ទីតុស 3
3
ចូរព្យាយាមប្រព្រឹត្តអំពើល្អ
1ចូររំឭកពួកគេឲ្យចុះចូលនឹងពួកមេដឹកនាំ ចុះចូលនឹងអាជ្ញាធរ ឲ្យគេស្តាប់បង្គាប់ ហើយប្រុងប្រៀបធ្វើគ្រប់ទាំងការល្អ 2មិនត្រូវនិយាយអាក្រក់ពីអ្នកណា ឬឈ្លោះប្រកែកឡើយ ត្រូវមានចិត្តស្លូតបូត ទាំងបង្ហាញចិត្តសុភាពគ្រប់យ៉ាងចំពោះមនុស្សទាំងអស់។ 3ដ្បិតពីដើម យើងក៏ជាមនុស្សឥតប្រាជ្ញា រឹងចចេស និងវង្វេង ទាំងបម្រើសេចក្ដីប៉ងប្រាថ្នា សេចក្ដីស្រើបស្រាលគ្រប់បែបយ៉ាង ទាំងរស់នៅដោយចិត្តអាក្រក់ និងឈ្នានីស ជាមនុស្សគួរឲ្យស្អប់ខ្ពើម ទាំងស្អប់គ្នាទៅវិញទៅមកទៀតផង។ 4ប៉ុន្ដែ កាលសេចក្ដីសប្បុរស និងសេចក្ដីស្រឡាញ់របស់ព្រះ ជាព្រះសង្គ្រោះនៃយើងបានលេចមក 5ព្រះអង្គក៏បានសង្គ្រោះយើង មិនមែនដោយអំពើដែលយើងបានប្រព្រឹត្តសុចរិតនោះទេ គឺដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គវិញ ដោយសារការលាងសម្អាតឲ្យបានកើតជាថ្មី និងការធ្វើឲ្យមានជីវិតជាថ្មីដោយសារព្រះវិញ្ញាណបរិសុទ្ធ។ 6ព្រះអង្គបានចាក់បង្ហូរមកលើយើងជាបរិបូរ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះសង្គ្រោះនៃយើង 7ដើម្បីឲ្យយើងបានរាប់ជាសុចរិតដោយសារព្រះគុណរបស់ព្រះអង្គ ហើយឲ្យយើងបានត្រឡប់ជាអ្នកគ្រងមត៌ក តាមសេចក្ដីសង្ឃឹមនៃជីវិតដ៏នៅអស់កល្បជានិច្ច។ 8ពាក្យនេះគួរឲ្យជឿ ហើយខ្ញុំចង់ឲ្យអ្នកនិយាយហើយនិយាយទៀតអំពីសេចក្ដីទាំងនេះ ដើម្បីឲ្យអស់អ្នកដែលជឿដល់ព្រះ បានខំប្រឹងធ្វើការល្អអស់ពីចិត្ត។ សេចក្ដីទាំងនេះល្អប្រសើរណាស់ ក៏មានប្រយោជន៍ដល់មនុស្សផង។ 9ប៉ុន្តែ ចូរចៀសវាងពីការដេញដោលដ៏លេលា ពីរឿងពង្សាវតារ ពីការឈ្លោះប្រកែក និងការជជែកពីក្រឹត្យវិន័យចេញទៅ ដ្បិតសេចក្ដីទាំងនោះសុទ្ធតែឥតប្រយោជន៍ ហើយឥតអំពើទាំងអស់។ 10អ្នកណាដែលបង្កឲ្យមានការបែកបាក់ នោះក្រោយពីព្រមានម្តងពីរដងរួចហើយ ត្រូវកាត់អ្នកនោះចេញទៅ 11ដោយដឹងថា មនុស្សយ៉ាងនោះខូចអស់ហើយ ក៏ចេះតែប្រព្រឹត្តអំពើបាប ព្រមទាំងកាត់ទោសខ្លួនឯងផង។
សារ និងពាក្យប្រសិទ្ធពរចុងក្រោយ
12នៅពេលខ្ញុំចាត់លោកអើតេម៉ាស ឬលោកទីឃីកុសឲ្យមករកអ្នក នោះត្រូវខំប្រឹងទៅរកខ្ញុំនៅក្រុងនីកូប៉ូលកុំខាន ដ្បិតខ្ញុំបានសម្រេចនឹងនៅទីនោះក្នុងរដូវរងា។ 13ចូរខំជួយលោកសេណាស ជាមេធាវី និងលោកអ័ប៉ុឡូសឲ្យបន្តដំណើរទៅមុខផង កុំឲ្យពួកលោកខ្វះខាតអ្វីឡើយ។ 14ត្រូវឲ្យបងប្អូនរបស់យើងរៀនធ្វើការល្អឲ្យអស់ពីចិត្ត ដើម្បីបំពេញសេចក្ដីត្រូវការដ៏ចាំបាច់ ប្រយោជន៍កុំឲ្យគេទៅជាមនុស្សដែលឥតបង្កើតផល។
15អស់អ្នកដែលនៅជាមួយខ្ញុំ សូមជម្រាបសួរមកអ្នក។ សូមជម្រាបសួរមកអស់អ្នកដែលស្រឡាញ់យើងខ្ញុំក្នុងជំនឿផង។
សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ។ អាម៉ែន។:៚
ទើបបានជ្រើសរើសហើយ៖
ទីតុស 3: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies