ទំនុកតម្កើង 79

79
ពាក្យ​ទូល​អង្វរ​សុំ​សេចក្ដី​មេត្ដា​ករុណា​ដល់​ក្រុង​យេរូ‌សាឡិម
ទំនុក​របស់​លោក​អេសាភ។
1ឱ​ព្រះ​អើយ ពួក​សាសន៍​ដទៃ
បាន​ចូល​រុក‌រាន​ក្នុង​មត៌ក​របស់​ព្រះ‌អង្គ ហើយ
គេ​បាន​បង្អាប់​ព្រះ‌វិហារ​បរិសុទ្ធ​របស់​ព្រះ‌អង្គ
ហើយ​បាន​បំផ្លាញ​ក្រុង​យេរូ‌សាឡិម
ឲ្យ​ទៅ​ជា​គំនរ​ថ្ម។
2គេ​បាន​ប្រគល់សាក​សព​ពួក​អ្នក​បម្រើ​ព្រះ‌អង្គ
ទៅ​ឲ្យ​សត្វ​ហើរ​លើ​អាកាសធ្វើ​ជា​អាហារ
គឺ​ជា​សាច់​នៃ​ពួក​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ
ដល់​សត្វ​តិរច្ឆាន​នៅ​ផែនដី។
3គេ​បាន​បង្ហូរ​ឈាម​របស់​អ្នក​ទាំង​នោះ
ដូច​ជា​ទឹក​ហូរ​នៅ​ជុំ‌វិញ​ក្រុង​យេរូ‌សាឡិម
ហើយ​គ្មាន​អ្នក​ណា​បញ្ចុះ​សព​គេ​ឡើយ ។
4យើង​ខ្ញុំ​បាន​ត្រឡប់​ជា​ទី​ត្មះ​តិះ​ដៀល
ដល់​អ្នក​ជិត​ខាង
និង​ជា​ទី​សើច​ចំអកឡក​ឡឺយ
ដល់​អស់​អ្នក​ដែល​នៅ​ជុំ‌វិញ​យើង​ខ្ញុំ។
5ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​ដល់​ពេល​ណាទៀត?
តើ​ព្រះ‌អង្គ​ខ្ញាល់​រហូត​ឬ?
តើ​ព្រះ‌ហឫ‌ទ័យ​ប្រចណ្ឌ​របស់ព្រះ‌អង្គ
នៅ​តែ​ឆេះ​ដូច​ភ្លើង​ទៀត​ឬ?
6សូម​ចាក់​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ
ទៅ​លើ​សាសន៍ដែល​មិន​ស្គាល់​ព្រះ‌អង្គ
និង​ទៅ​លើ​នគរ​ដែល​មិន​អំពាវ‌នាវ
ដល់​ព្រះ‌នាម​ព្រះ‌អង្គ​នោះ​ទៅ!
7ដ្បិត​គេ​បាន​ស៊ី​បង្ហិន​ពួក​យ៉ាកុប
ហើយ​បំផ្លាញ​ទី​លំនៅ​របស់គេ។
8សូម​កុំ​នឹក​ចាំ​អំពើ​ទុច្ចរិត
ដែល​យើង​ខ្ញុំ​ធ្វើ​ពី​ដើម​ឡើយ
សូម​ប្រញាប់​សម្ដែង​ព្រះ‌ហឫ‌ទ័យ​អាណិត​អាសូរ
របស់​ព្រះ‌អង្គ​ដល់​យើង​ខ្ញុំផង
ដ្បិត​យើង​ខ្ញុំកំពុង​តែ​អាប់ឱន​ណាស់។
9ឱ​ព្រះ​នៃ​ការ​សង្គ្រោះ​របស់​យើង​ខ្ញុំ​អើយ
សូម​ជួយ​យើង​ខ្ញុំ
ដោយ​យល់​ដល់​សិរី‌ល្អ​នៃ​ព្រះ‌នាម​ព្រះ‌អង្គ
សូម​ប្រាស​យើង​ខ្ញុំ​ឲ្យ​រួច
ហើយ​អត់​ទោស​អំពើ​បាបរបស់​យើង​ខ្ញុំ​ផង
ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ!
10ហេតុ​អ្វី​ត្រូវ​ឲ្យ​ពួក​សាសន៍​ដទៃ​ប្រមាថ​ថា
«តើ​ព្រះ​របស់​គេ​នៅ​ឯ​ណា?»
សូម​ឲ្យ​ការ​សង‌សឹក
ចំពោះ​ឈាម​ពួក​អ្នក​បម្រើ​ព្រះ‌អង្គ
ដែល​បាន​ខ្ចាយ​នោះ បាន​ដឹង​ច្បាស់
ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ
នៅ​មុខ​យើង​ខ្ញុំផង។
11សូម​ឲ្យ​សំឡេង​ថ្ងូរ​របស់​ពួក​អ្នក​ទោស
បាន​ឮ​ដល់​ព្រះ‌អង្គ
ហើយ​ដោយ​ព្រះ‌ចេស្តា​ដ៏​ធំ​របស់​ព្រះ‌អង្គ
សូម​ការ​ពារ​អ្នក​ដែលមាន​ទោស​ដល់​ស្លាប់
ទាំង​នោះ​ផង។
12ឱ​ព្រះ‌អម្ចាស់​អើយ
ឯ​ការ​ដែល​អ្នក​ជិត​ខាង​យើង​ខ្ញុំ
បាន​ត្មះ‌តិះ‌ដៀល​ព្រះ‌អង្គ
សូម​សង​ទៅ​លើ​ទ្រូង​គេ​មួយ​ជា​ប្រាំពីរ​វិញ។
13យ៉ាង​នោះ យើង​ខ្ញុំ​ដែល​ជាប្រជា‌រាស្ត្រ
និង​ជា​ហ្វូង​ចៀម​នៅ​ក្នុង​វាល​ស្មៅរបស់​ព្រះ‌អង្គ
នឹង​អរ​ព្រះ‌គុណដល់​ព្រះ‌អង្គ​ជា​រៀង​រហូត
យើង​ខ្ញុំ​នឹងពោល​សរសើរ​តម្កើង​ព្រះ‌អង្គ
គ្រប់​ជំនាន់​តរៀង​ទៅ។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 79: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល