ទំនុកតម្កើង 33

33
ភាព​ធំ​អស្ចារ្យ និង​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ
1ឱមនុស្ស​សុចរិត​អើយ
ចូរ​រីក‌រាយ​ក្នុង​ព្រះ‌យេហូវ៉ា​ចុះ
ដ្បិត​មនុស្ស​ទៀង​ត្រង់​ស័ក្ដិ‌សម
នឹង​សរសើរ​តម្កើង​ព្រះ។
2ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា​ដោយ​ចាប់​ស៊ុង
ហើយ​លើក​ទំនុក​ថ្វាយ​ព្រះ‌អង្គ
ដោយ​ដេញ​ពិណ​ខ្សែ​ដប់!
3ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌អង្គ
ហើយ​ប្រគំ​ភ្លេង​យ៉ាង​ពិរោះ​ឲ្យ​ឮ​រងំ
ទាំង​ស្រែក​អប​អរសាទរ។
4ដ្បិត​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ទៀង​ត្រង់
ហើយ​អស់​ទាំង​កិច្ច‌ការ​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​បាន​ធ្វើ​ដោយ​ស្មោះ‌ត្រង់។
5ព្រះ‌អង្គ​ស្រឡាញ់​សេចក្ដី​សុចរិត និង​យុត្តិ‌ធម៌
ផែនដី​មាន​ពេញ​ដោយ​ព្រះ‌ហឫ‌ទ័យ​សប្បុរស
របស់​ព្រះ‌យេហូវ៉ា។
6ផ្ទៃ​មេឃ​កើត​ឡើង​ដោយ‌សារ​ព្រះ‌បន្ទូល
របស់​ព្រះ‌យេហូវ៉ា
ហើយ​អ្វីៗ​ទាំង​អស់​នៅ​លើ​មេឃ
ក៏​កើត​ឡើង​ដោយ‌សារ​ខ្យល់​ដង្ហើម
ចេញ​ពី​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ​ដែរ។
7ព្រះ‌អង្គ​ធ្វើឲ្យ​ទឹក​សមុទ្រ​ផ្ដុំ​គ្នា​ឡើង​ជា​គំនរ
ព្រះ‌អង្គ​យក​ទី​ជម្រៅ​ដាក់​ក្នុង​ឃ្លាំង។
8ចូរ​ឲ្យ​ផែនដី​ទាំង​មូល​កោត​ខ្លាច​ព្រះ‌យេហូវ៉ា
ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​នៅ​លើ​ពិភព​លោក
កោត​ស្ញប់​ស្ញែង​ព្រះ‌អង្គ!
9ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល នោះអ្វីៗ​ក៏​កើត​មាន
ព្រះ‌អង្គ​បាន​បង្គាប់ នោះ​អ្វី​ៗ​ក៏​មាន​នៅ។
10ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ការ​ប្រឹក្សា
របស់​ជាតិ​សាសន៍​នានា
ទៅ​ជា​អសារ​ឥត​ការ
ព្រះ‌អង្គ​ធ្វើ​ឲ្យ​គំនិត​របស់​ប្រជាជន​ទាំង‌ឡាយ
អសារ​បង់។
11រី​ឯ​ដំ‌បូន្មាន​របស់​ព្រះ‌យេហូវ៉ា​វិញ
នៅ​ស្ថិត​ស្ថេរ​ជា​រៀង​រហូត
ហើយ​គម្រោង​ការ​ក្នុង​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ
នៅ​ជាប់​ជា​ដរាប
គ្រប់​ជំនាន់​ត​រៀង​ទៅ។
12មាន​ពរ​ហើយ ជាតិ​សាសន៍​ណា
ដែល​យក​ព្រះ‌យេហូវ៉ាទុក​ជា​ព្រះ​របស់​ខ្លួន
ជា​ប្រជាជន​ដែល​ព្រះ‌អង្គ​បានជ្រើស​រើស
ទុក​ជា​មត៌ក​របស់​ព្រះ‌អង្គ!
13ព្រះ‌យេហូវ៉ា​ទត​មក​ពី​លើ​ស្ថាន‌សួគ៌
ព្រះ‌អង្គ​ឃើញ​មនុស្ស​លោក​ទាំង​អស់
14ហើយ​ពី​ព្រះដំណាក់​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​ទត​ឃើញ​មនុស្ស​ទាំង​អស់
ដែល​រស់​នៅ​លើ​ផែនដី
15គឺ​ព្រះ‌អង្គ​ហើយ​ដែល​បង្កើត​ចិត្ត
របស់​គេ​ទាំង​អស់​គ្នា
ក៏​ពិចារណា​មើល​អស់​ទាំង​ការ
ដែល​គេ​ប្រព្រឹត្ត​ដែរ។
16គ្មាន​ស្តេច​ណា​បាន​សង្គ្រោះ
ដោយ​សារ​មាន‌ទ័ព​ច្រើន​នោះ​ឡើយ
ហើយ​មនុស្ស​ខ្លាំង​ពូកែ ក៏​មិន​បាន​រួច
ដោយ​សារ​ខ្លួន​មានកម្លាំង​ខ្លាំង​នោះ​ដែរ។
17សេះចម្បាំង មិន​មែន​ជា​ទី​សង្ឃឹម
ឲ្យ​មាន​ជ័យ​ជម្នះ​ឡើយ
ក៏​មិន​អាច​សង្គ្រោះ​ដោយ‌សារ​កម្លាំង​ដ៏​ខ្លាំង
របស់​វា​បាន​ដែរ។
18មើល៍ ព្រះ‌នេត្រ​របស់​ព្រះ‌យេហូវ៉ា
ទត​មក​លើ​អស់​អ្នក
ដែល​កោត​ខ្លាច​ព្រះ‌អង្គ
គឺ​មក​លើ​អស់​អ្នក​ដែល​សង្ឃឹម
ដល់​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
19ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​រំដោះ​ព្រលឹង​គេ
ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់ ហើយ​ការពារ​គេ
ឲ្យ​បាន​រស់​នៅ​ក្នុង​គ្រា​អំណត់។
20ព្រលឹង​យើង​ខ្ញុំ​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា
ព្រះ‌អង្គ​ជា​ជំនួយ និង​ជា​ខែល​របស់​យើងខ្ញុំ។
21ដ្បិត​ចិត្ត​របស់​យើង​ខ្ញុំ រីក‌រាយ​ក្នុង​ព្រះ‌អង្គ
ព្រោះ​យើង​ខ្ញុំ​ទុក​ចិត្ត​ដល់​ព្រះ‌នាម​បរិសុទ្ធ
របស់​ព្រះ‌អង្គ។
22ឱ​ព្រះ‌យេហូវ៉ា​អើយ
សូម​ឲ្យ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
សណ្ឋិត​លើ​យើង​ខ្ញុំ
ព្រោះ​យើង​ខ្ញុំ​បាន​សង្ឃឹម​ដល់​ព្រះ‌អង្គ​ហើយ។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 33: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល