បទ​ចម្រៀង​សាឡូម៉ូន 3

3
សុបិនស្នេហ៍
1ពេល​យប់ នៅ​លើគ្រែ
ខ្ញុំ​ស្វែង​រកម្ចាស់​ចិត្ត​ខ្ញុំ
ខ្ញុំ​ខំ​ស្វែង​រក ប៉ុន្តែ រក​គាត់​មិន​ឃើញ​សោះ
ខ្ញុំស្រែក​ហៅគាត់ តែគាត់​មិន​ឆ្លើយ ។
2ខ្ញុំ​ក៏​ក្រោក​ឡើង ដើរពាស​ពេញ​ទី​ក្រុង
ខ្ញុំ​ស្វែង​រក​ម្ចាស់​ដួង​ចិត្ត ខ្ញុំ​ស្រឡាញ់
នៅ​តាម​ផ្លូវ​ទាំង​ប៉ុន្មាន នៅ​តាម​ទី​ធ្លា
ខ្ញុំ​ខំ​ស្វែង​រក ប៉ុន្តែ មិន​ឃើញគាត់​សោះ
3ពួក​យាម​ល្បាត​ដែល​ដើរ​ក្រវែល​ក្នុង​ទី​ក្រុង
គេ​ប្រទះ​នឹង​ខ្ញុំ ហើយ​ខ្ញុំ​សួរ​គេ​ថា
«តើ​អ្នក​រាល់​គ្នា​បាន​ឃើញ​ម្ចាស់​ដួង​ចិត្ត
ដែល​ខ្ញុំ​ស្រឡាញ់​ឬ​ទេ?»
4ខ្ញុំ​បាន​ដើរ​ហួស​ពី​គេ​បន្តិច
ស្រាប់​តែខ្ញុំ​ជួប​ម្ចាស់​ចិត្ត​របស់​ខ្ញុំ
ខ្ញុំ​បានឱប​គាត់ជាប់
មិន​ព្រម​ឲ្យគាត់​ឃ្លាត​ទៅ​ឡើយ
ទាល់​តែ​ខ្ញុំ​បាន​នាំ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ម្តាយ​ខ្ញុំ
គឺ​ក្នុង​បន្ទប់​របស់​អ្នក​ដែល​មាន​គភ៌​បង្កើត​ខ្ញុំ​មក។
5ឱ​ពួក​កូន​ស្រី​ក្រុង​យេរូ‌សាឡិម​អើយ
ខ្ញុំ​ឲ្យ​នាង​រាល់​គ្នា​ស្បថ​ដោយ​មាន​ពួក​ប្រើស
និង​ពួកក្តាន់ជា​សាក្សី​ថា
នាង​ទាំង‌ឡាយ​នឹង​មិន​អង្រួន
ឬ​ដាស់​ស្ងួន​សម្លាញ់​របស់ខ្ញុំ​ឡើយ
ចាំ​ទាល់​តែ​ម្ចាស់​ចិត្ត​ខ្ញុំ​យល់​ស្រប។
កូន​កំលោះ និងពិធីមង្គល​ការ​ជិត​ចូល​មក​ដល់
6តើ​អ្នក​ណា​ឡើង​ពី​រហោ‌ស្ថាន​មក
ហុយ​ដូច​ជា​ផ្សែង មាន​ក្លិន​ក្រអូប​ដោយ​ខ្លឹម​ចន្ទន៍
និង​កំញាន
ព្រម​ទាំង​មាន​ម្សៅ​ក្រអូប​គ្រប់​យ៉ាង
របស់​ពួក​ជំនួញ​ដូច្នេះ?
7ន៎ុះន៏ គឺ​ជាគ្រែ​ស្នែង​របស់​ព្រះបាទ​សាឡូម៉ូន
មាន​មនុស្ស​ស្ទាត់​ជំនួញ
ក្នុង​ពួក​ខ្លាំង​ពូកែ​នៃ​សាសន៍
អ៊ីស្រាអែល​ហុក​សិប​នាក់​ហែ‌ហម
8គ្រប់​គ្នា​មាន​ដាវ ហើយ​ក៏​ថ្នឹក​ខាង​ចម្បាំង
គ្រប់​គ្នា​នែប​ដាវ​នៅ​ត្រគាក
ក្រែង​មាន​ហេតុ​ភ័យ​នៅ​ពេល​យប់។
9ស្តេច​សាឡូម៉ូន​បាន​ធ្វើគ្រែ​ស្នែង​មួយ
សម្រាប់​អង្គ​ទ្រង់ ដោយ​ឈើ​ពី​ព្រៃ​ល្បាណូន
10ទ្រង់​ធ្វើ​សសរ​ដោយ​ប្រាក់
ក្រាល​កម្រាល​ដោយ​មាស
ទីគង់​បាន​ធ្វើ​ពី​សំពត់​ពណ៌​ស្វាយ
ហើយ​ខាង​ក្នុង​មាន​សំពត់​ដែល​ប៉ាក់
ដោយ​សេចក្ដី​ស្រឡាញ់។
ពួក​កូន​ស្រី​ក្រុង​យេរូ‌សាឡិមអើយ
11ចូរ​ចេញ​មក មើល​ព្រះបាទ​សាឡូម៉ូន​ចុះ
ឱ​ពួក​កូន​ស្រី​ក្រុង​ស៊ីយ៉ូន​អើយ
ទ្រង់​ពាក់​មកុដ​ដែល​មាតា​បាន​បំពាក់​ថ្វាយ
ក្នុង​ថ្ងៃ​វិវាហ‌មង្គល​របស់​ទ្រង់
គឺ​នៅ​ថ្ងៃ​ដែល​ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ
រីក‌រាយ​សប្បាយ។

ទើបបានជ្រើសរើសហើយ៖

បទ​ចម្រៀង​សាឡូម៉ូន 3: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល