ទំនុកតម្កើង ពាក្យ​លំនាំ

ពាក្យ​លំនាំ
តាំង​ពី​ដើម​រៀង​មក ប្រជា‌ជន​អ៊ីស្រា‌អែល​តែងតែ​និពន្ធ​បទ​ចម្រៀង និង​កំណាព្យ​ជា​ច្រើន ដើម្បី​សរសើរ​តម្កើង​ព្រះ អរ​ព្រះ‌គុណ​ព្រះ‌អង្គ និង​ទូល​ព្រះ‌អង្គ​នូវ​អំណរ​សប្បាយ ឬ​ទុក្ខ​លំបាក​របស់​ពួក​គេ។ ក្រោយ​មក គេ​ប្រមូល​បទ​ចម្រៀង និង​កំណាព្យ​ទាំង​នោះ​មក​ចង​ក្រង​ជា​កណ្ឌ​គម្ពីរ​មួយ ដែល​មាន​ចំណង​ជើង​ថា «ទំនុកតម្កើង»។
តាម​រយៈ​ទំនុកតម្កើង ប្រជា‌ជន​សម្តែង​នូវ​ការ​ទុក​ចិត្ត និង​ផ្ញើ​ជីវិត​របស់​ខ្លួន​លើ​ព្រះ ជា​ព្រះ​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ ព្រោះ​គេ​ជឿ​ថា ព្រះ‌អង្គ​ជ្រាប​ច្បាស់​ពី​ទុក្ខ​លំបាក និង​ការ​ព្រួយ​បារម្ភ​របស់​គេ ហើយ​នៅ​ពេល​គេ​តូច​ចិត្ត​ភ័យ​ខ្លាច ឬ​មាន​កំហឹង បះ‌បោរ ក៏​ព្រះ‌អង្គ​ជ្រាប​ដែរ។ ជា​ពិសេស​ទៅ​ទៀត ព្រះ​តែងតែ​ឆ្លើយ​តប នៅ​ពេល​ណា​គេ​ស្រែក​អង្វរ​រក​ព្រះ‌អង្គ។
ក្នុង​គម្ពីរ​ទំនុកតម្កើង​នេះ យើង​ឃើញ​ថា ជន‌ជាតិ​អ៊ីស្រា‌អែល​តែងតែ​បន្លឺ​សំឡេង​ទៅ​កាន់​ព្រះ​ជានិច្ច។ ឧទាហរណ៍ ពេល​ណា​សត្រូវ​មក​យាយី ជន‌ជាតិ​អ៊ីស្រា‌អែល​ភ័យ​ខ្លាច ហើយ​នាំ​គ្នា​ទទូច​អង្វរ​ព្រះ ព្រោះ​គេ​ជឿ​ថា ព្រះ​តែងតែ​មាន​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់​នឹង​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ​ជានិច្ច។ ព្រះ‌អង្គ​តែងតែ​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​មនុស្ស​លោក ជា​ពិសេស ជួយ​មនុស្ស​កម្សត់​ទុគ៌ត ដោយ​ព្រះ‌ហឫទ័យ​ស្រឡាញ់។
នៅ​ពេល​មាន​កិត្តិយស នៅ​ពេល​សប្បាយ នៅ​ពេល​រង​ទុក្ខ​លំបាក ឬ​នៅ​ពេល​មាន​អាសន្ន ទោះ​បី​កវី​ទំនុកតម្កើង​មាន​អារម្មណ៍​យ៉ាង​ណា​ក្ដី ក៏​ពួក​គេ​នៅ​តែ​នាំ​គ្នា​ចូល​មក​រក​ព្រះ​ជានិច្ច ដើម្បី​ទូល​ព្រះ‌អង្គ​អំពី​អ្វីៗ​ដែល​មាន​ដក់​ជាប់​ក្នុង​ចិត្ត​របស់​ខ្លួន។
គម្ពីរ​ទំនុកតម្កើង​នេះ​បាន​តែង​ឡើង​ជា​ច្រើន​សតវត្សរ៍​មក​ហើយ ប៉ុន្តែ ពាក្យ​ទូល‌អង្វរ ពាក្យ​អធិស្ឋាន និង​ពាក្យ​សរសើរ​តម្កើង នៅ​តែ​មាន​ខ្លឹម‌សារ សម្រាប់​អ្នក​ជឿ​នា​បច្ចុប្បន្ន​កាល​នេះ​ជានិច្ច។ អ្នក​ជឿ​គ្រប់ៗ​រូប​អាច​យក​សេចក្ដី​ដែល​មាន​ចែង​ក្នុង​ទំនុកតម្កើង​មក​អនុវត្ត​ក្នុង​ជីវិត​របស់​ខ្លួន​ផ្ទាល់ ស្រប​តាម​ស្ថាន​ភាព​ដែល​ខ្លួន​កំពុង​ឆ្លង​កាត់ ឬ​ក៏​ប្រើ​ទំនុកតម្កើង​ទាំង​នេះ​ជា​គំរូ​ក្នុង​ការ​អធិស្ឋាន​ក៏​បាន។
ប្រហែល​ជា​អ្នក​អាន​នឹក​ឆ្ងល់​ចំពោះ​ឃ្លា​ខ្លះ ដែល​កវី​អធិស្ឋាន​សុំ​ព្រះ​ដាក់​បណ្ដាសា​ខ្មាំង​សត្រូវ​របស់​ខ្លួន។ មូល​ហេតុ​នាំ​ឲ្យ​គេ​ធ្វើ​ដូច្នេះ មក​ពី​ប្រជា‌ជន​អ៊ីស្រា‌អែល​នៅ​សម័យ​នោះ ពុំ​ទាន់​បាន​យល់​ច្បាស់​នូវ​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះ ចំពោះ​ប្រជា‌ជាតិ​ទាំង​អស់​ក្នុង​សកល​លោក​នេះ។
ព្រះ‌គ្រីស្ទ ព្រម​ទាំង​សាវក​របស់​ព្រះ‌អង្គ​នៅ​ជំនាន់​ដើម និង​គ្រីស្ទ​បរិស័ទ​គ្រប់​ជំនាន់​ទាំង​អស់​តែងតែ​ប្រើ​ទំនុកតម្កើង​ជា​ពាក្យ​អធិស្ឋាន ជា​ពាក្យ​សរសើរ​តម្កើង ដ្បិត​ព្រះ​ផ្ទាល់​បាន​ដាក់​ពាក្យ​ទាំង​នេះ​ក្នុង​ដួង​ចិត្ត​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​ទំនុកតម្កើង​មាន​លក្ខណៈ​មិន​ត្រឹម​តែ​ជា​ពាក្យ​អធិស្ឋាន​របស់​មនុស្ស​ប៉ុណ្ណោះ​ទេ តែ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​ផង​ដែរ។
យើង​អាច​បែង​ចែក​គម្ពីរ​ទំនុកតម្កើង​ទាំង​មួយ​រយ​ហា‌សិប​ជំពូក ជា​ប្រាំ​ភាគ៖
• ភាគ​ទី​មួយ (១-៤១)
• ភាគ​ទី​ពីរ (៤២-៧២)
• ភាគ​ទី​បី (៧៣-៨៩)
• ភាគ​ទី​បួន (៩០-១០៦)
• ភាគ​ទី​ប្រាំ (១០៧-១៥០)
«ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ‌​អស់​មួយ​ជីវិត
ខ្ញុំ​នឹង​ស្មូត្រ​ទំនុកតម្កើង​ថ្វាយ​ព្រះ‌កិត្តិនាម​ព្រះ​របស់​ខ្ញុំ ក្នុង​ពេល​ដែល​ខ្ញុំ​នៅ​រស់​នៅ​ឡើយ។» (ទំនុកតម្កើង ១៤៦.២)

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល