ទំនុកតម្កើង 18:25-50

ទំនុកតម្កើង 18:25-50 គកស១៦

៙ ចំពោះ​អ្នក​ដែល​មាន​ចិត្ត​មេត្តា ព្រះ‌អង្គ​សម្ដែង​អង្គ​ទ្រង់​ជា​អ្នក​មាន​ចិត្ត​មេត្តា ចំពោះ​អ្នក​ដែល​មាន​ចិត្ត​ស្មោះ​ស ព្រះ‌អង្គ​សម្ដែង​អង្គ​ទ្រង់​ជា​អ្នក​មាន​ចិត្ត​ស្មោះ​ស ចំពោះ​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ ព្រះ‌អង្គ​សម្ដែង​អង្គ​ទ្រង់​ជា​អ្នក​បរិសុទ្ធ ហើយ​ចំពោះ​អ្នក​ដែល​មាន​ចិត្ត​វៀច​វេរ ព្រះ‌អង្គ​សម្ដែង​អង្គ​ទ្រង់​ជា​អ្នក​ទាស់​ប្រឆាំង។ ដ្បិត​ព្រះ‌អង្គ​សង្គ្រោះ​មនុស្ស​រាប​សា តែ​មនុស្ស​ឆ្មើង‌ឆ្មៃ ព្រះ‌អង្គ​បន្ទាប​គេ​ចុះ។ ដ្បិត​ព្រះ‌អង្គ​អុជ​ប្រទីប​ទូល‌បង្គំ​ឲ្យភ្លឺ​ឡើង ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទូល‌បង្គំ ព្រះ‌អង្គ​បំភ្លឺ​សេចក្ដីងងឹត​របស់​ទូល‌បង្គំ។ ដ្បិត​ដោយ​សារ​ព្រះ‌អង្គ ទូល‌បង្គំ​អាច​ប្រហារ​សត្រូវ​ទាំង​កង ហើយ​ដោយ‌សារ​ព្រះ​នៃ​ទូល‌បង្គំ ទូល‌បង្គំ​អាច​លោត រំលង​កំផែង​បាន។ ឯ​ព្រះ ផ្លូវ​របស់​ព្រះ‌អង្គ​គ្រប់​លក្ខណ៍ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​នោះ​ពិត​ហើយ ព្រះ‌អង្គ​ជា​ខែល​ដល់​អស់​អ្នក ដែល​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ។ ៙ ដ្បិត​បើ​មិន​មែន​ជា​ព្រះ‌យេហូវ៉ា​ទេ តើ​អ្នក​ណា​ជា​ព្រះ? ហើយ​ក្រៅ​ពី​ព្រះ​នៃ​យើង តើ​អ្នក​ណា​ជា​ថ្ម​ដា? គឺ​ជា​ព្រះ​ដែល​ក្រវាត់​ខ្ញុំ​ដោយ​កម្លាំង ហើយ​ធ្វើ​ឲ្យ​ផ្លូវ​របស់​ខ្ញុំ​បាន​គ្រប់​លក្ខណ៍។ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ជើង​ខ្ញុំ​បាន​ដូច​ជា​ជើង​ក្តាន់ ហើយ​ដាក់​ខ្ញុំ​ឲ្យ​ឈរ​យ៉ាង​មាំ​នៅ​ទី​ខ្ពស់។ ព្រះ‌អង្គ​បង្ហាត់​ដៃ​ខ្ញុំ​ឲ្យ​ស្ទាត់​ជំនាញ​ក្នុង​ចម្បាំង ហើយ​ឲ្យ​ដៃ​ខ្ញុំ​អាច​យឹត​ធ្នូ​លង្ហិន​បាន។ ព្រះ‌អង្គ​បាន​ប្រទាន​ខែលនៃ​ការ​សង្គ្រោះ របស់​ព្រះ‌អង្គ​មក​ទូល‌បង្គំ ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ​បាន​ទ្រ​ទូល‌បង្គំ ហើយ​ព្រះ‌ហឫ‌ទ័យ​ស្រទន់​របស់​ព្រះ‌អង្គ ធ្វើ​ឲ្យ​ទូល‌បង្គំ​បាន​ជា​ធំ។ ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​ទូល‌បង្គំ មាន​ផ្លូវ​ធំ​ទូលាយ​សម្រាប់​ជំហាន​ទូល‌បង្គំ ហើយ​ជើង​ទូល‌បង្គំ​មិន​បាន​រអិល​ភ្លាត់​ឡើយ។ ទូល‌បង្គំ​ដេញ​តាម​ពួក​ខ្មាំង​សត្រូវ ហើយ​ក៏​ទាន់​គេ ក៏​មិន​ងាក​បែរ​មក​វិញ​ឡើយ រហូត​ទាល់​តែ​គេ​វិនាស​អស់។ ទូល‌បង្គំ​ចាក់​ទម្លុះ​គេ មិន​ឲ្យ​គេ​ក្រោក​ឡើង​វិញ​បាន​ឡើយ គេ​ដួល​នៅ​ក្រោម​ជើង​ទូល‌បង្គំ។ ដ្បិត​ព្រះ‌អង្គ​បាន​ក្រវាត់​ទូល‌បង្គំ​ដោយ​កម្លាំង សម្រាប់​ចម្បាំង ព្រះ‌អង្គ​បាន​បង្ក្រាប​អស់​អ្នក ដែល​លើក​គ្នា​ទាស់​នឹង​ទូល‌បង្គំ ឲ្យ​រាប​នៅ​ក្រោម​ទូល‌បង្គំ។ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ពួក​ខ្មាំង​សត្រូវ របស់​ទូល‌បង្គំ​ដក​ថយ ហើយ​ទូល‌បង្គំ​បាន​ប្រហារ​អស់​អ្នក ដែល​ស្អប់​ទូល‌បង្គំ។ គេ​បាន​ស្រែក​រក​ជំនួយ តែ​គ្មាន​អ្នក​ណា​ជួយ​គេ​សោះ គេ​ស្រែក​រក​ព្រះ‌យេហូវ៉ា តែ​ព្រះ‌អង្គ​មិន​ឆ្លើយ​តប​នឹង​ពួក‌គេ​ឡើយ។ ទូល‌បង្គំ​បាន​កម្ទេច​គេ​ឲ្យ​ហ្មត់ ដូច​ធូលី​ដី​ដែល​ត្រូវ​ខ្យល់​ផាត់ ទូល‌បង្គំ​បាន​ជាន់​គេ ដូច​ជាន់​ភក់​នៅ​តាម​ផ្លូវ។ ៙ ព្រះ‌អង្គ​បាន​រំដោះ​ទូល‌បង្គំ ឲ្យ​រួច​ពី​ការ​ទាស់‌ទែង​របស់​ប្រជាជន ព្រះ‌អង្គ​បាន​តាំង​ទូល‌បង្គំ​ជា​មេ​ដឹក​នាំ លើ​ជាតិ​សាសន៍​នានា ប្រជាជន​មួយ​ដែល​ទូល‌បង្គំ​មិន​ទាន់​ស្គាល់ បាន​មក​ចុះ​ចូល​នឹង​ទូល‌បង្គំ។ ពេល​គេ​បាន​ឮ​ពី​ទូល‌បង្គំភ្លាម នោះ​គេ​ក៏​ស្តាប់​តាម​ទូល‌បង្គំ ពួក​សាសន៍​ដទៃ​គោរព​ចុះ​ចូល​ចំពោះ​ទូល‌បង្គំ។ ពួក​សាសន៍​ដទៃ​បាក់​ទឹក​ចិត្ត ហើយ​ចេញ​ពី​ជម្រក​របស់​គេ​ទាំង​ភ័យ​ញ័រ។ ៙ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ជន្ម​រស់​នៅ សូម​សរសើរ​តម្កើង​ព្រះ‌អង្គ ដែល​ជា​ថ្ម​ដា​នៃ​ទូល‌បង្គំ សូម​លើក​តម្កើង​ព្រះ​ដ៏​ជួយ​សង្គ្រោះ​របស់​ទូល‌បង្គំ ជា​ព្រះ​ដែល​សង‌សឹក​ជំនួស​ទូល‌បង្គំ ហើយ​បង្ក្រាប​ប្រជាជន​នានា ឲ្យ​ចុះ​ចូល​នឹង​ទូល‌បង្គំ ព្រះ‌អង្គ​បាន​រំដោះ​ទូល‌បង្គំ ឲ្យ​រួច​ពី​ពួក​ខ្មាំង​សត្រូវ អើ ព្រះ‌អង្គ​បាន​លើក​ទូល‌បង្គំ ឡើង​ខ្ពស់​ជាង​អស់​អ្នក ដែល​លើក​គ្នា​ទាស់​នឹង​ទូល‌បង្គំ ព្រះ‌អង្គ​សង្គ្រោះ​ទូល‌បង្គំ ឲ្យ​រួច​ពី​មនុស្ស​ឃោរ‌ឃៅ។ ៙ ហេតុនេះ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំសរសើរ​ព្រះ‌អង្គ ក្នុង​ចំណោម​ជាតិ​សាសន៍​នានា ទូល‌បង្គំ​នឹង​ច្រៀង​សរសើរ​ព្រះ‌នាម​ព្រះ‌អង្គ។ ព្រះ‌អង្គ​ប្រទាន​ជ័យ​ជម្នះ​យ៉ាង​ធំ​ដល់​ស្តេច ដែល​ព្រះ‌អង្គ​បាន​តែង​តាំង ក៏​សម្ដែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស ដល់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ចាក់ប្រេង​តាំង គឺ​ដល់​ដាវីឌ និង​ពូជ‌ពង្ស​តរៀង​ទៅ។