ទីតុស 1

1
សេចក្ដី​ផ្ដើម
1ប៉ុល ជា​អ្នក​បម្រើ​របស់​ព្រះ និង​ជា​សាវក​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ដោយ​យល់​ដល់​ជំនឿ​នៃ​ពួក​រើស​តាំង​របស់​ព្រះ និង​ការ​ស្គាល់​សេចក្ដី​ពិត ដែល​ត្រូវ​នឹង​សេចក្ដី​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ 2ដោយ​សង្ឃឹម​ដល់​ជីវិត​អស់​កល្ប​ជា‌និច្ច ដែល​ព្រះដ៏​មិន​ចេះ​ភូត ទ្រង់​បាន​សន្យា​តាំង​ពី​មុន​អស់​ទាំង​កល្ប 3លុះ​នៅ​ពេល​កំណត់ ព្រះ‌អង្គ​បាន​សម្តែង​ឲ្យ​ស្គាល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ដោយ​ការ​ប្រកាស​ប្រាប់​ដែល​ផ្ញើ​ទុក​នឹង​ខ្ញុំ តាម​បញ្ជា​របស់​ព្រះ ជា​ព្រះ‌សង្គ្រោះ​របស់​យើង។
4មក​ដល់​ទីតុស ជា​កូន​ពិត​ក្នុង​ជំនឿ ដែល​យើង​មាន​ជា​មួយ​គ្នា
សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្ដី​សុខ​សាន្ត មក​ពី​ព្រះ ជា​ព្រះ‌វរ‌បិតា និង​ពី​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌សង្គ្រោះ​នៃ​យើង។
លោក​ទីតុស​នៅ​កោះ​ក្រេត
5ខ្ញុំ​បាន​ទុក​ឲ្យ​អ្នក​នៅ​កោះ​ក្រេត ដើម្បី​រៀប‌ចំ​កិច្ច‌ការ​ដែល​នៅ​សល់ ឲ្យ​មាន​របៀប​រៀប​រយ និង​តាំង​ឲ្យ​មាន​ពួក​ចាស់​ទុំ​នៅ​គ្រប់​ទាំង​ទី​ក្រុង 6គឺ​ជា​អ្នក​ដែល​រក​កន្លែង​បន្ទោស​មិន​បាន មាន​ប្រពន្ធ​តែ​មួយ មាន​កូន​ចៅ​ជា​អ្នក​ជឿ ឥត​មាន​អ្នក​ណា​ចោទ​ប្រកាន់ថា​ជា​មនុស្ស​ខិល​ខូច ហើយ​រឹង​ចចេស។ 7ដ្បិត​ក្នុង​ឋានៈ​ជា​អ្នក​មើល​ខុស​ត្រូវ​របស់​ព្រះ អ្នក​អភិបាល ត្រូវ​តែ​ជា​មនុស្ស​ដែល​រក​កន្លែង​បន្ទោស​មិន​បាន មិន​ត្រូវ​មាន​ចិត្ត​មានះ ឆាប់​ខឹង ចំណូល​ស្រា ច្រឡោត ឬ​ស៊ី​សំណូក​ឡើយ 8គឺ​អ្នក​នោះ​ត្រូវ​មាន​ចិត្ត​ចៅ‌រ៉ៅ ស្រឡាញ់​អំពើ​ល្អ មាន​ចិត្ត​ធ្ងន់ ហើយ​សុចរិត បរិសុទ្ធ ចេះ​គ្រប់​គ្រង​ចិត្ត។ 9អ្នក​នោះ​ត្រូវ​កាន់​ខ្ជាប់​តាម​ព្រះ‌បន្ទូល​ដ៏​ពិត ដូច​ជា​បាន​បង្រៀន​មក​យើង​ហើយ ដើម្បី​ឲ្យ​មាន​សមត្ថភាពដាស់​តឿន​គេ ដោយ​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ ហើយ​ឲ្យ​ចេះ​បន្ទោស​ដល់​អស់​អ្នក​ដែល​ទាស់​ទទឹង។
10ដ្បិត​មាន​មនុស្ស​ជា​ច្រើន គឺ​ក្នុង​ចំណោម​ពួក​អ្នក​កាត់​ស្បែក ដែល​មានចិត្ត​រឹង‌រូស ជា​ពួក​អ្នក​ដែល​ពោល​ពាក្យ​ឥត​ប្រយោជន៍ ហើយ​បោក​ប្រាស់គេ 11ត្រូវ​បំបិទ​មាត់​អ្នក​ទាំង​នោះ ដ្បិត​គេ​ផ្តួល​ពួក​អ្នក​ផ្ទះ​ទាំង​មូល ដោយ​បង្រៀន​សេចក្ដី​ដែល​មិន​គួរ​គប្បី ឲ្យ​តែ​បាន​កម្រៃ​ដ៏​លាមក។ 12មាន​ម្នាក់​ក្នុង​ចំណោម​ពួក​គេ ដែល​ជា​ហោរា​របស់​គេ​ផ្ទាល់ បាន​ពោល​ថា៖
«ពួក​សាសន៍​ក្រេតសុទ្ធ​តែ​ជា​មនុស្ស​កុហក ជា​សត្វ​ព្រៃ​កំណាច ជា​មនុស្ស​ល្មោភស៊ី​ដែល​ខ្ជិល​ច្រអូស»។ 13បន្ទាល់​នេះ​ត្រូវ​ណាស់! ដូច្នេះ ត្រូវ​រំឭក​ឲ្យ​គេ​ដឹង​ខ្លួន​ដោយ​តឹង‌រ៉ឹង ដើម្បី​ឲ្យ​គេ​មាន​ជំនឿ​ត្រឹម​ត្រូវ 14កុំ​ស្តាប់​តាម​រឿង​ព្រេង​របស់​សាសន៍​យូដា ឬ​តាមបទ​បញ្ជា​របស់​អស់​អ្នក​ដែល​បែរ​ចេញ​ពី​សេចក្ដី​ពិត​នោះ​ឡើយ។ 15គ្រប់​ទាំង​អស់ជា​ស្អាត​បរិសុទ្ធ ដល់​អ្នក​ណា​ដែល​ស្អាត​បរិសុទ្ធ តែ​ចំពោះ​ពួក​អ្នក​ដែល​ស្មោក‌គ្រោក ហើយ​មិន​ជឿ នោះ​គ្មាន​អ្វី​ស្អាត​បរិសុទ្ធ​ឡើយ គឺ​គេ​ស្មោក‌គ្រោក​ទាំង​គំនិត ទាំង​មនសិការ។ 16គេ​ប្រកាស​ថា​ខ្លួន​ស្គាល់​ព្រះ តែ​កិរិយា​ប្រព្រឹត្ត​របស់​គេ​មិន​ព្រម​ស្គាល់​ព្រះ​ទេ ដ្បិត​គេ​ជា​មនុស្ស​គួរ​ឲ្យ​ស្អប់​ខ្ពើម ហើយ​រឹង​ចចេស ជា​មនុស្ស​មិន​សម​នឹងអំពើ​ល្អ​ឡើយ។

ទើបបានជ្រើសរើសហើយ៖

ទីតុស 1: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល