ទំនុកតម្កើង 77

77
ការរំឭក​ឡើង​វិញ​ពី​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ
ទំនុក​របស់លោក​អេសាភ សម្រាប់​មេ​ភ្លេង ជូន​លោក​យេឌូថិន។
1ខ្ញុំ​បន្លឺ​សំឡេង​ស្រែក​រក​ព្រះ
គឺ​ស្រែក​រក​ព្រះយ៉ាង​ឮ
ហើយ​ព្រះ‌អង្គ​ផ្ទៀង​ព្រះ​កាណ៌​ស្តាប់​ខ្ញុំ។
2នៅ​ថ្ងៃ​ដែល​ខ្ញុំ​មាន​សេចក្ដី​វេទនា
ខ្ញុំ​ស្វែង​រក​ព្រះ‌អម្ចាស់
នៅ​ពេល​យប់ ខ្ញុំ​ប្រទូល​ដៃ​ឡើង​ឥត​ឈប់‌ឈរ
ព្រលឹង​ខ្ញុំ​មិន​ព្រមស្រាក​ស្រាន្ត​ឡើយ។
3ពេល​ខ្ញុំ​នឹក​ដល់​ព្រះ ខ្ញុំស្រែក​ថ្ងូរ
ពេល​ខ្ញុំ​សញ្ជឹង​គិត
វិញ្ញាណ​ខ្ញុំ​ក៏​ល្វើយ​ទៅ។ –បង្អង់
4៙ ព្រះ‌អង្គ​ទល់​ត្របក​ភ្នែក​ទូល‌បង្គំ
មិន​ឲ្យ​ដេក​លក់
ទូល‌បង្គំ​មាន​ចិត្ត​តាន​តឹង​ជា​ខ្លាំង
រក​និយាយ​មិន​កើត។
5ទូល‌បង្គំ​ពិចារណា​ពី​សម័យ​ចាស់​បុរាណ
ក៏​នឹក​ចាំ​ពី​ឆ្នាំ​ទាំង​ឡាយ​ដ៏​យូរ​លង់​កន្លង​មក។
6ទូល‌បង្គំ​នឹក​ឃើញ​ទំនុក
ដែល​ធ្លាប់​ច្រៀង​នៅ​ពេល​យប់
ទូល‌បង្គំសញ្ជឹង​គិត​ក្នុង​ចិត្ត
ហើយ​វិញ្ញាណ​ទូល‌បង្គំ
ក៏ស្វះ​ស្វែង​រក​ចម្លើយ។
7តើ​ព្រះ‌អម្ចាស់​បោះ‌បង់​ចោល​រហូត
ហើយ​មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ទៀត​ទេ​ឬ?
8តើ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
លែង​មាន​រហូត​ហើយ​ឬ?
តើ​សេចក្ដី​សន្យា​របស់​ព្រះ‌អង្គ
ខក​ខាន​រហូត​ហើយ​ឬ?
9តើ​ព្រះ​ភ្លេច​សម្ដែង​ព្រះ​គុណ​ហើយ​ឬ?
តើ​ព្រះ‌អង្គ​បង្ខាំង​ព្រះ‌ហឫ‌ទ័យ​អាណិត​អាសូរ
របស់​ព្រះ‌អង្គ​ទុក
ដោយ​សារ​ទ្រង់​ខ្ញាល់​ឬ? –បង្អង់
10ពេល​នោះ ទូល‌បង្គំ​គិត​ថា
«នេះ​ជា​ទុក្ខ​ព្រួយ​របស់​ទូល‌បង្គំទេ
ដែល​យល់​ថា ព្រះ‌ហស្ត​ស្តាំ
នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត​បាន​ប្រែ​ប្រួល»។
11៙ ទូល‌បង្គំ​នឹងរំឭក​ពី​កិច្ច​ការ
របស់​ព្រះ‌យេហូវ៉ា
អើ ទូល‌បង្គំ​នឹង​នឹក​ចាំពី​ការ​អស្ចារ្យ
ដែល​ព្រះ‌អង្គ​បាន​ធ្វើ​កាល​ពី​ជំនាន់​ដើម។
12ទូល‌បង្គំ​នឹង​សញ្ជឹង​គិត​ពី​អស់​ទាំង​កិច្ច​ការ
របស់​ព្រះ‌អង្គ
ហើយ​ពិចារណា​ពីស្នា​ព្រះ‌ហស្ដដ៏​អស្ចារ្យ
របស់​ព្រះ‌អង្គ។
13ឱ​ព្រះ​អើយ ផ្លូវ​របស់​ព្រះ‌អង្គ ជា​ផ្លូវ​បរិសុទ្ធ
តើ​មាន​ព្រះ​ឯ​ណា​ដែលធំ​ឧត្តុង្គ​ឧត្តម
ដូច​ព្រះ​នៃ​យើង?
14ព្រះ‌អង្គ​ជា​ព្រះ​ដែល​ធ្វើ​ការ​អស្ចារ្យ
ព្រះ‌អង្គ​បាន​សម្ដែង​ឲ្យ​ស្គាល់​ឫទ្ធា‌នុភាព
របស់​ព្រះ‌អង្គ
នៅ​កណ្ដាល​ជាតិ​សាសន៍នានា។
15ព្រះ‌អង្គ​បានលោះ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ
ដោយ​ព្រះ‌ពាហុ​របស់​ព្រះ‌អង្គ
គឺ​កូន​ចៅ​លោក​យ៉ាកុប និង​លោក​យ៉ូសែប។
–បង្អង់
16៙ ឱ​ព្រះ​អើយ សមុទ្រ​បាន​ឃើញ​ព្រះ‌អង្គ
គឺ​កាល​សមុទ្រ​បាន​ឃើញ​ព្រះ‌អង្គ
នោះ​ក៏​មាន​សេចក្ដីភិត‌ភ័យ
មែន ទី​ជម្រៅ​ក៏ញាប់​ញ័រ​ដែរ។
17ពពក​បាន​បង្អុល​ទឹក​ចេញមក
ផ្ទៃ​មេឃ​ក៏​បញ្ចេញ​ផ្គរលាន់
ហើយ​ព្រួញ​របស់​ព្រះ‌អង្គ​ជះ​ពន្លឺ​ទៅ​គ្រប់​ទិស។
18សូរ‌សៀង​ផ្គរលាន់​របស់​ព្រះ‌អង្គ
នៅ​ក្នុង​ខ្យល់​កួច
ផ្លេក‌បន្ទោរ​របស់​ព្រះ‌អង្គ​ចាំង​បំភ្លឺ​ពិភព​លោក
ផែនដី​ក៏​រញ្ជួយ ហើយ​ញាប់​ញ័រ។
19ផ្លូវ​របស់​ព្រះ‌អង្គ​ឆ្លង​កាត់​សមុទ្រ
ផ្លូវ​ច្រក​របស់​ព្រះ‌អង្គ​ឆ្លង​កាត់មហា​សាគរ
តែ​គ្មាន​អ្នក​ណា​ឃើញ​ដាន​ព្រះ‌បាទ
របស់​ព្រះ‌អង្គ​ឡើយ។
20ព្រះ‌អង្គ​បាន​នាំ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ
ដូច​ជា​ហ្វូង​ចៀម
ដោយ​ដៃ​របស់លោក​ម៉ូសេ និងលោក​អើរ៉ុន។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 77: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល