ទំនុកតម្កើង 25
25
ពាក្យអធិស្ឋានសូមការណែនាំ និងការរំដោះឲ្យរួច
ទំនុករបស់ស្ដេចដាវីឌ។
1ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមផ្ចង់ចិត្តគំនិត
ទៅរកព្រះអង្គ ។
2ឱព្រះនៃទូលបង្គំអើយ
ទូលបង្គំទុកចិត្តដល់ព្រះអង្គ
សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ
សូមកុំឲ្យខ្មាំងសត្រូវរបស់ទូលបង្គំអរសប្បាយ
ដោយឈ្នះទូលបង្គំឡើយ!
3អស់អ្នកដែលមានចិត្តសង្ឃឹមដល់ព្រះអង្គ
នឹងមិនត្រូវខ្មាសឡើយ
គឺមានតែអ្នកប្រព្រឹត្តក្បត់
ដោយឥតហេតុប៉ុណ្ណោះ
ដែលត្រូវខ្មាស។
4ឱព្រះយេហូវ៉ាអើយ សូមបង្ហាញទូលបង្គំ
ឲ្យស្គាល់ផ្លូវរបស់ព្រះអង្គ
សូមបង្រៀនទូលបង្គំអំពីផ្លូវច្រក
របស់ព្រះអង្គផង
5សូមនាំ ហើយបង្រៀនទូលបង្គំ
ក្នុងសេចក្ដីពិតរបស់ព្រះអង្គ
ដ្បិតព្រះអង្គជាព្រះដ៏ជួយសង្គ្រោះរបស់ទូលបង្គំ
ទូលបង្គំសង្ឃឹមដល់ព្រះអង្គជារៀងរាល់ថ្ងៃ។
6ឱព្រះយេហូវ៉ាអើយ
សូមនឹកចាំពីព្រះហឫទ័យមេត្តាដ៏ទន់សន្ដោស
និងព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ដ្បិតសេចក្ដីទាំងនោះ
មានតាំងពីបុរាណរៀងមក។
7សូមកុំនឹកចាំអំពើបាប
ដែលទូលបង្គំប្រព្រឹត្តកាលនៅក្មេង
ឬអំពើរំលងរបស់ទូលបង្គំឡើយ
ឱព្រះយេហូវ៉ាអើយ សូមនឹកចាំពីទូលបង្គំ
ដោយព្រះហឫទ័យសប្បុរសរបស់ព្រះអង្គវិញ
ដោយយល់ដល់ព្រះគុណរបស់ព្រះអង្គ។
8ព្រះយេហូវ៉ាល្អ ហើយទៀងត្រង់
ហេតុនេះហើយបានជាព្រះអង្គបង្រៀន
មនុស្សបាបឲ្យស្គាល់ផ្លូវដែលត្រូវដើរ។
9ព្រះអង្គនាំមនុស្សសុភាព
ឲ្យប្រព្រឹត្តតាមមាគ៌ាដ៏ត្រឹមត្រូវ
ហើយបង្រៀនមនុស្សរាបសារ
ឲ្យស្គាល់ផ្លូវរបស់ព្រះអង្គ។
10អស់ទាំងផ្លូវរបស់ព្រះយេហូវ៉ា
សុទ្ធតែប្រកបដោយ
ព្រះហឫទ័យសប្បុរស និងសេចក្ដីស្មោះត្រង់
ចំពោះអស់អ្នកដែលកាន់តាមសេចក្ដីសញ្ញា
និងសេចក្ដីបន្ទាល់របស់ព្រះអង្គ។
11ឱព្រះយេហូវ៉ាអើយ
ដោយយល់ដល់ព្រះនាមព្រះអង្គ
សូមអត់ទោសអំពើបាប
ដ៏ធ្ងន់របស់ទូលបង្គំផង។
12តើមានអ្នកណាដែលកោតខ្លាច
ដល់ព្រះយេហូវ៉ាឬទេ?
ព្រះអង្គនឹងបង្រៀនអ្នកនោះ
ឲ្យស្គាល់ផ្លូវដែលត្រូវជ្រើសរើស។
13ព្រលឹងអ្នកនោះនឹងនៅជាប់
ក្នុងសេចក្ដីសុខសាន្ត
ហើយពូជពង្សអ្នកនោះ
នឹងបានគ្រងស្រុកនេះជាមត៌ក។
14មេត្រីភាពរបស់ព្រះយេហូវ៉ា
គឺសម្រាប់អស់អ្នកណាដែលកោតខ្លាចព្រះអង្គ
ហើយព្រះអង្គសម្ដែងឲ្យគេស្គាល់
សេចក្ដីសញ្ញារបស់ព្រះអង្គ។
15ភ្នែកទូលបង្គំសម្លឹងឆ្លោះទៅរក
ព្រះយេហូវ៉ាជានិច្ច
ដ្បិតព្រះអង្គនឹងដោះជើងទូលបង្គំ
ឲ្យរួចពីអន្ទាក់។
16សូមបែរមកទូលបង្គំ
ហើយប្រណីសន្ដោសទូលបង្គំផង
ដ្បិតទូលបង្គំនៅឯកោ ហើយវេទនាជាខ្លាំង។
17ទុក្ខព្រួយក្នុងចិត្តទូលបង្គំបានកើនឡើងជាខ្លាំង
សូមដកទូលបង្គំចេញពីសេចក្ដីទុក្ខលំបាក
របស់ទូលបង្គំទៅ។
18សូមទតមើលទុក្ខវេទនា
និងការនឿយព្រួយរបស់ទូលបង្គំ
ហើយសូមអត់ទោសអំពើបាបទាំងប៉ុន្មាន
របស់ទូលបង្គំផង។
19សូមទតមើលសត្រូវរបស់ទូលបង្គំ
មានគ្នាច្រើនប៉ុណ្ណា
ហើយគេស្អប់ទូលបង្គំ
ដោយចិត្តសាហាវយ៉ាងណា។
20ឱសូមរក្សាព្រលឹងទូលបង្គំ
ហើយរំដោះទូលបង្គំផង
សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ
ដ្បិតទូលបង្គំពឹងជ្រកក្នុងព្រះអង្គ។
21សូមឲ្យសេចក្ដីសុចរិត និងសេចក្ដីទៀងត្រង់
រក្សាទូលបង្គំ ដ្បិតទូលបង្គំសង្ឃឹម
រង់ចាំព្រះអង្គហើយ។
22ឱព្រះអើយ សូមប្រោសលោះអ៊ីស្រាអែល
ឲ្យរួចពីទុក្ខវេទនាទាំងប៉ុន្មានរបស់គេផង។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 25: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies