ទំនុកតម្កើង 19

19
អ្វីៗ​សព្វ​សារពើ​ថ្លែង​ពី​សិរី‌ល្អ​របស់​ព្រះ
ទំនុក​របស់​ស្ដេច​ដាវីឌ សម្រាប់​មេ​ភ្លេង។
1ផ្ទៃ​មេឃ​ថ្លែង​ពី​សិរី‌ល្អ​នៃ​ព្រះ
ហើយ​លំហ​អាកាស​ប្រកាស​ពី
ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ។
2ថ្ងៃ​មួយ​តំណាល​ប្រាប់​ថ្ងៃ​មួយ​ទៀត
ហើយ​យប់​មួយ​ក៏​សម្ដែង​ប្រាប់​យប់​មួយ​ទៀត
ឲ្យ​បាន​ដឹង។
3មិន​មែន​ដោយ​ភាសា ឬ​ពាក្យ​សម្ដី
ឬដោយ​ឮ​សំឡេង​នៃ​របស់​ទាំង​នោះ​ឡើយ។
4ប៉ុន្តែ សំឡេង នៃ​របស់​ទាំង​នោះ
ចេញ​ទៅ​ពាស​ពេញ​លើ​ផែន​ដី
ហើយ​ពាក្យ​នៃ​របស់​ទាំង​នោះ
លាន់​ឮ​ទៅ​ដល់​ជើង​មេឃ។
នៅ​លើ​មេឃ ព្រះ‌អង្គ​បាន​ដំឡើង​ពន្លា
សម្រាប់​ព្រះ‌អាទិត្យ
5ព្រះ​អាទិត្យ​ក៏​ចេញ​មក​ដូច​ជា​កូន​កំលោះ
ចេញ​ពី​ក្រឡា​បន្ទំ
ក៏​ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ
យាត្រា​តាម​ផ្លូវ​របស់​ខ្លួន​ដោយ​អំណរ។
6ព្រះ‌អាទិត្យ​រះ​ពី​ជើង​មេឃ​ម្ខាង
ហើយ​ត្រាច់​ចរវង់​ទៅ​ដល់​ជើង​មេឃ​ម្ខាង
គ្មាន​អ្វី​កំបាំង​ពី​កម្ដៅ​ព្រះ‌អាទិត្យ​បាន​ឡើយ។
7៙ ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា​ល្អ​គ្រប់​លក្ខណ៍
ក៏​កែ​ព្រលឹង​ឡើង​វិញ
បន្ទាល់​របស់​ព្រះ‌យេហូវ៉ានោះ​ពិត​ប្រាកដ
ក៏​ធ្វើ​ឲ្យ​មនុស្ស​ខ្លៅ​ល្ងង់​មាន​ប្រាជ្ញា
8ព្រះ‌ឱវាទ​របស់​ព្រះ‌យេហូវ៉ា​សុទ្ធ​តែ​ត្រឹម​ត្រូវ
ក៏ធ្វើ​ឲ្យ​ចិត្ត​រីក‌រាយ​សប្បាយ
បទ‌បញ្ជា​របស់​ព្រះ‌យេហូវ៉ា​ស្អាត​បរិសុទ្ធ
ក៏​បំភ្លឺ​ភ្នែក
9ការ​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា
នោះ​ស្អាត​បរិសុទ្ធ
ក៏​ស្ថិត​ស្ថេរ​នៅ​ជា​ដរាប។
វិន័យ​របស់​ព្រះ‌យេហូវ៉ា​សុទ្ធ​តែ​ពិត​ត្រង់
ហើយ​សុចរិត​គ្រប់​ជំពូក។
10សេចក្ដី​ទាំង​នោះ​គួរ​ប្រាថ្នា
ចង់​បាន​លើស​ជាង​មាស
អើ លើស​ជាង​មាស​សុទ្ធ​ជា​ច្រើន​ទៅ​ទៀត
ក៏​ផ្អែម​ជាង​ទឹក​ឃ្មុំ ហើយ​ជាង​ដំណក់
ស្រក់​ពី​សំណុំ​ផង។
11មួយ​ទៀត ទូល‌បង្គំជា​អ្នក​បម្រើ​ព្រះ‌អង្គ
ក៏​ចេះ​ប្រយ័ត្ន
ដោយ‌សារ​សេចក្ដី​ទាំង​នោះ
ហើយ​ដែល​កាន់​តាម​នោះ​មាន​រង្វាន់​យ៉ាង​ធំ។
12តើ​អ្នក​ណា​នឹង​ស្គាល់​អំពើ​ខុស​ឆ្គង
របស់​ខ្លួន​បាន?
សូម​ជម្រះ​ទូល‌បង្គំ​ឲ្យ​បាន​ស្អាត​ពី​កំហុស
ដែល​លាក់​កំបាំង​ផង។
13សូម​រាំង‌រា​ទូល‌បង្គំជា​អ្នក​បម្រើ​ព្រះ‌អង្គ
ពី​អំពើ​បាប​ដែល​ធ្វើ​ដោយ​ល្មើស ដែរ
សូម​កុំ​ឲ្យ​អំពើ​បាប​នោះ
មាន​អំណាច​លើ​ទូល‌បង្គំ​ឡើយ
នោះ​ទូល‌បង្គំ​នឹង​បាន​ឥត​សៅ​ហ្មង
ហើយ​រួច​ផុត​ពី​អំពើ​រំលង​ដ៏​ធំ។
14ឱ​ព្រះ‌យេហូវ៉ា ជា​ថ្ម​ដា
និង​ជា​អ្នក​ប្រោស​លោះ​នៃ
ទូល‌បង្គំ​អើយ សូម​ឲ្យ​ពាក្យ​សម្ដី
ដែល​ចេញ​មក​ពី​មាត់​ទូល‌បង្គំ
និង​ការ​រំពឹង​គិត​ក្នុង​ចិត្ត​របស់​ទូល‌បង្គំ
បាន​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ
នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌អង្គ។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 19: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល