រ៉ូម 15
15
ត្រូវធ្វើឲ្យអ្នកដទៃសប្បាយចិត្ដ
1យើងដែលជាអ្នករឹងមាំ គួរតែទ្រាំទ្រនឹងភាពទន់ខ្សោយរបស់អ្នកដែលមិនរឹងមាំ ហើយមិនត្រូវបំពេញតែចិត្តខ្លួនឯងឡើយ។ 2យើងម្នាក់ៗត្រូវបំពេញចិត្តអ្នកជិតខាងខ្លួន ដើម្បីជាការល្អសម្រាប់ស្អាងចិត្តឡើង 3ដ្បិតព្រះគ្រីស្ទមិនបានបំពេញព្រះហឫទ័យព្រះអង្គផ្ទាល់ទេ តែដូចជាមានសេចក្តីចែងទុកមកថា៖ «សេចក្តីដំនៀលរបស់អស់អ្នកដែលត្មះតិះដៀលព្រះអង្គ បានធ្លាក់មកលើទូលបង្គំ» ។ 4ដ្បិតសេចក្តីដែលបានចែងទុកពីមុនមក នោះបានចែងទុកសម្រាប់អប់រំយើង ដើម្បីឲ្យយើងមានសង្ឃឹម ដោយការស៊ូទ្រាំ និងដោយការលើកទឹកចិត្តពីបទគម្ពីរ។ 5សូមព្រះនៃការស៊ូទ្រាំ និងការលើកទឹកចិត្ត ទ្រង់ប្រោសប្រទានឲ្យអ្នករាល់គ្នារស់នៅដោយចុះសម្រុងគ្នាទៅវិញទៅមក ស្របតាមព្រះគ្រីស្ទយេស៊ូវ 6ដើម្បីឲ្យអ្នករាល់គ្នាព្រមព្រៀងជាសំឡេងតែមួយ ថ្វាយសិរីល្អដល់ព្រះ និងជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង។
ដំណឹងល្អសម្រាប់ជាតិសាសន៍ទាំងអស់
7ដូច្នេះ ចូរទទួលគ្នាទៅវិញទៅមកដោយរាក់ទាក់ ដូចព្រះគ្រីស្ទបានទទួលយើងដែរ សម្រាប់ជាសិរីល្អរបស់ព្រះ។ 8ដ្បិតខ្ញុំសូមជម្រាបថា ព្រះយេស៊ូវគ្រីស្ទបានត្រឡប់ជាអ្នកបម្រើរបស់ពួកអ្នកកាត់ស្បែក តំណាងឲ្យសេចក្តីពិតរបស់ព្រះ ដើម្បីបញ្ជាក់សេចក្តីសន្យា ដែលបានប្រទានដល់ពួកបុព្វបុរស 9ហើយដើម្បីឲ្យពួកសាសន៍ដទៃបានថ្វាយសិរីល្អដល់ព្រះ ដោយព្រោះព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ដូចមានសេចក្តីចែងទុកមកថា៖ «ហេតុនេះបានជាទូលបង្គំនឹងសរសើរតម្កើងព្រះអង្គក្នុងចំណោមពួកសាសន៍ដទៃ ហើយច្រៀងសរសើរព្រះនាមព្រះអង្គ» ។ 10មានសេចក្តីមួយចែងទៀតថា៖ «ពួកសាសន៍ដទៃអើយ ចូរអរសប្បាយជាមួយប្រជារាស្ត្ររបស់ព្រះអង្គចុះ» ។ 11ហើយមានចែងទៀតថា៖ «អ្នករាល់គ្នាជាសាសន៍ដទៃអើយ ចូរសរសើរដល់ព្រះអម្ចាស់ ចូរឲ្យប្រជារាស្ដ្រទាំងអស់សរសើរតម្កើងព្រះអង្គចុះ» ។ 12មួយទៀត លោកអេសាយថ្លែងថា៖ «នឹងមានឫសមួយរបស់លោកអ៊ីសាយ កើតមក អ្នកនោះនឹងឈរឡើងគ្រប់គ្រងពួកសាសន៍ដទៃ ហើយពួកសាសន៍ដទៃនឹងសង្ឃឹមលើព្រះអង្គ» ។ 13សូមព្រះនៃសេចក្តីសង្ឃឹម បំពេញអ្នករាល់គ្នាដោយអំណរ និងសេចក្តីសុខសាន្តគ្រប់យ៉ាងដោយសារជំនឿ ដើម្បីឲ្យអ្នករាល់គ្នាមានសង្ឃឹមជាបរិបូរ ដោយព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធ។
ហេតុដែលលោកប៉ុលសរសេរដោយចិត្តក្លាហាន
14ឱបងប្អូនអើយ ខ្លួនខ្ញុំផ្ទាល់ជឿជាក់ថា អ្នករាល់គ្នាមានសេចក្តីល្អពោរពេញ និងមានពេញដោយចំណេះគ្រប់យ៉ាង ហើយអាចទូន្មានគ្នាទៅវិញទៅមកបាន។ 15ប៉ុន្តែ ក្នុងចំណុចខ្លះ ខ្ញុំបានសរសេរមករំឭកអ្នករាល់គ្នាដោយចិត្តក្លាហាន ដោយសារព្រះគុណដែលព្រះប្រទានមកខ្ញុំ 16ឲ្យខ្ញុំធ្វើជាអ្នកបម្រើរបស់ព្រះយេស៊ូវគ្រីស្ទដល់ពួកសាសន៍ដទៃ ក្នុងការងារជាសង្ឃនៃដំណឹងល្អរបស់ព្រះ ដើម្បីនាំពួកសាសន៍ដទៃជាតង្វាយដែលព្រះសព្វព្រះហឫទ័យ ទាំងញែកចេញជាបរិសុទ្ធ ដោយព្រះវិញ្ញាណបរិសុទ្ធ។
17ដូច្នេះ ក្នុងព្រះគ្រីស្ទយេស៊ូវ ខ្ញុំមានហេតុនឹងអួតអំពីកិច្ចការដែលខ្ញុំធ្វើថ្វាយព្រះ។ 18ដ្បិតខ្ញុំមិនហ៊ាននិយាយអ្វី ក្រៅពីការដែលព្រះគ្រីស្ទបានធ្វើតាមរយៈខ្ញុំ ដើម្បីនាំសាសន៍ដទៃឲ្យស្តាប់បង្គាប់ឡើយ ទោះដោយពាក្យសម្ដី និងកិច្ចការក្ដី 19ដោយអំណាចនៃទីសម្គាល់ និងការអស្ចារ្យក្ដី ដោយសារព្រះចេស្តានៃព្រះវិញ្ញាណរបស់ព្រះ ដើម្បីឲ្យខ្ញុំបានផ្សាយដំណឹងល្អរបស់ព្រះគ្រីស្ទនៅគ្រប់ទីកន្លែង ចាប់ពីក្រុងយេរូសាឡិម រហូតទៅដល់ស្រុកអ៊ីលីរីកុន។ 20ហេតុនេះបានជាខ្ញុំខំសង្វាតនឹងប្រកាសដំណឹងល្អ មិនមែននៅកន្លែងដែលគេបានឮពីព្រះនាមព្រះគ្រីស្ទរួចហើយនោះទេ ដើម្បីកុំឲ្យខ្ញុំសង់ពីលើគ្រឹះរបស់អ្នកឯទៀត 21គឺដូចជាមានសេចក្តីចែងទុកមកថា៖ «អស់អ្នកដែលគ្មានអ្នកណាប្រាប់ដំណឹងអំពីព្រះអង្គ នោះនឹងបានឃើញ ហើយអស់អ្នកដែលមិនបានឮអំពីព្រះអង្គ នោះនឹងបានយល់» ។
គម្រោងការរបស់លោកប៉ុលធ្វើដំណើរទៅក្រុងរ៉ូម
22នេះជាហេតុដែលខ្ញុំខកខានជាច្រើនដង មិនបានមកជួបអ្នករាល់គ្នា។ 23ប៉ុន្តែ ឥឡូវនេះ ដោយគ្មានកន្លែងណានៅសល់ក្នុងតំបន់នេះទៀត ហើយដោយខ្ញុំមានចិត្តចង់មកជួបអ្នករាល់គ្នាជាយូរឆ្នាំមកហើយ 24នោះខ្ញុំសង្ឃឹមថា ពេលខ្ញុំទៅស្រុកអេស្ប៉ាញ ខ្ញុំនឹងឆៀងចូលមកជួបអ្នករាល់គ្នា ហើយឲ្យអ្នករាល់គ្នាបានជួយខ្ញុំបន្តដំណើរទៅមុខទៀត ក្រោយពីខ្ញុំបានសប្បាយចិត្តជាមួយអ្នករាល់គ្នាបន្តិចមក។ 25ប៉ុន្ដែ ឥឡូវនេះ ខ្ញុំធ្វើដំណើរទៅក្រុងយេរូសាឡិម ដើម្បីបម្រើដល់ពួកបរិសុទ្ធសិន 26ដ្បិតបងប្អូនស្រុកម៉ាសេដូន និងស្រុកអាខៃ គេពេញចិត្តនឹងរួមចំណែកជួយដល់បងប្អូនក្រីក្រ ក្នុងចំណោមពួកបរិសុទ្ធនៅក្រុងយេរូសាឡិម។ 27គេពេញចិត្តធ្វើការនេះ ហើយគេជំពាក់ដល់អ្នកទាំងនោះពិតមែន ដ្បិតបើពួកសាសន៍ដទៃបានទទួលចំណែកជាព្រះពរខាងវិញ្ញាណពីពួកគេ នោះគេគួរតែជួយអ្នកទាំងនោះជារបស់ខាងសាច់ឈាមវិញដែរ។ 28ដូច្នេះ ពេលខ្ញុំបានបំពេញកិច្ចការនេះចប់ គឺបានប្រគល់ប្រាក់ដែលប្រមូលបាននេះដល់គេរួចហើយ នោះខ្ញុំនឹងចេញដំណើរទៅស្រុកអេស៉្បាញ ហើយឆៀងមកជួបអ្នករាល់គ្នា 29ហើយខ្ញុំដឹងថា ពេលខ្ញុំមកជួបអ្នករាល់គ្នា ខ្ញុំនឹងមានព្រះពរដ៏ពោរពេញរបស់ព្រះគ្រីស្ទមកជាមួយដែរ។
30បងប្អូនអើយ ខ្ញុំទូន្មានអ្នករាល់គ្នា ក្នុងព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង និងដោយសេចក្តីស្រឡាញ់របស់ព្រះវិញ្ញាណថា ចូរខំប្រឹងជាមួយខ្ញុំក្នុងការអធិស្ឋានដល់ព្រះសម្រាប់ខ្ញុំ 31ដើម្បីឲ្យខ្ញុំបានរួចពីពួកអ្នកមិនជឿនៅស្រុកយូដា ហើយឲ្យពួកបរិសុទ្ធនៅក្រុងយេរូសាឡិម បានទទួលការបម្រើរបស់ខ្ញុំ 32ប្រយោជន៍ឲ្យខ្ញុំបានមកជួបអ្នករាល់គ្នាដោយអំណរ ដោយព្រះហឫទ័យរបស់ព្រះ និងបានសម្រាកជាមួយអ្នករាល់គ្នា។ 33សូមព្រះនៃសេចក្តីសុខសាន្តគង់ជាមួយអ្នករាល់គ្នា។ អាម៉ែន។
ទើបបានជ្រើសរើសហើយ៖
រ៉ូម 15: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies