ទំនុកតម្កើង 21

21
ពាក្យ​អរ​ព្រះ‌គុណ​ចំពោះ​ជ័យ​ជម្នះ
ទំនុក​របស់​ស្ដេច​ដាវីឌ សម្រាប់​មេ​ភ្លេង។
1ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ​រាជាត្រេក​អរ​ណាស់
ចំពោះ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ
ហើយ​ព្រះ​រាជា​រីក‌រាយ​ជា​ខ្លាំង
ចំពោះ​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ!
2ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យព្រះ​រាជា​បាន​ដូច​បំណង
ហើយ​មិន​បាន​ខាន​នឹង​ប្រទានតាម​សំណូម
ដែល​ចេញ​ពី​បបូរ​មាត់​ព្រះ​រាជា​ឡើយ។ –បង្អង់
3៙ ដ្បិត​ព្រះ‌អង្គ​បាន​ប្រទាន​ព្រះ​ពរ
ដល់​ព្រះ​រាជា​ជា​បរិបូរ
ព្រះ‌អង្គ​បាន​បំពាក់​មកុដ​មាស​សុទ្ធ
លើ​ព្រះ​សិរសា​ព្រះ​រាជា។
4ព្រះ​រាជា​ទូល​សូម​ជីវិត​ពី​ព្រះ‌អង្គ
ព្រះ‌អង្គ​ក៏​ប្រទាន​ឲ្យ
គឺ​ឲ្យ​មាន​អាយុ​យឺន‌យូរ ជា​អង្វែង​តរៀង​ទៅ។
5សិរី‌ល្អ​របស់ព្រះ​រាជា​ធំ​អស្ចារ្យ
ដោយ‌សារការ​សង្គ្រោះ​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​ប្រទាន​ឲ្យ​ព្រះ​រាជា​មាន​កិត្តិយស
និង​អានុភាព។
6ដ្បិត​ព្រះ‌អង្គ​បាន​តាំង​ឲ្យ​ព្រះ​រាជា
មាន​ព្រះ​ពរ​ជានិច្ច
ព្រះ‌អង្គ​ធ្វើ​ឲ្យ​ព្រះ​រាជា​មាន​អំណរ​ដ៏​ពោរ‌ពេញ
នៅ​ចំពោះ​ព្រះ‌អង្គ។
7ដ្បិត​ព្រះ​រាជា​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា
ហើយ​ដោយ​សារ​ព្រះ‌ហឫ‌ទ័យ​សប្បុរស
របស់​ព្រះ​ដ៏​ខ្ពស់​បំផុត
នោះព្រះ​រាជានឹង​មិន​ត្រូវ​រង្គើ​ឡើយ។
8ព្រះ‌ហស្ត​របស់​ព្រះ​ករុណា
នឹង​រក​ឲ្យ​ឃើញ​អស់​ទាំង
ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ
ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះករុណា
នឹង​រក​ឃើញ​អស់​អ្នក​ដែល​ស្អប់​ព្រះ‌អង្គ។
9នៅ​វេលា​ដែល​ព្រះ​ករុណា​យាង​មក​ដល់
ទ្រង់​នឹង​ធ្វើ
ឲ្យ​គេ​បាន​ដូច​ជា​គុក​ភ្លើង​ដែល​ឆេះ​ក្តៅ
ព្រះ‌យេហូវ៉ា​នឹង​លប​គេ
ដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ
ហើយ​ភ្លើង​នឹង​ឆេះ​បំផ្លាញ​គេ​អស់​ទៅ។
10ព្រះ​ករុណា​នឹង​បំផ្លាញ​ពូជ​វង្ស​របស់​គេ
ឲ្យ​វិនាស​បាត់​ពី​ផែនដី
ហើយ​កូន​ចៅ​របស់​គេ
ពី​កណ្ដាល​ពួក​មនុស្ស​ជាតិ​ទៅ​ដែរ។
11ដ្បិត​គេឃុប​ឃិត​គ្នា​ធ្វើ​បាប​ព្រះ​ករុណា
តែ​គេ​មិន​អាច​សម្រេច​តាមបំណង​អាក្រក់
របស់​ខ្លួន​បាន​ឡើយ។
12ដ្បិត​ព្រះ​ករុណា​ធ្វើ​ឲ្យ​ពួក‌គេដក​ខ្លួន​រត់
ទ្រង់​នឹង​ដំឡើង​ធ្នូ​តម្រង់​ចំ​មុខ​របស់​គេ។
13ឱ​ព្រះ‌យេហូវ៉ា​អើយ សូមព្រះ‌អង្គ​បាន​ថ្កើង​ឡើង
ដោយ​ឥទ្ធិ‌ឫទ្ធិ​របស់​ព្រះ‌អង្គ
យើង​ខ្ញុំ​នឹង​ច្រៀង​សរសើរ
ពី​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 21: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល