ទំនុកតម្កើង 101
101
ពាក្យសន្យារបស់ព្រះរាជា
ទំនុករបស់ព្រះបាទដាវីឌ។
1ទូលបង្គំនឹងច្រៀងអំពីព្រះហឫទ័យសប្បុរស
និងយុត្តិធម៌
ឱព្រះយេហូវ៉ាអើយ
ទូលបង្គំនឹងច្រៀងសរសើរព្រះអង្គ។
2ទូលបង្គំនឹងប្រព្រឹត្តតាមផ្លូវទៀងត្រង់។
ឱ តើពេលណាទើបព្រះអង្គយាងមករកទូលបង្គំ?
ទូលបង្គំនឹងប្រព្រឹត្តដោយចិត្តទៀងត្រង់
នៅក្នុងផ្ទះទូលបង្គំ
3ទូលបង្គំនឹងមិនតាំងអ្វីមួយដែលឥតប្រយោជន៍
នៅចំពោះភ្នែកទូលបង្គំឡើយ។
ទូលបង្គំស្អប់កិច្ចការរបស់អស់អ្នក
ដែលងាកចេញពីព្រះ
កិរិយាបែបនេះនឹងមិនជាប់
នៅក្នុងខ្លួនទូលបង្គំឡើយ។
4ចិត្តវៀចវេរនឹងនៅឆ្ងាយពីទូលបង្គំ
ទូលបង្គំនឹងមិនស្គាល់សេចក្ដីអាក្រក់ទេ។
5៙ អ្នកណាដែលមួលបង្កាច់
អ្នកជិតខាងខ្លួនដោយសម្ងាត់
ទូលបង្គំនឹងបំផ្លាញចេញ។
ហើយអ្នកណាដែលមានឫកខ្ពស់
និងចិត្តឆ្មើងឆ្មៃ
ទូលបង្គំនឹងទ្រាំមិនបានឡើយ។
6៙ ទូលបង្គំនឹងមើលទៅមនុស្សស្មោះត្រង់
នៅក្នុងស្រុក ដោយសន្ដោស
ដើម្បីឲ្យគេបានរស់នៅជាមួយទូលបង្គំ
អ្នកណាដែលប្រព្រឹត្តតាមផ្លូវទៀងត្រង់
អ្នកនោះនឹងបម្រើទូលបង្គំ។
7៙ អ្នកណាដែលប្រព្រឹត្តដោយអំពើបោកបញ្ឆោត
អ្នកនោះមិនអាចនៅក្នុងផ្ទះទូលបង្គំបានឡើយ
អ្នកណាដែលនិយាយកុហក
ក៏មិនអាចធន់នៅមុខទូលបង្គំបានដែរ។
8៙ រាល់ព្រឹក ទូលបង្គំនឹងបំផ្លាញ
មនុស្សអាក្រក់ទាំងប៉ុន្មាននៅក្នុងស្រុក
ដោយកាត់មនុស្សដែលប្រព្រឹត្ត
អំពើទុច្ចរិតទាំងអស់
ចេញពីទីក្រុងរបស់ព្រះយេហូវ៉ា។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 101: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies