រ៉ូម 8

8
ជីវិត​ក្នុង​ព្រះ‌វិញ្ញាណ
1ដូច្នេះ ឥឡូវ​នេះ អស់​អ្នក​ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ គ្មាន​ទោស​ទេ។ 2ដ្បិត​ច្បាប់​របស់​ព្រះ‌វិញ្ញាណ​នៃ​ជីវិត នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ បាន​ប្រោស​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​ច្បាប់​របស់​អំពើ​បាប និង​សេចក្តី​ស្លាប់​ហើយ។ 3ការ​ដែល​ក្រឹត្យ‌វិន័យ​ធ្វើ​មិន​កើត ដោយ​សារ​ភាព​ទន់​ខ្សោយ​ខាង​សាច់​ឈាម នោះ​ព្រះ​បាន​សម្រេច​រួច​ហើយ ដោយ​ចាត់​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ​ផ្ទាល់​ឲ្យ​មក មាន​រូប​អង្គ​ដូច​ជា​មនុស្ស​ខាង​សាច់​ឈាម​ដែល​មាន​បាប ហើយ​ដើម្បី​ដោះ​ស្រាយ​អំពើ​បាប ព្រះ‌អង្គ​ដាក់​ទោស​បាប​នៅ​ក្នុង​សាច់​ឈាម 4ដើម្បី​ឲ្យ​សេចក្ដី​សុចរិត​ដែល​ក្រឹត្យ‌វិន័យ​បង្គាប់​មក បាន​សម្រេច​នៅ​ក្នុង​យើង ដែល​មិន​រស់​នៅ​តាម​សាច់​ឈាម តែ​រស់​នៅ​តាម​ព្រះ‌វិញ្ញាណ។ 5ដ្បិត​អស់​អ្នក​ដែល​រស់​នៅ​តាម​សាច់​ឈាម គិត​តែ​ពី​ការ​របស់​សាច់​ឈាម តែ​អស់​អ្នក​ដែល​រស់​នៅ​តាម​ព្រះ‌វិញ្ញាណ នោះ​គិត​តែ​ពី​ការ​របស់​ព្រះ‌វិញ្ញាណ។ 6គំនិត​ដែល​គិត​អំពី​សាច់​ឈាម ជា​សេចក្តី​ស្លាប់ តែ​គំនិត​ដែល​គិត​អំពី​ព្រះ‌វិញ្ញាណ នោះ​ជា​ជីវិត និង​សេចក្តី​សុខ​សាន្ត។ 7ព្រោះ​គំនិត​ដែល​គិត​អំពី​សាច់​ឈាម នោះ​ទាស់​ទទឹង​នឹង​ព្រះ ដ្បិត​មិន​ចុះ​ចូល​នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះ​ទេ ក៏​ពុំ​អាច​នឹង​ចុះ​ចូល​បាន​ផង 8ហើយ​អស់​អ្នក​ដែល​រស់​នៅ​ខាង​សាច់​ឈាម ពុំ​អាច​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ​បាន​ឡើយ។ 9ប៉ុន្តែ ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ​សណ្ឋិត​ក្នុង​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​មិន​នៅ​ខាង​សាច់​ឈាម​ទៀត​ទេ គឺ​នៅ​ខាង​ព្រះ‌វិញ្ញាណ​វិញ។ អ្នក​ណា​គ្មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌គ្រីស្ទ អ្នក​នោះ​មិន​មែន​ជា​របស់​ព្រះ‌អង្គ​ទេ។ 10ប្រសិន‌បើ​ព្រះ‌គ្រីស្ទ​គង់​នៅ​ក្នុង​អ្នក​រាល់​គ្នា ទោះ​ជា​រូប​កាយ​ត្រូវ​ស្លាប់ ព្រោះ​តែ​បាប​ក៏​ដោយ តែ​ព្រះ‌វិញ្ញាណ​នាំ​ឲ្យ​មាន​ជីវិត ព្រោះ​តែ​សេចក្តី​សុចរិត។ 11ប្រសិន‌បើ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ ដែល​បាន​ប្រោស​ព្រះ‌យេស៊ូវ​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ សណ្ឋិត​ក្នុង​អ្នក​រាល់​គ្នា នោះ​ព្រះ‌អង្គ​ដែល​បាន​ប្រោស​ព្រះ‌គ្រីស្ទ​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់ ទ្រង់​ក៏​នឹង​ប្រោស​រូប‌កាយ​របស់​អ្នក​រាល់​គ្នា​ដែល​តែង​តែ​ស្លាប់ ឲ្យ​មាន​ជីវិត តាម​រយៈ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ ដែល​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា​នោះ​ដែរ។
12ដូច្នេះ បង‌ប្អូន​អើយ យើង​ជំពាក់ តែ​មិន​មែន​ជំពាក់​ចំពោះ​សាច់​ឈាម ដើម្បី​រស់​តាម​សាច់​ឈាម​នោះ​ទេ 13ដ្បិត​បើ​អ្នក​រាល់​គ្នា​រស់​តាម​សាច់​ឈាម អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ តែ​បើ​អ្នក​រាល់​គ្នា​សម្លាប់​អំពើ​របស់​រូប​កាយ ដោយ​សារ​ព្រះ‌វិញ្ញាណ អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត 14ហើយ​អស់​អ្នក​ដែល​ព្រះ‌វិញ្ញាណ​របស់​ព្រះ​ដឹក​នាំ អ្នក​ទាំង​នោះ​ជា​កូន​របស់​ព្រះ។ 15ដ្បិត​អ្នក​រាល់​គ្នា​មិន​បាន​ទទួល​វិញ្ញាណ​ជា​បាវ​បម្រើ ដែល​នាំ​ឲ្យ​ភ័យ​ខ្លាច​ទៀត​ឡើយ គឺ​អ្នក​រាល់​គ្នា​បាន​ទទួល​វិញ្ញាណ​ជា​កូន វិញ។ ពេល​យើង​ស្រែក​ឡើង​ថា ឱអ័ប្បា! ព្រះ‌វរបិតា! 16គឺ​ព្រះ‌វិញ្ញាណ​ទ្រង់​ផ្ទាល់​ធ្វើ​បន្ទាល់​ជាមួយ​វិញ្ញាណ​យើង​ថា យើង​ជា​កូន​របស់​ព្រះ 17ហើយ​ប្រសិន‌បើ​យើង​ពិត​ជា​កូន​មែន នោះ​យើង​ជា​អ្នក​គ្រង​មត៌ក គឺ​ជា​អ្នក​គ្រង​មត៌ក​របស់​ព្រះ​រួម​ជា​មួយ​ព្រះ‌គ្រីស្ទ។ ពិត​មែន បើ​យើង​រង​ទុក្ខ​លំបាក​ជា​មួយ​ព្រះ‌អង្គ នោះ​យើង​ក៏​នឹង​ទទួល​សិរីល្អ​ជា​មួយ​ព្រះ‌អង្គ​ដែរ។
សិរី​ល្អ​នៅ​ពេល​អនាគត
18ខ្ញុំ​យល់​ឃើញ​ថា ទុក្ខ​លំបាក​នៅ​ពេល​បច្ចុប្បន្ន​នេះ មិន​អាច​ប្រៀប​ផ្ទឹម​នឹង​សិរី‌ល្អ ដែល​ត្រូវ​បើក​សម្ដែង​ឲ្យ​យើង​ឃើញ​បាន​ឡើយ។ 19ដ្បិត​អ្វីៗ​សព្វ​សារ​ពើ​ដែល​ព្រះ​បង្កើត​មក កំពុង​អន្ទះ​អន្ទែង រង់​ចាំ​ពួក​កូន​របស់​ព្រះ​លេច​មក 20ព្រោះ​អ្វីៗ​សព្វ​សារ​ពើ​ដែល​ព្រះ​បង្កើត​មក បែរ​ទៅ​ជា​ឥត​ប្រយោជន៍ មិន​មែន​ដោយ​ស្ម័គ្រ​ពី​ចិត្ត តែ​ដោយ​ព្រះ‌អង្គ​ដែល​បាន​តម្រូវ ដោយ​សង្ឃឹម​ថា 21អ្វីៗ​សព្វ​សារ​ពើ​ដែល​ព្រះ​បង្កើត​មក នឹង​បាន​រួច​ពី​ចំណង​នៃ​សេចក្តី​ពុក​រលួយ ហើយ​នឹង​បាន​សេរីភាព​នៃ​សិរី‌ល្អ​របស់​ពួក​កូន​ព្រះ។ 22យើង​ដឹង​ថា អ្វីៗ​សព្វ​សារ​ពើ​ទាំង​អស់​ដែល​ព្រះ​បង្កើត​មក កំពុង​ស្រែក​ថ្ងូរ​ទាំង​ឈឺ​ចាប់​ដូច​ស្ដ្រី​ហៀប​សម្រាល​កូន រហូត​មក​ទល់​ពេល​នេះ 23ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ សូម្បី​តែ​ខ្លួន​យើង​ផ្ទាល់​ដែល​មាន​ផល​ដំបូង​របស់​ព្រះ‌វិញ្ញាណ ក៏​ថ្ងូរ​ក្នុង​ខ្លួន​ដែរ ទាំង​រង់​ចាំ​ការ​ទទួល​ជា​កូន គឺ​ជា​ការ​ប្រោស​លោះ​រូប‌កាយ​របស់​យើង។ 24ដ្បិត​យើង​បាន​សង្គ្រោះ​ដោយ​សង្ឃឹម តែ​សង្ឃឹម​ដែល​មើល​ឃើញ នោះ​មិន​ហៅ​ថា​សង្ឃឹម​ទេ ដ្បិត​អ្វី​ដែល​មើល​ឃើញ​ហើយ តើ​សង្ឃឹម​ធ្វើ​អ្វី​ទៀត? 25តែ​បើ​យើង​សង្ឃឹម​លើ​អ្វី​ដែល​មើល​មិន​ឃើញ នោះ​យើង​រង់​ចាំ​ដោយ​អំណត់។ 26ព្រះ‌វិញ្ញាណ​ក៏​ជួយ​ដល់​ភាព​ទន់​ខ្សោយ​របស់​យើង​បែប​ដូច្នោះ​ដែរ ដ្បិត​យើង​មិន​ដឹង​ថា​គួរ​អធិស្ឋាន​ដូច​ម្តេច​ទេ តែ​ព្រះ‌វិញ្ញាណ​ផ្ទាល់ ទ្រង់​ទូល​អង្វរ​ជំនួស​យើង ដោយ​ដំងូរ​ដែល​រក​ថ្លែង​ពុំ​បាន។ 27ឯ​ព្រះ‌អង្គ​ដែល​ឈ្វេង​យល់​ចិត្ត ទ្រង់​ជ្រាប​ពី​គំនិត​របស់​ព្រះ‌វិញ្ញាណ ព្រោះ​ព្រះ‌វិញ្ញាណ​ទូល​អង្វរ​ឲ្យ​ពួក​បរិសុទ្ធ ស្រប​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ។ 28យើង​ដឹង​ថា គ្រប់​ការ​ទាំង​អស់ ផ្សំ​គ្នា​ឡើង​សម្រាប់​ជា​សេចក្តី​ល្អ ដល់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​អស់​អ្នក​ដែល​ព្រះ‌អង្គ​ត្រាស់​ហៅ ស្រប​តាម​គម្រោង​ការ​របស់​ព្រះ‌អង្គ។ 29ដ្បិត​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ស្គាល់​ជា​មុន ទ្រង់​ក៏​តម្រូវ​ទុក​ជា​មុន ឲ្យ​បាន​ត្រឡប់​ដូច​ជា​រូប​អង្គ​នៃ​ព្រះ‌រាជ‌បុត្រា​ព្រះ‌អង្គ ដើម្បី​ឲ្យ​ព្រះ‌រាជ‌បុត្រា​បាន​ធ្វើ​ជា​កូន​ច្បង ក្នុង​ចំណោម​បង‌ប្អូន​ជា​ច្រើន។ 30ឯ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​តម្រូវ​ទុក​ជា​មុន ទ្រង់​ក៏​បាន​ត្រាស់​ហៅ ហើយ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ ទ្រង់​ក៏​រាប់​ជា​សុចរិត ហើយ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​រាប់​ជា​សុចរិត ទ្រង់​ក៏​លើក​តម្កើង។
សេចក្ដី​ស្រឡាញ់​របស់​ព្រះ​នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ
31ដូច្នេះ តើ​យើង​ត្រូវ​និយាយ​ដូច​ម្តេច​ពី​សេចក្តី​ទាំង​នេះ? ប្រសិន‌បើ​ព្រះ​កាន់​ខាង​យើង តើ​អ្នក​ណា​អាច​ទាស់​នឹង​យើង​បាន? 32ព្រះ‌អង្គ​ដែល​មិន​បាន​សំចៃ​ទុក​ព្រះ‌រាជ‌បុត្រា​ព្រះ‌អង្គ​ផ្ទាល់ គឺ​បាន​លះ​បង់​ព្រះ​រាជ​បុត្រា​សម្រាប់​យើង​រាល់​គ្នា តើ​ទ្រង់​មិន​ប្រទាន​អ្វីៗ​ទាំង​អស់​មក​យើង រួម​ជា​មួយ​ព្រះ‌រាជ‌បុត្រា​ព្រះ‌អង្គ​ដែរ​ទេ​ឬ? 33តើ​អ្នក​ណា​អាច​ចោទ​ប្រកាន់​ទាស់​នឹង​ពួក​រើស​តាំង​របស់​ព្រះ​បាន? ដ្បិត​គឺ​ព្រះ​ហើយ​ដែល​រាប់​គេ​ជា​សុចរិត។ 34តើ​អ្នក​ណា​អាច​កាត់​ទោស​គេ​បាន? ដ្បិត​គឺ​ព្រះ‌គ្រីស្ទ​យេស៊ូវ​ហើយ​ដែល​បាន​សុគត មែន​ហើយ! ព្រះ‌អង្គ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ព្រះ‌អង្គ​គង់​នៅ​ខាង​ស្តាំ​ព្រះ‌ហស្ត​របស់​ព្រះ គឺ​ព្រះ‌អង្គ​ហើយ​ជា​អ្នក​ទូល​អង្វរ​ឲ្យ​យើង។ 35តើ​អ្នក​ណា​អាច​ពង្រាត់​យើង​ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ‌គ្រីស្ទ​បាន? តើ​ទុក្ខ​លំបាក ឬ​សេចក្ដី​វេទនា ការ​បៀត​បៀន ការ​អត់​ឃ្លាន ភាព​អាក្រាត សេចក្តី​អន្តរាយ ឬ​មួយ​ដាវ? 36ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «ដោយ​ព្រោះ​ព្រះ‌អង្គ យើង​ត្រូវ​គេ​សម្លាប់​វាល់​ព្រឹក​វាល់​ល្ងាច គេ​រាប់​យើង​ទុក​ដូច​ជា​ចៀម​ដែល​ត្រូវ​គេ​យក​ទៅ​សម្លាប់ »។ 37ទេ ក្នុង​គ្រប់​សេចក្តី​ទាំង​នេះ យើង​វិសេស​លើស​ជាង​អ្នក​ដែល​មាន​ជ័យ​ជម្នះ​ទៅ​ទៀត តាម​រយៈ​ព្រះ‌អង្គ​ដែល​បាន​ស្រឡាញ់​យើង។ 38ដ្បិត​ខ្ញុំ​ជឿ​ជាក់​ថា ទោះ​ជា​សេចក្ដី​ស្លាប់​ក្ដី ជីវិត​ក្ដី ពួក​ទេវតា​ក្ដី ពួក​គ្រប់​គ្រង​ក្ដី អ្វីៗ​នា​ពេល​បច្ចុប្បន្ន​នេះ​ក្ដី អ្វីៗ​នៅ​ពេល​អនាគត​ក្ដី អំណាច​នានា​ក្ដី 39ទី​មាន​កម្ពស់​ក្ដី ទី​ជម្រៅ​ក្ដី ឬ​អ្វីៗ​ផ្សេង​ទៀត​ដែល​ព្រះ​បង្កើត​មក​ក្តី ក៏​មិន​អាច​ពង្រាត់​យើង ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​របស់​យើង​បាន​ឡើយ។

ទើបបានជ្រើសរើសហើយ៖

រ៉ូម 8: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល