សាការី 4
4
និមិត្តទីប្រាំ អំពីជើងចង្កៀងមាស និងដើមអូលីវ
1ទេវតាដែលបានសន្ទនាជាមួយខ្ញុំមុននោះ ក៏មកម្តងទៀត ដាស់ខ្ញុំឡើង ដូចជាគេដាស់មនុស្សឲ្យភ្ញាក់ពីដេក។ 2រួចទេវតាសួរខ្ញុំថា៖ «តើអ្នកមើលឃើញអ្វី?» ខ្ញុំឆ្លើយថា៖ «ខ្ញុំឃើញជើងចង្កៀងធ្វើពីមាសទាំងអស់ មានទាំងចានប្រេងនៅលើកំពូល និងចង្កៀងប្រាំពីរ បំពង់ប្រាំពីរ សម្រាប់បង្ហូរប្រេងទៅចង្កៀងនីមួយៗ ដែលនៅលើជើងចង្កៀងនោះ។ 3មានដើមអូលីវពីរនៅក្បែរនោះ មួយខាងស្តាំចានប្រេង ហើយមួយខាងឆ្វេង»។ 4ខ្ញុំក៏សួរទៅទេវតាដែលពោលមកខ្ញុំថា៖ «លោកម្ចាស់អើយ តើនេះជាអ្វី?» 5ទេវតាក៏ឆ្លើយថា៖ «តើអ្នកមិនស្គាល់របស់ទាំងនេះទេឬ?» ខ្ញុំតបថា៖ «លោកម្ចាស់អើយ ខ្ញុំមិនស្គាល់ទេ»។ 6ពេលនោះ ទេវតាប្រាប់មកខ្ញុំថា៖ «នេះជាព្រះបន្ទូលដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់សូរ៉ូបាបិល គឺព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា មិនមែនដោយឥទ្ធិឫទ្ធិ ឬដោយអំណាចទេ គឺដោយសារវិញ្ញាណរបស់យើង។ 7ឱភ្នំធំអើយ តើអ្នកជាអ្វី អ្នកនឹងត្រូវត្រឡប់ជាដីរាបស្មើវិញ នៅចំពោះសូរ៉ូបាបិល ហើយលោកនឹងយកថ្ម ជាកំពូលចេញមក ដោយមានសម្រែកស្រែកហ៊ោថា សូមឲ្យបានប្រកបដោយព្រះគុណ អើ ដោយព្រះគុណចុះ»។
8បន្ទាប់មក ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ 9ដៃរបស់សូរ៉ូបាបិលបានចាក់គ្រឹះព្រះវិហារនេះ ហើយលោកនឹងធ្វើបង្ហើយ នោះឯងរាល់គ្នានឹងដឹងថា ព្រះយេហូវ៉ានៃពួកពលបរិវារបានចាត់ខ្ញុំមកមែន។ 10ដ្បិតតើអ្នកណាបានមើលងាយក្នុងថ្ងៃនៃការបន្តិចបន្តួចនោះ ពីព្រោះទាំងប្រាំពីរនាក់នោះនឹងរីករាយ ហើយឃើញខ្សែប្រយោល នៅក្នុងដៃរបស់សូរ៉ូបាបិលផង។
«ទាំងអស់នេះជាព្រះនេត្រនៃព្រះយេហូវ៉ា ដែលទតចុះឡើងនៅពេញលើផែនដីទាំងមូល»។ 11ពេលនោះ ខ្ញុំក៏សួរទេវតាថា៖ «តើដើមអូលីវទាំងពីរ ដែលនៅខាងស្តាំ ខាងឆ្វេងជើងចង្កៀងនោះជាអ្វី?» 12ខ្ញុំក៏សួរម្តងទៀតថា៖ «តើមែកអូលីវទាំងពីរ ដែលនៅក្បែរបំពង់មាសទាំងពីរ បង្ហូរប្រេងពណ៌មាស ចេញនោះជាអ្វី?» 13ទេវតាសួរមកខ្ញុំថា៖ «តើអ្នកមិនស្គាល់របស់ទាំងនេះទេឬ?»។ ខ្ញុំឆ្លើយថា៖ «មិនស្គាល់ទេ លោកម្ចាស់»។ 14ដូច្នេះ ទេវតាប្រាប់ខ្ញុំថា៖ «ទាំងពីរនេះ ដែលត្រូវបានចាក់ប្រេងតាំង ជាអ្នកដែលឈរនៅក្បែរព្រះអម្ចាស់នៃផែនដីទាំងមូល»។
ទើបបានជ្រើសរើសហើយ៖
សាការី 4: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies