វិវរណៈ 11
11
មានស្មរបន្ទាល់ពីរ
1បន្ទាប់មក មានគេឲ្យដំបងមួយមកខ្ញុំទុកជាខ្នាត ហើយប្រាប់ថា៖ «ចូរក្រោកឡើង ហើយទៅវាស់ព្រះវិហាររបស់ព្រះ និងអាសនា ព្រមទាំងពួកអ្នកដែលថ្វាយបង្គំនៅទីនោះផង 2តែកុំវាស់ទីលានខាងក្រៅព្រះវិហារឡើយ ត្រូវទុកឲ្យនៅដោយឡែក ដ្បិតទីនោះព្រះអង្គបានប្រគល់ឲ្យជាតិសាសន៍នានា ហើយគេនឹងជាន់ទីក្រុងបរិសុទ្ធអស់រយៈពេលសែសិបពីរខែ។ 3យើងនឹងឲ្យអំណាចដល់ស្មរបន្ទាល់របស់យើងពីរនាក់ ដើម្បីថ្លែងទំនាយក្នុងរយៈពេលមួយពាន់ពីររយហុកសិបថ្ងៃ ទាំងស្លៀកពាក់សំពត់ធ្មៃ»។ 4អ្នកទាំងពីរនេះ គឺជាដើមអូលីវទាំងពីរ និងជាចង្កៀងទាំងពីរ ដែលឈរនៅចំពោះព្រះអម្ចាស់នៃផែនដី ។ 5ប្រសិនបើមានអ្នកណាចង់ធ្វើទុក្ខអ្នកទាំងពីរ នោះនឹងមានភ្លើងចេញពីមាត់គេមក ហើយបញ្ឆេះបំផ្លាញខ្មាំងសត្រូវរបស់គេ។ ដូច្នេះ បើមានអ្នកណាចង់ធ្វើទុក្ខគេ អ្នកនោះត្រូវស្លាប់បែបនេះឯង។ 6អ្នកទាំងពីរមានអំណាចនឹងបិទមេឃ មិនឲ្យភ្លៀងធ្លាក់ក្នុងគ្រាដែលគេថ្លែងទំនាយ ក៏មានអំណាចនឹងធ្វើឲ្យទឹកទៅជាឈាម និងធ្វើឲ្យផែនដីកើតមានគ្រោះកាចគ្រប់យ៉ាង ពេលណាក៏បាន តាមតែចិត្ត។
7កាលណាអ្នកទាំងពីរបានធ្វើបន្ទាល់របស់ខ្លួនចប់ហើយ សត្វសាហាវដែលឡើងពីជង្ហុកធំក៏មកច្បាំងនឹងគេ ទាំងឈ្នះ ហើយសម្លាប់គេផង 8សាកសពអ្នកទាំងពីរនឹងដេកនៅតាមផ្លូវ ក្នុងទីក្រុងធំដែលមានឈ្មោះជានិមិត្តរូបថា «សុដុម» និង «អេស៊ីព្ទ» ជាក្រុងដែលមនុស្សបានឆ្កាងព្រះអម្ចាស់របស់អ្នកទាំងពីរ។ 9អស់រយៈពេលបីថ្ងៃកន្លះ មានមនុស្សមកពីជនជាតិ ពីកុលសម្ព័ន្ធ ពីភាសា និងពីជាតិសាសន៍ទាំងឡាយ នឹងឃើញសាកសពអ្នកទាំងពីរ ហើយមិនព្រមឲ្យអ្នកណាយកសាកសពនោះទៅកប់ឡើយ 10មនុស្សនៅផែនដីនឹងមានអំណរ ហើយអបអរសាទរ ដោយអ្នកទាំងពីរបានស្លាប់ ក៏នឹងជូនជំនូនគ្នាទៅវិញទៅមក ព្រោះហោរាទាំងពីរនោះបានធ្វើឲ្យមនុស្សដែលរស់នៅលើផែនដីវេទនាជាខ្លាំង។
11ប៉ុន្តែ ក្រោយបីថ្ងៃកន្លះនោះមក ព្រះវិញ្ញាណនៃជីវិតដែលមកពីព្រះ បានចូលក្នុងសាកសពអ្នកទាំងពីរ ហើយគេក៏ក្រោកឈរឡើង ឯពួកអ្នកដែលឃើញភ័យខ្លាចជាខ្លាំង។ 12ពេលនោះ អ្នកទាំងពីរបានឮសំឡេងពីលើមេឃថា៖ «ចូរឡើងមកណេះ!» គេក៏ឡើងទៅលើមេឃ នៅក្នុងពពក ហើយពួកខ្មាំងសត្រូវរបស់គេក៏ឃើញដែរ។ 13នៅវេលានោះ មានរញ្ជួយផែនដីជាខ្លាំង ហើយមួយភាគដប់នៃទីក្រុងនោះត្រូវរលំ មនុស្សប្រាំពីរពាន់នាក់បានស្លាប់ ក្នុងពេលដែលរញ្ជួយផែនដីនោះ ឯមនុស្សដែលសល់ ក៏មានចិត្តភ័យខ្លាច ហើយលើកតម្កើងដល់ព្រះនៃស្ថានសួគ៌។ 14សេចក្ដីវេទនាទីពីរបានកន្លងផុតទៅ មើល៍ សេចក្ដីវេទនាទីបីនឹងមកដល់ក្នុងពេលឆាប់ៗ។
សំឡេងត្រែទីប្រាំពីរ
15ទេវតាទីប្រាំពីរផ្លុំត្រែរបស់ខ្លួនឡើង ស្រាប់តែមានឮសំឡេងជាខ្លាំងបន្លឺឡើងនៅលើមេឃថា៖ «រាជ្យក្នុងលោកនេះ បានត្រឡប់ជារាជ្យរបស់ព្រះអម្ចាស់នៃយើង និងព្រះគ្រីស្ទរបស់ព្រះអង្គ ហើយទ្រង់នឹងសោយរាជ្យនៅអស់កល្បជានិច្ចរៀងរាបតទៅ»។ 16ពេលនោះ ចាស់ទុំទាំងម្ភៃបួនរូប ដែលអង្គុយនៅលើបល្ល័ង្ករបស់ខ្លួន នៅចំពោះព្រះ ក៏ក្រាបចុះ ហើយថ្វាយបង្គំព្រះ 17ទាំងពោលថា៖ «ឱព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុតអើយ ព្រះអង្គដែលគង់នៅសព្វថ្ងៃ ហើយក៏គង់នៅតាំងតែពីដើមមក យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ព្រោះព្រះអង្គបានយកព្រះចេស្តាដ៏ធំរបស់ព្រះអង្គ ហើយចាប់ផ្ដើមសោយរាជ្យ។ 18ជាតិសាសន៍នានាមានកំហឹង តែសេចក្តីក្រោធរបស់ព្រះអង្គក៏មកដល់ ហើយជាពេលកំណត់ដែលត្រូវជំនុំជម្រះពួកមនុស្សស្លាប់ និងប្រទានរង្វាន់ដល់ពួកហោរា ពួកបរិសុទ្ធ និងអស់អ្នកដែលកោតខ្លាចព្រះនាមព្រះអង្គ គឺជាអ្នកបម្រើរបស់ព្រះអង្គទាំងតូចទាំងធំ ហើយក៏ជាពេលត្រូវបំផ្លាញអស់អ្នកដែលបំផ្លាញផែនដីដែរ»។
19ពេលនោះ ព្រះវិហាររបស់ព្រះនៅស្ថានសួគ៌ ក៏បើកចំហ ហើយឃើញមានហិបនៃសេចក្ដីសញ្ញារបស់ព្រះអង្គ នៅក្នុងព្រះវិហារនោះ ហើយក៏មានផ្លេកបន្ទោរ មានសូរសំឡេង មានផ្គរលាន់ មានរញ្ជួយផែនដី និងមានធ្លាក់ព្រឹលយ៉ាងខ្លាំង។
ទើបបានជ្រើសរើសហើយ៖
វិវរណៈ 11: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies