ឱព្រះអើយ សូមសង្គ្រោះទូលបង្គំផង ដ្បិតទឹកបានឡើងដល់កទូលបង្គំហើយ។ ទូលបង្គំផុងនៅក្នុងភក់ដ៏ជ្រៅ ជាកន្លែងដែលគ្មានទីឈរឡើយ ទូលបង្គំបានចូលទៅក្នុងទឹកជ្រៅ ហើយជំនន់ក៏បោកគ្របលើទូលបង្គំ។ ទូលបង្គំល្វើយ ដោយសារសម្រែករបស់ទូលបង្គំ បំពង់កទូលបង្គំស្ងួតហើយ ភ្នែកទូលបង្គំទៅជាស្រវាំង ដោយសារទន្ទឹងរង់ចាំព្រះនៃទូលបង្គំ។ ៙ អស់អ្នកដែលស្អប់ទូលបង្គំដោយឥតហេតុ មានច្រើនជាងសក់ក្បាលរបស់ទូលបង្គំទៅទៀត អស់អ្នកដែលចង់បំផ្លាញទូលបង្គំ អស់អ្នកដែល វាយប្រហារទូលបង្គំដោយឥតរឿង មានកម្លាំងខ្លាំងណាស់ គេចាប់ឲ្យទូលបង្គំសងរបស់ដែលទូលបង្គំ មិនបានយកសោះ។ ឱព្រះអើយ ព្រះអង្គជ្រាបសេចក្ដីល្ងង់ខ្លៅ របស់ទូលបង្គំ កំហុសដែលទូលបង្គំបានប្រព្រឹត្ត ពុំអាចបិទបាំងនឹងព្រះអង្គឡើយ។ ៙ ឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ សូមកុំឲ្យអស់អ្នកដែលសង្ឃឹម ដល់ព្រះអង្គត្រូវខ្មាស ដោយព្រោះទូលបង្គំឡើយ ឱព្រះនៃសាសន៍អ៊ីស្រាអែលអើយ សូមកុំឲ្យអស់អ្នកដែលស្វែងរកព្រះអង្គ ត្រូវបាក់មុខ ដោយព្រោះទូលបង្គំឲ្យសោះ។ ដ្បិតគឺដោយយល់ដល់ព្រះអង្គហើយ បានជាទូលបង្គំទ្រាំទ្រពាក្យដំណៀល ហើយសេចក្ដីអាម៉ាស់បានគ្របមុខទូលបង្គំ។ ទូលបង្គំបានត្រឡប់ដូចជាអ្នកដទៃ ចំពោះបងប្អូនទូលបង្គំ គឺដូចជាសាសន៍ក្រៅចំពោះបងប្អូនពោះមួយ របស់ទូលបង្គំ។ ៙ ដ្បិតសេចក្ដីឧស្សាហ៍ដល់ដំណាក់ព្រះអង្គ បានបំផ្លាញទូលបង្គំ ហើយដំណៀលទាំងប៉ុន្មាន របស់អស់អ្នកតិះដៀលព្រះអង្គ បានធ្លាក់មកលើទូលបង្គំ។ កាលទូលបង្គំយំសោក ហើយដាក់ចិត្តតមអាហារ នោះធ្វើឲ្យគេតិះដៀលទូលបង្គំ។ កាលទូលបង្គំយកសំពត់ធ្មៃ មកធ្វើជាសម្លៀកបំពាក់ នោះទូលបង្គំត្រឡប់ជាពាក្យ លេងសើចរបស់គេ។ អស់អ្នកដែលអង្គុយនៅទ្វារក្រុង នាំគ្នានិយាយដើមទូលបង្គំ ហើយមនុស្សប្រមឹក យករឿងទូលបង្គំទៅធ្វើជាទំនុកច្រៀង។ ៙ ប៉ុន្តែ ឯទូលបង្គំវិញ ឱព្រះយេហូវ៉ាអើយ ពាក្យអធិស្ឋានរបស់ទូលបង្គំ គឺតម្រង់ទៅឯព្រះអង្គ។ នៅពេលគាប់ព្រះហឫទ័យ ឱព្រះអើយ ដោយព្រះហឫទ័យសប្បុរស ដ៏បរិបូររបស់ព្រះអង្គ សូមឆ្លើយតបមកទូលបង្គំផង ដោយការសង្គ្រោះដ៏ស្មោះត្រង់របស់ព្រះអង្គ។ សូមរំដោះទូលបង្គំឲ្យរួចពីភក់ជ្រាំនេះ សូមឲ្យទូលបង្គំបានរួចពីខ្មាំងសត្រូវរបស់ទូលបង្គំ និងពីទឹកដ៏ជ្រៅនេះផង! សូមកុំឲ្យជំនន់នេះពន្លិចទូលបង្គំ ឬទីជម្រៅលេបទូលបង្គំ ឬរណ្តៅបិទមាត់ គ្របពីលើទូលបង្គំឡើយ។ ៙ ឱព្រះយេហូវ៉ាអើយ សូមឆ្លើយតបមកទូលបង្គំ ដ្បិតព្រះហឫទ័យសប្បុរស របស់ព្រះអង្គល្អណាស់ តាមព្រះហឫទ័យមេត្តាករុណា ដ៏បរិបូររបស់ព្រះអង្គ សូមបែរមករកទូលបង្គំផង! សូមកុំលាក់ព្រះភក្ត្រពីអ្នកបម្រើ របស់ព្រះអង្គឡើយ សូមឆ្លើយមកទូលបង្គំជាប្រញាប់ផង ដ្បិតទូលបង្គំមានអាសន្នហើយ។ ៙ សូមយាងមកជិតទូលបង្គំ សូមលោះទូលបង្គំ ដោយព្រោះខ្មាំងសត្រូវរបស់ទូលបង្គំ សូមដោះទូលបង្គំឲ្យរួចផង!។
អាន ទំនុកតម្កើង 69
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 69:1-18
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ