ទំនុកតម្កើង 85

85
ពាក្យ​អធិស្ឋាន​សូម​ឲ្យ​ព្រះ​លើក​មុខ​ឡើង​វិញ ដោយ​ព្រះ​គុណ​របស់​ព្រះ
ទំនុក​របស់​កូន​ចៅ​កូរេ សម្រាប់​មេ​ភ្លេង។
1ឱ​ព្រះ‌យេហូវ៉ា​អើយ
ព្រះ‌អង្គ​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​ទឹក​ដី​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​បាន​លើក​មុខ​ពួក​យ៉ាកុប​ឡើង​វិញ ។
2ព្រះ‌អង្គ​បាន​អត់​ទោស​អំពើ​ទុច្ចរិត
របស់​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ
ក៏​បាន​គ្រប​បាំង​អំពើ​បាប
ទាំង​ប៉ុន្មាន​របស់​គេ។ -បង្អង់
3ព្រះ‌អង្គ​បាន​ដក​សេចក្ដី​ក្រោធ
ទាំង​អស់​របស់​ព្រះ‌អង្គ​ចេញ
ព្រះ‌អង្គ​បាន​បែរ​ចេញ​ពី​សេចក្ដី​ក្រោធ
ដ៏​សហ័ស​របស់​ព្រះ‌អង្គ។
4៙ ឱ​ព្រះ​នៃ​ការ​សង្គ្រោះ​របស់​យើង​ខ្ញុំ​អើយ
សូម​លើក​មុខ​យើង​ខ្ញុំ​ឡើង​វិញ
សូម​ឈប់​គ្នាន់‌ក្នាញ់​ចំពោះ​យើង​ខ្ញុំ​ទៅ!
5តើ​ព្រះ‌អង្គ​ខ្ញាល់​នឹង​យើង​ខ្ញុំ​រហូត​ឬ?
តើ​ព្រះ‌អង្គ​បន្លាយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ
គ្រប់​ជំនាន់​ត​ទៅ​ឬ?
6តើ​ព្រះ‌អង្គ​មិន​ប្រោស​ឲ្យ​យើង​ខ្ញុំ​មាន​ជីវិត​ឡើង​វិញ
ដើម្បី​ឲ្យ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ
បាន​រីក‌រាយ​ក្នុង​ព្រះ‌អង្គ​ទេ​ឬ?
7ឱ​ព្រះ‌យេហូវ៉ា​អើយ
សូម​សម្ដែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស
របស់ព្រះ‌អង្គ​ដល់​យើង​ខ្ញុំ
ហើយ​ប្រោស​ប្រទាន​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ
ដល់​យើង​ខ្ញុំ​ផង។
8៙ ខ្ញុំ​នឹង​ស្តាប់​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ
មាន​ព្រះ‌បន្ទូល
ដ្បិត​ព្រះ‌អង្គ​នឹង​មាន​ព្រះ‌បន្ទូល
ពី​សេចក្ដី​សុខ​សាន្ត
ដល់​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ
ដល់​ពួក​បរិសុទ្ធ​របស់​ព្រះ‌អង្គ
គឺ​កុំ​ឲ្យ​គេ​វិល​ត្រឡប់
ទៅ​រក​សេចក្ដី​ចម្កួត​ទៀត​ឡើយ។
9ពិត​ប្រាកដ​ជា​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ
នៅ​ជិត​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ
ដើម្បី​ឲ្យ​មាន​សិរី​រុងរឿង​នៅ​ក្នុង​ស្រុក​របស់​យើង។
10សេចក្ដី​សប្បុរស និង​សេចក្ដី​ស្មោះ‌ត្រង់ ជួប​គ្នា
សេចក្ដី​សុចរិត និង​សេចក្ដី​សុខ​សាន្ត ថើប​គ្នា។
11សេចក្ដី​ស្មោះ‌ត្រង់​ដុះ​ពន្លក​ចេញ​ពី​ដី
ហើយ​សេចក្ដី​សុចរិត​ក៏​មើល​ពី​លើ​មេឃ​មក​ដែរ។
12អើ ព្រះ‌យេហូវ៉ា​នឹង​ប្រោស​ប្រទាន​សេចក្ដី​ល្អ
ហើយ​ស្រុក​យើង​នឹង​បង្កើត​ភោគ​ផល
ចម្រើន​ឡើង។
13សេចក្ដី​សុចរិត​នឹង​ដើរ​នៅ​ចំពោះ​ព្រះ‌អង្គ
ហើយ​រៀប​ផ្លូវ​សម្រាប់​ជំហាន​ព្រះ‌អង្គ។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 85: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល