ទំនុកតម្កើង 36

36
អំពើអាក្រក់​របស់​មនុស្ស និង​សេចក្ដី​ល្អ​របស់​ព្រះ
ទំនុក​របស់ស្ដេច​ដាវីឌ ជា​អ្នក​បម្រើ​នៃ​ព្រះ‌យេហូវ៉ា សម្រាប់​មេ​ភ្លេង។
1អំពើ​រំលង​ច្បាប់​របស់​មនុស្ស​អាក្រក់
សម្ដែង​ក្នុង​ចិត្ត​ខ្ញុំ​ថា
នៅ​ចំពោះ​ភ្នែក​គេ
គ្មាន​ការ​កោត​ខ្លាច​ដល់​ព្រះ​ទេ។
2ដ្បិត​នៅ​ក្នុង​ភ្នែក​គេ គេ​បញ្ជោរខ្លួនឯង​ថា
អំពើ​ទុច្ចរិត​របស់​គេ មិន​អាចមាន​អ្នក​ណា
ឃើញ ឬ​ស្អប់​ឡើយ។
3ពាក្យ​ដែល​ចេញ​ពី​មាត់​គេ សុទ្ធ​តែ​ជា
សេចក្ដី​អន្តរាយ និង​ពាក្យ​បោក​បញ្ឆោត
គេ​លែងមាន​ប្រាជ្ញា និង​ប្រព្រឹត្ត​ល្អ​ទៀត​ហើយ។
4គេ​គិត​បង្កើត​គម្រោង​ការ​អាក្រក់
កាល​កំពុង​នៅ​ក្នុង​ដំណេក
ក៏​តាំង​ខ្លួន​ដើរ​តាម​ផ្លូវ​ដែល​មិន​ល្អ
គេ​មិន​ព្រម​បោះ​បង់​អំពើ​អាក្រក់​ឡើយ។
5៙ ឱ​ព្រះ‌យេហូវ៉ា​អើយ
ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
ខ្ពស់ដល់​ផ្ទៃ​មេឃ
ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ
ខ្ពស់​ដល់​ពពក។
6សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ
ប្រៀប​ដូច​ជា​ភ្នំ​នៃ​ព្រះ
ការ​វិនិច្ឆ័យ​របស់​ព្រះ‌អង្គ
ប្រៀប​ដូច​មហា​សមុទ្រ​ដ៏​ជ្រៅ
ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​សង្គ្រោះ
ទាំង​មនុស្ស​លោក ទាំង​សត្វ។
7ឱ​ព្រះ​អើយ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
ថ្លៃ​វិសេសយ៉ាង​ណា​ហ្ន៎!
ពួក​កូន​មនុស្ស​លោក
ជ្រក​ក្រោម​ម្លប់​នៃ​ស្លាប​របស់​ព្រះ‌អង្គ។
8គេ​នឹង​បាន​ឆ្អែត
ដោយ​របស់​ដ៏​បរិបូរ​ក្នុង​ដំណាក់​ព្រះ‌អង្គ
ហើយ​ព្រះ‌អង្គ​នឹង​ឲ្យ​គេ​ផឹក​ពី​ទន្លេ
នៃ​ព្រះ‌ហឫ‌ទ័យ​រីក​រាយ​របស់​ព្រះ‌អង្គ។
9ដ្បិត​ប្រភព​ទឹក​នៃ​ជីវិត​ស្ថិត​នៅ​ជា​មួយ​ព្រះ‌អង្គ
យើង​ខ្ញុំ​មើល​ឃើញ​ពន្លឺ
ដោយ​សារ​ពន្លឺ​របស់​ព្រះ‌អង្គ។
10ឱ​សូម​សម្ដែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស
ដល់​អស់​អ្នក​ដែល​ស្គាល់​ព្រះ‌អង្គ​ត​ទៅ
ហើយ​សម្ដែង​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ
ដល់​អស់​អ្នកដែល​មាន​ចិត្ត​ទៀង​ត្រង់​ផង។
11សូម​កុំ​ឲ្យ​ជើង​របស់​មនុស្ស​ព្រហើន
ជាន់​ឈ្លី​ទូល‌បង្គំ​ឡើយ
ក៏កុំ​ឲ្យ​ដៃ​មនុស្ស​អាក្រក់
មក​បណ្តេញ​ទូល‌បង្គំ​ដែរ។
12ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់
ត្រូវ​ដួល​ចុះ​នៅ​ទី​នោះ
គេ​ត្រូវទម្លាក់​ចុះ ឥតងើប​ឡើង​វិញ​បាន​ឡើយ។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 36: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល