រ៉ូម 10

10
1បង‌ប្អូន​អើយ ខ្ញុំ​មាន​ចិត្ត​ប្រាថ្នា ហើយ​អធិស្ឋាន​ដល់​ព្រះ ឲ្យ​សាសន៍​អ៊ីស្រា‌អែល គឺ​ឲ្យ​គេ​បាន​សង្គ្រោះ។ 2ខ្ញុំ​អាច​ធ្វើ​បន្ទាល់​បាន​ថា គេ​មាន​សេចក្តី​ឧស្សាហ៍​ដល់​ព្រះ ប៉ុន្តែ មិន​មែន​ដោយ​ប្រាជ្ញា​ទេ។ 3ដ្បិត​ដោយ​មិន​យល់​សេចក្តី​សុចរិត​ដែល​មក​ពី​ព្រះ ហើយ​ខំ​ប្រឹង​តាំង​សេចក្តី​សុចរិត​ដោយ​ខ្លួន​ឯង នោះ​គេ​មិន​បាន​ចុះ​ចូល​តាម​សេចក្តី​សុចរិត​របស់​ព្រះ​ឡើយ។ 4ដ្បិត​ព្រះ‌គ្រីស្ទ​ជា​ចុង​បំផុត​នៃ​ក្រឹត្យ‌វិន័យ ដើម្បី​ឲ្យ​បាន​រាប់​ជា​សុចរិត ដល់​អស់​អ្នក​ដែល​ជឿ។
ការ​សង្គ្រោះ គឺ​សម្រាប់​មនុស្ស​ទាំង​អស់
5លោក​ម៉ូសេ​បាន​ចែង​ពី​សេចក្តី​សុចរិត ដែល​មក​ពី​ក្រឹត្យ‌វិន័យ​ថា «អ្នក​ដែល​ប្រព្រឹត្ត​តាម​សេចក្តី​ទាំង​នេះ អ្នក​នោះ​នឹង​រស់​នៅ​ដោយ​សារ​សេចក្ដី​ទាំង​នោះ​ឯង» ។ 6តែ​សេចក្តី​សុចរិត​ដែល​មក​ពី​ជំនឿ ចែង​ថា «កុំ​ឲ្យ​គិត​ក្នុង​ចិត្ត​ថា "តើ​អ្នក​ណា​នឹង​ឡើង​ទៅ​ស្ថាន‌សួគ៌"» (គឺ​ដើម្បី​នាំ​ព្រះ‌គ្រីស្ទ​ចុះ​មក) 7«ឬ "តើ​អ្នក​ណា​នឹង​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ"» (គឺ​ដើម្បី​នាំ​ព្រះ‌គ្រីស្ទ​ឡើង​ពី​ពួក​មនុស្ស​ស្លាប់) នោះ​ឡើយ។ 8ប៉ុន្ដែ តើ​បទ​គម្ពីរ​ចែង​ដូច​ម្តេច? គឺ​ចែង​ថា៖ «ព្រះ‌បន្ទូល​នៅ​ក្បែរ​អ្នក នៅ​ក្នុង​មាត់​អ្នក ហើយ​នៅ​ក្នុង​ចិត្ត​អ្នក​ផង» (នោះ​គឺ ព្រះ‌បន្ទូល​នៃ​ជំនឿ ដែល​យើង​ប្រកាស)។ 9ព្រោះ បើ​មាត់​អ្នក​ប្រកាស​ថា ព្រះ‌យេស៊ូវ​ជា​ព្រះ‌អម្ចាស់ ហើយ​ជឿ​ក្នុង​ចិត្ត​ថា ព្រះ​បាន​ប្រោស​ឲ្យ​ព្រះ‌អង្គ​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​អ្នក​នឹង​បាន​សង្គ្រោះ។ 10ដ្បិត​យើង​បាន​សុចរិត​ដោយ​មាន​ចិត្ត​ជឿ ហើយ​បាន​សង្រ្គោះ​ដោយ​មាត់​ប្រកាស​ប្រាប់។ 11គម្ពីរ​ចែង​ថា៖ «អ្នក​ណា​ជឿ​ដល់​ព្រះ‌អង្គ អ្នក​នោះ​មិន​ត្រូវ​ខ្មាស​ឡើយ» ។ 12សាសន៍​យូដា និង​សាសន៍​ក្រិក​គ្មាន​អ្វី​ខុស​គ្នា​ឡើយ ព្រោះ​ព្រះ‌អម្ចាស់​ដដែល​ជា​ព្រះ‌អម្ចាស់​របស់​មនុស្ស​ទាំង​អស់ ហើយ​ទ្រង់​មាន​ព្រះ‌‌ហឫ‌ទ័យ​ទូលាយ ដល់​អស់​អ្នក​ដែល​អំពាវ‌នាវ​រក​ព្រះ‌អង្គ 13ដ្បិត «អស់​អ្នក​ដែល​អំពាវ‌នាវ​រក​ព្រះ‌នាម​ព្រះ‌អម្ចាស់ អ្នក‌នោះ​នឹង​បាន​សង្គ្រោះ »។
14ប៉ុន្តែ ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​អំពាវ‌នាវ​រក​ព្រះ‌អង្គ​បាន បើ​គេ​មិន​ជឿ? ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​ជឿ​ដល់​ព្រះ‌អង្គ​បាន បើ​គេ​មិន​ដែល​ឮ? ហើយ​ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​ឮ​បាន បើ​គ្មាន​អ្នក​ណា​ប្រកាស? 15មួយ​ទៀត ធ្វើ​ដូច​ម្តេច​ឲ្យ​មាន​អ្នក​ប្រកាស​បាន បើ​គ្មាន​អ្នក​ណា​ចាត់​គេ​ឲ្យ​ទៅ? ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «ជើង​របស់​អស់​អ្នក​ដែល​នាំ​ដំណឹង​ល្អ [ពី​សេចក្តី​សុខ​សាន្ត ហើយ​នាំ​ដំណឹង​ដែល​បណ្ដាល​ឲ្យ​ចិត្ត​រីក‌រាយ ] នោះ​ល្អ​ណាស់​ហ្ន៎!» ។
16ប៉ុន្តែ មិន​មែន​មនុស្ស​គ្រប់​គ្នា​បាន​ស្តាប់​តាម​ដំណឹង​ល្អ​ទេ ដ្បិត​លោក​អេសាយ​ថ្លែង​ថា «ឱ​ព្រះ‌អម្ចាស់​អើយ តើ​អ្នក​ណា​បាន​ជឿ​សេចក្តី​ដែល​យើង​និយាយ» ។ 17ដូច្នេះ ជំនឿ​កើត​ឡើង​ដោយ​សេចក្ដី​ដែល​បាន​ឮ ហើយ​សេចក្ដី​ដែល​បាន​ឮ​នោះ គឺ​ដោយ​សារ​ព្រះ‌បន្ទូល​របស់​ព្រះ‌គ្រីស្ទ ។
18ប៉ុន្តែ ខ្ញុំ​សួរ​ថា តើ​គេ​មិន​បាន​ឮ​ទេ​ឬ? ប្រាកដ​មែន គេ​បាន​ឮ ដ្បិត «សំឡេង​របស់​គេ​បាន​ចេញ​ទៅ​ពាស​ពេញ​លើ​ផែន​ដី ហើយ​ពាក្យ​របស់​គេ​បាន​ឮ​រហូត​ដល់​ចុង​បំផុត​នៃ​ពិភព‌លោក» ។ 19ប៉ុន្តែ ខ្ញុំ​សួរ​ទៀត​ថា តើ​សាសន៍​អ៊ីស្រា‌អែល​មិន​បាន​យល់​ទេ​ឬ? លោក​ម៉ូសេ​ថ្លែង​មុន​គេ​ថា៖ «យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ច្រណែន​នឹង​ពួក​អ្នក ដែល​មិន​មែន​ជា​សាសន៍​ណា​មួយ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ខឹង​នឹង​សាសន៍​មួយ​ដែល​ឥត​ប្រាជ្ញា» ។ 20លោក​អេសាយ​មាន​ចិត្ត​ក្លា‌ហាន ហើយ​ហ៊ាន​និយាយ​ទៀត​ថា៖ «ពួក​អ្នក​ដែល​មិន​បាន​ស្វែង​រក​យើង គេ​បាន​រក​យើង​ឃើញ ពួក​អ្នក​ដែល​មិន​សួរ​រក​យើង យើង​បាន​បង្ហាញ​ឲ្យ​គេ​ឃើញ» ។ 21ប៉ុន្ដែ ពី​ដំណើរ​សាសន៍​អ៊ីស្រា‌អែល​វិញ លោក​ថ្លែង​ថា៖ «យើង​បាន​លូក​ដៃ​វាល់​ព្រឹក​វាល់​ល្ងាច ទៅ​រក​ប្រជា​រាស្ត្រ​មួយ​ដែល​មិន​ស្តាប់​បង្គាប់ ហើយ​ចេះ​តែ​ជំទាស់» ។

ទើបបានជ្រើសរើសហើយ៖

រ៉ូម 10: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល