបល់
នោះឃើញមានប្រាជ្ញា
តែមានរំពាត់សម្រាប់ខ្នងនៃមនុស្សណា
ដែលឥតមានតម្រិះវិញ។
14មនុស្សមានប្រាជ្ញា តែងប្រមូលចំណេះទុក
តែឯងមាត់របស់មនុស្សល្ងីល្ងើ
នោះជាសេចក្ដីហិនវិនាសដែលនៅបង្កើយវិញ។
15ទ្រព្យសម្បត្តិរបស់អ្នកមាន
ជាទីក្រុងមាំមួនដល់គេ
សេចក្ដីហិនវិនាសរបស់មនុស្សក្រ
គឺជាសេចក្ដីទាល់ក្ររបស់គេ។
16កិច្ចការដែលមនុស្សសុចរិតធ្វើ
នោះគឺសម្រាប់ចិញ្ចឹមជីវិត
តែផលរបស់មនុស្សអាក្រក់
សម្រាប់តែធ្វើបាបវិញ។
17អ្នកណាដែលស្តាប់តាមសេចក្ដីប្រៀនប្រដៅ
នោះឈ្មោះថា ដើរក្នុងផ្លូវនៃជីវិតហើយ
តែអ្នកណាដែលមិនព្រមទទួលសេចក្ដីបន្ទោស
នោះហៅថាវង្វេងវិញ។
18អ្នកណាដែលលាក់សេចក្ដីសម្អប់ទុក
នោះគឺជាអ្នកមានបបូរមាត់កុហក
ហើយអ្នកណាដែលនិយាយដើមគេ
នោះជាមនុស្សល្ងីល្ងើ។
19អ្នកណាដែលនិយាយច្រើន
នោះមិនខាននឹងមានបាបឡើយ
តែអ្នកណាដែលឃាត់ទប់បបូរមាត់វិញ
នោះជាមនុស្សប្រព្រឹត្តដោយប្រាជ្ញា។
20អណ្ដាតរបស់មនុស្សសុចរិត
ប្រៀបបីដូចជាប្រាក់វិសេសបំផុត
តែចិត្តរបស់មនុស្សអាក្រក់
រមែងមានតម្លៃតិចណាស់។
21បបូរមាត់របស់មនុស្សសុចរិត
ឃ្វាលរក្សាមនុស្សជាច្រើន
តែមនុស្សល្ងីល្ងើ គេស្លាប់បាត់ទៅ
ដោយខ្លះយោបល់វិញ។
22ព្រះពររបស់ព្រះយេហូវ៉ា ធ្វើឲ្យទៅជាមាន
ហើយព្រះអង្គមិនបន្ថែមទុក្ខព្រួយឡើយ។
23ឯការដែលមនុស្សល្ងីល្ងើប្រព្រឹត្តអាក្រក់
នោះដូចជាល្បែងលេងសប្បាយដល់គេ
តែមនុស្សដែលមានតម្រិះយោបល់
នោះចូលចិត្តនឹងប្រាជ្ញាវិញ។
24សេចក្ដីដែលមនុស្សអាក្រក់ភ័យខ្លាច
នោះនឹងកើតឡើងដល់គេជាពិត
ហើយសេចក្ដីដែលមនុស្សសុចរិត
ប្រាថ្នាចង់បាន នោះនឹងបានបើកឲ្យដែរ។
25កាលណាខ្យល់កួចហួសបាត់ទៅ
នោះមនុស្សអាក្រក់ឥតមានសល់ឡើយ
តែមនុស្សសុចរិត
មានឫសដ៏ស្ថិតស្ថេរនៅអស់កល្បវិញ។
26ទឹកខ្មេះដល់ធ្មេញ ហើយផ្សែងដល់ភ្នែក
នោះជាយ៉ាងណា
ឯមនុស្សខ្ជិលច្រអូស
ក៏យ៉ាងនោះដល់អ្នកណាដែលប្រើវាដែរ។
27សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា
នោះចម្រើនថ្ងៃអាយុ
តែអស់ទាំងឆ្នាំនៃអាយុរបស់មនុស្សអាក្រក់
នឹងត្រូវរួញខ្លីវិញ។
28ការសង្ឃឹមរបស់មនុស្សសុចរិត
នោះនាំឲ្យមានចិត្តរីករាយ
តែសេចក្ដីទុកចិត្តរបស់មនុស្សអាក្រក់
នឹងសូន្យបាត់ទៅ។
29ផ្លូវព្រះយេហូវ៉ា
ជាបន្ទាយដល់មនុស្សទៀងត្រង់
តែសេចក្ដីវិនាសវិញ
ជារបស់អស់អ្នកណាដែលប្រព្រឹត្តអំពើអាក្រក់។
30មនុស្សសុចរិត នឹងមិនត្រូវរង្គើឡើយ
តែមនុស្សអាក្រក់
នឹងអាស្រ័យនៅផែនដីមិនបាន។
31មាត់របស់មនុស្សសុចរិត តែងបញ្ចេញប្រាជ្ញា
តែអណ្ដាតវៀច នឹងត្រូវកាត់ចេញ។
32បបូរមាត់របស់មនុស្សសុចរិត
រមែងដឹងសេចក្ដីដែលគួរគប្បី
តែមាត់របស់មនុស្សអាក្រក់
ពោលតែសេចក្ដីក្រវិចក្រវៀនវិញ។
ទើបបានជ្រើសរើសហើយ៖
សុភាសិត 10: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies