ទំនុកតម្កើង 108
108
ការសរសើរតម្កើង និងការអធិស្ឋានសុំឲ្យមានជ័យជម្នះ
បទចម្រៀង ជាទំនុករបស់ស្តេចដាវីឌ។
1ឱព្រះអង្គអើយ
ចិត្តទូលបង្គំបានតាំងនៅមាំហើយ
ទូលបង្គំនឹងច្រៀង ទូលបង្គំនឹងស្មូត្រជាទំនុក
ដោយសារកិត្តិយសរបស់ទូលបង្គំដែរ
2ឱពិណ និងស៊ុងអើយ ចូរភ្ញាក់ឡើង!
ខ្ញុំនឹងដាស់អរុណឲ្យរះឡើង!
3ឱព្រះយេហូវ៉ាអើយ
ទូលបង្គំអរព្រះគុណដល់ព្រះអង្គ
ក្នុងចំណោមប្រជាជនទាំងឡាយ
ទូលបង្គំនឹងច្រៀងសរសើរព្រះអង្គ
ក្នុងចំណោមជាតិសាសន៍នានា។
4ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ធំខ្ពស់ជាងផ្ទៃមេឃ
ហើយសេចក្ដីពិតរបស់ព្រះអង្គ
ក៏ខ្ពស់ដល់ពពកដែរ។
5ឱព្រះអើយ សូមឲ្យព្រះអង្គបានថ្កើងឡើង
ខ្ពស់ជាងផ្ទៃមេឃ
សូមឲ្យសិរីល្អរបស់ព្រះអង្គ
គ្របដណ្ដប់លើផែនដីទាំងមូល!
6ដើម្បីឲ្យពួកស្ងួនភ្ងារបស់ព្រះអង្គបានរួច
សូមសង្គ្រោះដោយព្រះហស្តស្តាំរបស់ព្រះអង្គ
ហើយឆ្លើយតបទូលបង្គំផង!
7ព្រះបានសន្យាក្នុងទីបរិសុទ្ធរបស់ព្រះអង្គ ថា៖
«យើងនឹងបែងចែកស្រុកស៊ីគែមដោយអំណរ
ហើយវាស់ជ្រលងភ្នំស៊ូកូថ។
8កាឡាតជាទឹកដីរបស់យើង
ម៉ាណាសេជាទឹកដីរបស់យើង
អេប្រាអិមជាមួកដែករបស់យើង
យូដាជាដំបងរាជ្យរបស់យើង។
9ស្រុកម៉ូអាប់ជាអាងលាងសម្អាតរបស់យើង
ហើយយើងបោះស្បែកជើងទៅលើស្រុកអេដុម
យើងនឹងស្រែកប្រកាសជ័យជម្នះ
ពីលើស្រុកភីលីស្ទីន»។
10តើអ្នកណានឹងនាំទូលបង្គំ
ចូលទៅក្នុងទីក្រុងមាំមួនបាន?
តើអ្នកណានឹងនាំទូលបង្គំចូលទៅស្រុកអេដុម?
11ឱព្រះអើយ តើមិនមែនព្រះអង្គទេឬ
ដែលបានបោះបង់ចោលយើងខ្ញុំ?
ឱព្រះអើយ ព្រះអង្គមិនយាងចេញទៅជាមួយ
កងទ័ពរបស់យើងខ្ញុំទៀតឡើយ។
12ឱសូមប្រោសប្រទានជំនួយឲ្យយើងខ្ញុំ
ទាស់នឹងពួកសត្រូវផង
ដ្បិតជំនួយរបស់មនុស្សឥតប្រយោជន៍ទេ។
13ដោយព្រះចេស្ដារបស់ព្រះ
យើងខ្ញុំនឹងតស៊ូយ៉ាងរឹងប៉ឹង
គឺព្រះអង្គហើយ ដែលនឹងជាន់ឈ្លី
ពួកសត្រូវយើងខ្ញុំ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 108: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies