រ៉ូម 6

6
ការ​ស្លាប់ និង​ការ​រស់​ឡើង​វិញ​ជាមួយ​ព្រះ​គ្រីស្ទ
1ដូច្នេះ តើ​យើង​ត្រូវ​និយាយ​ដូច​ម្តេច? តើ​យើង​ត្រូវ​បន្ត​រស់​ក្នុង​អំពើ​បាប​ត​ទៅ​ទៀត ដើម្បី​ឲ្យ​ព្រះ‌គុណ​បាន​ចម្រើន​ឡើង​ឬ? 2ទេ មិន​មែន​ដូច្នោះ​ទេ! យើង​ដែល​ស្លាប់​ខាង​ឯ​អំពើ​បាប​ហើយ តើ​ឲ្យ​យើង​នៅ​តែ​រស់​ក្នុង​អំពើ​បាប​ត​ទៅ​ទៀត​ដូច​ម្ដេច​កើត? 3តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា យើង​ទាំង​អស់​គ្នា​ដែល​បាន​ជ្រមុជ​ទៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ នោះ​យើង​បាន​ជ្រមុជ​ទៅ​ក្នុង​ការ​សុគត​របស់​ព្រះ‌អង្គ​ដែរ​ទេ​ឬ? 4ដូច្នេះ យើង​ត្រូវ​បាន​បញ្ចុះ​ជា​មួយ​ព្រះ‌អង្គ​ហើយ ដោយ​ការ​ជ្រមុជ​ទៅ​ក្នុង​សេចក្តី​ស្លាប់ ដើម្បី​ឲ្យ​យើង​បាន​ដើរ​ក្នុង​ជីវិត​បែប​ថ្មី ដូច​ព្រះ‌គ្រីស្ទ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ដោយ​សារ​សិរី​ល្អ​របស់​ព្រះ‌វរបិតា​ដែរ។
5ដ្បិត​បើ​យើង​បាន​រួម​ជា​មួយ​ព្រះ‌អង្គ ក្នុង​ការ​សុគត​របស់​ព្រះ‌អង្គ នោះ​យើង​ប្រាកដ​ជា​នឹង​បាន​រួម​ជាមួយ​ព្រះ‌អង្គ ក្នុង​ការ​រស់​ឡើង​វិញ​ដូច​ព្រះ‌អង្គ​មិន​ខាន។ 6យើង​ដឹង​ថា មនុស្ស​ចាស់​របស់​យើង​បាន​ជាប់​ឆ្កាង​ជា​មួយ​ព្រះ‌អង្គ​ហើយ ដើម្បី​ឲ្យ​រូប​កាយ​ដែល​ជាប់​មាន​បាប​នេះ ត្រូវ​វិនាស​សាប​សូន្យ ហើយ​កុំ​ឲ្យ​យើង​ជាប់​ជា​អ្នក​បម្រើ​របស់​បាប​ទៀត។ 7ដ្បិត​អ្នក​ណា​ដែល​បាន​ស្លាប់​ហើយ អ្នក​នោះ​រួច​ពី​បាប​ហើយ 8ប៉ុន្តែ បើ​យើង​ស្លាប់​ជា​មួយ​ព្រះ‌គ្រីស្ទ យើង​ជឿ​ថា យើង​ក៏​នឹង​រស់​ជា​មួយ​ព្រះ‌អង្គ​ដែរ។ 9យើង​ដឹង​ថា ព្រះ‌គ្រីស្ទ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ទ្រង់​មិន​សុគត​ទៀត​ឡើយ សេចក្តី​ស្លាប់​គ្មាន​អំណាច​លើ​ព្រះ‌អង្គ​ទៀត​ទេ។ 10ដ្បិត​ដែល​ព្រះ‌អង្គ​សុគត នោះ​ព្រះ‌អង្គ​សុគត​ខាង​ឯ​បាប ម្ដង​ជា​សូរេច ហើយ​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់ គឺ​រស់​ខាង​ឯ​ព្រះ​វិញ។ 11ដូច្នេះ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ចាត់​ទុក​ខ្លួន​ដូច​ជា​បាន​ស្លាប់​ខាង​ឯ​បាប ហើយ​រស់​ខាង​ឯ​ព្រះ​វិញ នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ​ដែរ។
12ដូច្នេះ កុំ​ឲ្យ​បាប​សោយ​រាជ្យ​ក្នុង​រូប‌កាយ​របស់​អ្នក​រាល់​គ្នា ដែល​តែង​តែ​ស្លាប់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ស្តាប់​តាម​សេចក្តី​ប៉ង​ប្រាថ្នា​របស់​បាប​នោះ​ឡើយ។ 13មិន​ត្រូវ​ប្រគល់​អវយវៈ​របស់​អ្នក​រាល់​គ្នា ទៅ​ក្នុង​អំពើ​បាប ទុក​ដូច​ជា​ឧបករណ៍​បម្រើ​ឲ្យ​សេចក្ដី​ទុច្ចរិត​នោះ​ឡើយ តែ​ត្រូវ​ប្រគល់​ខ្លួន​ទៅ​ព្រះ ដូច​ពួក​អ្នក​ដែល​បាន​រស់​ពី​ស្លាប់ ហើយ​ថ្វាយ​អវយវៈ​របស់​អ្នក​រាល់​គ្នា​ទៅ​ព្រះ ទុក​ដូច​ជា​ឧបករណ៍​បម្រើ​ឲ្យ​សុចរិត​វិញ។ 14ដ្បិត​បាប​នឹង​គ្មាន​អំណាច​លើ​អ្នក​រាល់​គ្នា​ទៀត​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​មិន​ស្ថិត​នៅ​ក្រោម​ក្រឹត្យ‌វិន័យ​ទេ គឺ​ស្ថិត​នៅ​ក្រោម​ព្រះ‌គុណ​វិញ។
អ្នក​បម្រើ​ឲ្យ​សេចក្ដី​សុចរិត
15ដូច្នេះ ដោយ​ព្រោះ​យើង​ស្ថិត​នៅ​ក្រោម​ព្រះ‌គុណ មិន​ស្ថិត​នៅ​ក្រោម​ក្រឹត្យ‌វិន័យ តើ​យើង​គួរ​ប្រព្រឹត្ត​អំពើ​បាប​ឬ? ទេ មិន​មែន​ដូច្នោះ​ទេ! 16អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ បើ​អ្នក​រាល់​គ្នា​ប្រគល់​ខ្លួន​ទៅ​ធ្វើ​ជា​បាវ​បម្រើ ហើយ​ស្តាប់​បង្គាប់​ចៅ‌ហ្វាយ​ណា នោះ​អ្នក​ជា​បាវ​បម្រើ​របស់​ចៅ‌ហ្វាយ​ដែល​អ្នក​ស្តាប់​តាម​នោះ​ឯង ទោះ​ជា​បាវ​បម្រើ​របស់​បាប ដែល​នាំ​ទៅ​រក​សេចក្តី​ស្លាប់ ឬ​ជា​បាវ​បម្រើ​របស់​ការ​ស្តាប់​បង្គាប់ ដែល​នាំ​ឲ្យ​បាន​សុចរិត​ក្តី។ 17ប៉ុន្តែ អរ​ព្រះ‌គុណ​ដល់​ព្រះ ដែល​អ្នក​រាល់​គ្នា​ពី​ដើម​ជា​បាវ​បម្រើ​របស់​បាប ទាំង​បាន​ស្តាប់​បង្គាប់​យ៉ាង​អស់​ពី​ចិត្ត តាម​គំរូ​នៃ​សេចក្ដី​បង្រៀន​ដែល​គេ​បាន​ប្រគល់​មក​អ្នក​រាល់​គ្នា 18ហើយ​ដោយ​អ្នក​រាល់​គ្នា​បាន​រួច​ពី​បាប នោះ​ក៏​ត្រឡប់​ជា​បាវ​បម្រើ​របស់​សេចក្តី​សុចរិត​វិញ។ 19ខ្ញុំ​និយាយ​តាម​របៀប​មនុស្ស​លោក​ដូច្នេះ ព្រោះ​តែ​ភាព​ទន់​ខ្សោយ​ខាង​សាច់​ឈាម​របស់​អ្នក​រាល់​គ្នា ដ្បិត​ដូច​ដែល​ពី​ដើម អ្នក​រាល់​គ្នា​បាន​ប្រគល់​អវយវៈ​របស់​ខ្លួន ឲ្យ​ធ្វើ​ជា​បាវ​បម្រើ​ឲ្យ​សេចក្តី​ស្មោក‌គ្រោក និង​សេចក្តី​ទទឹង​ច្បាប់ កាន់​តែ​ច្រើន​ឡើង​យ៉ាង​ណា ឥឡូវ​នេះ ចូរ​ប្រគល់​អវយវៈ​របស់​អ្នក​រាល់​គ្នា ធ្វើ​ជា​បាវ​បម្រើ​ឲ្យ​សេចក្តី​សុចរិត​វិញ ដើម្បី​ឲ្យ​បាន​បរិសុទ្ធ​យ៉ាង​នោះ​ដែរ។ 20កាល​អ្នក​រាល់​គ្នា​នៅ​ជា​បាវ​បម្រើ​របស់​បាប​នៅ​ឡើយ នោះ​អ្នក​រាល់​គ្នា​មិន​ជាប់​ក្នុង​សេចក្តី​សុចរិត​ទេ។ 21កាល​ណោះ តើ​អ្នក​រាល់​គ្នា​បាន​ផល​អ្វី​ខ្លះ​ពី​សេចក្ដី​ដែល​ឥឡូវ​នេះ អ្នក​រាល់​គ្នាអៀន​ខ្មាស? ដ្បិត​ចុង​បំផុត​នៃ​សេចក្ដី​ទាំង​នោះ​ជា​សេចក្តី​ស្លាប់!
22តែ​ឥឡូវ​នេះ ដែល​ព្រះ​បាន​ប្រោស​ឲ្យ​រួច​ពី​បាប ហើយ​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​បាវ​បម្រើ​ដល់​ព្រះ‌អង្គ អ្នក​រាល់​គ្នា​បាន​ផល​ជា​សេចក្ដី​បរិសុទ្ធ ហើយ​ចុង​បំផុត​គឺ​ជីវិត​អស់​កល្ប​ជា‌និច្ច។ 23ដ្បិត​ឈ្នួល​របស់​បាប ជា​សេចក្តី​ស្លាប់ តែ​អំណោយ‌ទាន​របស់​ព្រះ​វិញ គឺ​ជីវិត​អស់​កល្ប​ជា‌និច្ច នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង។

ទើបបានជ្រើសរើសហើយ៖

រ៉ូម 6: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល