រ៉ូម ពាក្យលំនាំ
ពាក្យលំនាំ
ក្រុងរ៉ូម៖ កាលពីដើម ក្រុងរ៉ូមជារាជធានីរបស់ចក្រភពរ៉ូម ដែលមានព្រះចៅអធិរាជសេសារគ្រប់គ្រង។ សព្វថ្ងៃក្រុងនេះជារដ្ឋធានីរបស់ប្រទេសអ៊ីតាលី។ មុនពេលសរសេរសំបុត្រនេះ លោកប៉ុលពុំដែលបានទៅក្រុងរ៉ូមទេ តែលោកស្គាល់គ្រីស្ទបរិស័ទសាសន៍យូដាជាច្រើននៅក្រុងនោះ ព្រោះសាសន៍យូដាតែងតែធ្វើដំណើរទៅមក ក្នុងចក្រភពរ៉ូមទាំងមូល។ លោកសរសេរសំបុត្រនេះក្នុងអំឡុងគ.ស. ៥៧-៥៨ គឺពេលលោកស្នាក់នៅក្រុងកូរិនថូស (រ៉ូម ១៦.២៣)។ ប៉ុន្មានខែមុនលោកសរសេរសំបុត្រជូនគ្រីស្ទបរិស័ទនៅក្រុងរ៉ូម លោកក៏បានសរសេរសំបុត្រមួយច្បាប់ ផ្ញើជូនគ្រីស្ទបរិស័ទនៅស្រុកកាឡាទីដែរ ដើម្បីរំឭកគេឲ្យដឹងថា ព្រះសង្គ្រោះមនុស្សមកពីគេជឿ មិនមែនមកពីគេខិតខំប្រព្រឹត្ដអំពើល្អ ដោយប្រតិបត្ដិតាមក្រឹត្យវិន័យនោះឡើយ។ ដូច្នេះ ក្នុងសំបុត្រផ្ញើទៅគ្រីស្ទបរិស័ទនៅក្រុងរ៉ូមនេះ លោកបានលាតត្រដាងជំនឿរបស់លោក តាមសេចក្ដីដែលលោកបានពន្យល់ត្រួសៗ ដល់គ្រីស្ទបរិស័ទនៅស្រុកកាឡាទី។
គោលសំខាន់ៗ
• ១-៤
លោកប៉ុលបញ្ជាក់ថា មនុស្សគ្រប់ៗរូប មិនថាជាតិណាសាសន៍ណាទេ សុទ្ធតែជាប់មានបាបទាំងអស់ គឺគ្មានទំនាក់ទំនងជាមួយព្រះ។ ដូច្នេះ គេចាំបាច់ត្រូវតែជឿដល់ព្រះយេស៊ូវជាព្រះសង្គ្រោះ ដើម្បីឲ្យបានសុចរិត និងទទួលជីវិតពីព្រះ។ ព្រះអង្គប្រោសតែអ្នកជឿប៉ុណ្ណោះឲ្យបានសុចរិត ដូចព្រះអង្គបានប្រោសលោកអ័ប្រាហាំក្នុងគម្ពីរសញ្ញាចាស់ដែរ។
• ៥-៦
លោកប៉ុលបរិយាយអំពីអត្ថន័យនៃពិធីជ្រមុជទឹក គឺមនុស្សទាំងអស់ដែលជឿ បានចូលរួមជាមួយព្រះយេស៊ូវ ដែលសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ។ មនុស្សគ្រប់ៗរូបសុទ្ធតែជាប់មានបាប រួមជាមួយលោកអ័ដាមយ៉ាងណា គេក៏អាចទទួលការសង្គ្រោះ ដោយរួមជាមួយព្រះយេស៊ូវយ៉ាងនោះដែរ ឲ្យតែគេជឿដល់ព្រះអង្គ។
• ៧-៨
បរិយាយអំពីការរារែករបស់មនុស្ស ព្រោះមានកិលេសតណ្ហាគ្រប់យ៉ាងទាក់ទាញចិត្ដឲ្យឃ្លាតឆ្ងាយពីព្រះ ប៉ុន្តែ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរគេ និងប្រទានព្រះវិញ្ញាណផ្ទាល់របស់ព្រះអង្គមកអ្នកជឿ ដើម្បីរំដោះគេឲ្យមានសេរីភាពដ៏ពិតប្រាកដ។
• ៩-១១
លោកប៉ុលបានយកប្រវត្ដិសាស្ដ្ររបស់ប្រជាជនអ៊ីស្រាអែល មករិះគិតអំពីគម្រោងការដ៏លាក់កំបាំងរបស់ព្រះដែលទ្រង់សព្វព្រះហឫទ័យសង្គ្រោះមនុស្សគ្រប់ជាតិសាសន៍។
• ១២-១៥
បរិយាយអំពីរបៀបរស់នៅតាមជីវិតថ្មីរបស់គ្រីស្ទបរិស័ទ គឺទំនាក់ទំនងជាមួយព្រះ ជាមួយអ្នកកាន់អំណាច និងជាមួយអ្នកមានជំនឿដូចគ្នា។
សំបុត្រនេះមានសារសំខាន់ជាងសំបុត្រឯទៀតៗ ព្រោះលោកប៉ុលវែកញែកយ៉ាងល្អិតល្អន់អំពីគោលជំនឿរបស់គ្រីស្ទបរិស័ទ គឺព្រះសង្គ្រោះមនុស្សលោក ដោយគេមានជំនឿដល់ព្រះយេស៊ូវ មិនមែនដោយសន្សំផលបុណ្យ ឬគ្រាន់តែគោរពតាមក្រឹត្យវិន័យនោះឡើយ។
ទើបបានជ្រើសរើសហើយ៖
រ៉ូម ពាក្យលំនាំ: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies