នាង​រស់ 3

3
នាង​រស់ និង​លោក​លោកបូអូស​នៅ​ក្នុង​លាន​បោក​ស្រូវ
1ណា‌អូមី​ជា​ម្តាយ​ក្មេក​និយាយ​ទៅ​នាង​ថា៖ «កូន​អើយ ម្តាយ​គួរ​រក​ទី​សម្រាក​ឲ្យ​កូន​ហើយ ដើម្បី​ឲ្យ​កូន​បាន​សុខសាន្ត 2លោក​លោកបូអូស ដែល​កូន​បាន​នៅ​ជា​មួយ​ពួក​ស្រី​របស់​លោក នោះ​ជា​សាច់‌ញាតិ​នឹង​យើង​ហើយ នៅ​យប់​នេះ លោក​នឹង​រោយ​ស្រូវ​នៅ​ទីលាន 3ដូច្នេះ ចូរ​កូន​ងូត​ទឹក រួច​លាប​គ្រឿង​ក្រអូប តែង​ខ្លួន​ចូល​ទៅ​ក្នុង​ទីលាន​នោះ​ចុះ តែ​កុំ​ឲ្យ​លោក​ស្គាល់​កូន​ឡើយ ទាល់​តែ​លោក​បាន​ស៊ី​ផឹក​ហើយ។ 4ដល់​ពេល​លោក​ចូល​សម្រាន្ត កូន​ត្រូវ​ចំណាំ​កន្លែង​របស់​លោក រួច​ចូល​ទៅ​បើក​ផួយ​ពី​ខាង​ចុង​ជើង​លោក​ដេក​ទៅ នោះ​លោក​នឹង​ប្រាប់​ឲ្យ​កូន​ដឹង​ពី​ការ​ដែល​ត្រូវ​ធ្វើ​ដូច​ម្តេច​ហើយ»។ 5នាង​រស់​និយាយ​ទៅ​ម្តាយ​ថា៖ «ខ្ញុំ​នឹង​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​អ្នក​ម្តាយ​មាន​ប្រសាសន៍»។
6ដូច្នេះ នាង​បាន​ចុះ​ទៅ​ទីលាន ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ម្តាយ​ក្មេក​បាន​បង្គាប់។ 7ពេល​លោក​បូអូស​បាន​ស៊ី​ផឹក​មាន​ចិត្ត​រីក‌រាយ​ឡើង នោះ​លោក​ក៏​ទៅ​ដេក​នៅ​ចុង​គំនរ​កណ្ដាប់​ស្រូវ រួច​នាង​លប​ចូល​ទៅ​បើក​ផួយ​ពី​ខាង​ចុង​ជើង​លោក​ដេក​ទៅ។ 8នៅ​ពេល​ដល់​កណ្ដាល​អធ្រាត្រ លោក​ក៏​នឹក​ខ្លាច ហើយ​ផ្ងារ​ប្រែ​ខ្លួន​មក ឃើញ​មាន​ស្ត្រី​ម្នាក់​ដេក​នៅ​ត្រង់​ចុង​ជើង​របស់​ខ្លួន 9លោក​សួរ​ថា៖ «តើ​អ្នក​ណា​នេះ?» នាង​ឆ្លើយ​ថា៖ «នាង​ខ្ញុំ​ឈ្មោះ​រស់ ជា​ស្រី​បម្រើ​របស់​លោក​ម្ចាស់ សូម​បណ្តោយ​ផួយ​មក​ដណ្តប់​ឲ្យ​ស្រី​បម្រើ​របស់​លោក​ម្ចាស់​ផង ដ្បិត​លោក​ម្ចាស់​ជា​អ្នក​មាន​ច្បាប់​នឹង​លោះ​បាន»។ 10លោក​តប​ថា៖ «នាង​អើយ សូម​ឲ្យ​នាង​បាន​ប្រកប​ដោយ​ពរ​នៃ​ព្រះ‌យេហូវ៉ា​ចុះ ពេល​នេះ នាង​បាន​សម្ដែង​ទឹក​ចិត្ត​សប្បុរស​វិសេស​ជាង​មុន ដោយ​នាង​មិន​បាន​ទៅ​តាម​កំលោះៗ ទោះ​ក្រ ឬ​មាន​ក្ដី។ 11ឥឡូវ​នេះ សូម​នាង​កុំ​ខ្លាច​ឡើយ ខ្ញុំ​នឹង​ធ្វើ​សម្រេច​ឲ្យ​នាង​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​នាង​និយាយ​នេះ ដ្បិត​មនុស្ស​ទាំង​អស់​នៅ​ទី​ក្រុង​ខ្ញុំ​នេះ​ដឹង​ហើយ​ថា នាង​ជា​ស្ត្រី​ល្អ​ត្រឹម​ត្រូវ​ណាស់។ 12ខ្ញុំ​មាន​ច្បាប់​នឹង​លោះ​មែន ប៉ុន្តែ មាន​ម្នាក់​ទៀត​ដែល​ជា​សាច់‌ញាតិ​ជិត​ជាង​ខ្ញុំ​ទៅ​ទៀត 13ដូច្នេះ ចូរ​សម្រាក​នៅ​យប់​នេះ​សិន ចាំ​ព្រឹក​ឡើង ប្រសិន​បើ​គាត់​ព្រម​លោះ​នាង នោះ​ល្អ​ហើយ ចូរ​ឲ្យ​គាត់​សម្រេច​កិច្ច​ការនេះ​ចុះ តែ​បើ​គាត់​មិន​ព្រម​លោះ​នាង​ទេ នោះ​ខ្ញុំ​នឹង​លោះ​នាង​វិញ ខ្ញុំ​សន្យា​នឹង​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់។ ចូរ​ដេក​នៅ​ទី​នេះ​រហូត​ដល់​ព្រឹក​ចុះ»។
14នាង​រស់​ក៏​ដេក​នៅ​ត្រង់​ចុង​ជើង​លោក រហូត​ដល់​ព្រឹក រួច​ក្រោក​ឡើង​មុន​ពេល​ដែល​មើល​គ្នា​ស្គាល់ ដ្បិត​លោក​បាន​ហាម​ថា «កុំ​ឲ្យ​អ្នក​ណា​ដឹង​ថា មាន​មនុស្ស​ស្រី​មក​ក្នុង​ទី​លាន​នេះ​ឲ្យ​សោះ»។ 15លោក​ប្រាប់​ថា៖ «ចូរ​យក​អាវ​ធំ​ដែល​នាង​ពាក់​នោះ មក​ត្រដាង​ទៅ» នាង​ក៏​ត្រដាង នោះ​លោក​វាល់​ស្រូវ​ប្រាំមួយ​រង្វាល់ ដាក់​ឲ្យ​នាង​ទូល រួច​នាង​ក៏​ចូល​ទៅ​ក្នុង​ទី​ក្រុង​វិញ។ 16ពេល​បាន​មក​ដល់​ម្តាយ​ក្មេក នោះ​គាត់​សួរ​ថា៖ «តើ​យ៉ាង​ម៉េច​ទៅ​ហើយ​កូន? » នាង​ក៏​រៀបរាប់​ប្រាប់​ពី​គ្រប់​ទាំង​សេចក្ដី​ដែល​លោក​បាន​ប្រព្រឹត្ត​ដល់​នាង 17ហើយ​នាង​និយាយ​ថា៖ «លោក​បាន​ឲ្យ​ស្រូវ​មក​ខ្ញុំ​ប្រាំមួយ​រង្វាល់​នេះ ដោយ​និយាយ​ថា "នាង​មិន​ត្រូវ​ត្រឡប់​ទៅ​ម្តាយ​ក្មេក​វិញ​ដោយ​ដៃ​ទទេ​ឡើយ"»។ 18ណា‌អូមី​ប្រាប់​ថា៖ «កូន​អើយ ចូរ​នៅ​ស្ងៀម ចាំ​មើល​ការ​នោះ​នឹង​ទៅ​ជា​យ៉ាង​ណា ដ្បិត​នៅ​ថ្ងៃ​នេះ​លោក​មិន​នៅ​ស្ងៀម​ទេ លោក​នឹង​បង្ហើយ​ការ​នេះ​ជា​មិន​ខាន»។

ទើបបានជ្រើសរើសហើយ៖

នាង​រស់ 3: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល