សុភា‌សិត 19

19
1ឯ​មនុស្ស​ទាល់​ក្រ ដែល​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់
វិសេស​ជាង​មនុស្ស​ដែល​មាន​បបូរ​មាត់​ចចើង
និង​ចិត្ត​ល្ងី‌ល្ងើ។
2មួយ​ទៀត ការ​ដែល​ចិត្ត​ឥត​មាន​ចំណេះ
នោះ​មិន​គួរ​គប្បី​ទេ
ហើយ​អ្នក​ណា​ដែល​រហ័ស​ឈាន​ទៅ
នោះ​ជ្រួស​ផ្លូវ​ហើយ។
3សេចក្ដី​ចម្កួត​របស់​មនុស្ស
រមែង​បង្ខូច​ផ្លូវ​របស់​ខ្លួន
ហើយ​អ្នក​នោះ​ក៏​អន់​ចិត្ត​ចំពោះ​ព្រះ‌យេហូវ៉ា​ដែរ។
4ការ​ដែល​មាន​ទ្រព្យ​សម្បត្តិ
នាំ​ឲ្យ​មាន​មិត្ត‌ភក្តិ​កើន​ឡើង
តែ​មនុស្ស​ក្រ​ត្រូវ​ពង្រាត់​ពី​ពួក​មិត្ត‌ភក្តិ​វិញ។
5សាក្សី​ភូត​ភរ​នឹង​មិន​រួច​ចាក​ទោស​ឡើយ
ហើយ​អ្នក​ណា​ដែល​ពោល​ពាក្យ​កុហក
ក៏​គេច​មិន​រួច​ដែរ។
6មនុស្ស​ជា​ច្រើន​ខំ​យក​ចិត្ត​មនុស្ស​សទ្ធា
ហើយ​អ្នក​ណា​ក៏​ដោយ
ក៏​ជា​មិត្ត​សម្លាញ់​នឹង​អ្នក
ដែល​ចែក​អំណោយ‌ទាន​ដែរ។
7មនុស្ស​ក្រី​ក្រ
សុទ្ធ​តែ​ត្រូវ​បងប្អូន​ទាំង​អស់​ស្អប់​ទៅ​ហើយ
នោះ​ចំណង់បើ​មិត្ត‌ភក្តិ
តើ​នឹង​ឃ្លាត​ឆ្ងាយពី​អ្នក​នោះ
ជា​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត
អ្នក​នោះ​តាម​ទៅ​អង្វរ​គេ តែ​គេ​គេច​បាត់​អស់។
8អ្នក​ណា​ដែល​បាន​ប្រាជ្ញា
ជា​អ្នក​ស្រឡាញ់​ដល់​ព្រលឹង​ខ្លួន
អ្នក​ណា​ដែល​រក្សា​យោបល់​ទុក
នោះ​នឹង​បាន​សេចក្ដី​ល្អ។
9សាក្សី​ភូត​ភរ​នឹង​មិន​រួច​ចាក​ពី​ទោស​ឡើយ
ហើយ​អ្នក​ណា​ដែល​ពោល​ពាក្យ​កុហក
នឹង​ត្រូវ​វិនាស​ទៅ។
10ការ​ដែល​អា‌ស្រ័យ​នៅ​ដោយ​រុងរឿង
មិន​សម​នឹង​មនុស្ស​ល្ងី‌ល្ងើ​ទេ
លើស​ពី​នេះ​ទៀត​នោះ
ទាសករ​ក៏​មិន​សម​មាន​អំណាច​លើ​អ្នក​ធំ​ដែរ។
11សតិ​បញ្ញា​របស់​មនុស្ស​នាំ​ឲ្យ​យឺត​នឹង​ខឹង
អ្នក​នោះ​ក៏​តែង​មាន​ចិត្ត​អរ
ដោយ​មិន​ប្រកាន់​ទោស​វិញ។
12សេចក្ដី​ក្រោធ​របស់​ស្តេច
ធៀប​ដូច​ជា​សូរ​គ្រហឹម​របស់​សិង្ហ
តែ​សេចក្ដី​សប្បុរស​របស់​ស្ដេច
ប្រៀប​ដូច​ជា​ទឹក​សន្សើម​នៅ​លើ​ស្មៅ។
13កូន​ល្ងី‌ល្ងើ​ជា​ទី​អន្ត‌រាយ​ដល់​ឪពុក
ហើយ​ការ​ឌុក‌ដាន់​របស់​ប្រពន្ធ
ក៏​ដូច​ជា​ទឹក​ស្រក់​តក់ៗ​មក​ជា‌និច្ច។
14ផ្ទះ​សំបែង និង​ទ្រព្យ​សម្បត្តិ
ជា​មត៌ក​មក​ពី​ឪពុក
តែ​ប្រពន្ធ​ដែល​ឆ្លៀវ‌ឆ្លាត
នោះ​ហើយ​ជា​អំណោយ‌ទាន​មក​ពី​ព្រះ‌យេហូវ៉ា។
15សេចក្ដី​ខ្ជិល​ច្រអូស
រមែង​ធ្វើ​ឲ្យ​មនុស្ស​លក់​ស្និទ្ធ​ទៅ
ហើយ​អ្នក​ណា​ដែល​ទទេៗ នឹង​ត្រូវ​អត់​ឃ្លាន។
16អ្នក​ណា​ដែល​កាន់​តាម​ក្រឹត្យ‌វិន័យ
ឈ្មោះ​ថា​រក្សា​ព្រលឹង​ខ្លួន
តែ​អ្នក​ណា​ដែល​មិន​ប្រយ័ត្ន​ក្នុង​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន
មុខ​ជា​ត្រូវ​ស្លាប់។
17អ្នក​ណា​ដែល​មាន​ចិត្ត​អាណិត
ចែក​ដល់​ពួក​ទាល់​ក្រ
នោះ​ឈ្មោះ​ថា​ថ្វាយ​ឲ្យ​ព្រះ‌យេហូវ៉ា​ខ្ចី
ព្រះ‌អង្គ​នឹង​តប​ស្នង​សង​គុណ​អ្នក​នោះ​វិញ។
18ចូរ​វាយ​ផ្ចាល​កូន ក្នុង​កាល​ដែល​នៅ​មាន
សង្ឃឹមឲ្យ​វា​រាង‌ចាល​នៅ​ឡើយ
មិន​គួរ​នឹង​លើក​លែង​ចោល​វា​ឲ្យ​ត្រូវ​វិនាស​ទេ។
19អ្នក​ណា​ដែល​មាន​ចិត្ត​ក្រោធ​ខ្លាំង
នោះ​នឹង​ត្រូវ​ទទួល​ទោស
ដ្បិត​បើ​អ្នក​ជួយ​គេ​ឲ្យ​រួច
នោះ​អ្នក​នឹង​ត្រូវ​ជួយ​ត​ទៅ​ទៀត។
20ចូរ​ស្តាប់​ដំបូន្មាន
ហើយ​ទទួល​ប្រៀន‌ប្រដៅ​ចុះ
ដើម្បី​ឲ្យ​មាន​ប្រាជ្ញា​ទៅ​ខាង​មុខ។
21នៅ​ក្នុង​ចិត្ត​មនុស្ស
តែង​មាន​គំនិត​គិត​ធ្វើ​ជា​ច្រើន​យ៉ាង
មាន​តែ​ដំបូន្មាន​របស់​ព្រះ‌យេហូវ៉ា​ប៉ុណ្ណោះ
ដែល​នឹង​ស្ថិត‌ស្ថេរ​នៅ។
22សេចក្ដី​ដែល​នាំ​ឲ្យ​គេ​រក​ពឹង​ដល់​មនុស្ស​ណា
នោះ​គឺ​ជា​សេចក្ដី​សប្បុ‌រស​របស់​អ្នក​នោះ
ហើយ​មនុស្ស​ទាល់​ក្រ
រមែង​វិសេស​ជាង​មនុស្ស​ភូត​ភរ។
23សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា
ប្រោស​ឲ្យ​មាន​ជីវិត
ហើយ​អ្នក​ណា​ដែល​មាន​សេចក្ដី​នោះ
នឹង​នៅ​តែ​មាន​ចិត្ត​ស្កប់‌ស្កល់​ជា‌និច្ច
ឥត​មាន​សេចក្ដី​អាក្រក់​ណា​មក​លើ​ខ្លួន​ឡើយ។
24មនុស្ស​ខ្ជិល​ច្រអូស​លូក​ដៃ​ទៅ​ក្នុង​ចាន
ហើយ​មិន​ដក​មក សូម្បី​តែ​បញ្ចុក​មាត់​ខ្លួន​ផង។
25ចូរ​វាយ​មនុស្ស​ចំអក​មើល​ងាយ
នោះ​មនុស្ស​ខ្លៅ​ល្ងង់​ចេះ​ប្រយ័ត្ន​ឡើង
ចូរ​បន្ទោស​ដល់​អ្នក​ណា​ដែល​មាន​យោបល់
អ្នក​នោះ​នឹង​ស្តាប់​បាន​តាម​លំអាន។
26អ្នក​ណា​ដែល​បំផ្លាញ​ឪពុក​ខ្លួន
ហើយ​បណ្តេញ​ម្តាយ​ចេញ
នោះ​ជា​កូន​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ខ្មាស
និង​សេចក្ដី​ដំណៀល។
27កូន​អើយ កុំ​វង្វេង​ចេញ​ពី​ផ្លូវ​នៃ​តម្រិះ
យ៉ាង​នោះ​កូន​អាច​នឹងឮ​ពាក្យ​ប្រៀន​ប្រដៅ។
28សាក្សី​កោង‌កាច​គេ​ចំអក​មើល​ងាយ
ចំពោះ​សេចក្ដី​យុត្តិ‌ធម៌
ហើយ​មាត់​របស់​មនុស្ស​អាក្រក់
ក៏​ត្របាក់​លេប​អំពើ​ទុច្ចរិត​ដែរ។
29សេចក្ដី​វិនិច្ឆ័យ​បាន​បម្រុង​ជា​ស្រេច
សម្រាប់​មនុស្ស​ចំអក
ហើយ​ការ​វាយ​ដោយ​រំពាត់
ក៏​សម្រាប់​ខ្នង​នៃ​មនុស្ស​ល្ងី‌ល្ងើ។

ទើបបានជ្រើសរើសហើយ៖

សុភា‌សិត 19: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល