រ៉ូម 10
10
1បងប្អូនអើយ ខ្ញុំមានចិត្តប្រាថ្នា ហើយអធិស្ឋានដល់ព្រះ ឲ្យសាសន៍អ៊ីស្រាអែល គឺឲ្យគេបានសង្គ្រោះ។ 2ខ្ញុំអាចធ្វើបន្ទាល់បានថា គេមានសេចក្តីឧស្សាហ៍ដល់ព្រះ ប៉ុន្តែ មិនមែនដោយប្រាជ្ញាទេ។ 3ដ្បិតដោយមិនយល់សេចក្តីសុចរិតដែលមកពីព្រះ ហើយខំប្រឹងតាំងសេចក្តីសុចរិតដោយខ្លួនឯង នោះគេមិនបានចុះចូលតាមសេចក្តីសុចរិតរបស់ព្រះឡើយ។ 4ដ្បិតព្រះគ្រីស្ទជាចុងបំផុតនៃក្រឹត្យវិន័យ ដើម្បីឲ្យបានរាប់ជាសុចរិត ដល់អស់អ្នកដែលជឿ។
ការសង្គ្រោះ គឺសម្រាប់មនុស្សទាំងអស់
5លោកម៉ូសេបានចែងពីសេចក្តីសុចរិត ដែលមកពីក្រឹត្យវិន័យថា «អ្នកដែលប្រព្រឹត្តតាមសេចក្តីទាំងនេះ អ្នកនោះនឹងរស់នៅដោយសារសេចក្ដីទាំងនោះឯង» ។ 6តែសេចក្តីសុចរិតដែលមកពីជំនឿ ចែងថា «កុំឲ្យគិតក្នុងចិត្តថា "តើអ្នកណានឹងឡើងទៅស្ថានសួគ៌"» (គឺដើម្បីនាំព្រះគ្រីស្ទចុះមក) 7«ឬ "តើអ្នកណានឹងចុះទៅក្នុងជង្ហុកធំ"» (គឺដើម្បីនាំព្រះគ្រីស្ទឡើងពីពួកមនុស្សស្លាប់) នោះឡើយ។ 8ប៉ុន្ដែ តើបទគម្ពីរចែងដូចម្តេច? គឺចែងថា៖ «ព្រះបន្ទូលនៅក្បែរអ្នក នៅក្នុងមាត់អ្នក ហើយនៅក្នុងចិត្តអ្នកផង» (នោះគឺ ព្រះបន្ទូលនៃជំនឿ ដែលយើងប្រកាស)។ 9ព្រោះ បើមាត់អ្នកប្រកាសថា ព្រះយេស៊ូវជាព្រះអម្ចាស់ ហើយជឿក្នុងចិត្តថា ព្រះបានប្រោសឲ្យព្រះអង្គមានព្រះជន្មរស់ពីស្លាប់ឡើងវិញ នោះអ្នកនឹងបានសង្គ្រោះ។ 10ដ្បិតយើងបានសុចរិតដោយមានចិត្តជឿ ហើយបានសង្រ្គោះដោយមាត់ប្រកាសប្រាប់។ 11គម្ពីរចែងថា៖ «អ្នកណាជឿដល់ព្រះអង្គ អ្នកនោះមិនត្រូវខ្មាសឡើយ» ។ 12សាសន៍យូដា និងសាសន៍ក្រិកគ្មានអ្វីខុសគ្នាឡើយ ព្រោះព្រះអម្ចាស់ដដែលជាព្រះអម្ចាស់របស់មនុស្សទាំងអស់ ហើយទ្រង់មានព្រះហឫទ័យទូលាយ ដល់អស់អ្នកដែលអំពាវនាវរកព្រះអង្គ 13ដ្បិត «អស់អ្នកដែលអំពាវនាវរកព្រះនាមព្រះអម្ចាស់ អ្នកនោះនឹងបានសង្គ្រោះ »។
14ប៉ុន្តែ ធ្វើដូចម្ដេចឲ្យគេអំពាវនាវរកព្រះអង្គបាន បើគេមិនជឿ? ធ្វើដូចម្ដេចឲ្យគេជឿដល់ព្រះអង្គបាន បើគេមិនដែលឮ? ហើយធ្វើដូចម្ដេចឲ្យគេឮបាន បើគ្មានអ្នកណាប្រកាស? 15មួយទៀត ធ្វើដូចម្តេចឲ្យមានអ្នកប្រកាសបាន បើគ្មានអ្នកណាចាត់គេឲ្យទៅ? ដូចមានសេចក្តីចែងទុកមកថា៖ «ជើងរបស់អស់អ្នកដែលនាំដំណឹងល្អ [ពីសេចក្តីសុខសាន្ត ហើយនាំដំណឹងដែលបណ្ដាលឲ្យចិត្តរីករាយ ] នោះល្អណាស់ហ្ន៎!» ។
16ប៉ុន្តែ មិនមែនមនុស្សគ្រប់គ្នាបានស្តាប់តាមដំណឹងល្អទេ ដ្បិតលោកអេសាយថ្លែងថា «ឱព្រះអម្ចាស់អើយ តើអ្នកណាបានជឿសេចក្តីដែលយើងនិយាយ» ។ 17ដូច្នេះ ជំនឿកើតឡើងដោយសេចក្ដីដែលបានឮ ហើយសេចក្ដីដែលបានឮនោះ គឺដោយសារព្រះបន្ទូលរបស់ព្រះគ្រីស្ទ ។
18ប៉ុន្តែ ខ្ញុំសួរថា តើគេមិនបានឮទេឬ? ប្រាកដមែន គេបានឮ ដ្បិត «សំឡេងរបស់គេបានចេញទៅពាសពេញលើផែនដី ហើយពាក្យរបស់គេបានឮរហូតដល់ចុងបំផុតនៃពិភពលោក» ។ 19ប៉ុន្តែ ខ្ញុំសួរទៀតថា តើសាសន៍អ៊ីស្រាអែលមិនបានយល់ទេឬ? លោកម៉ូសេថ្លែងមុនគេថា៖ «យើងនឹងធ្វើឲ្យអ្នករាល់គ្នាច្រណែននឹងពួកអ្នក ដែលមិនមែនជាសាសន៍ណាមួយ យើងនឹងធ្វើឲ្យអ្នកខឹងនឹងសាសន៍មួយដែលឥតប្រាជ្ញា» ។ 20លោកអេសាយមានចិត្តក្លាហាន ហើយហ៊ាននិយាយទៀតថា៖ «ពួកអ្នកដែលមិនបានស្វែងរកយើង គេបានរកយើងឃើញ ពួកអ្នកដែលមិនសួររកយើង យើងបានបង្ហាញឲ្យគេឃើញ» ។ 21ប៉ុន្ដែ ពីដំណើរសាសន៍អ៊ីស្រាអែលវិញ លោកថ្លែងថា៖ «យើងបានលូកដៃវាល់ព្រឹកវាល់ល្ងាច ទៅរកប្រជារាស្ត្រមួយដែលមិនស្តាប់បង្គាប់ ហើយចេះតែជំទាស់» ។
ទើបបានជ្រើសរើសហើយ៖
រ៉ូម 10: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies