ទំនុកតម្កើង 146
146
ពាក្យសរសើរតម្កើងដល់ព្រះដែលព្រះអង្គជាជំនួយ
1ហាលេលូយ៉ា ! ឱព្រលឹងខ្ញុំអើយ
ចូរសរសើរតម្កើងព្រះយេហូវ៉ា!
2ខ្ញុំនឹងសរសើរតម្កើងព្រះយេហូវ៉ាអស់មួយជីវិត
ខ្ញុំនឹងច្រៀងសរសើរដល់ព្រះរបស់ខ្ញុំ
កាលខ្ញុំនៅមានជីវិតនៅឡើយ។
3៙ កុំឲ្យទុកចិត្តនឹងអ្នកធំ
ឬទុកចិត្តនឹងមនុស្សលោក
ដែលមិនអាចសង្គ្រោះអ្នកណាបាននោះឡើយ។
4កាលគេផុតដង្ហើមទៅ គេវិលត្រឡប់ទៅជាដីវិញ
នៅថ្ងៃនោះឯង គំនិតរបស់គេ
ក៏សូន្យបាត់ទៅដែរ។
5៙ មានពរហើយអ្នកណាដែលមានព្រះ
របស់យ៉ាកុបជាជំនួយរបស់ខ្លួន
ជាអ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ា
ជាព្រះរបស់ខ្លួន
6ជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី
ព្រមទាំងសមុទ្រ និងអ្វីៗសព្វសារពើ
នៅស្ថានទាំងនោះ
ព្រះអង្គរក្សាសេចក្ដីពិតត្រង់ជារៀងរហូត។
7ព្រះអង្គរកយុត្តិធម៌ឲ្យពួកអ្នក
ដែលត្រូវគេសង្កត់សង្កិន
ព្រះអង្គប្រទានអាហារដល់អស់អ្នក
ដែលស្រេកឃ្លាន។
ព្រះយេហូវ៉ាដោះលែងអ្នកជាប់ឃុំឃាំង
8ព្រះយេហូវ៉ាប្រោសភ្នែកមនុស្សខ្វាក់ឲ្យមើលឃើញ
ព្រះយេហូវ៉ាលើកអស់អ្នកដែលត្រូវឱនចុះ
ឲ្យងើបឡើងវិញ
ព្រះយេហូវ៉ាស្រឡាញ់មនុស្សសុចរិត។
9ព្រះយេហូវ៉ាការពារពួកអ្នកស្នាក់អាស្រ័យ
ព្រះអង្គទ្រទ្រង់ក្មេងកំព្រា និងស្ត្រីមេម៉ាយ
តែឯផ្លូវរបស់មនុស្សអាក្រក់វិញ
ព្រះអង្គនាំទៅរកសេចក្ដីវិនាស។
10៙ ព្រះយេហូវ៉ានឹងសោយរាជ្យអស់កល្បជានិច្ច
ឱក្រុងស៊ីយ៉ូនអើយ ព្រះរបស់អ្នក
នឹងសោយរាជ្យគ្រប់ជំនាន់តរៀងទៅ!
ហាលេលូយ៉ា!
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 146: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies